Grand News Asia Close

វិភាគអន្តរជាតិ៖ តើទំនាក់ទំនងស្អិតល្មួតរុស្ស៉ី-អ៉ីរ៉ង់ មានន័យយ៉ាងណា ចំពោះអ៊ុយក្រែន និងមជ្ឈិមបូព៌ា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 331
វិភាគអន្តរជាតិ៖ តើទំនាក់ទំនងស្អិតល្មួតរុស្ស៉ី-អ៉ីរ៉ង់ មានន័យយ៉ាងណា ចំពោះអ៊ុយក្រែន និងមជ្ឈិមបូព៌ា? វិភាគអន្តរជាតិ៖ តើទំនាក់ទំនងស្អិតល្មួតរុស្ស៉ី-អ៉ីរ៉ង់ មានន័យយ៉ាងណា ចំពោះអ៊ុយក្រែន និងមជ្ឈិមបូព៌ា?

(​វ៉ាស៊ីនតោន)៖ សហភាពអឺរ៉ុប កាលពីថ្ងៃទី៩ ខែកញ្ញា បាននិយាយថាសម្ព័ន្ធមិត្តរបស់ខ្លួនបានចែករំលែកព័ត៌មានសម្ងាត់ដ៏គួរឱ្យទុកចិត្តបានថាអ៉ីរ៉ង់បានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ទៅឱ្យរុស្ស៉ី ជាទង្វើ មួយដែលទីក្រុងវ៉ាស៊ីនតោនព្រមានថាទីក្រុងតេហេរ៉ង់ នឹងត្រូវជួបផលវិបាក។ ប្រតិកម្មរបស់អាមេរិក និងអឺរ៉ុប កើតមានឡើង បន្ទាប់ពីកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពី សប្ដាហ៍មុនថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ Wall Street Journal ដែលជាអ្នករាយការណ៍មុនគេពីព័ត៌មាននេះ បានឱ្យដឹងទៀតថារុស្ស៉ីប្រហែលជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងតេហេរ៉ង់ ជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ ដើម្បីទិញមីស៊ីលបាលិស្ទីគ Fath-360 និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយចំនួនទៀត ផលិតដោយក្រុមហ៊ុនរដ្ឋអ៉ីរ៉ង់ Aerospace Industries Organization (AIO) ឬហៅកាត់ថា Ababil។

កាសែតអាមេរិកនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានបញ្ជាក់ដែរថាការផ្ទេរអាវុធនេះអាចមានមីស៊ីលរយៈចម្ងាយខ្លី ២០០គ្រាប់ ដែលអាចបាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ។ ការចោទប្រកាន់ខាងលើត្រូវបានអ៉ីរ៉ង់ច្រានចោល ប៉ុន្តែរុស្ស៉ីមិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់នោះដែរ។ កន្លងមក អ៉ីរ៉ងក៏ធ្លាប់រងការចោទប្រកាន់ផងដែរថាបានផ្គត់ផ្គង់ ដ្រូនអត្តឃាតឱ្យរុស្ស៉ី។ រុស្ស៉ី និងអ៉ីរ៉ង់ មិនមែនជាដៃគូមានទំនាក់ទំនងស្អិតល្មួតនឹងគ្នាតាំងតែពីដើមមកនោះទេ ពោលប្រទេសទាំង២ ធ្លាប់សង្ស័យដាក់គ្នាទៅវិញទៅមក កាលពីអតីតកាល។ តែក្រោយ រុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សម្ព័ន្ធភាពថ្មីមួយរវាងអ៉ីរ៉ង់ និងរុស្ស៉ីបានលេចចេញជារូបរាងឡើងដោយផ្អែកលើការកំណត់ «សត្រូវរួម» នោះគឺអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក។ សម្ព័ន្ធភាពយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំង២ មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ រហូតដល់មានការចោទប្រកាន់ថាអ៉ីរ៉ង់កំពុងជួយរុស្ស៉ី ក្នុងការបន្តធ្វើសង្រ្គាមយូរអង្វែងនៅអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាយោធាពីរុស្ស៉ីមកវិញ។ ដូច្នេះតើទំនាក់ទំនងស្អិតល្មួតនឹងគ្នារវាងរុស្ស៉ី និងអ៉ីរ៉ង់ មានន័យយ៉ាងណាចំពោះអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា?

* តើសង្រ្គាមអ៊ុយក្រែន ធ្វើឱ្យរុស្ស៉ី និងអ៉ីរ៉ង់ ខិតជិតគ្នាយ៉ាងដូចម្ដេច?
ដើម្បីទ្រទ្រង់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ដែលមានការគំាទ្រយ៉ាងសម្បើមពីសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក NATO ដទៃទៀត ប្រធានាធិបតីរុស្ស៉ី​ លោក វ្ល៉ាឌីមៀ ពូទីន បានបោះដៃទៅរក សម្ព័ន្ធមិត្តមួយចំនួនតូច តួយ៉ាងដូចជាកូរ៉េខាងជើង និងអ៉ីរ៉ង់។ តាមក្រុមអ្នកវិភាគលោកខាងលិច ទំាងអ៉ីរ៉ង់ និងកូរ៉េខាងជើង សុទ្ធតែសម្លឹងឃើញដូចគ្នាថាការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ក្នុងកាលៈទេសៈសព្វថ្ងៃ ជាឱកាសមួយអាចឱ្យពួកគេទទួលបានបច្ចេកវិទ្យាយោធាទំនើបៗពីរុស្ស៉ីត្រឡប់មកវិញ ដើម្បីអាចពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ក៏ជាហេតុផលមួយជំរុញ ឱ្យរុស្ស៉ី និងអ៉ីរ៉ង់រត់រកគ្នាផងដែរ។ ជាឧទាហរណ៍៖ ប្រទេសទាំង២ មានគោលបំណងបង្កើតប្រព័ន្ធទូទាត់មួយ ដើម្បីជំនួសប្រព័ន្ធទូទាត់សកលរបស់លោកខាងលិច SWIFT តាមរយៈធ្វើពាណិជ្ជកម្ម ទ្វេភាគីដោយមិនចាយលុយដុល្លារអាមេរិក។

* តើរុស្ស៉ីទទួលបានអ្វីពីទំនាក់ទំនងជាមួយអ៉ីរ៉ង់?
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បានអះអាងថារុស្ស៉ីទទួលបានដ្រូនអត្តឃាតពីអ៉ីរ៉ង់ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២មក ។ អ៉ីរ៉ង់ថែមទាំងបានផ្គត់ផ្គង់បច្ចេកវិទ្យាដល់រុស្ស៉ីទៀតផង ក្នុងការផលិតដ្រូនទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីសប្ដាហ៍ មុនដែរថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីទៅឱ្យរុស្ស៉ី ក៏ដូចជាចែករំលែកបទពិសោធន៍ពីវិធីសាស្ត្ររៀនរស់នៅជាមួយទណ្ឌកម្មរបស់លោកខាងលិច ដែលអ៉ីរ៉ង់បានហែលឆ្លងអស់ រយៈពេលរាប់ទសវត្សរ៍មកនេះ។

* តើអ៉ីរ៉ង់ចង់បានអ្វីពីទំនាក់ទំនងជាមួយរុស្ស៉ី?
កាលពីឆ្នាំ២០២៣ មន្ត្រីអាមេរិកម្នាក់បាននិយាយថារុស្ស៉ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាមិនធ្លាប់មានជាមួយអ៉ីរ៉ង់។ ដោយឡែក បើតាមលោក Shay Har-Zvi ជាអតីតអគ្គនាយកស្ដីទីម្នាក់មកពី ក្រសួងកិច្ចការយុទ្ធសាស្ត្ររបស់អ៉ីស្រាអែល រុស្ស៉ីបានចែករំលែកព័ត៌មានសម្ងាត់ និងសហការជាមួយអ៉ីរ៉ង់លើវិស័យសង្រ្គាមសាយប័រ (cyberwarfare) ព្រមទាំងជួយអ៉ីរ៉ង់បាញ់បង្ហោះផ្កាយរណប។ មកទល់នឹងពេលនេះ អ្វីដែលអ៉ីរ៉ង់កំពុងទន្ទឹងរង់ចាំបំផុត នោះគឺប្រព័ន្ធអាវុធដ៏ទំនើបៗរបស់រុស្ស៉ី ដូចជាប្រព័ន្ធខែលប្រឆាំងមីស៊ីល S-400 ដែល​នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសបន្ថែមពីលើ ប្រព័ន្ធខែលប្រឆាំងមីស៊ីល S-300 ដែលអ៉ីរ៉ង់មានប្រើស្រាប់។ S-400 អាចនឹងជួយឱ្យអ៉ីរ៉ង់អាចការពារខ្លួនឯងកាន់តែល្អប្រសើរជាងមុន ជាពិសេសទីតាំងសំខាន់ៗដូចជារោងចក្រនុយក្លេអ៊ែរ ដែល មន្ត្រីអ៉ីស្រាអែលគំរាមបើកការវាយប្រហារកម្ទេចជារឿយៗ ដើម្បីទប់ស្កាត់កុំឱ្យតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។

