Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣០ « ខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនាស្វែងរកសន្តិភាពលើកដំបូង »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 157
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣០ « ខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនាស្វែងរកសន្តិភាពលើកដំបូង » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣០ « ខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនាស្វែងរកសន្តិភាពលើកដំបូង »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣០ « ខ្លឹមសារទាំងស្រុងនៃកិច្ចសន្ទនាស្វែងរកសន្តិភាពលើកដំបូង »

ក្នុងជំនួបចរចានៅប៉ារីស ពីថ្ងៃទី២០ដល់២១ ខែមករា ឆ្នាំ១៩៨៨ សម្តេចហ៊ុន សែន ទូល សម្តេចព្រះនរោត្តមសីហនុ ដោយលើកឡើងនូវចំណុចរួមថា បញ្ហាខ្មែរត្រូវដោះស្រាយដោយប្រជាជនកម្ពុជាខ្លួនឯង តាមរយៈការចរចានៃបណ្តាក្រុមដែលមានជម្លោះ គឺដោះស្រាយយ៉ាងណាក៏ដោយ ក៏ត្រូវតែមានភាគីទាំងអស់ចូលរួមដែរ។ ពេលសម្តេចមានប្រសាសន៍ដល់ត្រឹមនេះ សម្តេចព្រះនរោត្តមសីហនុ មានបន្ទូលកាត់ដោយយល់ស្រប។ បន្ទាប់មកសម្តេចហ៊ុន សែន ក៏បន្តថា ក៏ប៉ុន្តែក្នុងករណី ភាគីពីរទៀតនៅតែមិនព្រមក៏ដោយ ក៏ការពិតឃើញសញ្ញាមានភ្លើងខៀវខ្លះ ហើយ។ ភ្លើងខៀវនេះបានកើតនៅប៉េកាំង ហើយវាកើតរូបរាងពិតប្រាកដនៅបាងកកតែម្តង។ សំខាន់គឺសេចក្តីប្រកាសរបស់លោក ឆាវលីត យុងឆៃយុទ្ធ។ ត្រង់នេះ សម្តេចព្រះនរោត្តម សីហនុ ក៏លាន់ព្រឱស្ឋបន្ទរថា “ចាស លោក ឆាវលីត យុងឆៃយុទ្ធ ចាស”។ សម្តេច ហ៊ុន សែន ទូលព្រះអង្គបន្តថា នេះជាចំណុចសំខាន់ណាស់ ហើយឥឡូវនេះការ គាំទ្រចំពោះជំនួប សីហនុ-ហ៊ុន សែន កាន់តែធំទូលាយ។ ប្រទេសណាក៏គេគាំទ្រដែរ នៅតែក្រុមលោក ខៀវ សំផន មួយទេដែលមិនទាន់ ហើយកំពុងតែប្រឆាំង។ ដូច្នេះសម្ដេច ហ៊ុន សែន លើកឡើងនូវរូបមន្តពីរថ្វាយសម្ដេចព្រះនរោត្តម សីហនុ យ៉ាងដូច្នេះ៖

ទី១. គឺក្រោយការជួបគ្នារវាងសម្តេចជាមួយនឹងសម្ដេច សីហនុ នឹងឈានដល់ការជួបនៃបក្សពួកខ្មែរទាំងអស់ដើម្បីដោះស្រាយ។ ប្រសិនបើចូលក្នុងរូបមន្តនេះ គឺល្អណាស់។ នេះគឺជាការល្អបំផុតដែលសម្ដេច ហ៊ុន សែន ចង់បាន។ ប៉ុន្តែក្នុងករណីដែលភាគីពីរទៀត ឬក៏ក្នុងចំណោមភាគីពីរនោះ ភាគីណាមួយមិនព្រមចូលមកដោះស្រាយ ក៏នៅតែដោះស្រាយមិនបាន។ ដូចនេះសម្ដេចបានលើកឡើងនូវរូបមន្តមួយទៀតដែលហៅថា ដំណោះស្រាយមួយមានពីរជំហាន។ជំហានទី១គឺក្នុងពេលដែលក្រុមផ្សេងទៀតមិនព្រមចូលរួមចរចាដើម្បីបង្រួបបង្រួមជាតិនោះ ភាគីសម្ដេច និងសម្ដេច សីហនុ ត្រូវសហការគ្នាដើម្បីដោះស្រាយបញ្ហាកម្ពុជា ហើយពេលដែលសម្តេចសីហនុ វិលត្រឡប់មកដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្លាំងរបស់សម្តេច សីហនុនឹងមានតួនាទីដ៏សំខាន់ក្នុងការកសាងប្រទេស។ នេះគឺជាកិច្ចសហការគ្នាដែលសម្ដេច ហ៊ុន សែន ថ្វាយដល់សម្ដេចសីហនុ ហើយក្រោយពេលភាគីទាំងពីរស្រុះស្រួលគ្នាហើយ នឹងអំពាវនាវឱ្យក្រុមខ្មែរឯទៀតចូលរួម វៀរលែងតែពួកមានទោសចំពោះប្រជាជន និងពួកដែលមិនព្រមបោះបង់ចោលនយោបាយប្រល័យពូជសាសន៍ និងប្រឆាំងការបង្រួបបង្រួមជាតិ។

ទី២. ក្រោយកងទ័ពវៀតណាមដក ត្រូវចាត់តាំងគណៈកម្មាធិការបោះឆ្នោត និងដោះស្រាយការបោះឆ្នោតដែលមានភាគីទាំងអស់ចូលរួម លើកលែងតែពួកមានទោសចំពោះប្រជាជន។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយមានអ្នកសង្កេតការណ៍បរទេស ដើម្បីជ្រើសតាំងរដ្ឋសភា ហើយបង្កើតឡើងនូវរដ្ឋាភិបាលចម្រុះមួយដែលមានភាគីទាំងអស់ចូលរួម។ ដូចនេះនៅតែ៤ភាគី ក៏ប៉ុន្តែបើភាគីពីរទៀតមិនព្រម នេះគ្រាន់តែជាករណីត្រៀម។ ក្នុងករណីទី១ រូបមន្តរួម៤ភាគី គឺបក្សពួកទាំងអស់ដែលចូលរួមដោះស្រាយទៅមិនរួច គឺច្រកចេញមួយទៀតគឺគ្រាន់តែទ្វារបម្រុងទេ ព្រោះនេះគ្រាន់តែជាទ្វារបម្រុង មិនមែនបង្ខំសម្តេច សីហនុ ឱ្យទទួលស្គាល់នូវសាធារណរដ្ឋប្រជាមានិតកម្ពុជាទេ។ បើសិនភាគីពីរទៀតបន្ទន់ឥរិយាបថ ហើយចូលកាន់តុចរចានោះ គឺបញ្ហាវាជាការងាយ ហើយនេះជាចំណុចល្អបំផុត ហើយធានាបំផុត។ នេះជាទ្វារបម្រុង។ បើទ្វារនោះទៅមិនរួច គឺទៅទ្វារមួយទៀត។ សម្ដេច ហ៊ុន សែន រំភើបខ្លាំងដោយសារតែលទ្ធផលដែលទទួលបាន គឺលើសពីការស្មាន។

ពេលសម្តេច ហ៊ុន សែន លើកឡើងដល់ចំណុចនេះ សម្តេចព្រះនរោត្តម សីហនុ ហាក់អស់សំណើច ហើយផ្ទុះសំណើច។ សម្តេច ហ៊ុន សែន នៅតែបន្តភារកិច្ចរបស់សម្ដេច គឺលើកឡើងពីគំនិតចង់បញ្ចប់សង្រ្គាមដដែល។

ការជួបរវាងជនជាតិខ្មែរជាមួយគ្នាគ្មានរឿងអ្វីដែលត្រូវលំបាក។ តែដល់ចំណុចនេះ សម្តេចព្រះនរោត្តម សីហនុ ហាក់សព្វព្រះទ័យ ព្រះអង្គក៏មានបន្ទូលគាំទ្រ៖

– ចាស បើយើងស្នេហាជាតិ បើយើងស្មោះត្រង់នឹងជាតិដូចគ្នា គ្មានឧបសគ្គអ្វីដែលខាំងមិនឱ្យយើងរួបរួមគ្នាបានទេ។ – អ៊ីចឹងហើយបានទូលបង្គំ កាលពីយប់ម៉ិញនេះ គិតហើយគិតទៀត (សម្តេច ហ៊ុន សែន បន្ថែម) អំពីបំណងរបស់សម្តេច ក៏ដូចជាបំណងរបស់ទូលបង្គំត្រូវទទួលជោគជ័យ។ ជោគជ័យនេះដើម្បីផលប្រយោជន៍របស់ប្រជាជន ហើយសង្ឃឹមថាជំហាននេះ គឺជាជំហានសម្រាប់ឈានទៅរកជំហានថ្មីៗទៀត។ – ចាស សូមអរគុណឯកឧត្តម (សម្តេចនរោត្តមសីហនុ) ក. អំពីជនភៀសខ្លួនការត្រៀមខ្លួនរបស់សម្តេច ហ៊ុន សែន មិនមែនត្រឹមតែសម្លឹងការបញ្ចប់សង្រ្គាមទេ សូម្បីតែបញ្ហាជនភៀសខ្លួន ក៏ត្រូវគិតគូរយ៉ាងហ្មត់ចត់ផងដែរ។ ក្នុងជំនួបលើកទី១ នៅថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ ហ្វែរ អង់ តាដឺន័រ (ខ្លឹមសារនេះស្ថិតក្នុងជំនួបចរចា រវាង សីហនុ-ហ៊ុនសែន លើក ទី១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧) សម្តេច ហ៊ុន សែន មានប្រសាសន៍ទូលថ្វាយសម្ដេចព្រះនរោត្តម សីហនុ ថា៖

