Grand News Asia Close

សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 830

CMF:

ជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ទាំងអស់!

ដំបូង ខ្ញុំសូមធ្វើការអរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលរាជធានីខេត្តទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ដែលមាន នគរបាល និងកងរាជអាវុធហត្ថ ដែលបានអនុវត្ដបានល្អនូវវិធានការបង្រ្កាបនូវក្មេងទំនើង ក្រុមដាវសាម៉ូរ៉ៃកាប់ចាក់គ្នា បង្កហានិភ័យដល់ខ្លួន និងសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម។ ទោះបីជាបន្តនៅមាន​ក្រុម(ដែលប្រព្រឹត្តដូច)នេះ ប៉ុន្ដែមានការថមថយ។ សូមបន្ដអនុវត្ដឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម សង្កត់ក្រុមដាវ​សាម៉ូរ៉ៃ និងក្រុមក្មេងកាប់ចាក់គ្នាឲ្យបានបន្ដទៀតដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយជាមួយគ្នានេះ (ក៏មាន)បទល្មើសក្មេងទំនើងមួយប្រភេទទៀតគឺការបង្ហោះម៉ូតូជាសាធារណៈ បានកើតមាន។

កន្លងទៅសមត្ថកិច្ចនៅតាមបណ្តារាជធានីខេត្តបានអនុវត្តវិធានការរដ្ឋបាលជាច្រើន និងច្រើនរូបភាព ដែលយើងបានឃើញនៅតាមបណ្តាញសង្គម តាមទូរទស្សន៍ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ ដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូនៅតាមទីសាធារណៈ ខ្ញុំសូមឲ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចបង្កើនវិធានការរដ្ឋបាលឃាត់ម៉ូតូរយៈពេល ៣ខែ ចំពោះការប្រព្រឹត្តបទល្មើសលើកទី១ និង ៦ខែ បើសិនជាមិនរាងចាល ហើយនៅប្រព្រឹត្តបទល្មើសបន្តទៀតជាលើកទី ២ ។

សមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិ/ម៉ូតូ ដែលដកហូតនេះឲ្យបានល្អ ធ្វើលិខិត ផ្តល់ការធានា និងប្រគល់ម៉ូតូនេះ ត្រឡប់ទៅឲ្យសាមីខ្លួន និងក្រុមគ្រួសារវិញនៅពេលវិន័យរដ្ឋបាលត្រូវបានបញ្ចប់។ ខ្ញុំសង្ឃឹមថាការដាក់ចេញនូវវិធានការថ្មីនេះ នឹងចូលរួមនៅក្នុងការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមមូលដ្ឋាន ព្រោះថាបើចូលចិត្តបង្ហោះម៉ូតូគឺត្រូវប្រឈមនឹងការអត់មានអីជិះមួយរយៈ។ អញ្ចឹង ក្នុងពេលនេះគឺពួកគាត់មិនអាចបង្ហោះបានទេម៉ូតូ។

ទី២ ការកាត់បន្ថយការបង្ហោះម៉ូតូបែបនេះក៏នឹងចូលរួមនៅក្នុងការថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ហើយកាត់បន្ថយនូវហានិភ័យដែលអាចនាំឲ្យមានគ្រោះថ្នាក់ដោយសារការបង្ហោះម៉ូតូនេះទៅដល់អ្នកដទៃ និងអ្នកបង្ហោះម៉ូតូខ្លួនឯង។ កន្លងទៅគឺមានករណីដែលបង្ហោះម៉ូតូទៅបុកអ្នកផ្សេងរហូតដល់បាត់បង់ជីវិត ហើយពេលខ្លះគឺមានការដួលខ្លួនឯងរបួសស្នាម និងមានបាត់បង់ជីវិតផងដែរ។

ខ្ញុំសូមការយោគយល់អំពីសំណាក់មាតាបិតា ឬអាណាព្យាបាល នៅពេលដែលសមត្ថកិច្ចអនុវត្តវិធានការនេះចំពោះកូនចៅរបស់ខ្លួនដែលបានបង្ហោះម៉ូតូ ដោយដកហូតទៅរក្សាទុកក្នុងរយៈពេល ៣ខែ ឬ ៦ខែទៅតាមការប្រព្រឹត្តបទល្មើសលើកទី១ ឬលើកទី២។ ខ្ញុំសូមឲ្យអាណាព្យាបាល ក៏ដូចជាមាតាបិតាចូលរួមអប់រំណែនាំឲ្យកូន/ក្មួយអ្នកនៅក្នុងបន្ទុករបស់ខ្លួន កុំបង្ហោះម៉ូតូដែលនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជាបង្កនូវការរំខានដល់សណ្តាប់ធ្នាប់សង្គម។ ខ្ញុំសូមឯកឧត្តម លោកជំទាវ អភិបាលនៃគណអភិបាលរាជធានីខេត្ត ប្រគល់ភារកិច្ចជូនស្នងការនគរបាលរាជធានីខេត្ត អាវុធហត្ថរាជធានីខេត្ត ដើម្បីអនុវត្តនូវបទបញ្ជានេះឲ្យបានម៉ឹងម៉ាត់ដើម្បីចូលរួមទប់ស្កាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមអរគុណ៕

អត្ថបទទាក់ទង