អ៉ីរ៉ង់ក៏ចង់បានយន្ដហោះចម្បាំង Su-35 របស់រុស្ស៉ីផងដែរ ដើម្បីធ្វើទំនើបកម្មកងកម្លាំងទ័ពអាកាសអ៉ីរ៉ង់សព្វថ្ងៃ ដែលពឹងផ្អែកលើយន្ដហោះចម្បាំងចាស់ៗទិញពីសហរដ្ឋអាមេរិក នៅមុនបដិវត្តន៍អ៉ីរ៉ង់ ឆ្នាំ១៩៧៩។ អ៉ីរ៉ង់ធ្លាប់ទទួលបានរួចហើយនូវយន្ដហោះចម្បាំង Yak-130 ពីរុស្ស៉ី សម្រាប់ការហ្វឹកហាត់ពីរបៀបបើកយន្ដហោះចម្បាំងជំនាន់ថ្មី។ ក្រៅតែពីយោធា ការពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី បានធ្វើឱ្យអ៉ីរ៉ង់បន្ធូរបន្ថយភាពឯកោនៅលើឆាកអន្តរជាតិបានមួយកម្រិតដែរ។ ជាឧទាហរណ៍៖ រុស្ស៉ីកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានគាំទ្រឱ្យអ៉ីរ៉ង់ចូលរួមក្នុងក្រុមប្រទេស BRICS ដែលមាន សមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ លើសពីនេះទៅទៀត ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រុស្ស៉ីបានប្រកាសពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយអ៉ីរ៉ង់ និងកំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លាររួមគ្នា លើគម្រោងពន្លឿនការដឹកជញ្ជូនទំនិញនៅតាមណ្ដោយដងទន្លេ និងផ្លូវដែកដែលតភ្ជាប់ដោយសមុទ្រ Caspian ក្នុងគោលដៅការពារការធ្វើពាណិជ្ជកម្ម របស់ពួកគេពីឥទ្ធិពលលោកខាងលិច។

* តើមិត្តភាពរុស្ស៉ី និងអ៉ីរ៉ង់ អាចទៅឆ្ងាយដល់កម្រិតណា?
រុស្ស៉ី និងអ៉ីរ៉ង់មានផែនការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យក្លាយជាទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ»។ តែទោះជាបែបនេះក្ដី ទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានអ្នកជំនាញខ្លះ មើលឃើញថាប្រៀបបានដូចជាការរៀបការសម្លឹងឃើញតែទ្រពសម្បត្តិគ្នាទៅវិញទៅមក។ ពីព្រោះក្នុងពេលពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់ រុស្ស៉ីក៏ត្រូវព្យាយាមគ្រប់គ្រងទំនាក់ទំនងល្អជាមួយ បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងមិនសូវល្អជាមួយអ៉ីរ៉ង់ រួមទាំងជាមួយអ៉ីស្រាអែលដែលកំពុងធ្វើសង្រ្គាមស្រមោលជាមួយអ៉ីរ៉ង់ ជាច្រើនទសវត្សរ៍មកនេះ។ ដូច្នេះ រុស្ស៉ីទំនងជានឹងមិនផ្ដល់ជំនួយដោយផ្ទាល់ណាមួយដែលអាចឱ្យអ៉ីរ៉ង់យកទៅប្រើក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនោះទេ ហើយក៏ទំនងជានឹងមិនឈរនៅខាងអ៉ីរ៉ង់ ត្រង់ៗ ឬទាំងស្រុង នៅក្នុងសង្រ្គាមស្រមោលជាមួយអ៉ីស្រាអែលនោះដែរ៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង