Grand News Asia Close

វិភាគអន្តរជាតិ៖ តើនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី នៅកូរ៉េខាងត្បូង ដំណើរការទៅដូចម្ដេច?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 330
វិភាគអន្តរជាតិ៖ តើនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី នៅកូរ៉េខាងត្បូង ដំណើរការទៅដូចម្ដេច? វិភាគអន្តរជាតិ៖ តើនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី នៅកូរ៉េខាងត្បូង ដំណើរការទៅដូចម្ដេច?

(សេអ៊ូល)៖ ការបោះឆ្នោតលើសំណើដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol នឹងត្រូវធ្វើឡើងនៅម៉ោង ៧៖០០នាទីយប់ ថ្ងៃសៅរ៍ ទី៧ ខែធ្នូ នាចុងសប្ដាហ៍នេះ។

ភាពច្របូកច្របល់បានកើតឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលោក Yoon Suk Yeol ប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលលោកផ្ទាល់អះអាងថា មានគោលដៅទប់ស្កាត់សកម្មភាពប្រឆាំងរដ្ឋរបស់គណបក្សប្រឆាំង។ ប៉ុន្តែ លោក Yoon បានប្រកាសដកចេញច្បាប់អាជ្ញាសឹកវិញកាលពីព្រឹកថ្ងៃពុធ ក្រោយសមាជិកសភា ១៩០រូប បោះឆ្នោតជំទាស់ និងទាមទារឱ្យលោកដកច្បាប់អាជ្ញាសឹកនេះចេញវិញជាបន្ទាន់។

ក្រុមគណបក្សប្រឆាំងបានចោទប្រកាន់លោក Yoon​ ថាបានបំពានលើកាតព្វកិច្ចរបស់លោកនៅក្រោមរដ្ឋធម្មនុញ្ញ ហើយបានប្រព្រឹត្តបទឧក្រិដ្ឋមួយស្មើនឹងទោសក្បត់ជាតិនៅពេលដែលរូបលោកបានប្រកាស ដាក់ចេញច្បាប់អាជ្ញាសឹក។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង៖

* តើរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងចែងយ៉ាងដូចម្ដេចពីនីតិវិធីដកតំណែងប្រធានាធិបតី?
រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង បានបើកផ្លូវឱ្យសភាដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី ឬក៏មន្ត្រីជាន់ខ្ពស់ដែលត្រូវបានជឿជាក់ថាបានរំលោភបំពានលើរដ្ឋធម្មនុញ្ញ ឬច្បាប់ណាមួយ នៅក្នុងពេល បំពេញតួនាទីរបស់ខ្លួន។ សំណើដំណើការនីតិវិធីដកតំណែងប្រធានាធិបតី ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រ ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ដូច្នេះដើម្បីអាចទម្លាក់លោក Yoon​ ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ ២ ភាគ៣ ឬពីសមាជិកសភាចំនួន ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំង ជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoon​ មាន១០៨អាសនៈ។

បានន័យថាគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សកាន់អំណាច ដើម្បីអាចដំណើរការ នីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ ប៉ុន្តែ គណបក្សអំណាចប្រជាជន ជាបក្សកាន់អំណាចរបស់លោក Yoon បានសន្យាថានឹងបោះឆ្នោតប្រឆាំងសំណើដកតំណែងលោកប្រធានាធិបតី បើទោះជា ពួកគេមានការខ្វែងគំនិតចំពោះវិបត្តិដែលបានកើតឡើងក៏ដោយ។

* ប៉ុន្តែចុះបើសភាបោះឆ្នោតដកតំណែងលោក Yoon តើនឹងមានអ្វីកើតឡើង?
នៅក្នុងករណីសភាបោះឆ្នោតគាំទ្រសំណើដកតំណែង នោះលោកប្រធានាធិបតី Yoon នឹងត្រូវបានព្យួរតួនាទីរហូតទាល់តែតុលាការធម្មនុញ្ញចេញសេចក្ដីសម្រេចចុងក្រោយថាតើត្រូវបន្តរក្សា ឬដកតំណែងរបស់ លោក។ ក្នុងករណីនេះ នាយករដ្ឋមន្ត្រីនឹងត្រូវកាន់តំណែងជាប្រធានាធិបតីស្ដីទី ហើយតុលាការធម្មនុញ្ញមានរយៈពេល៦ខែ ដើម្បីទទួលស្គាល់ ឬបដិសេធសំណើដកតំណែងតាមរយៈការបោះឆ្នោតពីចៅក្រម ៦រូប ក្នុងចំណោម៩ នៃតុលាការធម្មនុញ្ញ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងសព្វថ្ងៃ មានចៅក្រមកំពុងកាន់តំណែង៦រូប ខណៈតំណែង៣រូបទៀត កំពុងនៅទំនេរ។ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើតុលាការធម្មនុញ្ញ អាចធ្វើសេចក្ដីសម្រេចលើសំណើដកតំណែង បានដោយមិនចាំបាច់តម្រូវឱ្យមានចៅក្រោមពេញលេញ ៩រូប ឬក៏យ៉ាងណានោះទេ?

* តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រធានាធិបតីត្រូវបានដកតំណែង?
នៅក្នុងករណី លោក Yoon ត្រូវបានដកតំណែងជាប្រធានាធិបតី ឬលាលែងចេញពីតំណែងដោយខ្លួនឯង នោះការបោះឆ្នោតប្រធានាធិបតីថ្មីមួយនៅត្រូវប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ នាយករដ្ឋមន្ត្រីនឹងដឹកនាំប្រទេសជាបណ្ដោះអាសន្ន។ កាលពីខែឧសភា ឆ្នាំ២០១៧ ការបោះឆ្នោតប្រធានាធិបតីត្រូវបានរៀបចំឡើង ក្រោយតុលាការធម្មនុញ្ញចេញសាលក្រមទម្លាក់អតីតប្រធានាធិបតី លោកស្រី Park Geun-hye ចេញពីតំណែង ក្រោយទទួលយកសំណើដកតំណែងអនុម័តដោយសភាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំដដែល។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៤ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun ត្រូវបានសភាចោទប្រកាន់ដកតំណែង ក្រោមបទចោទថាបានបរាជ័យក្នុងការរក្សាអាព្យាក្រឹតនយោបាយ។ ប៉ុន្តែ សំណើដកតំណែងនេះដែលត្រូវបានសភាអនុម័តនៅពេលនោះ ត្រូវបានតុលាការធម្មនុញ្ញច្រានចោល ហើយលោក Roh Moo-hyun ត្រូវបានអនុញ្ញាតឱ្យកាន់តំណែងរបស់លោកឡើងវិញ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង