Grand News Asia Close

ចំណេះដឹងទូទៅ៖ ពិភពលោកយើងមានមហាសមុទ្រប៉ុន្មាន (ការកំណត់ថ្មី)?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 251
ចំណេះដឹងទូទៅ៖ ពិភពលោកយើងមានមហាសមុទ្រប៉ុន្មាន (ការកំណត់ថ្មី)? ចំណេះដឹងទូទៅ៖ ពិភពលោកយើងមានមហាសមុទ្រប៉ុន្មាន (ការកំណត់ថ្មី)?

(ភ្នំពេញ)៖ បើគិតជារួម ភពផែនដីយើងមានមហាសមុទ្រតែមួយក៏ពិតមែន ប៉ុន្តែផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលគ្របដណ្តប់រហូតដល់ទៅ៧១ភាគរយនៃផ្ទៃផែនដីទាំងមូលនេះ ត្រូវបានគេធ្វើការបែងចែកទៅតាមតំបន់នីមួយៗ អមទៅដោយឈ្មោះខុសៗគ្នា។ យ៉ាងណាមិញ ព្រំដែននៃតំបន់មហាសមុទ្រទាំងនេះមានការវិវត្តផ្លាស់ប្ដូរជាបន្តបន្ទាប់ទៅតាមពេលវេលា ដោយផ្អែកទៅតាមហេតុផលនៃកត្តាផ្សេងៗ ដូចជា កត្តាប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ និងវិទ្យាសាស្ត្រជាដើម។

យោងទៅតាមប្រវត្តិសាស្រ្ត តាំងពីដើមមក ពិភពលោកយើងមានអាងមហាសមុទ្រចំនួន៤ធំៗ រួមមាន៖ មហាសមុទ្រអាត្លង់ទិច មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា ព្រមទាំងមហាសមុទ្រអាក់ទិច។ ក៏ប៉ុន្តែនាបច្ចុប្បន្ននេះ មានប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរបានចាប់ផ្ដើមទទួលស្គាល់នូវតំបន់មហាសមុទ្រខាងត្បូង ឬមហាសមុទ្រអង់តាក់ទិក ដែលនៅជុំវិញទ្វីបទឹកកកអង់តាក់ទិក ជាអាងមហាសមុទ្រទី៥។

គួរជម្រាបថា ប៉ាស៊ីហ្វិក អាត្លង់ទិក និងឥណ្ឌា គឺជាមហាសមុទ្រដែលត្រូវបានគេស្គាល់ទូទៅជាងគេ ខណៈមហាសមុទ្រខាងត្បូង គឺជាតំបន់មហាសមុទ្រថ្មីបំផុត ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកថាជាតំបន់មហាសមុទ្រ ដែលលាតសន្ធឹងពីឆ្នេរទ្វីបអង់តាក់ទិចរហូតដល់ខ្សែស្របទី៦០ ខាងត្បូងខ្សែអេក្វាទ័រ។ ការកំណត់ព្រំដែននៃមហាសមុទ្រខាងត្បូង ត្រូវបានស្នើទៅកាន់អង្គការជលសាស្រ្តអន្តរជាតិ (IHO) កាលពីឆ្នាំ២០០០។ ប៉ុន្តែមិនមែនប្រទេសទាំងអស់សុទ្ធតែឯកភាពជុំវិញសំណើកំណត់ព្រំដែនមហាសមុទ្រថ្មីនេះឡើយ ទើបមកទល់ឥឡូវបញ្ហានេះនៅមិនទាន់ត្រូវបាន IHO ផ្តល់សច្ចាប័ននៅឡើយទេ។

ក្នុងចំណោមតំបន់មហាសមុទ្រទាំងអស់ គឺប៉ាស៉ីហ្វិកមានទំហំធំជាងគេបំផុត៖
១. មហាសមុទ្រប៉ាស៉ីហ្វិក (១៦៨,៧២៣,០០០គីឡូម៉ែត្រក្រឡា)
២. មហាសមុទ្រអាត្លង់ទិក (៨៥,១៣៣,០០០គីឡូម៉ែត្រក្រឡា)
៣. មហាសមុទ្រឥណ្ឌា (៧០,៥៦០,០០០គីឡូម៉ែត្រក្រឡា)
៤. មហាសមុទ្រខាងត្បូង ឬមហាសមុទ្រអង់តាក់ទិក (២១,៩៦០,០០០គីឡូម៉ែត្រក្រឡា)
៥. មហាសមុទ្រអាក់ទិក (១៥,៥៥៨,០០០គីឡូម៉ែត្រក្រឡា)៕

អត្ថបទទាក់ទង