ឥទ្ធិពលនៃការចងចាំដែលនៅមានជីវិត៖ ការផ្សះផ្សារបួសផ្លូវចិត្តផ្តើមចេញពីសហគមន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា
#ទស្សនៈ
មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់អាទិភាពលើវិធីសាស្ត្រអប់រំ ដែលចាប់ផ្តើមពីសហគមន៍ ក្នុងការបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅឯមជ្ឈមណ្ឌលសហគមន៍របស់ខ្លួនចំនួន១៩ទីតាំង ដោយផ្តោតលើការប្រើប្រាស់បទពិសោធ ជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាជាងការពឹងផ្អែកតែមួយមុខទៅលើការផ្សព្វផ្សាយអំពីសៀវភៅសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម។
វិធីសាស្ត្រនេះគឺផ្តល់អាទិភាពជាចម្បងដល់ដំណើរជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការសង្កេតបឋមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទៅលើវិធីសាស្ត្រនេះ គឺបានបង្ហាញថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមយល់ថាសកម្មភាពអប់រំបែបនេះមានប្រយោជន៍យ៉ាងខ្លាំងក្នុងដំណើរការជួយព្យាបាលរបួសផ្លូវចិត្តរបស់ខ្លួន ។
ចំណែកឯសាធារណជន និងសិស្សានុសិស្សដែលជាអ្នកស្ដាប់វិញយល់ថា បទពិសោធជីវិតពិតទាំងនេះគឺមិនត្រឹមតែផ្តល់ចំណេះដឹងអំពីអតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាប្រភពជំរុញ ការលើកទឹកចិត្ត និងការបំផុសគំនិតក្នុងការចូលរួមទប់ស្កាត់អំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅនិងអំពើប្រល័យពូជសាសន៍នាពេលអនាគតថែមទៀតផង៕
ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា





