Grand News Asia Close

WSJ: ចិន ឈានដល់កិច្ចព្រមព្រៀងសម្ងាត់ ដំឡើងស្ថានីយស៊ើបការណ៍ លើទឹកដីគុយបា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1074
WSJ: ចិន ឈានដល់កិច្ចព្រមព្រៀងសម្ងាត់ ដំឡើងស្ថានីយស៊ើបការណ៍ លើទឹកដីគុយបា WSJ: ចិន ឈានដល់កិច្ចព្រមព្រៀងសម្ងាត់ ដំឡើងស្ថានីយស៊ើបការណ៍ លើទឹកដីគុយបា

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាចិនបានឈានដល់កិច្ចព្រមព្រៀងជាសម្ងាត់ជាមួយប្រទេសគុយបា ក្នុងការដំឡើង ស្ថានីយស៊ើបការណ៍មួយ នៅលើកោះដែលស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

កាសែតអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីចារកម្មអាមេរិក ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនោះបានឱ្យដឹងទៀតថា ការដំឡើងស្ថានីយ៍ស៊ើបការណ៍នៅលើទឹកដីគុយបា នឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង លួចស្ដាប់ និងប្រមូលព័ត៌មានពីការទំនាក់ទំនងនានាតាមប្រព័ន្ធអេឡិចត្រូនិក នៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ព្រមទាំងអាចតាមដានចរាចរណ៍នាវាផងដែរ។

បើតាម Wall Street Journal ចិន និងគុយបា បានឈានដល់កិច្ចព្រមព្រៀងមួយជាគោលការណ៍ ដោយក្នុងនោះចិននឹងត្រូវបង់ប្រាក់ឱ្យគុយបា រាប់ពាន់លានដុល្លារ ជាថ្នូរនឹងការបើកស្ថានីយ៍ស៊ើបការណ៍។

គួរបញ្ជាក់ថា ខាងរដ្ឋាភិបាលអាមេរិក និងគុយបា បានច្រានចោលសេចក្ដីរាយការណ៍របស់ Wall Street Journal។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមាន លោក John Kirby ក៏បានអះអាងដែរថាសេចក្ដីរាយការណ៍នេះជារឿងមិនពិត តែលោកមិនបានបញ្ជាក់លម្អិតថាតើមានមូលហេតុអ្វីដែលធ្វើឱ្យលោក គិតថាវាជារឿងមិនពិតនោះទេ៕ Fresh News

អត្ថបទទាក់ទង