Grand News Asia Close

តើអ៊ុយក្រែនបានលទ្ធផលអ្វីខ្លះហើយ ក្នុងយុទ្ធនាការវាយបករបស់ខ្លួននាប៉ុន្មានថ្ងៃកន្លងមកនេះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ ព័ត៌មានអន្តរជាតិ 405
តើអ៊ុយក្រែនបានលទ្ធផលអ្វីខ្លះហើយ ក្នុងយុទ្ធនាការវាយបករបស់ខ្លួននាប៉ុន្មានថ្ងៃកន្លងមកនេះ? តើអ៊ុយក្រែនបានលទ្ធផលអ្វីខ្លះហើយ ក្នុងយុទ្ធនាការវាយបករបស់ខ្លួននាប៉ុន្មានថ្ងៃកន្លងមកនេះ?

(FN-កៀវ)៖ យុទ្ធនាការវាយបក Counter-Offensive របស់អ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានដណ្តើម យកទឹកដីបានតិចតួចខ្លះបានមកវិញ ប៉ុន្តែក៏បានរងនឹងការខូចខាតអស់ជាច្រើនផងដែរ។ រុស្ស៊ីបានរៀបចំដាក់របាំងឧបសគ្គក្នុងការពង្រឹងទីតាំងយោធារបស់ខ្លួនរយៈពេលជាច្រើនខែ ដើម្បីការទប់ទល់នឹងយុទ្ធនាការវាយបក Counter-Offensive នេះ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ពីអ៊ុយក្រែនបាននិយាយថា គេបានរំដោះភូមិចំនួន៣ ខណៈរថពាសដែល ផលិតដោយប្រទេសអាល្លឺម៉ង់និងពីសហរដ្ឋអាមេរិក ត្រូវបានអាវុធរុស្ស៊ីកម្ទេចនិងបំផ្លាញអស់ ជាច្រើនគ្រឿង។

ទឹកដីតិចតួចត្រូវទាហានអ៊ុយក្រែនអះអាងការវាយដណ្តើមពីរុស្ស៊ីមកវិញក្នុងយុទ្ធនាការវាយបក Counter-Offensive ដែលបានចាប់ផ្តើមធ្វើក្នុងខែមិថុនាឆ្នាំ២០២៣។ រុស្ស៊ីត្រូវគេរាយ ការណ៍ថា បានគ្រប់គ្រងទឹកដីភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែនប្រមាណ២០ភាគរយ ហើយការវាយបកដណ្តើមយកទឹកដី២០ភាគរយវិញពីរុស្ស៊ីនោះ ត្រូវបានក្រសួងការពារ ជាតិអ៊ុយក្រែនបញ្ជាក់ថា ទើបបានភូមិចំនួន៣ ខណៈអ៊ុយក្រែនក៏បានបាត់បង់សម្ភារៈយោធា ដែលជាជំនួយពីក្រុមប្រទេសលោកខាងលិចអស់ខ្លះផងដែរ។

មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងថា អ៊ុយក្រែននៅមិនទាន់បានសម្រេចការគ្រប់គ្រង តំបន់ណាបានមួយចំអាមឡើយ។

លោក វ្លាឌីមៀរ ពូទីន បានថ្លែងបញ្ជាក់ថា ការវាយបក Counter-Offensive របស់អ៊ុយក្រែន បានចាប់ផ្តើម ហើយជាមួយនឹងការប្រើប្រាស់ក្រុមទាហានបំរុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ លោកពូទីន បានថ្លែងបន្តថា កងកម្លាំងរបស់អ៊ុយក្រនមិនបានសម្រេចនូវអ្វីដែលគេចង់បាននោះឡើយ សូម្បីតែការចង់បានទឹកដីមួយដុំនៅកន្លែងណាក៏ដោយដែលពួកគេបានប្រយុទ្ធនោះ។

រុស្ស៊ីកាលពីថ្ងៃអាទិត្យទី១១មិថុនាបានថតបង្ហាញតាមរយៈដ្រូនលើអាកាសនូវទិដ្ឋភាពលើ សមរភូមិ ដែលមានការបាញ់ឆេះ រថក្រោះរបស់អ៊ុយក្រែនមួយចំនួនក្នុងនោះរួមមាន រថក្រោះ Leopard2 ផលិតដោយប្រទេសអាល្លឺម៉ង់ និងរថក្រោះBradley ផលិតដោយសហរដ្ឋអាមេរិក ផងដែរ។ រុស្ស៊ីបានអះអាងកាលពីថ្ងៃទី១១មិថុនាថា គេបានបាញ់ឆេះរថក្រោះ Leopard2 ចំនួន ៧គ្រឿងនិងរថក្រោះ Bradley ចំនួន៥គ្រឿងក្នុងរយៈពេល៤៨ម៉ោង ដែលមានការបណ្តេញ ទាហានអ៊ុយក្រែនដែលបើកការវាយប្រហារចូលមកក្នុងទឹកដីរុស្ស៊ីកាន់កាប់នាភាគខាងកើតប្រទេស។

សេចក្តីរាយការណ៍បានបង្ហាញថារថក្រោះ Leopard2 ដែលក្រុមបស្ចឹមប្រទេសបាន អះអាងមុននេះថា ជារថក្រោះមានឥទ្ធិពលខ្លាំងក្លានោះត្រូវរុស្ស៊ីនិយាយថា ត្រូវបានបាញ់ឆេះ ដោយប្រើប្រាស់ដ្រូនអត្តឃាតរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េបានរាយការណ៍ ដកស្រង់សម្តីរបស់ទាហានអ៊ុយក្រែនមួយក្រុមដែលនិយាយថា ពួកគេពិតជាបានបាត់បង់រថ ក្រោះប្រយុទ្ធ Bradleyជាច្រើនគ្រឿងមែន ក្នុងការវាយប្រហារមួយនៅភាគអាគ្នេយ៍នៃខេត្ត Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។ សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងចំណោម ឧបករណ៍យោធាដែលខូចខាតនោះក៏រួមមានរថក្រោះ Bradley ចំនួន៦គ្រឿងក្នុងចំណោម៩ គ្រឿង បានរងការខូចខាតយ៉ាងដំណំ។

ការវាយបក Counter-Offensive របស់អ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីពីរុស្ស៊ីប្រមាណ២០ ភាគរយមកវិញ ត្រូវគេរាយការណ៍បានចាប់ផ្តើមតាំងពីថ្ងៃទី៤មិថុនា ខណៈទូរទស្សន៍ ABC អាមេរិកបានអះអាងថាបានធ្វើតាំងពីថ្ងៃទី៨មិថុនា រីឯក្រុមសម្ងាត់យោធាអង់គ្លេសថ្លែងថា បាន ធ្វើប្រមាណ២ទី៣សប្តាហ៍រួចមកហើយ។ អ៊ុយក្រែនកាលពីថ្ងៃទី៤មិថុនា បានចេញនូវ Spot វី ដេអូរបស់ខ្លួនដោយបង្ហាញនូវកាយវិការបស់ទាហានកាន់អាវុធរបស់ខ្លួនដែលបញ្ជាក់ថា គម្រោងការណ៍វាយលុក គឺនឹងត្រូវរក្សាការស​ម្ងាត់ Plans Love Silence ខណៈការវាយលុក ច្រើនមុខព្រួញបានចាប់ផ្តើមធ្វើ ដោយកន្លែងខ្លះបានសម្រេចក្នុងការយកទឹកដីវិញតិចតួច គ្រា ដែលកន្លែងខ្លះត្រូវបានរុស្ស៊ីវាយរុញច្រានបណ្តេញចេញមកវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី​ ក្នុងសន្និសីទកាសែតមួយជាមួយនាយករដ្ឋមន្ត្រី កាណាដាដែលធ្វើទស្សនកិច្ចក្នុងរដ្ឋធានីគៀវ ទើបតែបានបញ្ជាក់កាលពីថ្ងៃសៅរ៍ទី១០មិថុនា ឆ្នាំ ២០២៣ ប្រាប់អ្នកសារព័ត៌មានថា ការវាយបក Counter-Offensive បានចាប់ផ្តើមហើយ។

លោក ហ្សេឡិនស្គី បានថ្លែងថា វាជាការសំខាន់ដែលបញ្ជាក់ថារុស្ស៊ីនឹងមិនមានពេលវេលាសល់ ច្រើនរបស់ខ្លួនទៀតនោះទេ។ លោកហ្សេឡិនស្គី បានបញ្ជាក់ថា យុទ្ធនាការវាយបក Counter-Offensive បានកើតឡើងហើយនៅក្នុងទឹកដីអ៊ុយក្រែន។ លោកបញ្ជាក់ថា គេនឹងមិនបញ្ជាក់លំអិតថាក្នុងដំណើរការធ្វើយុទ្ធនាការនេះឡើយ។

ការបញ្ជាក់យុទ្ធនាការវាយលុករដូវប្រាំងបានចាប់ផ្តើមនេះ ត្រូវគេឃើញថាមានការផ្សាយព័ត៌ មានផ្សេងៗពីតាមបណ្តាញសង្គមដែលខ្លះបានដកស្រង់សម្តីពីមន្ត្រីរុស្ស៊ី និងខ្លះពីសម្តីមន្ត្រី របស់អ៊ុយក្រែនដែលសុទ្ធតែអះអាងផ្សេងៗគ្នានូវភាពប្រៀបឈ្នះរៀងៗខ្លួននៅលើសមរភូមិ វាយប្រហារ។ លោក ហ្សេឡិនស្គី បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថា គេក៏អាចដឹងអំពីយុទ្ធនាការវាយប្រហារលើសមរភូមិ និងលោកថាលោកមិនជឿលើ ការសរសេរនៅតាមប្រព័ន្ធបណ្តាញសង្គមតេឡេក្រាមឡើយ ជាពិសេសពីលោកពូទីន។

យុទ្ធនាការវាយបករបស់អ៊ុយក្រែនត្រូវគេឃើញ បានធ្វើក្រុងបាក់មុត, ក្រុង Veleyka Novosilka ក្រុង Orikhiv ក្នុងខេត្តហ្សាប៉ូរីហ្សៀរ។ សេចក្តីរាយការណ៍ខ្លះបានបង្ហាញការដណ្តើមបានទឹក ដីតិចតួចណាស់ក្នុងយុទ្ធនាការដែលទើបចាប់ផ្តើមបានប៉ុន្មានថ្ងៃមកនេះ។

អ៊ុយក្រែនបាននិយាយថា គេបានរំដោះភូមិចំនួនបីនៅភាគអាគ្នេយ៍អ៊ុយក្រែនក្នុងយុទ្ធនាការ វាយបក Counter-Offensive នេះ។ សេចក្តីរាយការណ៍តាមបណ្តាញសង្គម បានបង្ហាញនូវ ភាពរីករាយរបស់កងទ័ពនៅក្នុងកន្លែងជាច្រើនក្នុងភូមិប្លាហូដាតនី Blahodatne និង ភូមិ ណេស្គូស៊្ហ្នីNeskuchne ក្នុងតំបន់ខេត្តDonetsk ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានថ្លែងថា ភូមិមួយទៀតឈ្មោះ Makarivka ក៏ត្រូវបានអ៊ុយក្រែន ចូលកាន់កាប់វិញផងដែរ។ ការអះអាងចូលកាន់កាប់ភូមិទាំង៣នេះ គឺជាលើកដំបូងហើយ ក្រោយការបញ្ជាក់ជុំវិញការធ្វើយុទ្ធនាការវាយបក Counter-Offensive របស់អ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីនៅមិនទាន់បានបញ្ជាក់ជុំវិញ ការបាត់បង់ភូមិណាក្នុងតំបន់របស់ខ្លួនបានកាន់កាប់ឡើយ។
នៅក្នុងវីដេអូមួយដែលចែករំលែកដោយបណ្តាញសង្គមគាំទ្រអ៊ុយក្រែន គេអាចឃើញទាហានអ៊ុយក្រែ​នបានលើកទង់ជាតិរបស់នៅខាងក្រៅអគារមួយ ដែលបានឆេះនៅភូមិប្លាហូដាតនី Blahodatne និងទាហានអ៊ុយក្រែនខ្លះទៀតបានថតខ្លួនឯងជាមួយនឹងទង់អង្គភាពទាហាន របស់ខ្លួន ក្នុងក្នុងភូមិណេស្គូស៊្ហ្នីNeskuchne។ ភូមិទី៣ឈ្មោះ Makarivka គឺជាភូមិដែលអ៊ុយ ក្រែនអះអាងទើបបានរំដោះកាលពីថ្ងៃអាទិត្យទី១១មិថុនា។

