Grand News Asia Close

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 246
ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សូមជំរាបថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល ជា អត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង តែ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។
តាមរយៈអនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រ សិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណ វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ សូន រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈ រដ្ឋ បាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវ ជ្រាវ វប្ប ធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន បណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្ន កំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយ ជាគ្រូកំពុងបង្ហាត់ បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។
ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៤ ខែឧសភា នេះ មានចំនួន ៨៨៨នាក់ ( នារី ៣៨៦នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជន ពិការ (ថ្លង់) បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២០-២០២១ និង២០២១ -២០ ២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និងអារ្យធម៌ បូព៌ា ប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។ បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា ២០ ២២ -២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាល និស្សិ ត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩ ៤នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។
ផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុង នោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈថ្មី និង ជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។ កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះ បឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លាន ដុល្លារ។ អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយ ប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣ បន្ទប់ ។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤ គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារ សាងសង់ អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។ ចំណែកផ្ទៃដីទំហំជិត១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណ រដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។ មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដ សាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ៕

#អរគុណសន្តិភាព
#ប្រគល់សញ្ញាបត្រ #វទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

 

អត្ថបទទាក់ទង