Grand News Asia Close

ប្រេងឆៅឡើងថ្លៃ ១ដុល្លារ ខណៈអារ៉ាប៊ីសាអូឌីតមានផែនការបង្កើនការកាត់បន្ថយទិន្នផលចាប់ពីខែកក្កដា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 271
ប្រេងឆៅឡើងថ្លៃ ១ដុល្លារ ខណៈអារ៉ាប៊ីសាអូឌីតមានផែនការបង្កើនការកាត់បន្ថយទិន្នផលចាប់ពីខែកក្កដា ប្រេងឆៅឡើងថ្លៃ ១ដុល្លារ ខណៈអារ៉ាប៊ីសាអូឌីតមានផែនការបង្កើនការកាត់បន្ថយទិន្នផលចាប់ពីខែកក្កដា

(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ បន្ទាប់ពីប្រទេសនាំចេញប្រេងធំបំផុតក្នុងពិភលោកគឺអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាកាត់បន្ថយផលិតកម្មប្រេង ១លានបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃចាប់ពីខែកក្កដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតត្រូវបានជួញដូរក្នុងតម្លៃ ៧៧,១៥ដុល្លារក្នុងមួយបារ៉ែលពោលគឺកើនឡើង ១,០២ដុល្លារ ឬ ១,៣ភាគរយនៅម៉ោងប្រហែល ២រសៀល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុត ៧៨,៧៣ដុល្លារក្នុងមួយបារ៉ែល។

ប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង ១,០២ដុល្លារ ឬ ១,៤ភាគរយដល់ ៧២,៧៦ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ៧៥,០៦ដុល្លារក្នុងមួយបារ៉ែលមុននេះក្នុងថ្ងៃជាមួយគ្នា។

កិច្ចសន្យាជួញដូរប្រេងទាំងពីរប្រភេទនេះបានបន្តការកើនឡើងជាង ២ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបាននិយាយថា ទិន្នផលប្រេងរបស់ព្រះរាជាណាចក្រមួយនេះនឹងធ្លាក់ចុះដល់ ៩លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែកក្កដាពីប្រហែល ១០លានបារ៉ែលក្នុងខែឧសភា។ ការកាត់បន្ថយនេះគឺជាការកាត់បន្ថយច្រើនបំផុតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលជាច្រើនឆ្នាំ។

ការកាត់បន្ថយទិន្នផលប្រេងឆៅដោយស្ម័គ្រចិត្តដែលអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាធ្វើកាលពីថ្ងៃអាទិត្យនេះ គឺបន្ថែមពីលើកិច្ចព្រមព្រៀងទូលំទូលាយរបស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេរួមទាំងប្រទេសរុស្ស៊ីផងដែរ ដែលរួមគ្នាហៅថា អង្គការ OPEC+ ដើម្បីដាក់កម្រិតដល់ការផ្គត់ផ្គង់ប្រេងរហូតដល់ឆ្នាំ២០២៤ ខណៈដែលក្រុមប្រទេសទាំងនេះព្យាយាមជំរុញតម្លៃប្រេងដែលកំពុងធ្លាក់ចុះ។

អង្គការ OPEC+ បានបូមប្រហែល ៤០ភាគរយនៃប្រេងឆៅរបស់ពិភពលោក ហើយបានកាត់បន្ថយចំនួន ៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹង ៣,៦ភាគរយនៃតម្រូវការពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ Fresh News

អត្ថបទទាក់ទង