Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ្នកស្រី Paetongtarn អាចគេចផុតពីបណ្ដាសាលើគ្រួសារ Shinawatra បានឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 481
វិភាគអន្តរជាតិ៖ តើអ្នកស្រី Paetongtarn អាចគេចផុតពីបណ្ដាសាលើគ្រួសារ Shinawatra បានឬ? វិភាគអន្តរជាតិ៖ តើអ្នកស្រី Paetongtarn អាចគេចផុតពីបណ្ដាសាលើគ្រួសារ Shinawatra បានឬ?

(បាងកក)៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីទី៣១របស់ថៃ ជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង។ ការបោះឆ្នោតជ្រើសតាំងនេះធ្វើឡើងក្នុងសំឡេងគាំទ្រ ៣១៩ ប្រឆាំង១៤៥ និងអនុបវាទ ២៧។ សំឡេងគាំទ្រនេះគឺលើសពីសំឡេង ២៤៧ ក្នុងចំណោមសំឡេងសរុប៤៩៣ ដែលអ្នកស្រី Paetongtarn ត្រូវការដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។

សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ (Pheu Thai) បានប្រកាសជ្រើសរើសអ្នកស្រី Paetongtarn ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពី ថ្ងៃទី១៥ ខែសីហា បន្ទាប់ពីលោក សេដ្ឋា ថាវីស៉ីន (Srettha Thavisin) ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ តាមសាលក្រមរបស់ តុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយទទួលបានការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែសីហា អ្នកស្រី Paetongtarn បាននិយាយថា «ប្រទេសថៃ ត្រូវតែធ្វើដំណើរឆ្ពោះទៅមុខ។ យើងបានប្ដេជ្ញាទាំងអស់គ្នា ហើយនឹងរុញប្រទេសឆ្ពោះទៅមុខ»។ ក៏ប៉ុន្តែ អ្នកស្រីនឹងត្រូវប្រឈមមុខនឹងសម្ពាធជាច្រើនរាប់ចាប់តាំងពី សេដ្ឋកិច្ច រហូតដល់បញ្ហានយោបាយដ៏ស្មុគស្មាញដោយយោធា និងអ្នកស្មោះស្ម័គ្រនឹងរាជានិយមថៃតែងតែស្វែងរកឱកាសឡើងកាន់អំណាចដឹកនាំប្រទេស។

ម្យ៉ាង ក្រុមអ្នកវិភាគខ្លះនៅតែយល់ថា វាប្រហែលជាមិនអាចទៅរួចនោះទេ ដែលគណបក្សភឿថៃ និងក្រុមអ្នកអភិរក្សនិយមមានភក្ដីភាពជាមួយរាជានិយមថៃ អាចនឹង រួមរស់នៅជាមួយគ្នាបានយូរ ក្នុងពេលដែលពួកគេបានប្រជែងគ្នា ដើម្បីដណ្ដើមតំណែងដឹកនាំប្រទេស អស់រយៈពេលជាង២ទសវត្សរ៍មកនេះ ហើយដែលការប្រជែង ទៀតនេះសោត មានពេលខ្លះនាំទៅរកការធ្វើរដ្ឋប្រហារ និងភាពតានតឹងនយោបាយ។ ការយល់ឃើញបែបនេះក៏បានបង្ហាញរួចទៅហើយដែរ បន្ទាប់ពីលោក សេដ្ឋា បានក្លាយជានាយករដ្ឋមន្ត្រីទី៤ គាំទ្រដោយបក្សភឿថៃ ត្រូវបានទម្លាក់ចេញពីតំណែងដោយតុលាការធម្មនុញ្ញ។ ការទម្លាក់លោក សេដ្ឋា គឺជាសញ្ញាមួយបញ្ជាក់ថា ហានិភ័យសម្រាប់គណបក្សភឿថៃ និងគ្រួសារ Shinawatra មិនបានរលាយបាត់ទៅណានោះទេ។

ការតែងតាំងអ្នកស្រី Shinawatra មានអាយុ ៣៧ឆ្នាំ បានធ្វើឱ្យអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ អ្នកស្រីក៏បាន ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ដែលត្រូវជាមីងបង្កើតរបស់អ្នកស្រីផងដែរ ហើយថែមទាំងជាក្លាយជានាយករដ្ឋមន្ត្រីទី៤ មកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូថ្លៃរបស់អ្នកស្រី Paetongtarn​ ទៀតផង។ បើនិយាយពីគ្រួសារ Shinawatra វាហាក់ដូចជាត្រូវបណ្ដាសានយោបាយ ដោយនាយករដ្ឋមន្ត្រីមកពីគ្រួសារដ៏មានឥទ្ធិពលមួយនេះមិនអាចកាន់តំណែង ឱ្យចប់ចុងចប់ដើមនោះទេ។ ក្នុងនោះលោក Thaksin ផ្ទាល់ត្រូវបានយោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០០៦។ លោកស្រី Yingluck ត្រូវបានទម្លាក់ចេញពីតំណែង ដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដោយបង្ខំឱ្យបងប្អូនទាំង២នាក់នេះត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រាប់ឆ្នាំ។ លោក Thaksin បានត្រឡប់ចូល ប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ខណៈលោកស្រី Yingluck បន្តរស់នៅក្រៅប្រទេសឡើយ។ ចំណែក លោក Somchai ត្រូវជាពូថ្លៃរបស់អ្នកស្រី Paetongtarn វិញត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅពេលតុលាការធម្មនុញ្ញថៃចេញសាលក្រមរំលាយគណបក្សអំណាចប្រជាជន (People Party) កាលពី ឆ្នាំ២០០៨។

