Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីផ្ទុះកុបកម្មយ៉ាងហិង្សា នៅចក្រភពអង់គ្លេស ហើយនរណានៅពីក្រោយកុបកម្មនេះ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ English ទស្សនៈ-នយោបាយ ព័ត៌មានអន្តរជាតិ 330
វិភាគអន្តរជាតិ៖ ហេតុអ្វីផ្ទុះកុបកម្មយ៉ាងហិង្សា នៅចក្រភពអង់គ្លេស ហើយនរណានៅពីក្រោយកុបកម្មនេះ? វិភាគអន្តរជាតិ៖ ហេតុអ្វីផ្ទុះកុបកម្មយ៉ាងហិង្សា នៅចក្រភពអង់គ្លេស ហើយនរណានៅពីក្រោយកុបកម្មនេះ?

(ឡុងដ៍)៖ កុបកម្មដ៏ហិង្សា បានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ នៅឯបាតុកម្មតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍នៅតាមតំបន់ និងទីក្រុងជាច្រើននៅទូទាំងចក្រភពអង់គ្លេស រហូតដល់បង្កទៅជា ការវាយប្រហារពីសំណាក់ក្រុមកុបករស្ដាំនិយមជ្រុលលើទីស្នាក់ការសម្រាប់ជនភៀសខ្លួន និងវិហារអ្នកកាន់សាសនាអ៉ីស្លាម។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីកុបកម្ម នៅចក្រភពអង់គ្លេស៖

* ហេតុអ្វីបានជាផ្ទុះការតវ៉ា?
កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ក្មេងស្រី ៣នាក់មានអាយុចន្លោះពី៦ ដល់៩ឆ្នាំ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារមួយ នៅឯព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក Taylor Swift សម្រាប់កុមារ នៅក្នុងទីក្រុង Southport ស្ថិតនៅភាគខាងជើងប្រទេសអង់គ្លេស។ ក្មេងៗ៨នាក់ផ្សេងទៀត និងមនុស្សវ័យជំទង់២នាក់ក៏បានរងរបួសផងដែរ។ ប៉ូលិសអង់គ្លេសបានឃាត់ខ្លួន បុរសម្នាក់មានអាយុ១៧ឆ្នាំ។ តែក្នុងពេលជាមួយគ្នា ព័ត៌មានក្លែងក្លាយត្រូវបានចែកចាយយ៉ាងព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គមថាជនសង្ស័យរូបនេះគឺជាជនអន្តោប្រវេសន៍មូស្លីម ឬអ្នកកាន់សាសនាអ៉ីស្លាម។ ព័ត៌មានក្លែងក្លាយនេះឯងបានបង្កទៅជាការស្អប់ខ្ពើម និងអំពើហិង្សាប្រឆាំងមូស្លីមក្នុងទីក្រុង Southport រួមទាំងការព្យាយាមវាយប្រហារលើវិហារអ៉ីស្លាមទៀតផង។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។ ប៉ូលិសវិញបាននិយាយថាជនសង្ស័យរូបនេះកើតនៅក្នុងចក្រភពអង់គ្លេស និងមិនបានចាត់ទុកការវាយប្រហាររបស់ ជននេះថាជាអំពើភេរវកម្មនោះដែរ។

* តើកុបកម្មបានផ្ទុះឡើងនៅទីណាខ្លះ?
មួយថ្ងៃក្រោយភាពរំជើបរំជួលបានកើតឡើងក្នុងទីក្រុង Southport មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស Downing Street ក្នុងទីក្រុងឡុងដ៍ ហើយមនុស្សច្រើនជាង ១០០នាក់ត្រូវបានចាប់ខ្លួន ក្រោយមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស។ ចាប់តាំងពីពេលនោះ មានកុបកម្មបានផ្ទុះឡើងច្រើនជាង ២០កន្លែង ក្នុងចក្រភពអង់គ្លេស រាប់ចាប់ពី ទីក្រុង Sunderland នៃភាគខាងជើងអង់គ្លេស និងទីក្រុង Manchester នៃភាគពាយព្យ រហូតដល់ទីក្រុង Plymouth នៃភាគនិរតី និងទីក្រុង Belfast និងអ៊ែរឡង់ខាងជើង។ ភាគច្រើននៃកុបករ បានចូលរួមក្នុងសកម្មភាពប្រឆាំងនឹងជនអន្តោប្រវេសន៍ និងមូស្លីម ព្រមទាំងបានដុតបំផ្លាញរថយន្ដប៉ូលិស គប់ដប និងដុំថ្មជាដើមទៅលើវិហារអ៉ីស្លាម និងមន្ត្រីប៉ូលិស។ ហាងទំនិញក្នុងនោះរួមមាន ទាំងហាងដែលមានម្ចាស់ជាជនជាតិអាស៊ីក៏រងការបំផ្លិចបំផ្លាញ ឬត្រូវបានលួចប្លន់ដោយជនឆ្លៀតឱកាស។

