Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 231
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខកម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌឱ្យសក្ដិសមទៅនឹងទង្វើអ្នកដែលប្រព្រឹត្តខុស។

លើកឡើងនៅលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់សម្ដេចធិបតី បន្ទាប់ពីសម្ដេចបានបង្ហាះសារទាក់ទងនឹងករណីនៃបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះឱ្យបានម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។

ក្រោយពីបានបង្ហោះសារនេះមក សម្ដេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara បានបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលសម្ដេចផ្ទាល់ ពិនិត្យឃើញថា យោបល់របស់ Vongchan Reaksmeidara នេះ មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។

សម្ដេចធិបតី បានបន្ដថា ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្ដេចធិបតី បានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សានិងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា «យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ឬបញ្ញត្តិ បានចែងជាធរមាននោះទេ ប៉ុន្តែទៅថ្ងៃអនាគតយើងអាចធ្វើវិសោធនកម្មច្បាប់ទាំងនោះបាន ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់ដាក់បន្ទុកទៅលើអ្នកដែលប្រព្រឹត្តខុសបែបនេះ»៕

អត្ថបទទាក់ទង