-ពាក់ព័ន្ធបញ្ហាជនភៀសខ្លួន គឺជាបញ្ហាដ៏សំខាន់បំផុតមួយដែលទូលបង្គំសុំឯកភាព ពិសេសចំពោះគំនិតរបស់សម្តេច ដែលលើកឡើងអំពីការមិនរារាំងសិទ្ធិរបស់ជនភៀសខ្លួន ក្នុងការវិលត្រឡប់ទៅរស់នៅក្នុងប្រទេស។ ឥឡូវយើងពិនិត្យអំពីមូលហេតុដែលនាំឱ្យមានជនភៀសខ្លួន។ បញ្ហាធំ គឺសង្រ្គាមទេ។ សង្រ្គាមជាមួយអាម៉េរិក មានជនភៀសខ្លួនមួយចំនួនទៅហើយ។ សង្រ្គាមក្នុងពេល ប៉ុល ពត ក៏មានជនភៀសខ្លួនមួយចំនួនទៀត ប៉ុន្តែអ្នកដែលបានរត់ទៅលាវ ក៏បានវិលមកប្រទេសទៅហើយ។ អ្នកដែលរត់ទៅវៀតណាម នោះគឺបានមកប្រទេសហើយ។ ប៉ុន្តែឥឡូវនៅខាងប្រទេសថៃ។ ទូលបង្គំសូមទូលថ្វាយថា ទោះបីជាគេនៅជំរំ នៅក្រោមការគ្រប់គ្រងរបស់ក្រុមណាក៏ដោយចុះ ក៏ប៉ុន្តែទូលបង្គំយកចិត្តទុកដាក់ចំពោះជោគវាសនារបស់ពួកគេ។ទូលបង្គំមិនចង់ឃើញនូវភាពវេទនា ការព្រាត់ប្រាស វេចសម្ពាយស្ពាយ លីកូន… ទូលបង្គំអត់ចង់ឃើញ នូវភាពវេទនារបស់ ប្រជាជន ជនភៀសខ្លួននេះទេ។ អ៊ីចឹងបានកន្លងទៅទូលបង្គំបានលើកឡើង នូវសំណូមពរឱ្យមានការពិភាក្សាមួយរវាងខាងថៃជាមួយខាងទូលបង្គំដោយប្រយោល តាមរយៈអង្គការអន្តរជាតិណាមួយ ដើម្បីដោះស្រាយ ធ្វើយ៉ាងណាឱ្យជនភៀសខ្លួនកម្ពុជា បាន ត្រឡប់ទៅកម្ពុជាវិញ លើគោលការណ៍ស្ម័គ្រចិត្តរបស់ពួកគេ។ -ប៉ុន្តែ ថៃ ហើយនិងខ្មែរក្រហម និងខ្មែរខៀវ គេអត់ព្រមទេថា បើបណ្តោយឱ្យថៃទាក់ទងជាមួយឯកឧត្តម ទោះបីយករឿងមនុស្សធម៌មកនិយាយ ក៏ទៅជារៀង កេនេស្សង់ ដឺហ្វាក់តូ។ នែ៎ត្រង់ហ្នឹងហើយបានជា… ចា៎ (សម្តេចព្រះនរោត្តម សីហនុ មានបន្ទូល)។

-ដោយសារមានបញ្ហាហ្នឹងហើយ បានជាឥឡូវហ្នឹងខាងទូលបង្គំកំពុងតែរៀបចំកិច្ចព្រមព្រៀងមួយជាមួយ ហាស់ សេ អ៊ែរ (HCR) (សម្ដេចហ៊ុន សែនបន្ត)។ ប្រហែលជានៅពេលដ៏ខ្លីខាងមុខនេះគឺចុះហត្ថលេខា ឥឡូវគឺលោកវេជ្ជបណ្ឌិតម៉ី សាមឺឌី ក៏កំពុងមកប៉ារីសនេះដែរ ហើយគាត់ក៏នឹងទាក់ទងជាមួយអគ្គស្នងការខាងជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហ្នឹង។ ឥឡូវជាក់ស្តែងបណ្តាអង្គការរបស់សហប្រជាជាតិ បានបោះទីតាំងនៅក្រុងភ្នំពេញ គឺមានដល់ទៅ៤អង្គការ ឯណោះ។ មានតាំងពី ហាស់ សេ អ៊ែរ, អេហ្វ អា អូ (FAO) ហើយនិងប៉ាម ហើយមានដល់ទៅប្រាំបីដណ្តប់ អង្គការអន្តរជាតិក្រៅរដ្ឋាភិបាល។ មិនផ្សារភ្ជាប់បញ្ហានយោបាយទៅនឹងបញ្ហាជនភៀសខ្លួនទេ។ នេះគឺជាបញ្ហាមនុស្សធម៌សុទ្ធសាធ ហើយទូលបង្គំសូមទូលថ្វាយសម្តេច ថាខាងទូលបង្គំមិនបានគិតថា គេនៅក្រុមនេះក្រុមនោះ ឬគេស្អប់ខ្ពើមកុម្មុយនីស្ត ឬស្អប់មូលធនអីទេ។ ខាងទូលបង្គំមិនគិតដល់ហ្នឹងទេ។ ប្រការសំខាន់បំផុត បើសិនជាគេស្ម័គ្រចិត្តចូលទៅប្រទេស គឺគេត្រូវតែបានទៅ។ នេះហើយជាចំណុចដែលសម្តេចមានការគាំទ្រ។ ឥឡូវហ្នឹងខាងលោក ហុក កេយ៍ ហ្នឹង ក៏បានឱ្យទៅកសាងឃ្លាំងមួយនៅភ្នំពេញ ដើម្បីយកទំនិញទៅស្តុកមុន។ ពេលដែលមកដល់ហ្នឹង គឺត្រូវបញ្ជូនឱ្យជនភៀសខ្លួន។ ឯចំពោះបញ្ហាតាមដានជួយទៅតាមភូមិ ឃុំ គឺខាងទូលបង្គំបានធ្វើហើយ ជាមួយនឹង ហាស់ សេ អ៊ែរ ព្រោះថា ពេលដែលទៅដល់ដំបូង គេត្រូវមានជំនួយបន្ទាន់មួយសម្រាប់ជនភៀសខ្លួន មានតាំងពីចាន ឆ្នាំង សម្លៀកបំពាក់ អីមួយ ចំនួន។ បុន្តែដល់ក្រោយមកត្រូវតាមជួយទៀត គឺតាមជួយទៅតាមភូមិ តាមគ្រួសារ ជួយបង្កលក្ខណ: ជាឧបករណ៍ផលិតកម្ម។ ខាងទូលបង្គំ បានធ្វើហើយ គឺនៅខេត្តមួយចំនួន ហើយកន្លងទៅមានទិដ្ឋភាពពីរខុសគ្នា។ ទូលបង្គំសូមទូលថ្វាយថា ទី១ គឺថា… -ចាស ចាស (សម្តេចនរោត្តម សីហនុបន្ទរតាម) -ការវិលត្រឡប់របស់ប្រជាជនកម្ពុជា ដែលស្ថិតនៅរាជាណាចក្រថៃ ដោយមានការចាត់តាំងមានរបៀបរៀបរយ ឧបមាថាត្រូវដឹកតាមយន្តហោះទៅពោធិ៍ចិនតុង ឬត្រូវដឹកតាមកប៉ាល់ទឹកទៅកំពង់ផែកំពង់សោម ដើម្បីទទួលនៅទីនោះ (សម្ដេច ហ៊ុន សែន បន្តប្រយោគ)។ ប៉ុន្តែករណីមួយទៀត គឺករណីមានកិច្ចព្រមព្រៀង គឺថាប្រជាជនស្ម័គ្រចិត្តទៅប៉ុន្មាន ទូលបង្គំទទួលប៉ុណ្ណឹង ហើយបញ្ហានេះ ការពិតគឺទូលបង្គំក៏មានការលំបាកផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប៉ុន្តែចេះតែប្រឹង ហើយ ហាស់ សេ អ៊ែ (HCR) ក៏ជួយខ្លះទៅ។ ជួយគេក្នុងមួយឆ្នាំដំបូង ឆ្នាំទី២ គេធ្វើស្រែ ធ្វើចម្ការខ្លួនឯងបាន។ ប៉ុន្តែសំខាន់ឥឡូវនេះខាង ខៀវ សំផន ខាងលោកសឺន សាន គឺរារាំងបញ្ហា។

