Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៦ « អត្ថន័យ នៃវិមាន ឈ្នះ ឈ្នះ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 738
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៦ « អត្ថន័យ នៃវិមាន ឈ្នះ ឈ្នះ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៦ « អត្ថន័យ នៃវិមាន ឈ្នះ ឈ្នះ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣៦ « អត្ថន័យ នៃវិមាន ឈ្នះ ឈ្នះ »

ម្ភៃឆ្នាំក្រោយពីបញ្ចប់សង្រ្គាម ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់វិមាន ឈ្នះ ឈ្នះ ដើម្បីជានិម្មិត្តរូបចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស និងដើម្បីពិភពលោកដែរ ព្រោះមានតែខ្មែរប៉ុណ្ណោះដែលដោះស្រាយបញ្ហាជម្លោះខ្មែរដោយខ្លួនឯង ទោះបីឆ្នាំ១៩៩៣ មានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិក្តី។

តាមខ្លឹមសារដែលបង្ហាញដោយមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិថា ការសាងសង់វិមាន ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល គឺមានគោលដៅសំខាន់ចំនួន៥៖ ទី១៖ គឺរម្លឹកពីសារៈសំខាន់មិនអាចខ្វះបាននៃសន្តិភាព សមិទ្ធផល និងដំណើរការដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយ ឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមនីយកម្ម នៃសង្គមកម្ពុជាតាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ។ ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។ ទី៣៖ បង្កើតជាមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។ ទី៤៖ បង្ហាញពីគុណតម្លៃនៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូបនិមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ពនផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់។ ទី៥៖ បង្កើតជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងជាគោដៅដើម្បីទស្សនកិច្ចសិក្សាស្រាវជ្រាវនានា។ វិមាន ឈ្នះ ឈ្នះ គឺជានិមិត្តរូបនៃការលំនាំមកនូវសន្ដិភាពដ៏បរិបូរណ៍ពេញលេញដល់កម្ពុជាក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនេះ។ វិមានចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើទីតាំងទំហំ៨ ហិកតា នៅខាងមុខកីឡដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានកម្ពស់៥៤ ម៉ែត្រ តួមានផ្ទៃ១១៧ ម៉ែត្រ គុណនឹង១១៧ ម៉ែត្រ។ វិមាននេះជាសមិទ្ធផលស្ថាបត្យកម្មរបស់កូនខ្មែរ និងសាងសង់ឡើងតាមអត្ថន័យ នៃគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅថ្ងៃទី២៩ ទី៣០ និងទី៣១ ខែធ្នូ ឆ្នាំ២០១៨។ វិមាន ឈ្នះ ឈ្នះ សាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យ និងគោលបំណងដ៏មានសារៈសំខាន់ចំនួនបីធំៗ៖ ទី១៖ កំពូលវិមានកម្ពស់៣៣ម៉ែត្រ មានបីជ្រុង តំណាងឱ្យគោលនយោបាយគន្លឹះសំខាន់ចំនួន៣ ដែលនាំឱ្យយុទ្ធសាស្រ្តឌីហ្វីដ ទទួលជោគជ័យ។ គោលនយោបាយគន្លឹះសំខាន់ចំនួន៣ រួមមាន៖

ក. ការធានារូបកាយ និងអាយុជីវិត ខ. ធានាអាជីព និងមុខរបរ គ. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ

ទី២៖ តួវិមាន មាន៥ជ្រុង នោះគឺតំណាងឱ្យយុទ្ធសាស្ដ្រឌីហ្វីដ គឺបំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ទី៣៖ តួវិមានមាន៧ជ្រុង តំណាងកត្តានាំឱ្យគោលនយោបាយ ឈ្នះ ឈ្នះ ទទួលជោគជ័យ។ សំណង់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ចែកចេញជា៣តំបន់សំខាន់ៗ៖

តំបន់ទី១ គឺជាតំបន់សុខដុមនីយកកម្មក្នុងប្រវតិ្តសាស្រ្តខ្មែរ ជាសាមគ្គីផលក្នុងសង្គមជាតិមួយ ដ៏សំខាន់នៅសម័យក្រោយអង្គរ និងជាមោទនភាពជាតិខ្មែរដែលនឹងក្លាយជាពិភពខ្មែរខ្នាតតូច បង្ហាញនូវអត្តសញ្ញាណប្រវត្តិសាស្រ្ត និងវប្បធម៌ជាតិ ពិសេសបង្ហាញនូវបញ្ញាញាណខ្មែរ ស្តីពីមូលដ្ឋានទស្សនវិជ្ជាសុខដុមនីយកម្ម ក្នុងការគ្រប់គ្រងសង្គមជាតិ តាំងពីសម័យនគរគោកធ្លក នគរភ្នំ ចេនឡា អង្គរ និងក្រោយអង្គរ។ វិមាន ឈ្នះ ឈ្នះ បង្ហាញពីវប្បធម៌ និរន្តរភាពនៃសង្គមជាតិពហុវិស័យ សុខដុមនីយកកម្មខាងជនជាតិ សាសនា រួមទាំងការអភិវឌ្ឍទំនាក់ទំនង វប្បធម៌ធម្មជាតិមនុស្ស និងអតីតកាល បច្ចុប្បន្ននិងអនាគត ។

