Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង១៨០០០នាក់ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 114
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង១៨០០០នាក់ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង១៨០០០នាក់ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅម្ដងទៀតនៅស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះម្តងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងក្តីរីករាយចំពោះកម្មករ កម្មការនីរោងចក្រទាំងអស់ ក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្ទើរគ្រប់ៗគ្នា និងគ្រប់ដូស តាមការកំណត់របស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ពីមុនដី១ហិកតាអាចធ្វេីស្រែចំការ និងចិញ្ចឹមប្រជាពលរដ្ឋបាន តែ១គ្រួសារ ដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែ នៅពេលមានការវិនិយោគលេីផ្ទៃដី១ហិកតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតជាង ១៤ម៉ឺន៥ពាន់នាក់ និងមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បញ្ហាកូវីដ-១៩ មិនមែនជាកត្តារាំងស្ទះ ឬឧបសគ្គមិនអាចឱ្យមានជំនួបរបស់សម្តេចជាមួយបងប្អូនកម្មករ កម្មការិនីនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ជំនួបរវាងសម្តេច ជាមួយបងប្អូនកម្មករ កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការជឿទុកចិត្តការយកចិត្តទុកដាក់ និងជាការថ្លែងអំណរគុណដល់បងប្អូនកម្មករកម្មការិនីដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្ដេច។
ពាក់ព័ន្ធរឿងនយោបាយវិញ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាសចាត់វិធានការចំពោះជនណា ឬ ក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬ ធ្វើសកម្មភាពផ្សេងៗ ក្នុងពេលបោះឆ្នោតខាងមុខនេះដូចជា ការគូសសន្លឹកឆ្នោតចោល ក្នុងគោលដៅបំផ្លាញដល់ដំណើរការ ឬបរិយាកាសបោះឆ្នោត គឺនឹងមិនត្រូវអត់ឱន ឬលើកលែងបានឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួនសរុបចំនួន៥១៥នាក់ក្នុងម្នាក់ៗ ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៤នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕

អត្ថបទទាក់ទង