Grand News Asia Close

សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីថ្លែងការណ៍ អំពាវនាវសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច នាំឲ្យជាតិបែកបាក់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 427

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន។
តាមរយៈចេញសេចក្តីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ មានខ្លឹមសារដូចខាងក្រោម៖
«ថ្មីៗនេះ ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងមួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុស ឲ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្រោមការប្រឌិតលេសចោទប្រកាន់ពាក់ព័ន្ធបញ្ហានឹងបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏មានក្រុមជនអគតិមួយចំនួនទៀត ឆ្លៀតឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូ ដែលខ្ញុំព្រះករុណាខ្ញុំ បានថ្លែងក្នុងព្រឹត្តិការណ៍សាធារណៈនានា នាពេលកន្លងមកនៅក្នុងនីតិកាលមុនៗ នៃរដ្ឋសភាមកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឲ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើជំហររបស់ខ្ញុំព្រះករុណាខ្ញុំ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។
វិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសធ្លាប់បានប្រើប្រាស់ច្រើនលើកច្រើនសារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចបានគូសបញ្ជាក់ខាងលើ។
យើងតែងកត់សម្គាល់ឃើញថា ក្នុងដំណើរវិវត្តនៃនយោបាយកម្ពុជា ពីមួយដំណាក់កាលទៅមួយដំណាក់កាល មជ្ឈដ្ឋានប្រឆាំងទាំងនោះ តែងឆ្លៀតឱកាសកេងចំណេញនយោបាយដោយព្យាយាមប្រឌិតព្រឹត្តិការណ៍នានា ដើម្បីទាញការចាប់អារម្មណ៍ និងធ្វើប្រជាភិថុតលើបញ្ហាផ្សេងៗ ដូចជា បញ្ហាព្រំដែនជាមួយប្រទេសជិតខាង, បញ្ហាសិទ្ធិមនុស្ស, បញ្ហាសិទ្ធិការងារ, សហជីព, និងអង្គការសង្គមស៊ីវិល ជាដើម ក្នុងគោលដៅបង្កភាពវឹកវរក្នុងសង្គម និងបន្សាបប្រសិទ្ធភាពការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ទោះបីប្រឈមមុខនឹងព្រឹត្តិការណ៍ទាំងនេះយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ភាពចាស់ទុំខាងនយោបាយ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់ខ្លួន ដោយបានជម្នះឧបសគ្គរាប់មិនអស់នៅក្នុងសមរភូមិនយោបាយ និងបន្តរក្សាបានយ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ហើយខ្ញុំព្រះករុណាខ្ញុំផ្ទាល់បានចូលរួម ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំមកហើយ បម្រើក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។
ចំពោះការវិវត្តចុងក្រោយ ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការកសាងព្រែកជីកហ្វូណនតេជោ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូនថា ខ្ញុំព្រះករុណា ខ្ញុំក៏បានចូលរួមចំណែកក្នុងដំណើរការអនុវត្ត និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំកិច្ចការទាំងនេះ ជាមួយថ្នាក់ដឹកនាំកំពូល និងឥស្សរជនដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិមុនៗ ហើយខ្ញុំព្រះករុណាខ្ញុំក៏នៅតែបន្តគាំទ្រចំពោះសមិទ្ធផល និងគម្រោងប្រវត្តិសាស្ត្រទាំងនេះជាបន្តទៀត។
ដូចធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសាររួចមកហើយ ជំហររបស់ខ្ញុំព្រះករុណា ខ្ញុំចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ។ ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តចូលរួម និងគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលបានដាក់ចេញក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
ក្នុងស្មារតីនេះ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់។
ខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមានជំនឿទុកចិត្ត និងគាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឲ្យបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាជាតិ និងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយខ្ញុំព្រះករុណា ខ្ញុំសូមគាំទ្រការប្រើវិធានការច្បាប់ម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប»៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សម្តេចក្រឡាហោម ស ខេង៖

អត្ថបទទាក់ទង