Cambodia PR Team ទាក់ទងនឹងការឈ្លានពានរបស់ថៃ និងជំហររបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការឈ្លានពានរបស់ថៃ និងជំហររបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការឈ្លានពានរបស់ថៃ និងជំហររបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
សំណួរទី១៖ តើអ្វីជាមូលហេតុដែលថៃតែងតែបង្កហេតុ និងឈ្លានពានមកលើកម្ពុជាជាបន្តបន្ទាប់?
ចម្លើយ៖ ការបង្កហេតុ និងការឈ្លានពានរបស់ថៃមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រយូរអង្វែងដែលមានឬសគល់ទាំងផ្នែកប្រវត្តិសាស្ត្រ នយោបាយ និងមនោគមវិជ្ជាជាតិនិយម។ ថៃតែងប្រើបញ្ហាព្រំដែន ដើម្បីបង្វែរការចាប់អារម្មណ៍ពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចផ្ទៃក្នុងរបស់ខ្លួន ហើយព្យាយាមបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា។
សំណួរទី២៖ តើការបិទព្រំដែន និងការដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាទន់ខ្សោយដែរឬទេ?
ចម្លើយ៖ ផ្ទុយពីការរំពឹងរបស់ភាគីថៃ សេដ្ឋកិច្ចកម្ពុជាមិនបានដួលរលំឡើយ បើទោះបីជាមានការបិទព្រំដែន និងការដាក់សម្ពាធពីថៃក៏ដោយ។ អ្នកជំនាញបានវាយតម្លៃថា ភាពធន់របស់កម្ពុជាកើតចេញពីសាមគ្គីភាពជាតិ ការគាំទ្ររបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ផលិតផលក្នុងស្រុកកម្ពុជាទទួលបានការគាំទ្រកាន់តែខ្លាំង ចលនាពហិការផលិតផលថៃនៅតែបន្ត ហើយកម្ពុជាក៏កំពុងពង្រឹងសមត្ថភាពផលិតក្នុងស្រុកផងដែរ។
សំណួរទី៣៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការប៉ុនប៉ងរបស់ថៃក្នុងការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli)?
ចម្លើយ៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតចំពោះការបង្កើតស្ថានភាពថ្មីដោយការប្រើប្រាស់កម្លាំង ឬការកាន់កាប់ដោយខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែននៃប្រទេសមួយមិនអាចផ្លាស់ប្តូរដោយការគំរាមកំហែង ឬការប្រើប្រាស់អាវុធបានទេ។ កម្ពុជាកំពុងប្រើប្រាស់គ្រប់យន្តការ រួមទាំងការទូត ច្បាប់អន្តរជាតិ និងយន្តការអាស៊ាន ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន។ កម្ពុជាក៏បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជំរុញឱ្យដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែន (JBC) ចាប់ផ្តើមឱ្យបានឆាប់រហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
សំណួរទី៤៖ តើហេតុអ្វីកម្ពុជានៅតែប្រកាន់ខ្ជាប់ដំណោះស្រាយដោយសន្តិវិធី បើទោះបីថៃបន្តបង្កហេតុជាបន្តបន្ទាប់?
ចម្លើយ៖ កម្ពុជាយល់ឃើញថា សន្តិភាព និងស្ថិរភាពយូរអង្វែង អាចសម្រេចបានតែតាមរយៈការគោរពច្បាប់អន្តរជាតិ ការសន្ទនាដោយភាពស្មោះត្រង់ និងយន្តការការទូតប៉ុណ្ណោះ។ ទោះបីថៃបានប្រើប្រាស់សម្ពាធយោធា សង្គ្រាមព័ត៌មាន និងការបង្កហេតុនានាក៏ដោយ ក៏កម្ពុជានៅតែបន្តប្រើវិធីសាស្ត្រដោះស្រាយដោយការទទួលខុសត្រូវ ដើម្បីជៀសវាងការប៉ះទង្គិចដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ កម្ពុជាក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តគាំទ្រដំណោះស្រាយសន្តិវិធី និងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងយុត្តិធម៌នៅតាមព្រំដែនកម្ពុជា-ថៃ៕





