Grand News Asia Close

បេសកជនពិសេសចិនជឿថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែមិនទាន់បិទទ្វារជិតទាំងស្រុងនៅឡើយទេ ចំពោះលទ្ធភាពចរចាគ្នា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 321
បេសកជនពិសេសចិនជឿថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែមិនទាន់បិទទ្វារជិតទាំងស្រុងនៅឡើយទេ ចំពោះលទ្ធភាពចរចាគ្នា បេសកជនពិសេសចិនជឿថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែមិនទាន់បិទទ្វារជិតទាំងស្រុងនៅឡើយទេ ចំពោះលទ្ធភាពចរចាគ្នា

(ប៉េកាំង)៖ បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី លោក លី ហ៊ុយ (Li Hui) បាននិយាយនៅថ្ងៃសុក្រនេះថា បើតាមការ​យល់ឃើញរបស់លោក គឺទាំងអ៊ុយក្រែននិងរុស្ស៉ីហាក់សុទ្ធតែមិនទាន់បានបិទទ្វារជិតទាំងស្រុងនៅឡើយទេ ចំពោះលទ្ធភាពនៃការចរចាគ្នា បើទោះបីជាបច្ចុប្បន្នមានការលំបាក ក្នុងការជំរុញឱ្យកិច្ចចរចាចាប់ផ្តើមនាពេលនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ស្តីពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អឺរ៉ុប កាលពីខែឧសភា លោក លី បានលើកឡើងថា ខាងភាគីរុស្ស៉ីបានបង្ហាញការពេញចិត្ត ចំពោះក្តីបំណងនិងកិច្ចប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ការស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់វិបត្តិនៅអ៊ុយក្រែន។ កាលពីខែមុន លោក លី បានបំពេញទស្សនកិច្ចរយៈពេលសរុបចំនួន១២ថ្ងៃ ទៅកាន់ទីក្រុងកៀវ វ៉ាសូវី ប៉ារីស បែរឡាំង ព្រុចសែល និងមូស្គូ ក្នុងកិច្ចប្រឹងប្រែងព្យាយាមស្វែងរកចំណុចរួមមួយ ដើម្បីឆ្ពោះទៅសម្រេចបានដំណោះស្រាយតាម​ច្រកនយោបាយ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

លោកបេសកជនពិសេសចិន បាននិយាយយ៉ាងដូច្នេះថា «ហានិភ័យនៃការកើនឡើងកាន់តែខ្លាំងនូវសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន កំពុង​បន្តស្ថិតនៅកម្រិតខ្ពស់នៅឡើយ។ ភាគីទាំងសងខាងចាំបាច់ត្រូវតែចាត់វិធានការរឹងមាំជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ដរាបណា វាអាចជួយបម្រើដល់គោលដៅបន្ធូរបន្ថយស្ថានការណ៍នៃសង្រ្គាម គឺចិនស្ម័គ្រចិត្តនឹងធ្វើគ្រប់បែបយ៉ាងទាំងអស់»។

គួរបញ្ជាក់ថា លោក លី ដែលធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៉ី ចាប់ពីឆ្នាំ២០០៩ ដល់២០១៩ គឺជាមន្រ្តីជាន់ខ្ពស់​បំផុតរបស់ចិន ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ យ៉ាងណាក្តី ដំណើរទស្សនកិច្ចរបស់លោក ហាក់មិនសម្រេចបានភាពរីកចម្រើនផ្នែកការទូតធំដុំណាមួយឡើយ សម្រាប់វិបត្តិអ៊ុយក្រែន។

កន្លងមកនេះ វិមានក្រឹមឡាំងបានអះអាងថា រុស្ស៉ីបើកទ្វារចំហសម្រាប់លទ្ធភាពចរចាគ្នាបញ្ចប់ជម្លោះ ខណៈអ៊ុយក្រែនវិញបាននិយាយថា កងទ័ពរុស្ស៉ីត្រូវតែចាកចេញឱ្យផុតពីទឹកដីខ្លួនជាមុនសិន រួមបញ្ចូលទាំងតំបន់ទាំង៤ ដែលរុស្ស៉ីកាត់យកកាលពីឆ្នាំមុន និងឧបទ្វីបគ្រីមៀ ដែលទីក្រុងមូស្គូក្រសោបយកកាលពីឆ្នាំ២០១៤ ទើបផែនការចរចារកសន្តិភាព មានលទ្ធភាពអាចពិភាក្សាទៅបាន៕ ដោយ៖ fresh news

អត្ថបទទាក់ទង