តំបន់ទី២ ស្ថិតនៅផ្នែកកណ្តាល ជាតំបន់សុខដុមនីយកម្មក្នុងសម័យនយោបាយ ឈ្នះ ឈ្នះ ហើយតំបន់នេះនឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងឈ្វេងយល់អំពីខ្លឹមសារសំខាន់នៃនយោបាយឈ្នះ ឈ្នះ ដែលមាននៅតួកណ្តាល៣ជ្រុង មានអត្ថន័យទៅនឹងការធានា៣យ៉ាង រួមមានការធានាអាយុជីវិត, ធានាអាជីពនិងមុខរបរ ព្រមទាំងធានាកម្មសិទ្ធិចលនាទ្រព្យ និងអចលនាទ្រព្យ។ ថ្នាក់កណ្តាលមាន៥ជ្រុង គឺជាការដកស្រង់យកពីនិមិត្តសញ្ញានៃយុទ្ធសាស្រ្តឌីហ្វីដ ដែលបានបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ នៅខាងក្រោមវិញមាន៧ជ្រុង ជាកត្តាជ័យជម្នះទាំង៧ បង្ហាញពីនិយមន័យកត្តាអ្នកដឹកនាំ, តួនាទីរដ្ឋបាលកណ្តាល ប្រតិបត្តិករ, ការកសាងជំនឿទុកចិត្ត, កត្តានយោបាយសេដ្ឋកិច្ចនិងមនោគមវិជ្ជា, កត្តាបរទេស និងការបែកបាក់របស់ខ្មែរក្រហម។

តំបន់ទី៣ គឺបង្ហាញពីសាមគ្គីផលដែលរាជរដ្ឋាភិបាលសម្រេចបាន តាមរយៈនយោលបាយឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបង្ហាញអំពីសកម្មភាព និងសាមគ្គីផលសំខាន់ៗតាមក្រសួងស្ថាប័នរាជរដ្ឋាភិបាល និង វិស័យយោធាក្នុងកងយោធពលខេមរភូមិន្ទ គឺជាប្រវត្តិមួយយ៉ាងសំខាន់ក្នុងប្រតិបត្តិករផ្សេងៗជាច្រើនទៀត។ ប្រការនេះបង្ហាញកាន់តែច្បាស់ថែមទៀត អំពីគុណតម្លៃនៃសន្តិភាពទាំងអស់គ្នា ត្រូវតែជួយថែរក្សាឱ្យបានដាច់ខាចទោះក្នុងតម្លៃណាក៏ដោយ។ សំណង់វិមាន ឈ្នះ ឈ្នះ នេះមានការចូលរួមកសាងប្រកបដោយតម្លាភាព ប្រសិទ្ធភាព ក្នុងការរចនារូបគំរូ កសាងរូបចម្លាក់ ដែលជាការកសាងប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរ ដោយខ្មែរខ្លួនឯង ដែលមានភារកិច្ចក្នុងការបង្កើតវីរជន វីរនារីជាតិ ឱ្យកាន់តែច្រើនដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ប្រកបរដោយចីរភាពនាពេលអនាគត។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេច ហ៊ុន សែន នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា វិមាន ឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមាន ឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។

សម្ដេចបញ្ជាក់ថាអត្ថន័យពិតប្រាកដនៃនយោបាយ ឈ្នះ ឈ្នះ គឺសង្គ្រាម និងជម្លោះប្រដាប់អាវុធនៅកម្ពុជា គឺបញ្ចប់ទាំងស្រុង។ គ្មានការស្លាប់ ឬរបួស ឬក៏ការព្រាត់ប្រាសដោយសារសង្គ្រាមទៀតទេ នៅរយៈពេល២០ឆ្នាំ ចុងក្រោយនេះ។ តែប្រសិនបើរយៈពេល ២០ឆ្នាំនេះ សង្គ្រាមនៅតែបន្ត តើជីវិតមនុស្សស្លាប់អស់ប៉ុន្មាន? ពិការប៉ុន្មាន? ត្រូវប្រើថវិកាប៉ុន្មានដើម្បីទ្រទ្រង់ជាមួយ សង្គ្រាមនេះ ហើយតើនឹងមានលទ្ធភាពដើម្បីនឹងកសាងប្រទេសដូចសព្វថ្ងៃនេះឬទេ? ដំណើរការបញ្ចប់ សង្គ្រាមតាមរយៈនយោបាយ ឈ្នះ ឈ្នះ ជាងពីរឆ្នាំ ពីដើមឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ មិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ដើម្បីដោះស្រាយបញ្ហាទេ។ គឺដោះស្រាយដោយយោគយល់ ជឿជាក់ រវាងខ្មែរនិងខ្មែរ ដោយគ្មានបង្គាប់បញ្ជាពីបរទេស ។

សម្ដេចបន្ថែមថា សំណង់វិមាន ឈ្នះ ឈ្នះ ក៏បានបង្ហាញពី ទី១ ជាការចងចាំ និងដឹងគុណដល់ការពុះពារគ្រប់យ៉ាងដើម្បីទទួលបានសន្តិភាព។ ទី២ គឺដើម្បីជាកន្លែងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងចក្ខុវិស័យទស្សននយោបាយខ្មែរ និងទី៣ ជាការបង្ហាញសមិទ្ធផលនានាដែលកម្ពុជាទទួលបានរយៈពេល ២០ឆ្នាំ ក្រោមនយោបាយ ឈ្នះ ឈ្នះ។ ដោយ៖ គង់ សិរីរ័ត្ន

អត្ថបទទាក់ទង