Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល និងហាម៉ាស អាចពន្យារបទឈប់បាញ់បានយូរប៉ុនណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 213
វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល និងហាម៉ាស អាចពន្យារបទឈប់បាញ់បានយូរប៉ុនណា? វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល និងហាម៉ាស អាចពន្យារបទឈប់បាញ់បានយូរប៉ុនណា?

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ អ៉ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមលើការពន្យារបទឈប់បាញ់រយៈពេល ២ថ្ងៃបន្ថែមពី លើបទឈប់បាញ់ដែលមានស្រាប់រយៈពេល៤ថ្ងៃ ដែលបានចូលជាធរមានកាលពីសុក្រសប្ដាហ៍មុន ដើម្បីដោះដូរចំណាប់ខ្មាំង ជាមួយជនជាតិប៉ាឡេស្ទីន ជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល និងបើកផ្លូវបង្កើនការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលក្នុងតំបន់ហ្កាហ្សា។ តួអង្គអន្តរជាតិសំខាន់ បាន និងកំពុង ប្រឹងប្រែងស្វែងរកការពន្យារបទឈប់បាញ់បន្ថែម ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើដំណើរទស្សនិច្ចសាជាថ្មីទៅកាន់ អ៉ីស្រាអែល រីឯប្រមុខចារកម្មអ៉ីស្រាអែល Mossad លោក David Barnea បានធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីជួបចរចាជាមួយក្រុមហាម៉ាស និងរដ្ឋាភិបាលកាតា។

កិចពិភាក្សាថ្មីនេះត្រូវបានរាយការណ៍ថាផ្តោតជាសំខាន់លើការដោះលែងចំណាប់ខ្មាំងជាទាហានអ៉ីស្រាអែល។ ប៉ុន្តែ សញ្ញានានាដែលគេកំពុងឃើញគឺថា បទឈប់បាញ់សព្វថៃគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ រីឯយោធាអ៉ីស្រាអែលវិញក៏កំពុងត្រៀមបើកប្រតិបត្តិការយោធាបោសសម្អាតផ្នែកសេសសល់នៅ ភាគខាងជើងតំបន់ហ្កាហ្សា ឬក៏អាចបើកការឈ្លានពានបន្ថែមលើតំបន់ភាគខាងត្បូងហ្កាហ្សា។ កាលពីថ្ងៃទី២៨ ខែវិច្ឆិក ទាហានអ៉ីស្រាអែល និងហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបទឈប់បាញ់ នៅក្នុងការផ្ទុះជម្លោះនឹងគ្នា ២លើកក្នុងទីក្រុងហ្កាហ្សា។ បន្ថែមពីលើនេះ ក៏មានសេចក្ដីរាយការណ៍ដែរថាសហរដ្ឋអាមេរិកបានជំរុញឱ្យអ៉ីស្រាអែលដឹកនាំប្រតិបត្តិការយោធាមានការប្រុងប្រយ័ត្នជាងមុន ក្នុងករណីការវាយប្រយុទ្ធ គ្នាផ្ទុះឡើងជាថ្មីនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយសេតវិមានមិនចង់ឃើញជនស៊ីវិលប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យជម្លៀសខ្លួនដូចដែលបានកើតឡើង នៅភាគខាងជើងតំបន់ហ្កាហ្សា ម្ដងទៀតនោះទេ។

ការដោះដូរចំណាប់ខ្មាំង ជាមួយអ្នកទោសជាជនជាតិប៉ាឡេស្ទីន រួមទាំងការពន្យារបទឈប់បាញ់ អាចធ្វើទៅបាន ប៉ុន្តែវានឹងមានតែចំណាប់ខ្មាំងណាដែល ក្រុមហាម៉ាស ឬក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃអាចដោះដូរបានតែប៉ុណ្ណោះ ហើយនេះមានន័យថាការវាយប្រយុទ្ធគ្នាអាចផ្ទុះឡើងវិញគ្រប់ពេល។ តាម បទឈប់បាញ់បច្ចុប្បន្ន ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងយ៉ាងហោច ១០នាក់ក្នុងមួយថ្ងៃ ដែលនេះអាចសន្មត់បានថាក្រុមហាម៉ាសនៅសល់ ចំណាប់ខ្មាំង ដើម្បីដោះដូររយៈពេល ១៧ថ្ងៃ។ ក៏ប៉ុន្តែ មិនមែនចំណាប់ខ្មាំងទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាសឡើយ ក្រោយការវាយប្រហារលើ អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលមានចំណាប់ខ្មាំងជាង ២៤០នាក់ត្រូវបានចាប់ពង្រត់ ដោយចំណាប់ខ្មាំងយ៉ាងហោច ៤០នាក់កំពុងស្ថិតក្នុងដៃ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀតដូចជា Palestinian Islamic Jihad (PIJ) ផងដែរ។ PIJ ធ្លាប់បាននិយាយថាពួកគេនឹងមិនដោះដូរចំណាប់ខ្មាំង នោះទេ រហូតទាល់តែជនជាតិប៉ាឡេស្ទីនទាំងអស់ត្រូវបានដោះលែងចេញពីពន្ធនាគារអ៉ីស្រាអែល។

ព្រមពេលជាមួយគ្នា ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ ក៏សមាជិកគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលភាគច្រើនលើសលប់ មិនគាំទ្រកិច្ចចរចាជាមួយក្រុម ហាម៉ាសនោះទេ ដ្បិតពួកគេចាត់ទុកថាការធ្វើបែបនេះមានន័យស្មើសុំចុះចាញ់ក្រុមហាម៉ាស។ ជាឧទាហរណ៍ ភា្លមៗក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា មេដឹកនាំគណបក្សប្រឆាំងអ៉ីស្រាអែល លោក Benny Gantz បានអះអាងថាប្រតិបត្តិការយោធានឹងចាប់ផ្ដើមឡើងវិញ នៅពេលបទឈប់អស់សុពលភាព។

