Grand News Asia Close

បេសកជនពិសេស UN សម្រាប់មីយ៉ាន់ម៉ា នឹងលាលែងចេញពីតំណែង, នេះបើតាមអ្នកនាំពាក្យប្រមុខ UN​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 795
បេសកជនពិសេស UN សម្រាប់មីយ៉ាន់ម៉ា នឹងលាលែងចេញពីតំណែង, នេះបើតាមអ្នកនាំពាក្យប្រមុខ UN​ បេសកជនពិសេស UN សម្រាប់មីយ៉ាន់ម៉ា នឹងលាលែងចេញពីតំណែង, នេះបើតាមអ្នកនាំពាក្យប្រមុខ UN​

(យូអិន)៖ អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេស មីយ៉ាន់ម៉ា នឹងលាលែងពីតំណែងនៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបំពេញការងារអស់រយៈពេល១៨ខែ ក្រោមការរិះគន់យ៉ាងខ្លាំងទាំងពីសំណាក់របបសឹក និងក្រុម អ្នកប្រឆាំងនឹងរបបសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។

មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ពីអំណាច កាលពី ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។ ចាប់តាំងពីនោះមកដែរ អង្គការសហប្រជាជាតិ និងអាស៊ាន បានប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់វិបត្តិក្នុង ប្រទេសអាស៊ីអាគ្នេយ៍នេះដែរ តែមិនបានទទួលលទ្ធផលផ្លែផ្កាអ្វីនោះទេ។

បើតាមអ្នកនាំពាក្យប្រមុខ UN លោក ស្ទេហ្វាន ឌូហ្សារីគ (Stephane Dujarric) លោកស្រី ណូលីន ហេស័រ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជា បេសកជនពិសេសរបស់លោកអគ្គលេខាធិការ Antonio Guterres កាលពីខែតុលា ឆ្នាំ២០២១ នឹងបញ្ចប់ភារកិច្ចរបស់លោកស្រី នៅថ្ងៃទី១២ ខែមិថុនា នៅពេល កិច្ចសន្យាការងាររបស់លោកស្រីត្រូវបញ្ចប់ ខណៈបេសកជនពិសេសថ្មីនឹងត្រូវបានតែងតាំង។

គួរបញ្ជាក់ថា លោកស្រី ណូលីន ហេស័រ គឺជាអ្នកជំនាញផ្នែកសង្គមវិទ្យាម្នាក់មកពីប្រទេសសិង្ហបុរី ដែលត្រូវបានតែងតាំងជាបេសកជនពិសេសដោយមានភារកិច្ច ជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយក្រុមអ្នកប្រឆាំង និងដើម្បីបញ្ចប់ជម្លោះបង្ហូរឈាមគ្នាសព្វថ្ងៃ។ លោកស្រី បានបំពេញទស្សនកិច្ច ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០២២ ហើយបានជួបជជែកជាមួយមេដឹកនាំរបបសឹក គឺលោក មីន អោងឡាំង និងក្រុមមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត។ តែជំនួបបែបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកប្រឆាំងរបបសឹក និងអង្គការសិទ្ធិមនុស្សមួយចំនួនដែលមើលឃើញថានេះគឺជាការទទួលស្គាល់ភាពស្របច្បាប់ នៃរបបសឹក៕

អត្ថបទទាក់ទង