លោក Thitinan Pongsudhirak ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់ មកពីសាកលវិទ្យាល័យ Chulalongkorn យល់ថាអ្នកស្រី Paetongtarn ដែលជាអ្នកនយោបាយ ថ្មីថ្មោងនឹងត្រូវរងសម្ពាធយ៉ាងខ្លាំង។ លោក Thitinan បានគូសបញ្ជាក់ដូច្នេះថា «អ្នកស្រីនឹងត្រូវស្ថិតក្រោមការតាមដាន ព្រមទាំងនឹងត្រូវរងសម្ពាធជាច្រើនដែលនឹង ធ្វើឱ្យអ្នកស្រីត្រូវតែពឹងផ្អែកលើលោក Thaksin ជាឪពុក»។ តែយ៉ាងណាក៏ដោយ ការគំាទ្រពីគណបក្សអភិរក្សនិយមធំៗ ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អ្នកស្រី បានឱ្យសញ្ញាខ្លះៗថាកិច្ចព្រមព្រៀងមួយដែលបើកផ្លូវឱ្យលោក Thaksin ត្រឡប់ចូលស្រុកវិញ គឺនៅតែដំណើរការនៅឡើយ ក្នុងពេលដែលក្រុមអ្នកអភិរក្សនិយម ស្មោះស្ម័គ្រនឹងក្សត្រថៃ នៅតែត្រូវការរួមដៃជាមួយបក្សភឿថៃ ក្នុងការរារាំងកុំឱ្យអតីតគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជន និងដែលមានទំនោរចង់ធ្វើកំណែទម្រង់យោធា រួមទាំងការកែច្បាប់ប្រមាថព្រះចេស្ដា ឡើងដឹកនាំប្រទេស។

«ការតែងតាំងអ្នកស្រី Paetongtarn និងការគាំទ្រពីក្រុមចម្រុះបានបង្ហាញកិច្ចព្រមព្រៀងដ៏ផុយស្រួយរវាងគណបក្សភឿថៃ និងក្រុមអ្នកអភិរក្សនិយម នៅតែដំណើរការ យ៉ាងណោចណាស់ ក្នុងពេលឥលូវ។ ប៉ុន្តែ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់អ្នកស្រី នឹងមិនអាចបិទបញ្ចប់ហានិភ័យអស្ថិរភាពនយោបាយ នៅក្នុងប្រទេសថៃ បានឡើយ»។ នេះជាការយល់ឃើញរបស់លោក Peter Mumford ជាអ្នកជំនាញផែ្នកកិច្ចការតំបន់អាស៊ីអាគ្នេយ៍មកពីអង្គការ Eurasia Group។

ដូច្នេះថាតើអ្នកស្រី Paetongtarn អាចនឹងមានវាសនាដូចជាឪពុក និងម្ដាយមីង ដែរឬក៏យ៉ាងណា វាគឺជារឿងមួយដែលគេពិបាកស្មានទុកមុន។ ប៉ុន្តែអ្វីដែលគេអាចរង់ចាំ អ៊ុតមើល នោះគឺថាតើកិច្ចព្រមព្រៀងរវាងលោក Thaksin និងក្រុមអ្នកភិរក្សនិយមដែលអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះត្រឡប់ចូលស្រុកវិញ ដើម្បីរារាំងកុំឱ្យ អតីតគណបក្ស​ Move Forward ឡើងកាន់អំណាចដឹកនាំប្រទេសនឹងមានសុពលភាពយូរប៉ុនណា? ណាមួយ លោក Thaksin ក៏មិនទាន់មានសុវត្ថិភាពនោះដែរ ដ្បិត លោកត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីខែមិថុនាកន្លងទៅ ក្រោមបទចោទប្រមាថព្រះមហាក្សត្រ។

បទចោទនេះអាចឱ្យលោក Thaksin ត្រូវប្រឈមមុខនឹងការវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ ប្រសិនបើលោកហ៊ានចូលរួមជាមួយគណបក្សប្រឆាំង គឺគណបក្សប្រជាជន ឬ People’s Party (អតីតគណបក្ស Move Forward)។ ក្រុមអ្នកវិភាគបានហៅការចោទប្រកាន់ប្រឆាំងលោក Thaksin ជាសញ្ញាមួយបង្ហាញក្រុមអ្នកអភិរក្សនិយម កំពុងអស់ភាពអត់ធ្មត់ជាមួយនឹងរូបលោក៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង