Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ជាអំពើប្រល័យពូជសាសន៍ មែនឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 270
វិភាគអន្តរជាតិ៖ តើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ជាអំពើប្រល័យពូជសាសន៍ មែនឬ? វិភាគអន្តរជាតិ៖ តើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ជាអំពើប្រល័យពូជសាសន៍ មែនឬ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខការពារអ៉ីស្រាអែលពេញទំហឹង ដោយនិយាយថាកងកម្លាំងអ៉ីស្រាអែលមិនមែនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សានោះទេ។ ថ្លែងនៅឯព្រឹត្តិការណ៍ Jewish American Heritage Month រៀបចំឡើងកាលពីថ្ងៃទី២០ ខែឧសភា នៅ សេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជាអំពើប្រល័យពូជសាសន៍នោះទេ។ យើងសូមបដិសេធចំពោះរឿងនេះ»។

លោកបានបន្ថែមថាលោកផ្ទាល់យល់ថាអ៉ីស្រាអែលជាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសដែលបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួន មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង ហើយថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសុវត្ថិភាព និងសន្តិសុខរបស់អ៉ីស្រាអែល គឺមានភាពរឹងមាំជានិច្ច។ «យើងឈរជាមួយអ៉ីស្រាអែល ដើម្បីកម្ចាត់មេដឹកនាំហាម៉ាស Yahya Sinwar និងពេជ្ឈឃាដសេសសល់របស់ហាម៉ាស។ យើងចង់ឱ្យហាម៉ាសបរាជ័យ។ យើងកំពុងធ្វើការជាមួយអ៉ីស្រាអែលដើម្បីសម្រេចគោលដៅ ទាំងនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ចូ បៃដិន។

ការកត់សម្គាល់របស់លោក បៃដិន ធ្វើឡើងក្នុងថ្ងៃតែមួយដែលរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និងមេដឹកនាំហាម៉ាស លោក Yahya Sinwar រួមទាំងមេដឹកនាំហាម៉ាស ២នាក់ទៀត ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្ម សង្រ្គាម ព្រមទាំងចំពេលអ៉ីស្រាអែលកំពុងតតាំងក្ដីនៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញបណ្ដឹងរបស់អាហ្វ្រិកខាងត្បូងដែលចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ ដូច្នេះតើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សាពិតជាមិនមែនអំពើប្រល័យពូជសាសន៍ដូចដែលលោក បៃដិនបានអះអាងមែនដែរ ឬក៏យ៉ាងណា?

* អ្វីទៅជាអំពើប្រល័យពូជសាសន៍?
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការបង្ការ និងទារុណកម្មនៃបទឧក្រិដ្ឋប្រល័យពូជសាសន៍ បានកំណត់និយមន័យថា អំពើប្រល័យពូជសាសន៍គឺជាអំពើដែលត្រូវបានប្រព្រឹត្តឡើងក្នុង គោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយ។ អំពើដែលត្រូវបានចាត់បញ្ចូលជាអំពើប្រល័យពូជសាសន៍ មានដូចជា៖

១. ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម
២. ការធ្វើឱ្យរងរបួសធ្ងន់ធ្ងរដល់រូបរាងកាយ និងសតិបញ្ញាសមាជិកនៃក្រុម
៣. ការប្រព្រឹត្តដោយចេតនាឱ្យក្រុមមួយទទួលរងនូវស្ថានភាពរស់នៅមួយ ដែលរៀបចំឡើងសម្រាប់ការបំផ្លិចបំផ្លាញរាងកាយទាំងស្រុង ឬមួយផ្នែក
៤. ការដាក់ចេញនូវវិធានការដែលមានបំណងរារាំងមិនឱ្យមានការផ្ដល់កំណើតទារក
៥. ការបញ្ជូនកុមារដោយបង្ខំពីក្រុមមួយ ទៅក្រុមមួយទៀត។

ប៉ុន្តែ ក្រុមអ្នកជំនាញបាននិយាយថាការកំណត់និយមន័យតាមផ្លូវច្បាប់ គឺមានការលំបាក ដោយសារតែចំណុចចាប់ផ្ដើមដើម្បីបញ្ជាក់ពីចេតនានៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ គឺជារឿង ស្មុគស្មាញជាទីបំផុត។ «ម្យ៉ាងគេត្រូវបញ្ជាក់ថាអ្នកប្រព្រឹត្តមិនមែនត្រឹមតែធ្វើសកម្មភាពប៉ុណ្ណោះ តែត្រូវបញ្ជាក់ថាពួកគេបានធ្វើសកម្មភាពដោយមានចេតនាជាក់លាក់ដើម្បីបំផ្លាញក្រុមមួយ»។ នេះជាការលើកឡើងរបស់លោក Ernesto Verdeja ជាសាស្ត្រាចារ្យម្នាក់ឯកទេសខាងអំពើប្រល័យពូជសាសន៍ មកពីសាកលវិទ្យាល័យ University of Notre Dame។

លោក Verdeja បន្តទៀតថាក្រុមអ្នកវិទ្យាសាស្ត្រសង្គមជាច្រើនបានឱ្យនិយមន័យ អំពើប្រល័យពូជសាសន៍ក្នុងន័យទូលំទូលាយ។ តាមអ្នកជំនាញរូបនេះ និយមន័យតាមផ្លូវច្បាប់ សព្វថ្ងៃមាន លក្ខណៈចង្អៀតជាមួយការកំណត់ជនរងគ្រោះដូចជា ក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយ។ តែមិនបានរាប់បញ្ចូលអ្នកដែលត្រូវបានកំណត់គោលដៅ ដោយសារតែស្ថានភាព សង្គមសេដ្ឋកិច្ច ឬអត្តសញ្ញាណនយោបាយរបស់ពួកគេឡើយ។ ម្យ៉ាងវិញទៀត ក៏មានផងដែរការកំណត់និយមន័យអំពើប្រល័យពូជសាសន៍ដោយផ្តោតលើការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ និងសកម្មភាពប្រឆាំងនឹងប្រជាជនមួយ។ ជាឧទាហរណ៍៖ មនុស្សជាច្រើនតែងតែលើកឡើងពី Holocaust ឬការប្រល័យពូជសាសន៍ជនជាតិជ្វីហ្វនៅអឺរ៉ុបក្នុងសម័យសង្រ្គាមលោកលើកទី២ មកធ្វើជាឧទាហរណ៍ បើទោះជាផ្អែកលើនិយមន័យទូលំទូលាយ អំពើប្រល័យពូជសាសន៍ធ្លាប់បានកើតឡើងជាច្រើនលើក ដូចជានៅប្រទេស Rwanda និង Guatemala ក៏ដោយ។

* តើអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍?
លោក Raz Segal ជានាយកម្មវិធីស្ដីពីការសិក្សាអំពីអំពើប្រល័យពូជសាសន៍មកពីសាកលវិទ្យាល័យ Stockton (Stockton University) បាននិយាយថាវាពិតជាមានធាតុផ្សំដែលអាចយក មកធ្វើជាឧទាហរណ៍នៃអំពើប្រល័យពូជសាសន៍។ លោក Segal ជឿជាក់ថាកងកម្លាំងអ៉ីស្រាអែលបានប្រព្រឹត្តសកម្មភាពប្រល័យពូជសាសន៍ចំនួន៣ ក្នុងនោះរួមមានការកាប់សម្លាប់ ការធ្វើឱ្យ រងរបួសធ្ងន់ធ្ងរដល់រូបរាងកាយ និងការដាក់ចេញនូវវិធានការដែលត្រូវបានគិតទុកជាមុនដើម្បីបង្កការបំផ្លិចបំផ្លាញក្រុមមួយ។ អ្នកជំនាញរូបនេះធ្វើការកត់សម្គាល់បែបនេះដោយសំអាងលើ កម្រិតបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ និងការបិទខ្ទប់ទាំងស្រុងលើវត្ថុទ្រទ្រង់ជីវិតជាមូលដ្ឋានដូចជា ទឹក ចំណីអាហារ ឥន្ធនៈ ថ្នាំ ឬបរិក្ខារពេទ្យ យកធ្វើជាភស្ដុតាង។

លើសពីនេះទៅទៀត តាមលោក Segal ថ្នាក់ដឹកនាំអ៉ីស្រាអែលថែមទាំងធ្លាប់លើកឡើងជាក់ស្ដែង និងច្បាស់ៗពីចេតនាទៀតផង។ តួយ៉ាងក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍មួយអំឡុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog បានលើកឡើងថាប្រជាជនប៉ាឡេស្ទីនគឺជាអ្នកទទួលខុសត្រូវចំពោះសកម្មភាព វាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល។ លោក Herzog បានគូសបញ្ជាក់នៅពេលនោះដូច្នេះថា «គឺជាជាតិមួយទាំងមូល (ប៉ាឡេស្ទីន) ដែលត្រូវទទួលខុសត្រូវ។ ការនិយាយថាជនស៊ីវិលមិនបានដឹង មិនជាប់ពាក់ព័ន្ធ គឺជារឿងមិនពិតទាល់តែសោះ។ ពួកគេ (ប្រជាជនប៉ាឡេស្ទីន) គួរណាស់តែងើបឡើងប្រឆាំងនឹងរបបបិសាច (ក្រុមហាម៉ាស) ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា ក្នុងការធ្វើរដ្ឋប្រហារមួយ»។

ប៉ុន្តែ ក្រោយមក នៅពេលត្រូវបានអ្នកសារព័ត៌មានសួរបញ្ជាក់ លោក Herzog បែរជាឆ្លើយថាលោកមិនបានដាក់បន្ទុកឱ្យជនស៊ីវិលក្នុងតំបន់ហ្កាហ្សា ទទួលខុសត្រូវចំពោះការទុកឱ្យហាម៉ាស កាន់កាប់តំបន់ហ្កាហ្សានោះទេ។ លោក Segal បាននិយាយថាភាសារបស់លោក Herzog មានន័យថាស្មើនឹងការចាត់បញ្ចូលប្រជាជនប៉ាឡេស្ទីនទាំងមូលជា «សត្រូវ» ហើយដែលនេះអាច បញ្ជាក់បានពីចេតនា។ ស្រដ្រៀងគ្នាទៅនឹងលោក Segal ដែរ លោកស្រី Victoria Sanford បានប្រៀបធៀបអ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា ទៅនឹងការសម្លាប់ ឬការបាត់ខ្លួនរបស់ ជនជាតិ Mayans ជាង ២០០ ០០០នាក់ នៅក្នុងប្រទេស Guatemala ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩៦ ដែលគេស្គាលជាទូទៅថា អំពើប្រល័យពូជសាសន៍ ឬ Guatemalan genocide។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក មានមនុស្សជាង ៣៥ ៦៤៧នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារត្រូវបាន សម្លាប់ និង៧៩ ៨៥២នាក់ផ្សេងទៀតរងរបួស ដោយសារតែការវាយប្រហាររបស់កងកម្លាំងអ៉ីស្រាអែល។ តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្លាប់បាននិយាយថា ជិតពាក់កណ្ដាលនៃចំនួនអ្នកស្លាប់ ក្នុងសង្រ្គាមហ្កាហ្សា គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស ដោយលោកនៅតែរក្សាជំហរថាចំនួនជនស៊ីវិលស្លាប់ ក្នុងសង្គ្រាមនេះមានតិចជាងតួលេខដែលផ្ដល់ដោយ ក្រុមមន្ត្រីហ្កាហ្សា។ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថាចំនួនអ្នកស្លាប់ក្នុងតំបន់ហ្កាហ្សាមានប្រហែល ៣០ ០០០នាក់ ហើយមានជិតពាក់កណ្ដាលនៃអ្នកស្លាប់គឺជាក្រុមអ្នកប្រយុទ្ធហាម៉ាស៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង