Grand News Asia Close

អ៉ីរ៉ង់បង្ហាញរូបរាងមីស៉ីលល្បឿនលឿនជាងសំឡេងដំបូងបំផុតរបស់ខ្លួន 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 330
អ៉ីរ៉ង់បង្ហាញរូបរាងមីស៉ីលល្បឿនលឿនជាងសំឡេងដំបូងបំផុតរបស់ខ្លួន  អ៉ីរ៉ង់បង្ហាញរូបរាងមីស៉ីលល្បឿនលឿនជាងសំឡេងដំបូងបំផុតរបស់ខ្លួន 

(តេហេរ៉ង់)៖ នាថ្ងៃអង្គារនេះ អ៉ីរ៉ង់បានបង្ហាញ មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេង ដំបូងបំផុតរបស់ខ្លួន ខណៈសេចក្តីប្រកាសនេះ ទំនងជានឹងធ្វើឱ្យក្រុមលោកខាងលិច កាន់តែមានក្តីបារម្ភខ្លាំងថែមទៀត អំពីសមត្ថភាពមីស៉ីលរបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានចេញផ្សាយរូបភាពនៃមីស៉ីលហៃភើសូនិច (hypersonic) ខាងលើ ឈ្មោះថា ហ្វាតតា (Fattah) ដែលត្រូវបានដាក់ឱ្យបង្ហាញខ្លួន នៅក្នុងពិធីមួយ មានការចូលរួមដោយប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) និងក្រុមមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

មីស៉ីលហៃភើសូនិច អាចហោះក្នុងលឿនមួយដែលលឿនជាងល្បឿនសំឡេងយ៉ាងហោច ៥ដង ហើយធ្វើដំណើរក្នុងគន្លងផ្លូវស្មុគស្មាញ ដើម្បីឱ្យប្រព័ន្ធការពារដែនអាកាស ពិបាកក្នុងការបាញ់ស្ទាក់ពួកវា។ កាលពីឆ្នាំមុន អ៉ីរ៉ង់បានអះអាងថា ខ្លួនផលិតបានមីស៉ីលបាលិស្ទីគ​ល្បឿនលឿនជាងសំឡេងមួយ ដែលអាចធ្វើដំណើរទាំងនៅក្នុង និងនៅក្រៅស្រទាប់បរិយាកាសផែនដីបាន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​អ៉ីរ៉ង់ ល្បឿនអតិបរមារបស់មីស៉ីល Fattah គឺអាចដល់កម្រិតម៉ាក១៤ (១៥,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងល្បឿនសំឡេង ១៤ដង)។

គួរបញ្ជាក់ថា ទោះបីមានការជំទាស់ពីសហរដ្ឋអាមេរិកនិងអឺរ៉ុបយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ធ្លាប់បានប្តេជ្ញាថានឹងបន្តអភិវឌ្ឍកម្មវិធី​មីស៉ីលរបស់ខ្លួនដើម្បីការពារប្រទេស។ យ៉ាងណាក្តី ក្រុមអ្នកវិភាគផ្នែកយោធារបស់លោកខាងលិច យល់ឃើញថា អ៉ីរ៉ង់ពេលខ្លះហាក់​​អះអាងពន្លើសអំពីសមត្ថភាពមីស៉ីលរបស់ខ្លួន។ ក្តីកង្វល់ជុំវិញមីស៉ីលបាលិស្ទីគរបស់អ៉ីរ៉ង់បានកើនឡើង ក្រោយការសម្រេចចិត្តកាលពីឆ្នាំ២០១៨ របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់​អ៉ីរ៉ង់ ជាមួយមហាអំណាចចំនួន៦។ កិច្ចពិភាក្សាគ្នាមិនដោយផ្ទាល់រវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះឡើយវិញ គឺបានបន្តជាប់គាំងចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០២២មក៕ Fresh News

អត្ថបទទាក់ទង