-ទេ ចាស រារាំង (សម្តេចនរោត្តមសីហនុ បន្ទរ ដែលទម្លាប់ព្រះអង្គតែងប្រើពាក្យទេពីមុខពាក្យអ្វីៗទាំងអស់ ដូចជាពាក្យថា ទេ ត្រូវហើយ ទេ អាហ្នឹងគឺវាអ៊ីចឹងហើយ ជាដើម) ។ -មិនត្រឹមតែមិនឱ្យទៅទេ ទូលបង្គំបានដឹងរឿងបាញ់គ្នា ចេញពីជំរំមួយទៅជំរំមួយ (សម្តេច ហ៊ុន សែន បញ្ជាក់)។ -ទេ តែចេញ គាត់បាញ់ចោលហើយ (សម្តេចព្រះនរោត្តម សីហនុ បន្ថែម)។ -ជាពិសេសជំរំតាម៉ុក (សម្តេចហ៊ុន សែន បន្ត) ទូលបង្គំដឹងច្បាស់ជំរំតាម៉ុក គឺថាក្រុមហ្នឹង តែចេញពីកន្លែងមួយទៅកន្លែងមួយ គឺត្រូវគ្រោះថ្នាក់។ ទូលបង្គំបានដឹងដែរពីរឿងហ្នឹង តែឥឡូវមិនត្រូវរារាំងប្រជាជនទេ សិទ្ធិរបស់គេ។ ឥឡូវបើសិទ្ធិរបស់គេសុំទៅរស់នៅប្រទេសទី៣ហ្នឹង គឺរឿងរបស់គេហើយ។ អ៊ីចឹងទូលបង្គំសុំធានាថា អត់មានការសងសឹក វាគ្មានរឿងស្អីដែលត្រូវសងសឹកជាមួយប្រជាជនខ្លួនឯងទេ។ គឺខាងទូលបង្គំមិនមានបញ្ហាហ្នឹងទេ។ ខាងទូលបង្គំប្រឆាំងនឹងទារុណកម្មដែលពួក ប៉ុល ពត បានធ្វើទៅលើប្រជាជន។ ដូច្នេះ គ្មានរឿងអ្វីដែលទូលបង្គំដើរតាមពួក ប៉ុល ពត ទេ ហើយរឿងនេះគ្មានទាល់តែសោះ។ បញ្ហានេះទូលបង្គំទូលថ្វាយថា កងទ័ពវៀតណាមមានភារ:ត្រឹមតែជួយការពារតែប៉ុណ្ណោះ តែត្រង់ថាកិច្ចការរបស់កម្ពុជាទាក់ទងទៅនឹងប្រយោជន៍របស់ប្រជាជនកម្ពុជា សេរីភាពរបស់ប្រជាជនកម្ពុជា វៀតណាមគ្មានសិទ្ធិទេ។ ទូលបង្គំសូមអះអាងថា គឺអត់មានបញ្ហាវៀតណាមត្រួតត្រាទេ ព្រោះវៀតណាមគ្មានសិទ្ធិអ្វីនឹងស្តីបន្ទោសចំពោះប្រជាជនកម្ពុជា ឬធ្វើបាបប្រជាជនកម្ពុជាទេ។ ទូលបង្គំសូមទូលថ្វាយថា រឿងបញ្ហាសិទ្ធិមនុស្សនេះ គឺទូលបង្គំយកចិត្តទុកដាក់ណាស់។ ម្សិលមិញលើកឡើងខ្លះហើយ តែទូលបង្គំមានមតិបន្ថែមបន្តិចចំពោះជនភៀសខ្លួន។ ទូលបង្គំរីករាយណាស់ ដោយបានឮនូវបន្ទូលរបស់សម្តេចថា ត្រូវគោរពដូចបំណងរបស់ប្រជាជនដែលចង់វិលត្រឡប់ទៅវិញ។ បើមានបំណង គឺតាមការស្ម័គ្រចិត្តរបស់គេ គេចង់ត្រឡប់ទៅវិញ គឺកុំរារាំងគេ។ -សូមឯកឧត្តម ប្រាប់លោកខាង ហាស់ សេ អ៊ែរ ផងចាស (HCR) លោក ហុកកេយ៍ (សម្តេចព្រះនរោត្តម សីហនុ លើកទឹកចិត្ត) ។ -ចំណែកទូលបង្គំ គឺទូលបង្គំគោរព អនុវត្តពេញលេញនូវបំណងប្រាថ្នាប្រជាជន ហើយបង្កលក្ខណ:ឱ្យគេរស់នៅប្រកបមុខរបររបស់គេនៅភូមិកំណើតរបស់គេ (សម្តេច ហ៊ុនសែន បន្ថែម)។ នៅកន្លែងដែលគេចង់ទៅ ហើយបញ្ហានេះ ហាស់ សេ អ៊ែរ មានសិទ្ធិតាមពិនិត្យមើលនៅនឹងកន្លែង។

-ល្អហើយ! ល្អណាស់ចាស! (សម្តេចព្រះនរោត្តម សីហនុ បញ្ជាក់)។ -ប៉ុន្មានឆ្នាំកន្លងទៅ ទូលបង្គំតែងតែចាត់តាំងឱ្យគេទៅ (សម្ដេច ហ៊ុន សែន បន្ថែម) ព្រោះមានជនភៀសខ្លួនមកពីវៀតណាម មកពីលាវ មួយចំនួនមកពីថៃឡង់ដ៍។ អ៊ីចឹង ទូលបង្គំរៀបចំឱ្យមានភូមិគំរូ ធ្វើជាកន្លែងសិប្បកម្មសម្រាប់ក្រុមគ្រួសារគេទៀតផង។ អ៊ីចឹងបញ្ហានេះ ខាងទូលបង្គំមិនចោទទេ។ ទូលបង្គំនឹងទទួលលោកគីប៊្រីយ៉ា ដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងលោក អិន វ៉ា ដែលទទួលបន្ទុកនៅខាងអាស៊ីរបស់ ហាស់ សេ អ៊ែរ ហើយទូលបង្គំនឹងផ្តល់ព័ត៌មាននេះទៅឱ្យលោកហុកកេយ៍។ ឥឡូវកិច្ចព្រមព្រៀងរវាងខាងទូលបង្គំជាមួយ ហាស់ សេ អ៊ែរ គឺប្រុងនឹងចុះហត្ថលេខានៅពេលខាងមុខ ដើម្បីដំណើរការឱ្យប្រជាជនត្រឡប់មកវិញ។ ឥឡូវនេះ ឧបសគ្គធំមិនដឹងថា រាជាណាចក្រថៃឱ្យមកឬអត់ទេ។ ប៉ុន្តែបញ្ហានេះ ទូលបង្គំយល់ថានឹងធ្វើជាមួយនឹង ហាស់ សេ អ៊ែរ ហើយក៏សូមស្នើព្រះអង្គ មានបន្ទូលជាមួយអ្នកទាំងពីរ (ខៀវ សំផន និង សឺន សាន) ហ្នឹង ហើយមានបន្ទូលជាមួយថៃ ដើម្បីឱ្យគេជួយបង្កលក្ខណៈ ទោះបីរឿងដោះស្រាយជម្លោះមិនទាន់បញ្ចប់ក៏ដោយ តែត្រូវតែគោរពសិទ្ធិគេ។ ឱ្យគេរស់នៅជាប្រជាជន ឱ្យគេមានសិទ្ធិ ព្រោះទូលបង្គំមិនចង់ឃើញភាពវេទនារបស់ជនភៀសខ្លួននៅលើដីថៃទេ។ ដូច្នេះបានជាឥឡូវហ្នឹង ប្រជាជននៅប្រទេសបារាំង ក៏មានមួយចំនួនទៅរស់នៅប្រទេសវិញ។-ហេ!!! ល្អណាស់ (សម្តេចព្រះនរោត្តមសីហនុ បន្ទរដោយការរំភើបព្រះទ័យ) -ហើយចំណុចមួយទៀត ក្នុងបញ្ហាជនភៀសខ្លួននេះដែរ គឺទូលបង្គំយល់ថា ដើម្បីការពារបាននូវជនភៀសខ្លួន គប្បីធ្វើយ៉ាងណាឱ្យជនភៀសខ្លួន នៅដាច់ឆ្ងាយពីកងកម្លាំងប្រដាប់អាវុធ(សម្តេចហ៊ុន សែន បន្ថែម) ព្រោះឥឡូវប្រសិនបើនៅជាមួយកងកម្លាំងប្រដាប់អាវុធ ការប៉ះទង្គិចដោយអាវុធ អាចធ្វើឱ្យស្លាប់ជនភៀសខ្លួន។

-ទេ! រឿងហ្នឹងខាងលោកសឺន សាន និងខៀវ សំផន ធ្វើអ៊ីចឹង។ ខាងខ្ញុំ ខ្ញុំធ្វើដាច់គ្នាតែ ម្តង។ ខាង អា អិន អេស(ANS) អត់នៅជាមួយ សាយប៊ី ទេ (សម្តេចព្រះនរោត្តម សីហនុ បញ្ជាក់)។

-បើយកជនភៀសខ្លួនទៅធ្វើជាខែលដើម្បីវាយគ្នា ស្លាប់ជនភៀសខ្លួនអស់ហើយ (សម្តេចហ៊ុន សែន លើកឡើងបញ្ជាក់)។ ទូលបង្គំក៏បានដឹងដែរ ថាក្នុងបណ្តាជំរំទាំងអស់ គឺក្រុមខាងភាគី សម្តេចមានការគ្រប់គ្រង និងមានការអនុវត្តសិទ្ធិប្រជាធិបតេយ្យជាមួយប្រជាជនណាស់ ហើយជនជាតិបរទេសក៏គេសរសើរ ហើយគេទៅជួបខាង ប៉ុល ពត ខាងខៀវ សំផន ខាង សឺន សាន គឺថាជនភៀសខ្លួននៅច្របូកច្របល់ជាមួយទាហាន ហើយការរំលោភបំពានមានច្រើន។ អ៊ីចឹងយើងត្រូវយកចិត្តទុកដាក់ការពារ ទោះបីជាគេឆ្វេងក៏ដោយ ស្តាំក៏ដោយ តែគេឈាមខ្មែរ ត្រូវតែគោរពជីវិតគេ ហើយបញ្ហាជីវិតមនុស្សមិនមែនតែជនជាតិខ្មែរទេ ជនជាតិណាក៏ដោយ តែមានការស្លាប់ យើងមានការឈឺចាប់ មានការសោកស្តាយ ព្រោះមិនចង់ឱ្យអ្នកណាម្នាក់ស្លាប់។ ខាងទូលបង្គំ និងខាងសម្តេច អាចចូលគ្នាបានអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហាគោរពចំពោះប្រជាជន ប៉ុន្តែទោះយ៉ាងណាត្រូវតែតស៊ូទៅឱ្យដល់។ ធ្វើម៉េចឱ្យបានគោរពប្រជាជន ជីវិតប្រជាជន និងសិទ្ធិប្រជាជនត្រូវតែបានគោរព។ រឿងហ្នឹង គឺជារឿងចាំបាច់ខានមិនបានទេ ហើយបើថា តស៊ូគ្រាន់តែឈ្មោះថា ប្រទេសមួយមានសន្តិភាពប្រជាជនគ្មានសិទ្ធិសេរីភាព ហើយប៉ះពាល់ដល់អាយុជីវិតរបស់គេ ក៏មិនដឹងថាតស៊ូមានន័យអីដែរ។