នៅឯទីក្រុង Rotherham ភាគខាងជើងអង់គ្លេស សណ្ឋាគារមួយកន្លែងដែលមានជនអន្តោប្រវេសន៍ស្នាក់បានរងការវាយប្រហារ។ មនុស្សប្រហែលជា ៤០០នាក់ ត្រូវបានចាប់ខ្លួន និងមនុស្ស ១២០នាក់ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងកុបកម្ម ចាប់តាំងពីកុបកម្មតវ៉ាដ៏ហិង្សាផ្ទុះឡើងមក។

* តើនរណាជាអ្នកនៅពីក្រោយកុបកម្ម?
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាអំពើហិង្សាប៉ុន្មានថ្ងៃមកនេះ បង្កឡើងដោយក្រុមស្ដាំនិយមជ្រុល។ ក្រុមសកម្មជនប្រឆាំងមូស្លីម និងជនអន្តោប្រវេសន៍ តួយ៉ាងដូចជា លោក Stephen Yaxley-Lennon ឬគេស្គាល់ថា Tommy Robinson បានជួយជំរុញបាតុកម្មនៅលើប្រព័ន្ធអនឡាញ ហើយត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយថាជា អ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដុតបញ្ឆេះឱ្យមានអំពើហិង្សា។ ប៉ុន្តែ លោក Robinson បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយវិញថាបាននិយាយកុហកពីរូបលោក។ ដោយឡែក ក្រុមហ៊ុនបណ្ដាញ ទំនាក់ទំនងសង្គមវិញ ត្រូវបានរដ្ឋាភិបាលអង់គ្លេសចោទថាមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានមិនពិតនោះទេ។ បើតាមប៉ូលិសអ្នកដែលមានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នា ភាគច្រើនជាក្រុមស្ដាំនិយមជ្រុលមកពីខាងក្រៅសហគមន៍របស់ពួកគេ តែក៏មានក្រុមស្ដាំនិយមជ្រុលក្នុងមូលដ្ឋានផងដែរ។

* តើរដ្ឋាភិបាលអង់គ្លេស កំពុងដោះស្រាយបែបណា?
ដើម្បីលុបបំបាត់ភាពចលាចល លោក Starmer ព្រមានថា ក្រុមកុបករនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងពេញទី។ ពន្ធនាគារជិត៦០០កន្លែងបានបើកទ្វារស្វាគមន៍ត្រៀមរួចជាស្រេច ខណៈបុរសជនជាតិអង់គ្លេសម្នាក់មានអាយុ ៥៨ឆ្នាំ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំពីបទប្រពឹ្រត្តអំពើហិង្សា ដោយតុលាការ Liverpool Crown Court នៅថ្ងៃពុធ ទី៧ ខែសីហានេះ។ នេះគឺជាការកាត់ទោស លើកដំបូងបំផុតចាប់តាំងពីផ្ទុះកុបកម្មមក។ រដ្ឋាភិបាលអង់គ្លេសក៏បានសន្យាដែរថា នឹងមិនត្រឹមតែតាមប្រមាញ់ក្រុមកុបករប៉ុណ្ណោះ តែក៏នឹងបង្ក្រាបអ្នកដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បី សាបព្រោះព័ត៌មានក្លែងក្លាយបង្កឱ្យមានចលាចលផងដែរ។ ជាក់ស្ដែង បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ពាក្យពេចន៍គំរាមកំហែង និងប្រកាន់អាកប្បកិរិយារើសអើងពូជសាសន៍លើ​​ Facebook។

ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀតក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ពីបទបង្ក ចលាចលក្នុងទីក្រុង Liverpool កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បុរសទាំង២នាក់នេះម្នាក់មានឈ្មោះថា លោក Declan Geiran អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារសរុប ៣០ខែ ខណៈម្នាក់ទៀតឈ្មោះ Liam Riley អាយុ៤១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីវិទ្យាសាស្ត្រអង់គ្លេស លោក Peter Kyle បានជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន TikTok, Meta, Google និងក្រុមហ៊ុន X (Twitter) ដើម្បីពង្រឹងការបញ្ជូនថាក្រុមហ៊ុនទាំងអស់នេះក៏មានចំណែកទទួលខុសត្រូវដែរ ដើម្បីបញ្ឈប់ការញុះញង់ និងការចែកចាយព័ត៌មានមិនពិត៕

ប្រភពព័ត៌មាន Fresh News

  

អត្ថបទទាក់ទង