Grand News Asia Close

ម៉ាឡេស៊ី និង សិង្ហបុរី ថ្កោលទោសតារាកំប្លែងម្នាក់ ដែលយករឿងបាត់យន្តហោះដឹកអ្នកដំណើរ MH370 ទៅនិយាយលេងសើច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 715
ម៉ាឡេស៊ី និង សិង្ហបុរី ថ្កោលទោសតារាកំប្លែងម្នាក់ ដែលយករឿងបាត់យន្តហោះដឹកអ្នកដំណើរ MH370 ទៅនិយាយលេងសើច ម៉ាឡេស៊ី និង សិង្ហបុរី ថ្កោលទោសតារាកំប្លែងម្នាក់ ដែលយករឿងបាត់យន្តហោះដឹកអ្នកដំណើរ MH370 ទៅនិយាយលេងសើច

(សិង្ហបុរី)៖ នៅថ្ងៃព្រហស្បតិ៍នេះទាំងម៉ាឡេស៉ីនិងសិង្ហបុរី បានចេញមុខថ្កោលទោសតារាកំប្លែងម្នាក់ ដែលបាននិយាយចំអកលើប្រទេសម៉ាឡេស៉ី ហើយនិយាយលេងសើចថែមទៀត អំពីករណីបាត់យន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី កំលុងការសម្តែងមួយ​នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

តារាកំប្លែងខាងលើ ដែលជាស្រ្តីឈ្មោះ ចូសេលីន ឈា (Jocelyn Chia) បានបង្ហោះវីដេអូនៃការសម្តែងនិយាយកំប្លុកកំប្លែងរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម ខណៈវាបានបង្កឱ្យមានការខឹងសម្បាជាខ្លាំង នៅក្នុងប្រទេសម៉ាឡេស៉ី ហើយបង្ខំឱ្យខាងប្រទេសសិង្ហបុរីចេញ​មុខសុំទោសខាងម៉ាឡេស៉ីភ្លាមៗ ដ្បិតអ្នកបំប្លែងម្នាក់នោះ មានដើមកំណើតសិង្ហបុរី។ ក្រុមមន្រ្តីសិង្ហបុរីបាននិយាយថា អ្នកកំប្លែង ចូសេលីន ឈា មិនមែនជា​ពលរដ្ឋសិង្ហបុរីទៀតនោះទេ។ រីឯសារព័ត៌មាន Singapore Straits Times បានរាយការណ៍ថា ឥឡូវ ឈា គឺជាពលរដ្ឋអាមេរិក។

ក្នុងការសម្តែងរបស់ខ្លួន ស្រ្តីអ្នកកំប្លែងខាងលើបានចំអកថា ប្រទេសម៉ាឡេស៉ីសព្វថ្ងៃ គឺដើរមិនទាន់ប្រទេសសិង្ហបុរីឡើយ ចាប់តាំងពីបែកគ្នាកាលពីឆ្នាំ១៩៦៥មក ហើយក៏បាននិយាយបែបលេងសើចទៀតថា យន្តហោះម៉ាឡេស៉ីគ្មានសមត្ថភាពហោះហើរនោះទេ ជាហេតុនាំឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោម​ទស្សនិកជនមួយចំនួន។ តារាកំប្លែងដដែលបានបន្តថា «ហេតុអ្វីក៏មានប្រតិកម្មបែបហ្នឹង? រឿងយន្តហោះអាកាសចរណ៍ម៉ាឡេស៉ីបាត់ដំណឹង មិនគួរឱ្យសើចទេឬ»។ រួចហើយ អ្នកកំប្លែងនោះ ក៏បានបន្ថែមមួយឃ្លាចុងក្រោយទៀត ដែលជាភាសាអង់គ្លេសនិយាយថា Some jokes don’t land។

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក ហ្សាមប៊្រី អាប់ឌុល កាឌៀ (Zambry Abdul Kadir) បាននិយាយថា សកម្មភាពរបស់អ្នកកំប្លែង ចូសេលីន ឈា បានបង្ហាញឱ្យឃើញថា រូបគេពុំយល់ពីអារម្មណ៍របស់ប្រជាជនម៉ាឡេស៉ី និងគ្រួសារជនរងគ្រោះសូម្បីបន្តិចឡើយ។ ចំណែករដ្ឋមន្រ្តីការបរទេសសិង្ហបុរីវិញ គឺលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) បានចេញមុខសុំអភ័យទោស ចំពោះពាក្យសម្តីហួសប្រមាណរបស់អ្នកកំប្លែងរូបនោះ និងថា ចូសេលីន ឈា មិនតំណាងឱ្យសំឡេងរបស់ប្រជាជនសិង្ហបុរីឡើយ។

គួរបញ្ជាក់ថា យន្តហោះ MH370 ផ្ទុកមនុស្សសរុប២៣៩នាក់ ក្នុងការធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃ​ប្រទេសចិន នៅពេលដែលវាបានបាត់ដំណឹងសូនឈឹង ចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ហើយត្រូវគេសន្និដ្ឋានថា ប្រហែលជាបាន​ធ្លាក់ទៅក្នុង ម្តុំតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា៕ ដោយ៖ Fresh News

 

អត្ថបទទាក់ទង