ក្នុងចំណោមភូមិទាំង៣ ភូមិឈ្មោះ ប្លាហូដាតនី Blahodatne គឺជាភូមិដែលស្ថិតនៅលើផ្លូវ ឆ្ពោះទៅកាន់ទីក្រុង Mariupol។ អ្នកវិភាគមួយចំនួនបាននិយាយថាអ៊ុយក្រែនទំនងអាចស្វែង រកការដណ្តើមយកទីក្រុងកំពង់ផែ Mariupol មកវិញនៅប៉ុន្មានខែខាងមុខនេះ។

សេចក្តីរាយការណ៍របស់ក្រុមអ្នកវិភាគខ្លះទៀតបាននិយាយថា ទាហានអ៊ុយក្រែនចង់វាយ កាត់ផ្តាច់ខេត្តដូណេតស៍ដែលជាច្រកចេញចូលមួយរបស់តំបន់គ្រីមៀរ។

ចំណែកនៅសមរភូមិនាភាគខាងកើតប្រទេសនោះវិញ, អ៊ុយក្រែនបានរុលកម្លាំងរបស់ខ្លួនទៅ មុខសម្តៅក្បែរនឹងក្រុងបាក់មុត ដែលជាក្រុងស្ទើរខ្ទេចខ្ទាំអស់ទៅហើយ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងគៀវ បានបដិសេធមិនធ្វើអត្ថាធិប្បាយជាក់លាក់លើ គម្រោងវាយលុកយុទ្ធនាការរដូវប្រាំងនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃច័ន្ទទី ១២មិថុនានេះ, អគ្គ​សេនាធិការ​ដ្ឋានអ៊ុយក្រែន​បាន​និយាយ​ថា មាន​ការ​ប៉ះ​ទង្គិច​គ្នា២៥លើក ​ក្នុង​រយៈពេលមួយ​ថ្ងៃ​កន្លង​មកនេះ។

ក្រុមអ្នកវិភាគបាននិយាយថា កងកម្លាំងអ៊ុយក្រែនពិតជាមានការលំបាកខ្លាំងនៅក្នុងយុទ្ធនាការ វាយបុកទម្លុះរបាំងឧបសគ្គរបស់រុស្ស៊ី ដែលត្រូវបានរៀប​ចំពង្រឹងការពាររយៈពេលជាច្រើនខែ កន្លងមកនេះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែននៅក្នុងតំបន់ Kherson ដែលជាកន្លែងមានការបាក់​ទំនប់ Kakhovka បង្កឱ្យមានទឹកជំនន់ដ៏ធំនោះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយទៀតថា គេក៏បានវាយ រុញច្រានការវាយប្រហាររបស់អ៊ុយក្រែនចំនួនបីលើកផងដែរ នៅក្នុងតំបន់ Zaporizhzhia ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Tass រុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាស រុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែននៅជិតទីក្រុងកំពង់ផែ Berdiansk នៅលើសមុទ្រ Azov ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយបន្តថា អ៊ុយក្រែនបានប៉ុនប៉ងមិនបានសម្រេច ក្នុងការ ចង់វាយប្រហារនាវានៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីដែលកំពុងការពារបំពង់បង្ហូរឧស្ម័នធម្មជាតិ។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ខណៈដែលការវាយប្រហារគ្នាបានបន្តយ៉ាងវីវក់នេះ ទាហានរុស្ស៊ីនិងអ៊ុយក្រែនក៏បានប្រកាសធ្វើការផ្លាស់ប្តូរឈ្លើយសឹកប្រមាណជិត១០០ នាក់ទៅ វិញទៅមកថែមទៀត៕

អត្ថបទទាក់ទង