ខ.បញ្ហាកងទ័ពវៀតណាម

បញ្ហាមួយទៀត គឺបញ្ហាកងទ័ពវៀតណាមនៅកម្ពុជា។ វត្តមានកងទ័ពវៀតណាម គឺដើម្បីបន្តជួយការពារ កុំឱ្យរបបប៉ុល ពត ត្រឡប់មកវិញ។ បញ្ហានេះទូលបង្គំគ្រាន់តែសុំធ្វើការបកស្រាយខ្លះ តែប៉ុណ្ណោះ ថាហេតុអ្វីបានជាកងទ័ពវៀតណាមបន្តនៅកម្ពុជាពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន(១៩៨៨)។ បញ្ហានេះមានជម្រើសពីរ ដែលខាងទូលបង្គំត្រូវមានការពិចារណា៖ ទី១ គឺការវិលត្រឡប់នៃរបបប៉ុល ពត ទៅកម្ពុជាវិញ។ ទី២ គឺសំណូមពរឱ្យកងទ័ពវៀតណាម ជួយការពារសិន កុំឱ្យរបប ប៉ុល ពត ទៅវិញ។

មានតែជម្រើសពីរនេះទេ ដែលទូលបង្គំត្រូវជ្រើសរើសយកមួយ។ ដូច្នេះ ការបានផ្តួលរំលំ ប៉ុល ពត ហើយទុកឱ្យប៉ុល ពត ត្រឡប់ទៅកាប់សម្លាប់ប្រជាជនកម្ពុជាវិញ គឺជារឿងមួយដែលមិនអាចទទួលយកបានជាដាច់ខាត។ កាលដំបូងឡើយ ក្រោយផ្តួលរំលំរបបប៉ុល ពត ហើយអំឡុងឆ្នាំ១៩៧៩ ឬឆ្នាំ១៩៨០ កងទ័ពវៀតណាមត្រូវដកអស់។ ទូលបង្គំមានបំណងយ៉ាងដូច្នេះ។ ប៉ុន្តែរយ:ពេល ប៉ុល ពត ចាញ់ហើយ គឺកម្លាំងនៅសេសសល់ដែលធ្វើសកម្មភាពកាប់សម្លាប់ប្រជាជននៅគ្រប់ទីកន្លែង រាល់ការកាប់សម្លាប់របស់ពួកប៉ុល ពត ក្រោយឆ្នាំ១៩៧៩ គឺសុទ្ធតែបានប្រើឈ្មោះសម្តេចទាំងអស់។ ចូលទៅប្លន់កាប់សម្លាប់ប្រជាជនកន្លែងណា ថាកងទ័ពសម្តេច កងទ័ពសីហនុនិយម តែម្តង ហើយស្របពេលនោះ គឺដោយសារសម្តេច ជាប្រធានត្រីភាគីផង គេឈ្មោះហ្នឹងយកទៅប្រើដើម្បីកាប់សម្លាប់ប្រជាជន។ ទូលបង្គំសូមទូលថ្វាយថា ក្នុងប៉ុន្មានខែមុននេះ គឺពួក ប៉ុល ពត ឱ្យយកគ្រាប់បែកទៅដាក់នៅផ្សារអូរឫស្សី របស់ភ្នំពេញ។ ដាក់ចោលនៅទីនោះ។ ព្រលឹមឡើងផ្ទុះស្លាប់ប្រជាជន បន្ទាប់មកបាចខិតបណ្ណ ថាកងទ័ពរបស់សម្តេចសីហនុ បោកគ្រាប់បែកទៅលើកងទ័ព វៀតណាម។ ដូច្នេះប្រជាជន គេថ្កោលទោស គេខឹង គេក្តៅក្រហាយ។ កងទ័ព វៀតណាមឯណាទៅបោះទីតាំងនៅផ្សារអូរឫស្សីនោះ។ដូច្នេះគេ(ប្រជាជន)ខឹងដល់សម្តេចទៅទៀត ព្រោះខិតបណ្ណប្រើព្រះនាមព្រះអង្គ (សម្តេច ព្រះនរោត្តមសីហនុ)។ ទូលបង្គំសូមទូលថា នៅឆ្នាំ១៩៨០ ឪពុកក្មេកទូលបង្គំត្រូវពួកប៉ុល ពត ឡើងសម្លាប់ដល់លើផ្ទះនៅតាមដងទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ។ ដល់ពេលសម្លាប់ហើយ គេដើរឃោសនានៅផ្ទះប្រជាជនថា សម្តេច សីហនុ បានប្រើទ័ពមកឱ្យសម្លាប់ឱ្យផុតពូជ ហ៊ុន សែន តែកូនក្នុងអង្រឹងមិនទុកផង។ ដូច្នេះទូលបង្គំបញ្ជាក់ថា ហេតុអីបានជាកងទ័ពវៀតណាមបន្តរហូតមកដល់សព្វថ្ងៃ? នោះគឺជាប្រការដែលទូលបង្គំបានទូលថ្វាយ ការជ្រើសរើសវាមានតែ២ទេ គឺឱ្យ ប៉ុល ពត ត្រឡប់ទៅវិញ និងសុខចិត្តទទួលវត្តមានកងទ័ពវៀតណាមនៅកម្ពុជា។ ជាទូទៅសំណូមពរប្រជាជនកុំឱ្យរបបប៉ុល ពត វិលត្រឡប់ទៅវិញ។ ឯការបន្តនៅរបស់កងទ័ពវៀតណាមមិនមែនជាកាន់កាប់តាមរបៀបអាណានិគមទេ នេះគឺជាការអនុវត្តនូវសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិមួយ ប៉ុន្តែវាគ្រាន់តែមាននាមថាកងទ័ពបរទេសនៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ។ ទូលបង្គំមិនលើកនូវពាក្យនេះ ឆ្លើយតបជាមួយអាកប្ប-កិរិយារបស់ប្រទេសមួយចំនួនទេ។ គេចោទប្រកាន់ចំពោះកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា ប៉ុន្តែគេអត់បានចោទប្រកាន់កងទ័ពអាម៉េរិកនៅលើទឹកដីជប៉ុននិងកូរ៉េខាងត្បូង នៅហ្វីលីពីន នៅប្រទេសដទៃទៀតទេ។ ផ្ទុយមកវិញការដែលទូលបង្គំ គ្រាន់តែត្រូវការកម្លាំងវៀតណាមជួយរំដោះកម្ពុជា ហើយជួយការពារកម្ពុជាកុំឱ្យរបបប៉ុល ពត ត្រឡប់មកវិញ ជារឿងមួយដែលទូលបង្គំទទួលរងនូវការជេរប្រទេច គ្រប់បែបគ្រប់យ៉ាងទាំងអស់។ តែបញ្ហានេះមិនអីទេ ហើយទោះយ៉ាងណាក៏ដោយ វៀតណាមជួយរំដោះប្រទេសកម្ពុជា ហើយជួយការពារកម្ពុជា។ វៀតណាម គ្មានបំណងកាន់កាប់ប្រទេសកម្ពុជាទេ ហើយបើសិនវៀតណាមចង់កាន់កាប់ ក៏ទូលបង្គំមិនយល់ស្របដែរ។ ប្រជាជនកម្ពុជាមិនយល់ស្របទេ។ ប៉ុន្តែរឿងអីដែលប្រជាជនកម្ពុជាស្មោះស្ម័គ្រ គេរីករាយនឹងកងទ័ពវៀតណាមនៅកម្ពុជា? ដោយសារតែនេះមិនមែនជាកងទ័ពអាណានិគមមួយទេ ហើយគេជួយយើងដោយសុទ្ធចិត្ត។ តែយ៉ាងណាក៏ដោយ ក៏វៀតណាមត្រូវតែដកចេញពីកម្ពុជាដែរ នេះជាការចាំបាច់ត្រូវតែដកចេញ ហើយបើគ្មានដំណោះស្រាយនយោបាយ មានតែខាងទូលបង្គំម្នាក់ឯង វៀតណាមក៏ត្រូវតែដកដែរ។ ការពិតកងទ័ពវៀតណាម បានដក៦លើករួចមកហើយ។

-ចាស ប៉ុន្តែគេថាដកហ្នឹង គឺដកលេងៗ (សម្តេចព្រះនរោត្តម សីហនុ ដាក់បន្ទុកដោយមន្ទិល) ព្រោះដកតែទ័ព អស់កម្លាំងអីទៅ រួចផ្លាស់ទៅទៀត ផ្លាស់វេនគ្នាមានទ័ពថ្មី (Troupes Fraiches) អ៊ីចុះ រួចឱ្យអ្នកសង្កេតការណ៍អន្តរជាតិគេឃើញទៅ។

– គេលើកបញ្ហានេះមិនមែនជារឿងថ្មីទេ (សម្តេច ហ៊ុន សែន បញ្ជាក់) ជារឿងចាស់ដែលលើកឡើងតាំងពីឆ្នាំ១៩៨០។ខាងទូលបង្គំបានដំណើរការដកកងទ័ពវៀតណាមតាំងពីឆ្នាំ១៩៨២ ហើយនេះជាលើកទី៦ហើយ។ ចំនួនដកនេះ គឺជាចំនួនច្រើនបើប្រៀបធៀបទៅឆ្នាំមុនៗ។អ៊ីចឹងឆ្នាំនេះ គឺដករហូតដល់ទៅជាង២ម៉ឺននាក់ ដែលត្រូវដក។ ទូលបង្គំសូមទូលថ្វាយថា ចរិតខ្មែរសុខចិត្តស៊ីបាយ ដែលដាំដោយដៃខ្លួនឯង ប្រសើរជាងស៊ីបាយអ្នកដទៃ។ ដូច្នេះ ខ្មែរកសាងបានកម្លាំងហើយ គឺត្រូវតែទៅជំនួសកម្លាំងរបស់វៀតណាម។ អ៊ីចឹងគឺទូលបង្គំសូមទូលថ្វាយថា បានដក (ដកទ័ពវៀតណាម) ហើយបន្តដក។កាលបរិច្ឆេទ ទូលបង្គំបានកំណត់រួចហើយនោះ គឺនៅឆ្នាំ១៩៩០នេះ គឺត្រូវតែដកកងទ័ពវៀតណាមឱ្យអស់។ ប៉ុន្តែ ក្នុងករណីមានដំណោះស្រាយនយោបាយ គឺកងទ័ពវៀតណាមប្រហែលជាអាចដកមុន។ ទូលបង្គំមិនចង់ទាញបន្លាយកងទ័ពវៀតណាមនៅកម្ពុជាឱ្យដល់ឆ្នាំ១៩៩០ទេ។ ប្រសិនបើមានដំណោះស្រាយ ឥឡូវយើងថា ១៩៨៧ទៅចុះ ថា១៩៨៨នេះ ក៏វៀតណាមដកទៅមុន ឬក៏១៩៨៩ វៀតណាមដកមុនជាការល្អ។ ប៉ុន្តែប្រសិនបើគ្មាន ដំណោះស្រាយ ក៏កងទ័ពវៀតណាមនឹងដកនៅឆ្នាំ១៩៩០ ហើយទូលបង្គំជឿជាក់ថា គឺនឹងធ្វើទៅបាន ទោះជាពួក ប៉ុល ពត មិនទាន់អស់ ក៏ភាគីខាងទូលបង្គំត្រូវតែធ្វើ ហើយទូលបង្គំសូមទូលថ្វាយថា ពេលដែលកងទ័ពវៀតណាមដកហើយ កម្លាំង ប៉ុល ពត គ្មានលទ្ធភាពផ្តួលទូលបង្គំតាមផ្លូវយោធាទេ នេះជាការអះអាងរបស់ទូលបង្គំ។ ប៉ុន្តែទូលបង្គំទទួលស្គាល់ថា សង្រ្គាមវិនាសកម្មនៅតាមតំបន់ចុងកាត់មាត់ញក ការកាប់សម្លាប់ ចំពោះប្រជាជនពីសំណាក់ពួកយោធា ប៉ុល ពត នៅតែបន្ត។ ទូលបង្គំចង់បញ្ចប់រឿងហ្នឹង។ ទូលបង្គំមិនមែនគ្រាន់តែថា មិនឱ្យប្រទេសដួលរលំទៅទេ សូម្បីជីវិតប្រជាជនក៏ទូលបង្គំមានការទទួលខុសត្រូវដែរ ព្រោះគេស្ថិតក្នុងប្រទេសមួយដែលត្រូវមានការគាំពារពីរដ្ឋអំណាច ឬថាអ្នកស្នេហាជាតិ ដែលត្រូវដឹកនាំប្រទេសនៅពេលអនាគតនោះដែរ។ អ៊ីចឹងទោះបីជាយ៉ាងណាក៏ដោយ ក៏វៀតណាមត្រូវដកចេញពីកម្ពុជា ហើយនេះជាបំណងរបស់វៀតណាម និងក៏ដូចជាបំណងខាងទូលបង្គំដែរ។វៀតណាមចង់ដកទ័ពខ្លួនទៅប្រទេសគេវិញ ប៉ុន្តែអ្នកដែលមិនចង់ឱ្យវៀតណាមទៅគេក៏កំពុងជំទាស់នឹងការដក។ អ៊ីចឹងបញ្ហានេះបានជាសម្តេចទ្រង់ជ្រាបហើយ ខាងទូលបង្គំក៏ដូចជាខាង វៀតណាម ឬប្រទេសដែលគាំទ្រខាងទូលបង្គំ គឺគេចង់ឱ្យមានដំណោះស្រាយបញ្ហាកម្ពុជាតាមផ្លូវនយោបាយ។ គេចង់គ្រប់គ្នា។ គេមិនជំទាស់ ការជួបរវាង ហ៊ុន សែន ជាមួយនឹង សីហនុ ទេ។ គេគាំទ្រការជួបនេះ។ អ៊ីចឹងបានសេចក្តីថា គេចង់ឱ្យមានដំណោះស្រាយនយោបាយសម្រាប់បញ្ហាខ្មែរ ដើម្បីបង្កលក្ខណៈឱ្យការដកកងទ័ពវៀតណាមកាន់តែឆាប់។ អ៊ីចឹងចំពោះបញ្ហា កងទ័ពវៀតណាមនៅកម្ពុជា មិនមែនជាបញ្ហានោះទេ ព្រោះអាចនិយាយបានថា បើសិនជាមានដំណោះស្រាយនយោបាយឱ្យយើងរួមគ្នាបាននោះ គឺថាកងទ័ពវៀតណាមដកកាន់តែរហ័ស។ ប៉ុន្តែបើគ្មានដំណោះស្រាយទេ ក៏នៅតែដក។ នេះជាធាតុពិតនៃបញ្ហា ហើយត្រូវតែធ្វើ។ ត្រង់រឿងគេថា វៀតណាមផ្លាស់ប្តូរទ័ពចាស់ដាក់ទ័ពថ្មី នោះគេថា ប៉ុន្តែជាក់ស្តែង កម្លាំងវៀតណាមបន្ថយអស់ជាងពាក់កណ្តាល នេះបើប្រៀបធៀបទៅនឹងពេលមុន។

-ចាស (សម្តេចព្រះនរោត្តម ទទួលយក) ប៉ុន្តែខាងលោក ខៀវ សំផន និង សឺន សាន គាត់ប្រាប់ខ្ញុំថា បើវៀតណាមដកថយ គឺលទ្ធិរបស់លោកហេង សំរិន លោកហ៊ុន សែន អត់រស់កើតទេ។ នេះបើដកមែនទែន ចាស។

-លើលោកនេះ គ្មានអ្នកណាចេះភូតភរបោកប្រាស់ដ៏ឥតខ្មាសអៀន ដូចពួកលោក ប៉ុល ពត លោក ខៀវ សំផន ទេ (សម្តេច ហ៊ុន សែន សង្កត់ធ្ងន់)។ នេះជាការភូតភរដោយគ្មានអៀន ខ្មាស។ មុនពេលដួលភ្នំពេញតែពីរបីថ្ងៃ គឺនៅស្រែកក្អេងក្អាងសព្វបែបយ៉ាងទាំងអស់។ ប៉ុន្តែរួចហើយរត់ ហើយឥឡូវនៅតែឈ្នះ។ សម្លាប់ខាងវៀតណាមមួយថ្ងៃៗ ប៉ុណ្ណេះ ប៉ុណ្ណោះ តែទីចុងបំផុត មានតែគោលដៅស៊ីវិលទេដែលគេអាចធ្វើទៅកើត។ គោលដៅស៊ីវិល ជាគោលដៅគេវាយបំផ្លាញ តែចំពោះខាងយោធាវិញ គេគេចពីការប្រយុទ្ធ។ អ៊ីចឹងវាហាក់ដូចជាមើលស្រាលចំពោះរដ្ឋអំណាចខាងទូលបង្គំពេកហើយ ដែលថាកងទ័ពវៀតណាមដកភ្លាមដួលភ្លាម។

– គេថា កុំថាឡើយតែដកអស់ ដកតែពាក់កណ្តាលហ្នឹង ក៏លទ្ធិលោកហ្នឹងដួលដែរ (សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលដោយលាយទាំងសំណើច) ហ្នឹងខាងលោក ខៀវ សំផន លោក សុន សេន ប្រាប់ខ្ញុំអ៊ីចឹងចាស។ ម៉េច ទៅអារឿងហ្នឹង? -ទូលបង្គំបានឃើញផែនទី ដែលគេគូរហើយយកទៅបោះផ្សាយនៅអង្គការសហប្រជាជាតិ បានសេចក្តីថា ទូលបង្គំអត់មានស្អីទាំងអស់ ហើយទូលបង្គំនៅតែក្រុងភ្នំពេញ (សម្តេច ហ៊ុន សែន តបទៅសម្តេចព្រះនរោត្តមសីហនុវិញដោយម៉ឺងម៉ាត់)។ ប៉ុន្តែ ឥឡូវនេះព្រះអង្គម្ចាស់ រណឫទ្ធិ បានដឹងហើយ។ ឥឡូវមានកងទ័ពទូលបង្គំនៅព្រំដែនថៃ។

– មានមែន ចាស (សម្តេច សីហនុ ឆ្លើយ) – អ៊ីចឹងធ្វើអីទូលបង្គំកន្លែងហ្នឹងមិនបានផង ចង់ទៅធ្វើនៅភ្នំពេញទៀត? (សម្ដេច ហ៊ុន សែន) តែបញ្ហានេះ ជាបញ្ហាយុទ្ធសាស្រ្ត។ ផ្នែកយុទ្ធសាស្រ្តត្រូវនិយាយថា បើចង់ផ្តួលភ្នំពេញ ត្រូវកាន់កាប់បណ្តាខេត្តជុំវិញភ្នំពេញសិន។ ប៉ុន្តែឥឡូវធ្វើអ្វីក៏មិនបានដែរ នៅព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាអ៊ីចឹង។ អ៊ីចឹងតើការលើកយោបល់របស់គេថា បើដកអស់ ឬដកពាក់កណ្តាល លទ្ធិភ្នំពេញត្រូវរលាយ គឺជារឿងមួយ ទោះបីអ្នកគណិតសាស្រ្តក៏មិនអាចធ្វើកើតដែរ (សម្តេច ហ៊ុន សែន សើច)។ ទោះបីខាងទូលបង្គំមានរដ្ឋអំណាច ដែលបានធ្វើឱ្យប្រជាជាតិកែប្រែជីវភាពប្រជាជន ទោះបីឥឡូវមិនទាន់សម្បូរសប្បាយពេកក៏ដោយ ក៏ប៉ុន្តែបានចាប់ផ្តើមរើបៗឡើង។ មានសិទ្ធិសេរីភាព មានការធ្វើ មានអាជីវកម្ម ព្រោះថាសភាពការណ៍ប្រទេសនៅមានសន្តិភាពផង មានសង្រ្គាមផង ហើយប្រជាជនត្រូវបង្កបង្កើនផលចាប់ផ្តើមពីបាតដៃទទេ។ កាលមុនមានគោក្របី តែគោក្របីងាប់ក្នុងជំនាន់ប៉ុល ពត ឥឡូវគេចាប់ផ្តើមកកើត។ ប៉ុន្តែទោះបីជាមានយ៉ាងម៉េចក៏ដោយ ក៏ទូលបង្គំចង់ឱ្យមានដំណោះស្រាយបញ្ហាកម្ពុជាមួយ ដោយយើងធ្វើការចរចា ហើយបញ្ចប់ទុក្ខវេទនា ការព្រាត់ប្រាស និងប្រមូលគ្រប់កម្លាំងមនុស្ស កម្លាំងប្រាជ្ញា កម្លាំងទ្រព្យសម្បត្តិ ដើម្បីកសាងប្រទេសឡើងវិញ ហើយលើមូលដ្ឋាននៃដំណោះស្រាយនយោបាយនេះ ទើបយើងអាចឈានទៅដកកងទ័ពវៀតណាមបានឆាប់ទៀតផង។ ទូលបង្គំចង់ឱ្យមានការចរចាដើម្បីរកដំណោះស្រាយបញ្ហាកម្ពុជា គឺដោះស្រាយរវាងជនជាតិកម្ពុជាជាមួយគ្នា ក្នុងគោលបំណងដំណើរការសម្រុះសម្រួលជាតិ ហើយមានតែការចរចាមួយគត់ដែលអាចរកច្រកចេញបាន។ បញ្ចប់ការបង្ហូរឈាម និងឈានដល់ការបង្រួបបង្រួមជាតិបាន។ ជម្លោះនេះចាំបាច់ត្រូវដោះស្រាយតាមផ្លូវនយោបាយ ហើយដើម្បីរកឃើញដំណោះស្រាយនយោបាយមួយនោះគឺដំបូងបំផុតខ្មែរ និងខ្មែរត្រូវអង្គុយជាមួយគ្នាដើម្បីនិយាយគ្នា។ បំណងប្រាថ្នារបស់ទូលបង្គំយ៉ាងម៉េចខ្លះ នោះគឺគោរពផលប្រយោជន៍សមហេតុសមផលរបស់គ្នា។ ប៉ុន្តែដំបូងបំផុតត្រូវឃើញដល់ផលប្រយោជន៍ជាតិនិងប្រជាជន។ ការចរចា គឺមានឧបសគ្គច្រើនណាស់ យើងបានសម្របសម្រួលគ្នាពីរលើកមកហើយនៅចុងឆ្នាំ១៩៨៤ ហើយនិងខែមិថុនា និងកក្កដា (១៩៨៧)កន្លងទៅ ដែលថាមានការប្រុងប្រៀបជួបគ្នានៅព្យុងយ៉ាង ប៉ុន្តែត្រូវអាក់ខានទៅវិញ។ ឥឡូវនេះការជួបជាលើកទី៣នេះគឺមានការបំផ្លិចបំផ្លាញ និងការគាបសង្កត់ច្រើនណាស់ ដើម្បីកុំឱ្យមានការជួបគ្នារវាងសម្តេច និងទូល បង្គំ។ ក៏ប៉ុន្តែទីចុងបំផុត បំណងដោះស្រាយតាមផ្លូវចរចា គឺជោគជ័ដោយ យើងបានជួបគ្នាចរចានៅថ្ងៃនេះ។ ទូលបង្គំចង់ទូលថ្វាយសម្តេចថា អ្នកដែលរារាំងការចរចា សម្តេចអាចដឹងហើយ គេមានផលប្រយោជន៍ក្នុងការរក្សាទុកប្រជាជនកម្ពុជានៅក្នុងថ្លុកឈាម នៃសង្រ្គាមតទៅទៀត។ ឥឡូវនេះ គឺគេប្រើប្រាស់ពាក្យថា នឹងត្រូវធ្វើឱ្យវៀតណាមហូរអស់ឈាម។ ហូរអស់ឈាមតាមរបៀបប្រយុទ្ធដល់ប្រជាជនកម្ពុជាចុងក្រោយ។ អ៊ីចឹងពេលនេះគេកំពុងប្រើខ្មែរដើម្បីវាយវៀតណាម ហើយបញ្ហានេះទូលបង្គំសុំនិយាយឈ្មោះដោយត្រង់ទៅ គឺចិននិងអាម៉េរិក មានបំណងប្រហាក់ប្រហែលគ្នា។ ឥឡូវនេះគេកំពុងធ្វើឱ្យរាំងស្ទះការចរចា ព្រោះថាគេមានផលប្រយោជន៍ដើម្បីនឹងបន្តសង្រ្គាម ហើយមានផលប្រយោជន៍ក្នុងការគាបសង្កត់វៀតណាម។ ប៉ុន្តែអ្នករងគ្រោះពិតប្រាកដ គឺប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ហើយដែលគេប្រើឱ្យមានការទាស់គ្នា។ ចំពោះអាម៉េរិក របៀបសងសឹករបស់គេបន្ទាប់ពីចាញ់សង្រ្គាមនៅឥណ្ឌូចិន វាមានតែវិធីម្យ៉ាងទេ គឺប្រើប្រាស់ប្រជាជនខ្មែរដើម្បីប្រឆាំងវៀតណាម។ អ៊ីចឹងឥឡូវនេះខាងទូលបង្គំកំណត់ថា បញ្ហាកម្ពុជាត្រូវដោះស្រាយតាមផ្លូវនយោបាយ ហើយត្រូវដោះស្រាយតាមរយ:ប្រជាជនកម្ពុជាខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ ប្រការសំខាន់បំផុតសព្វថ្ងៃនេះ ប្រជាជនខ្លាចប៉ុល ពត ត្រឡប់ទៅវិញ។ រឿងនេះជារឿងសំខាន់ណាស់ ដែលត្រូវលើកយកមកពិនិត្យដើម្បីដោះស្រាយ។ អ៊ីចឹងគ្រាន់តែឮថា ទូលបង្គំជួបជាមួយនឹងសម្តេច គឺគេថា រឿងសម្តេចត្រឡប់ទៅវិញ គឺអត់ចោទទេ ប៉ុន្តែរឿងខ្លាចបំផុត គឺខ្លាច ប៉ុល ពត ទៅវិញទេ។

-ចាស អាហ្នឹងចាំខ្ញុំជម្រាបពីហ្នឹងដែរ (សម្តេចព្រះនរោត្តមសីហនុ) -នេះនយោបាយរួមរបស់ប្រជាជន គឺមិនខ្លាចនឹងអាចទទួលយកសម្តេច (សម្ដេច ហ៊ុន សែន បន្ត) ប៉ុន្តែបញ្ហាធំបំផុត គឺខ្លាច ប៉ុល ពត ទៅតាមសម្តេច ព្រោះសម្តេចជាប្រធានត្រីភាគី។ -អេ… ចាំខ្ញុំជម្រាប… (សម្តេចសីហនុ សើច )។

-សម្តេច ហ៊ុន សែន សើចដែររួចបន្តប្រយោគ៖ ការដោះស្រាយរបស់យើងនៅពេលនេះ គឺធ្វើយ៉ាងម៉េចរារាំងការវិលត្រឡប់ទៅវិញដែលអាចបង្កើតនូវរបបប៉ុល ពត។ បញ្ហានេះ ជាបញ្ហាដែលប្រជាជនកម្ពុជាទទួលយកមិនបានទេ។ ឥឡូវនេះ អាចនិយាយបានថាមានបញ្ហាគន្លឹះ២៖ ទី១ គឺការវិលត្រឡប់នៃរបប ប៉ុល ពត និង ទី២ គឺការដកកងទ័ពវៀតណាម។ បញ្ហាទាំងពីរនេះ ជាបញ្ហាដែលត្រូវដោះស្រាយ។ ខាងសម្តេចអំពាវនាវឱ្យមានការដកកងទ័ពវៀតណាម ឯខាងទូលបង្គំប្រការសំខាន់បំផុត គឺមិនឱ្យរបប ប៉ុល ពត ត្រឡប់ទៅវិញ។ ទូលបង្គំមិនចង់និយាយថា ជាបុគ្គល ជាមនុស្សនេះ មនុស្សនោះ នៅក្នុងក្រុមប៉ុល ពត ប៉ុន្តែមានរបបប៉ុល ពត កើតឡើងវិញនៅកម្ពុជា។ បញ្ហាដកកងទ័ពវៀតណាម ប្រសិនបើឈានដល់ការព្រមព្រៀង យើងរៀបចំកាលបរិច្ឆេទដកកងទ័ពវៀតណាមនៅក្នុងកិច្ចព្រមព្រៀងមួយ។ អ៊ីចឹងការដោះស្រាយរបស់យើង គឺធ្វើយ៉ាងណាត្រូវគិតទៅដល់ប្រយោជន៍រួមរបស់ប្រជាជន និងបំណងរបស់ប្រជាជន។ បើយើងដោះស្រាយបញ្ហានេះមិនបានស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន គឺប្រជាជនមុខតែថ្កោលទោសយើងមិនខានឡើយ។ ប្រជាជនមានការគិតគូរត្រូវ… ចំណុចពិសេសរបស់គេបច្ចុប្បន្ន គឺការភ័យខ្លាចចំពោះការវិលត្រឡប់របស់របបប៉ុល ពត។ គេថាបើសម្តេចត្រឡប់ទៅវិញប៉ុល ពត ទៅជាមួយ។ សម្តេច មិនអាចជួយគេបាន។ គេលើកឧទាហរណ៍កាលពី ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨ ឬ១៩៧៩ គឺសម្តេចអត់ជួយអីគេបាន។ ប៉ុល ពត សម្លាប់គេ ហើយឥឡូវខ្លាចបំផុត ព្រះសង្ឃ តាអាចារ្យ យាយជី ចាស់ហើយមិនដឹងរត់ទៅណា។ នេះជាការគិតរបស់ប្រជាជនទេ។

-ដូច្នេះ ខ្ញុំគ្មានតម្លៃទេ (សម្តេចសីហនុ មានបន្ទូល)។ ពីរឿងខ្ញុំទៅ ខ្ញុំអត់ត្រូវការបុណ្យស័ក្តិ អត់ត្រូវការធ្វើប្រធានាធិបតី អត់ត្រូវការអីទាំងអស់។ ខ្ញុំចង់ឱ្យប្រជាជនជនរួមជាតិខ្ញុំ ដែលខ្ញុំហៅថា កូនចៅ ដែលគ្នាហៅខ្ញុំថាសម្តេចឪ ឱ្យគ្នាបានសុខតែប៉ុណ្ណឹងទេ។ ខ្ញុំធ្វើការជាមួយលោកសម្រាប់តែប៉ុណ្ណឹងទេ។

-អ៊ីចឹងបញ្ហាគន្លឹះទាំងពីរ ទូលបង្គំយល់ថាយើងអាចរួមគ្នាដោះស្រាយបាន។ -សម្តេចសីហនុ (ចាស)

-ឯបញ្ហាកងទ័ពវៀតណាម (សម្តេច ហ៊ុន សែន បន្ដ) ទូលបង្គំបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងដក ហើយប្រសិនបើមានចូលទៅដល់កិច្ចព្រមព្រៀងមួយ យើងអាចលើកជាការបរិច្ឆេទជាក់លាក់ នៃការដកកងទ័ពវៀតណាម ឱ្យតែយើងព្រមព្រៀងគ្នា។ ការដកកងទ័ពវៀតណាម គឺអត់ជាបញ្ហាចោទទេ ហើយវៀតណាមចង់តែដកឱ្យបានឆាប់។ ខាងទូលបង្គំចង់ឱ្យមានការដកកងទ័ពវៀតណាមឱ្យបានឆាប់ ប៉ុន្តែបញ្ហាធំមួយដែលត្រូវគិត គឺបញ្ហានៃការវិលត្រឡប់ទៅវិញរបស់របបប៉ុល ពត ព្រោះបើរបបនេះត្រឡប់ទៅវិញ គឺកម្ពុជាប្រហែលនឹងវិនាសសាបសូន្យ ហើយប្រហែលជាម្តងនេះ នឹងគ្មានអ្នកណាដែលអាចអំពាវនាវឱ្យអ្នកណាជួយបានទេ។ បើវៀតណាមចូលមកជួយជាលើកទី៣ ក៏ចូលមិនបានដែរ ព្រោះលើកទី១ឆ្នាំ១៩៧០។ លើកទី២ឆ្នាំ១៩៧៩។ បើវៀតណាមដកទៅហើយ គឺ ប៉ុល ពត កាប់សម្លាប់ទាំងវៀតណាម ហើយបើសុំវៀតណាមជាលើកទី៣ ក៏វៀតណាមពិបាកនឹងចូលមកជួយដែរ។ បញ្ហាមួយទៀត បញ្ហាជាសំខាន់ គឺបញ្ហាផ្ទៃក្នុងកម្ពុជា ត្រូវតែប្រជាជនកម្ពុជាដោះស្រាយដោយខ្លួនឯង គ្មានការបង្ខិតបង្ខំ ឬជ្រៀតជ្រែកពីខាងក្រៅ។ បញ្ហានេះគឺអាចដឹងបានថា គ្មានអ្នកណាយល់ពីប្រជាជនកម្ពុជា ជាងប្រជាជនកម្ពុជាខ្លួនឯងទេ។ ដូច្នេះគេអាចដោះស្រាយបាននូវអ្វីៗ ដែលគេចង់បាន ហើយមានតែប្រជាជនកម្ពុជាប៉ុណ្ណោះដែលដឹងច្បាស់ថា តើត្រូវធ្វើអ្វី ត្រូវធ្វើយ៉ាងណាដើម្បីឱ្យកម្ពុជាឯករាជ្យ មានការបង្រួបបង្រួមជាតិ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន។ ដូច្នេះបណ្តាបក្សពួកខ្មែរ ចាំបាច់ត្រូវអង្គុយនិយាយជាមួយគ្នា ដើម្បីសម្រេចដល់ការព្រមព្រៀងមួយ ដែលភាគីទាំងអស់អាចទទួលបាន។ បើខ្មែរមិនអង្គុយជាមួយគ្នា ឱ្យសន្និសីទអន្តរជាតិធ្វើអីអត់ក៏បានដែរ។

-ទេ ខ្ញុំថាអ៊ីចឹងដែរ ក្រែងឯកឧត្តមជ្រាបដែរ ខ្ញុំមានថាអ៊ីចឹងដែរ មានសរសេរ មានប្រកាសថាអ៊ីចឹងដែរ (សម្តេចព្រះនរោត្តមសីហនុ បន្ថែម)។ -ទូលបង្គំយល់ស្រប (សម្តេចហ៊ុន សែន) -យើងយល់ស្របគ្នា ចាស (សម្តេចសីហនុ បន្ទរ) -សម្តេច ហ៊ុន សែន៖ ព្រោះថាបើខ្មែរមិនត្រូវគ្នាផង ចង់មានសន្និសីទប៉ុន្មានប្រទេសចូលរួមដាក់ស្អីទៅក៏ធ្វើមិនកើតដែរ។ បញ្ហាសន្និសីទអន្តរជាតិ យើងចាំបាច់ត្រូវឱ្យមានសន្និសីទអន្តរ-ជាតិ។ -ទេ អ៊ីចឹងហើយ (សម្តេច សីហនុ បន្ថែម) -ប៉ុន្តែជាសន្និសីទ ដែលធានា (សម្តេច ហ៊ុន សែន បញ្ជាក់) -សម្តេចសីហនុ៖ ចាស ធានា -បន្ទាប់ពីការដែលភាគីខ្មែរបានព្រមព្រៀងគ្នា (សម្តេច ហ៊ុន សែន ) -ចាស ត្រង់ហ្នឹងត្រូវ ខ្ញុំក៏មានគំនិតអ៊ីចឹងដែរ (សម្តេច សីហនុ) -ហើយបញ្ហាមួយទៀតដែលលំបាក គឺបញ្ហាដែលភាគី២ទៀត មិនព្រមចូលរួមចរចា (សម្តេច ហ៊ុន សែន)។ -សម្តេចសីហនុ៖ ចាស ចាំខ្ញុំជម្រាបដែរ។ -សម្តេចហ៊ុន សែន បន្ត៖ ទូលបង្គំចង់ដឹងព្រះតម្រិះ(គំនិត)របស់សម្តេច។ -សម្តេចសីហនុ៖ ចាស សុំឯកឧត្តម មានប្រសាសន៍ទៀតសិនចាស ហើយចាំខ្ញុំជម្រាប។

-សម្តេច ហ៊ុន សែន លើកឡើងបន្តថា៖ ទូលបង្គំចង់លើកឡើងប៉ុណ្ណឹងសិន បន្ទាប់មក សម្តេចនឹងមានបន្ទូល ហើយចុងក្រោយយើងនឹងពិភាក្សាគ្នា។ ទូលបង្គំក៏បានលើកឡើង នូវគម្រោងរូបមន្តខ្លះនៃដំណោះស្រាយនេះ ហើយដែលអម្បាញ់មិញហាក់ចូលទៅដល់ចំណុចរួមគ្នាមួយនៅត្រង់ ដែលថាមើលឃើញបញ្ហាខ្មែរត្រូវដោះស្រាយតាមផ្លូវនយោបាយ ហើយដោះស្រាយរវាងប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ក្រោយពេលដែលភាគីទាំងអស់របស់កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងហើយ សន្និសីទអន្តរជាតិមួយនឹងត្រូវធ្វើការប្រជុំ។ គឺតាមរបៀបហ្សឺណែវ កាលពីឆ្នាំ១៩៥៤ ឬក៏ហ្សឺណែវឆ្នាំ១៩៦១ ដើម្បីធានានូវអ្វីដែលភាគីខ្មែរបានព្រមព្រៀងជាមួយគ្នា ហើយធានាឯករាជ្យរបស់កម្ពុជា អព្យាក្រឹតរបស់កម្ពុជា ក៏ដូចជាធានាសន្តិភាព ស្ថិរភាព នៅអាស៊ីអាគ្នេយ៍ដែរ ព្រោះបញ្ហានេះមានការពាក់ព័ន្ធគ្នា។ បើសិនជាសន្តិភាព ស្ថិរភាពអាស៊ីអាគ្នេយ៍មិនត្រូវធានាទេ យើងក៏អត់បានធានាដែរ ហើយប្រសិនបើប្រទេសជិតខាងមិនគោរពយើងទេ ក៏យើងមិនបានសុខ ព្រោះបញ្ហានេះសម្តេចឃើញហើយថា ប្រទេសដែលគេធានា ហ្សឺណែវឆ្នាំ១៩៥៤ មានការធានាសម្រាប់តែកម្ពុជាទេ ប៉ុន្តែទីចុងបំផុត គឺប្រទេសជិតខាងជ្រៀតជ្រែក ឈ្លានពានគ្រប់បែបយ៉ាងទាំងអស់។ ដូច្នេះទន្ទឹមនឹងយើង គោរពគេ ទាល់តែគេគោរពយើងដែរ។ ចំពោះប្រការទី៥ គឺទូលបង្គំយល់ថា គួរតែកំណត់នៅក្នុងការព្រមព្រៀងគ្នានេះដែរ។ភាគីទាំងពីរព្រមព្រៀងគ្នាថា នឹងជួបគ្នាឡើងវិញនៅពេលណា ហើយកន្លែងណា។ទូលបង្គំយល់ស្របថា ជួបគ្នាលើកទី២ គឺទៅជួបនៅព្យុងយ៉ាង ក៏ជាការល្អហើយ។

-ព្យុងយ៉ាងក៏បាន ឯនេះក៏បាន ស្រុកបារាំងក៏បាន តាមតែឯកឧត្តមត្រូវការ។តាមតែ ឯកឧត្តមរើសចុះ។ បារាំងក៏បាន ព្យុងយ៉ាងក៏បាន តែខ្ញុំសុំទាំងពីរឯណោះចាស។ -ទាក់ទិននឹងរបៀបនៃការដោះស្រាយ ទូលបង្គំទូលថ្វាយអំពីទស្សន:ខាងទូលបង្គំ។ ទោះបី បញ្ហានេះ ជាបញ្ហាកម្ពុជាដែលត្រូវដោះស្រាយជាមួយគ្នា ក៏ប៉ុន្តែយើងក៏ត្រូវគិតដល់បញ្ហាប្រទេសដទៃដែរ ហើយទូលបង្គំយល់ស្របជាមួយសម្តេចថា រឿងកម្ពុជាកាលណារួបរួមគ្នាហើយ គឺយើងកុំប្រកាន់រឿងសត្រូវពីមុន។ សត្រូវចាស់ សត្រូវថ្មី។ -ហ្នឹងហើយ ប្រកាន់ចេញមិនរួចទេឯកឧត្តម (សម្តេច សីហនុ )។ -ឥឡូវមិត្តភាពជាមួយប្រទេសទាំងអស់ ដោយមិនរើសអើងនយោបាយ(សម្តេច ហ៊ុន សែន)

-ទៅហ្នឹងហើយ អ៊ីចឹងហើយ (សម្តេច សីហនុ ) -និយាយចំណុចហ្នឹង គឺថាអាចដោះស្រាយបាន។ ទូលបង្គំសុំទូលថ្វាយថា បើនិយាយពីអ្នកឈឺចាប់ជាមួយអាម៉េរិកាំង ទូលបង្គំរបួស៥ដង ហើយពិការភ្នែកម្ខាង (សម្តេច ហ៊ុន សែន)។ ប៉ុន្តែ ទូលបង្គំឥឡូវេនេះ កំពុងស្វែងរកសាកសពអាម៉េរិកាំង ដើម្បីប្រគល់ឱ្យជនជាតិអាម៉េរិកាំង។ ឯចំពោះចិន លើកលែងតែគេវាយទូលបង្គំ ទូលបង្គំត្រូវប្រឆាំង តែបើគេឈប់ហើយ គឺយើងមិត្តភាព។ ចំពោះថៃក្តី ទោះជាយ៉ាងណាក៏ដោយរឿងនេះ គឺទូលបង្គំមិនវែកញែកអីច្រើនទេ ប៉ុន្តែរឿងគ្រោះថ្នាក់នៃដែនដី មិនមែនគ្រោះថ្នាក់មកពីវៀតណាមទេ តែជាគ្រោះថ្នាក់មកពីថៃ។ ទូលបង្គំនៅចាំថា វៀតណាមប្រកាសទទួលនូវខ្សែបន្ទាត់ព្រំដែន កាលពីសម្តេចប្រជុំនៅសន្និសីទឥណ្ឌូចិន ហើយឥឡូវគេបន្តទទួលស្គាល់ ហើយទូលបង្គំបានលោក ឌឹត មន្ទីរ នេះធ្វើជាប្រធានគណ:កម្មការចរចាខាងព្រំដែនជាមួយនឹងវៀតណាម ប្រើប្រាស់ខ្សែព្រំដែនដែលមានពីមុនមក។ ចំពោះបញ្ហាកោះវ៉ៃ ដែលពីមុនកងទ័ពរបស់ព្រៃនគរបានទៅកាន់កាប់យកនោះ ហើយដែលកងទ័ព លន់ នល់ មិនមានលទ្ធភាពធ្វើស្អីផងនោះ ឥឡូវក្រោយកិច្ចចរចា គឺមានកិច្ចព្រមព្រៀងមួយកោះវ៉ៃ ជាកោះកម្ពុជា ហើយដែលខាងទូលបង្គំកំពុងតែទាក់ទងឱ្យក្រុមហ៊ុនបរទេសចូលទៅស្រាវជ្រាវ ដើម្បីខួងយកប្រេងនៅកន្លែងនោះ។ ចំពោះបញ្ហាខាងលិច គឺទូលបង្គំគ្មានបំណងអ្វី ដើម្បីទាមទារនូវដីដែលថៃយកទៅនោះទេ។ ប៉ុន្តែសុំឱ្យគេគោរពនូវព្រំដែនបច្ចុប្បន្នរបស់ខ្លួន ពិសេសតាមកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧។ ដូចនេះគឺត្រូវតែគោរព។ គេមិនត្រូវឆ្លៀតឱកាសដើម្បីដណ្តើមយក ដូចជាគេឆ្លៀតឱកាសឃុបឃិតជាមួយជប៉ុន ដើម្បីដណ្តើមយកខេត្តបាត់ដំបង និងស្រុកមួយចំនួនទៀតរបស់ខេត្តសៀមរាប កំពង់ធំ និងស្ទឹងត្រែង។

-សម្តេច សីហនុ៖ ឯកឧត្តមជ្រាបស្រាប់ ខ្ញុំតវ៉ាទាល់តែយកមកវិញបាន។ -សម្តេច ហ៊ុន សែន៖ ព្រះវិហារ -សម្តេច សីហនុ៖ ព្រះវិហារ ថៃឡង់ដ៍ ខឹងនឹងខ្ញុំ តែរឿងព្រះវិហារនោះ ចាស។ -សម្តេច ហ៊ុន សែន៖ អ៊ីចឹងគឺថា ការគ្រោះថ្នាក់អំពីដែនដី គឺមិនមែនមកពីខាងកើតទេ តែមកពីខាងលិច តែទោះយ៉ាងណាក៏ដោយ ទូលបង្គំប្រឹងថាធ្វើម៉េចឱ្យមានមិត្តភាព មិនត្រឹមតែថាប្រទេសវៀតណាមជាប្រទេសធំទេ។ ប្រទេសវៀតណាម តែ៥ម៉ឺននាក់ ក៏ត្រូវមានមិត្តភាពជាមួយវៀតណាមដែរ។

-សម្តេច សីហនុ៖ អ៊ីចឹងហើយចាស ជាមួយលាវ ប្រទេសលាវគ្នាគេតិចជាងយើង ក៏យើងត្រូវតែមិត្តភាពដែរចាស។ គោរពគ្នាទៅវិញទៅមក។

-សម្តេច ហ៊ុន សែន៖ អ៊ីចឹងនិយាយដោយខ្លីថា យើងអព្យាក្រឹត ដោយមានមិត្តភាពជាមួយប្រទេសទាំងអស់ មិនរើសអើងរបបនយោបាយសង្គម នេះជាចំណុចសំខាន់។ ទន្ទឹមនឹងកម្ពុជា និងកម្ពុជាដោះស្រាយជាមួយគ្នាហើយ គឺបណ្តាប្រទេសទាំងអស់ ក៏ត្រូវស្រុះស្រួលលើបញ្ហាហ្នឹងដែរ។ អ៊ីចឹងបាននាំទៅដល់សន្និសីទអន្តរជាតិមួយ ដើម្បីធានាឱ្យកម្ពុជាស្ថិតក្នុងឯក-រាជ្យ ហើយប្រទេសក្រៅ ក៏ត្រូវគោរពកម្ពុជា។ នៅក្នុងបញ្ហាដោះស្រាយបញ្ហាកម្ពុជានេះ យើងមិនទាត់ចោលភាគីណាមួយទេ។ យើងត្រូវប្រមូលខ្មែរទាំងអស់ ដើម្បីរួមគ្នាដោះស្រាយ ហើយជាទិសដៅយូរអង្វែង វាត្រូវតែដោះស្រាយយ៉ាងដូចនេះ។ ដោយ៖ គង់ សិរីរ័ត្ន

អត្ថបទទាក់ទង