ក៏ប៉ុន្តែ នៅពេលការវាយប្រយុទ្ធផ្ទុះឡើងជាថ្មីក្នុងតំបន់ហ្កាហ្សា សហរដ្ឋអាមេរិកអាចនឹងបង្កើនការដាក់សម្ពាធលើអ៉ីស្រាអែល ឱ្យប្រឹងប្រែងធ្វើយ៉ាងណា កាត់បន្ថយចំនួនជនស៊ីវិលស្លាប់ និងរងរបួស ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនជាង ១.៧លាននាក់ កំពុង រស់នៅ។ ក្នុងការទម្លាក់គ្រាប់បែកពីលើអាកាស និងការធ្វើសង្រ្គាមជើងគោករបស់អ៉ីស្រាអែលលើភាគខាងជើងតំបន់ហ្កាហ្សា បានបណ្ដាលឱ្យជនស៊ីវិល ស្លាប់ និងរងរបួសយ៉ាងសម្បើម រហូតដល់មានការចោទប្រកាន់ថាអ៉ីស្រាអែលកំពុងប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម។ ភាគខាងត្បូងតំបន់ហ្កាហ្សាវិញ មិនមាន ទីក្រុងធំៗដូចជាភាគខាងជើងនោះទេ ប៉ុន្តែមានប្រជាជនប៉ាឡេស្ទីនជាង ១.៧លាននាក់កំពុងស្នាក់នៅតាមបណ្ដោយព្រំដែនជាប់ជាមួយអេហ្ស៉ីប បន្ទាប់ពី ពួកគេភៀសខ្លួនចេញពីភាគខាងជើង។ ការប្រមូលផ្ដុំជនភៀសខ្លួនដ៏ច្រើនបែបនេះ នឹងបង្កការលំបាក ឬក៏វាមិនអាចទៅរួចឡើយក្នុងការការពារ និងកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ក្នុងករណីអ៉ីស្រាអែលបើកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំដូច ឬខ្លាំងជាងពេលកន្លងមក មុននឹងបញ្ជូន កងទ័ពថ្មើរជើងចូលភាគខាងត្បូងហ្កាហ្សា។

ក្នុងករណីនេះដែរ ប្រសិនបើអ៉ីស្រាអែលមិនចង់ ឬមិនអាចកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិលប៉ាឡេស្ទីនបានទេ នោះទំនាក់ទំនងរវាងអាមេរិក និងអ៉ីស្រាអែល អាចនឹងរងផលប៉ះពាល់អវិជ្ជមាន ជាពិសេសនៅក្នុងចំណោមសមាជិកសភាទាំង២ របស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាអ្នកប្រជាធិបតេយ្យ ដែលកំពុងបង្កើនការរិះគន់លើគោលនយោបាយរបស់អ៉ីស្រាអែល។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយត្រង់ៗថាការប្រយុទ្ធនឹងចាប់ផ្ដើមឡើងវិញ ជាមួយការវាយប្រហារដ៏មានថាមពលដូចដើម ឬលើសដើម ដោយមិនអាចបន្ធូរដៃនោះទេ។ ពីព្រោះ ថាការរឹតត្បិត ឬការបន្ធូរដៃ មានន័យថាអ៉ីស្រាអែលនឹងត្រូវពន្យារសង្រ្គាមរបស់ខ្លួនប្រឆាំងកម្ទេចក្រុមហាម៉ាស ដែលនេះមិនមែនជាប្រយោជន៍របស់ អ៉ីស្រាអែល។

ប៉ុន្តែ ការស្លាប់ និងរងរបួសនៅក្នុងចំណោមជនស៊ីវិល វានឹងបំផ្លាញមុខរបស់អ៉ីស្រាអែលនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងនៅសហរដ្ឋអាមេរិក ជាទី ដែលគំនិតរិះគន់គោលនយោបាយរបស់អ៉ីស្រាអែលកំពុងកើនឡើង ដែលនឹងនាំទៅរកការជជែកដេញដោលនៅក្នុងសភាអាមេរិកទាំង២ ស្ដីពីជំនួយសម្រាប់ អ៉ីស្រាអែល។ ខណៈសភាទាំង២ របស់សហរដ្ឋអាមេរិកទំនងជានឹងមិនរាំងខ្ទប់ការផ្ដល់ជំនួយដល់អ៉ីស្រាអែលក៏ពិតមែន ក៏ជាលក្ខណៈបុគ្គល សមាជិកសភា អាមេរិកនឹងបង្កើនការទាមទារឱ្យសេតវិមានប្រើប្រាស់ឥទ្ធិពលតាមរយៈជំនួយយោធា និងសេដ្ឋកិច្ច ដើម្បីការកែប្រែអាកប្បកិរិយាអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ការរិះគន់អ៉ីស្រាអែល ក្នុងសភាអាមេរិកក៏នឹងកើនឡើងដែរ ប្រសិនបើលោក ចូ បៃដិន ចង់បន្សាបការខឹងសម្បាររបស់សមាជិកសភាអាមេរិក និន្នាការឆ្វេង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤។

រឿងបែបនេះ បើកើតឡើងពិតមែន នោះវានឹងកែប្រែបទដ្ឋាន និងទស្សនយល់ឃើញចំពោះគុណតម្លៃយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែល ហើយដែលនេះបើកចន្លោះទំនេរឱ្យអ្នកនយោបាយអាមេរិករិះគន់ដោយបើកចំហចំពោះទំនាក់ទំនងនៃប្រទេសរបស់ពួកគេជាមួយ អ៉ីស្រាអែល៕

អត្ថបទទាក់ទង