Grand News Asia Close

បទវិចារណកថា៖ អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 1412
បទវិចារណកថា៖ អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌? បទវិចារណកថា៖ អ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?

ដោយ ខាល (KARL)
​ភ្នំពេញ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤

ប៉ុន្មានថ្ងៃនេះ រដូវរិះគន់កម្ពុជាពីរឿងសិទ្ធិមនុស្ស លំហសេរីភាព ប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានមកដល់ទៀតហើយ ដោយសារតែមានកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងហ្សឺណែវស្តីពីសិទ្ធិមនុស្ស។ មិនខុសពីឆ្នាំមុនៗទេ ឆ្នាំនេះ យើងបានដឹងនិងឮជាថ្មីទៀត អ្វីៗដែលទាក់ទងនឹងកម្ពុជា ​ជាពិសេសពីអ្នកដែលតាំងខ្លួនថាជាអ្នកតាមដានស្ថានការណ៍នៅកម្ពុជា។ ឱព្រះជាម្ចាស់អើយ! ទទេសុទ្ធតែម្តង គឺជាវោហាស័ព្ទដដែលជាដដែលពីក្រុមទាំងនោះ គ្រាន់តែប្តូរតួអង្គ និងវេនគ្នានិយាយតែប៉ុណ្ណោះថានៅព្រះរាជាណាចក្រកម្ពុជា មិនគោរពសិទ្ធិមនុស្ស ខ្វះលំហសេរីភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌…។ ភាសាទាំងនេះ ស្មេរតាមដាននិងឮដូចជាជិត២ទស្សវត្សរ៍ទៅហើយ។
ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពាក្យនេះ ពិតជាពេញនិយមណាស់ ប៉ុន្តែនរណាចេញមុខមកពន្យល់ និងជាអ្នកវាស់ថាការបោះឆ្នោតមួយ នៅប្រទេសមួយ ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌? ចម្លើយ ប្រហែលជាគ្មានទេ ហើយនាំគ្នានិយាយពាក្យនេះតាមតែគ្នា។ ឥឡូវនេះ ស្មេរសុំសាកល្បងពន្យល់នូវអ្វីដែលទាំងអស់គ្នាទន្ទេញចាំរត់មាត់ “ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”និង “ប្រជាធិបតេយ្យ”។
សហគមន៍អន្តរជាតិបានចាត់ទុកថាប្រជាធិបតេយ្យមានដំណើរការល្អ លុះត្រាតែមានបេះដូងយ៉ាងពិតប្រាកដ។ តើបេះដូងប្រជាធិបតេយ្យពិតប្រាកដនោះគឺអ្វី?ចម្លើយ៖ បេះដូងប្រជាធិបតេយ្យពិតប្រាកដ គឺការឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សំណួរសួរទៀតថាអ្វីទៅជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌?
ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវមានលក្ខខណ្ឌចាំបាច់ ១០ ចំណុច ដូចខាងក្រោម៖
១. ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់ ដោយ៖
•​ ប្រព័ន្ធចុះឈ្មោះមួយមានអព្យាក្រឹតភាព និងមានប្រសិទ្ធភាព
• រក្សាការសម្ងាត់នៃការបោះឆ្នោត
• ស្ថានីយបោះឆ្នោតត្រូវនៅជិតផ្ទះប្រជាពលរដ្ឋ
២. ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
៣. ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
៤. ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិ​នយោ​បា​យ​ដោយសេរី
៥. បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើភាពក្នុងការឃោសនាបោះឆ្នោតដោយសេរី
៦. យន្តការធានាសុវត្ថិភាពជូនបេក្ខជនក្នុងពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
៧. ត្រូវមានយន្តការធានាសុវត្ថិភាព នៅពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត
៨. អង្គការរៀបចំការបោះឆ្នោតត្រូវមានបទបញ្ជាច្បាស់លាស់ និងឥតលម្អៀង(ទៅតាមការកំណត់នៃច្បាប់ និងច្បាប់ពាក់ព័ន្ធ)
៩. ត្រូវមានកម្មវិធីអប់រំប្រជាពលរដ្ឋឱ្យបានច្បាស់លាស់អំពីដំណើរការ និងបែបប​ទ​នៃការបោះឆ្នោត។
១០. ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រឹត ឥតលម្អៀងមួយសម្រាប់គ្រប់គ្រងដំណើរការបោះ​​ឆ្នោត ទទួលពាក្យបណ្តឹង និងដោះស្រាយពាក្យបណ្តឹងពីវិវាទនៃការបោះឆ្នោត។
​ចំណុចទាំង១០នេះ ទើបអាចជារង្វាស់ ឬជាស្តង់ដានៃការបោះឆ្នោតមួយដែលប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងស្មេរយល់គឺនៅកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នេះឯង ដែលជា
ស្ថាប័នចែងក្នុងរដ្ឋធមនុញ្ញ មានច្បាប់ និងបទបញ្ជាផ្ទៃក្នុងដែលជាត្រីវិស័យនៃការងារ ក្នុងដំណើរការចុះឈ្មោះ​បោះឆ្នោត ដំណើរការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការដោះស្រាយបញ្ហា​រំលោភលើច្បាប់បោះឆ្នោត និងរំលោភលើបែបបទនៃការបោះឆ្នោត ដែល គ.ជ.បកម្ពុជានេះបាននិងកំពុងអនុវត្តស្រាប់ហើយតើ ចុះហេតុអ្វីនៅតែឮថាមិនប្រជាធិបតេយ្យ​ មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ទៀត ឬមកពី គ.ជ.បកម្ពុជា​ មិនធ្វើតាមគេចង់បាន តែស្មេរនៅតែជឿថាបើទោះបីជាធ្វើតាម ក៏នៅតែមិនត្រូវដែរ ព្រោះពួកគេ គេមានរបៀបវារៈរបស់ពួកគេ ហើយស្មេរគាំថាអ្វីដែល គ.ជ.បកម្ពុជា​ ធ្វើ​ គឺត្រូវ ព្រោះមិនធ្វើតាមគេថា​ ធ្វើតាមច្បាប់ គោរពច្បាប់ និងគោរពរដ្ឋធម្មនុញ្ញ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺនៅក្រោយការបោះឆ្នោត យើងសង្កេតឃើញថាគ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្រប់ភាគីទទួលយកលទ្ធផលនៃការបោះឆ្នោត ហើយប្រទេសកម្ពុជាទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាលំដាប់។
ជាងនេះទៀត លោកបណ្ឌិត Khabele Matlosa សាស្រ្តាចារ្យនៃសាកវិទ្យាល័យ Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ជំនាញខាងបោះឆ្នោតបានថ្លែងថា ”ប្រជាធិបតេយ្យមិនមែនជាទំនិញដែលអាចនាំចេញនាំចូលបានទេ ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនមួយ ទៅតាមបរិបទនៃប្រទេសនោះ“។
តើអ្វីជាជម្រើសរបស់ប្រជាជនកម្ពុជា?
ជម្រើស គឺដូចអ្វីដែលចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ” យើង ប្រជារាស្រ្តខ្មែរ បានភ្ញាក់រលឹក ​ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា <<កោះសន្តិភាព>> ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍”។
​ក្នុងទិសដៅនេះ តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួនដោយរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ទៅតាមកាលកំណត់ដូចមានចែងក្នុងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ។
​ចុះមានប្រទេសប៉ុន្មាននៅឆ្នាំ២០២៤នេះ ដែលមិនអាចរៀបការបោះឆ្នោតបាន ហើយមួយចំនួនកំពុងប្រឈម និងរងគ្រោះយ៉ាងស្រួចស្រាវ ក្នុងជម្លោះភូមិសាស្រ្តនយោបាយដែលកំពុងតែឆាបឆេះនៅមជ្ឈិមបូព៌ា ហើយមិនដឹងជារាលដាលដល់ណាទៀតនាពេលអនាគត។
តើអាមេរិកជាបិតានៃលទ្ធិប្រជាធិបតេយ្យមែនឬ?
តើអ៊ឺរ៉ុបសហគមទាំង២៧ប្រទេស ពិតជាមានប្រជាធិបតេយ្យដូចគ្នាមែនទេ ឬអាល្លឺម៉ង់ផ្សេង បារាំង
ផ្សឹង?
លោក Dominique TRINQUAND អតីតប្រមុខបេសកកម្មយោធាបារាំងប្រចាំអង្គការសហប្រជាជាតិ និងអង្គការណាតូ(អង្កការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) បានមានប្រសាសន៍ថាប្រជាធិបតេយ្យអាមេរិកមិនមែនជាគំរូពិភពលោកទេ ហើយប្រជាធិបតេយ្យអ៊ឹរ៉ុបក៍មិនដូចគ្នាដែរ។ លោកបានលើកជាឧទាហរណ៍ថាអាមេ
រិកបោះជើង២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន(Afghanistan) ហើយបានដើរចេញយ៉ាងអាម៉ាស់ព្រោះបរាជ័យក្នុងការសាបព្រោះប្រជាធិបតេយ្យនៅទីនោះ។​ បារាំងក៏ដូចគ្នាដែរ គឺបរាជ័យក្នុងការនាំយកប្រជាធិបតេយ្យទៅកាន់តំបន់សាហែល(Sahel)ដែលនៅទីបំផុតប្រទេសបី Burkina Faso, Niger និងMali មានរដ្ឋប្រហារយោធា​ ដែលជាការបដិសេធទៅនឹងប្រជាធិបតេយ្យ។
ការលើកឡើងរបស់លោក Dominique TRINQUAND គឺជាការដាស់ស្មារតីរបស់យើងផងដែរ ដើម្បីកុំឲ្យភ្លេចខ្លួន ហើយធ្លាក់ក្នុងឧបាយកលណាមួយ។
ដូច្នេះ​ ជម្រើសរបស់ប្រជាជនកម្ពុជា គឺបន្តថែរក្សាអ្វីដែលយើងកំពុងមាន ប្រសើរជាងការចង់បានហួសហេតុ ដូចសុភាសិតមួយពោលថាចាប១ក្នុងដៃប្រសើរជាងចាបម្ភៃក្នុងព្រៃ។
សរុបមក ប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួន ហើយបើដឹងអញ្ចឹងដែរ ហេតុអ្វីប្រទេសខ្លះ ឬអ្នកខ្លះ ចូលចិត្ត​ឈឺឆ្អាលនឹងរឿងគេខ្លាំងម្ល៉េះ ឬឆ្នាំងមិនក្តៅ ក្តៅគ្រប?
អញ្ចឹងហើយបានជាប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត លើកយកទស្សនៈរបស់លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសមកគូសបញ្ជាក់ថា ”អ្នកនឹងមិនអាចទៅដល់គោលដៅទេ ប្រសិនបើអ្នកឈប់ ហើយគប់ដុំថ្មទៅលើសត្វឆ្កែដែលព្រូស” “You will never reach your destination if you stop and throw stones at every dog that barks”។

អត្ថបទទាក់ទង