ការពិតពីមាតុភូមិ៖ អ្នករួមសុខទុក្ខ និងអ្នកប៉ុនប៉ងបង្កទុក្ខ!
(ភ្នំពេញ)៖ មាតុភូមិកម្ពុជា ដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាមរាំរ៉ៃ អស់រយៈពេលរាប់សតវត្សរ៍នៃប្រវត្តិសាស្ត្ររបស់ខ្លួន និងមហាសោកនាដកម្មប្រល័យពូជសាសន៍ ឥឡូវនេះបានស្គាល់សន្តិភាពឡើងវិញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនផូរផង់គ្រប់វិស័យ ចាប់តាំងពីការប្រឹងរស់ឡើងវិញពីបាតដៃទទេ។ ការរំដោះប្រទេសជាតិពីក្រញាំពេជ្ឈឃាដខ្មែរក្រហម និងការផ្តើមពីចំណុចសូន្យ ក្នុងការកសាងសន្តិភាព វឌ្ឍនភាព សេចក្តីសុខក្សេមក្សាន្តជូនប្រជាជន និងនាំមកជូនជាតិនូវកិត្តិយស កិត្យានុភាព លើឆាកអន្តរជាតិ ជាដំណើរដែលពោរពេញដោយការតស៊ូ យកញើសឈាមអាយុជីវិតជាដើមទុន ជម្នះឧបសគ្គរាប់មិនអស់ ប្រកបដោយទស្សនវិស័យ ភាពឈ្លាសវៃប៉ិនប្រសប់ និងមនសិការស្នេហាជាតិមោះមុត របស់តេជោសែននៃកម្ពុជា និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅជាប់ជានិច្ចជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្រាញននៀលការពារផលប្រយោជន៍រួមរបស់ជាតិ ត្រូវបានប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតផ្តល់ទំនុកចិត្ត ឱ្យបន្តដឹកនាំប្រទេសជាតិ ជាង ៤ទសវត្សរ៍ មកទល់បច្ចុប្បន្ន និងមានសមាជិកភាពកាន់តែកើនឡើងច្រើនលើសលប់ ហើយសូម្បីតែបុគ្គលល្បីៗដែលធ្លាប់តែមាននិន្នាការជំទាស់ ឬប្រឆាំងប្តូរផ្តាច់ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានបែរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងឈូឆរ ជាបន្តបន្ទាប់ ដូចទឹកបាក់ ទំនប់។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងពង្រឹងនីតិរដ្ឋ។ រាល់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា តែងតែផ្តោតការគិតគូរជាចម្បងលើការអនុវត្តតាមលំនាំច្បាប់ជាធរមាន។
នៅលើឆាកអន្តរជាតិវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជន កម្ពុជាកាន់តែរឹងមាំ កាន់តែទទួលបាននូវការគាំទ្រនិងកោតសសើរ ចំពោះសមិទ្ធផល និងសមត្ថភាព ។ កម្ពុជាដែលពីអតីតកាលធ្លាប់តែមានវិបត្តិ តែពេលនេះបានប្រែក្លាយជាម្ចាស់ផ្ទះ រៀបចំវេទិកាសម្រាប់ពិភពលោកជួបប្រជុំគ្នា ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងដោះស្រាយវិបត្តិសកលវិញម្តង។ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីពេលកន្លងទៅ និងព្រឹត្តិការណ៍រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាន់តែលើកមុខមាត់ជាតិ និងផ្តល់នូវមោទនភាពក្រៃលែង ជូនប្រជាជនកម្ពុជា។
ផ្ទុយទៅវិញ ចំពោះក្រុមប្រឆាំងវិញ តែងតែប៉ុនប៉ងបង្ករមហន្តរាយដល់ជាតិ និងយកអាយុជីវិតប្រជាជនមកលេងសើចក្នុងល្បែងនយោបាយរបស់ខ្លួន ពួកគេតែងតែព្រងើយកន្តើយ មិនផ្តល់តម្លៃចំពោះបទប្បញ្ញត្តិច្បាប់ជាធរមាន និងគោលការណ៍នីតិរដ្ឋទាល់តែសោះ ហើយតែងតែធ្វើសកម្មភាពផ្ទុយពីច្បាប់ បំភ្លៃបោកប្រាស់ បំផុសបំផុលប៉ុនប៉ងបង្កអស្ថិរភាព ចលាចល ដល់សង្គមជាតិ។ ក្រុមប្រឆាំងទាំងនោះ បានដឹកនាំធ្វើនយោបាយតាំងពីមានការគាំទ្រច្រើន រហូតដល់រលាយបក្ស នាំសមាជិករបស់ខ្លួនប្រព្រឹត្តអំពើល្មើសច្បាប់ និងជាប់ឃុំជាបន្តបន្ទាប់។ បច្ចុប្បន្ន ក្រុមដឹកនាំប្រឆាំងមួយក្តាប់តូច កំពុងតែឯកា បែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងឡើងថែមទៀត រំពឹងបរាជ័យប្រកបដោយក្តីអស់សង្ឃឹម។ ខណៈដែលប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿ សកម្មជនបានចាកចេញភ្លូកទឹកភ្លូកដី ក្រុមប្រឆាំងកំពុងប្រឹងត្រដររស់កំដរដង្ហើមចុងក្រោយនៃជីវិតនយោបាយរបស់ខ្លួន ដោយបន្តភូតកុហកប្រជាជន ដូចជាតាមរយៈសារនយោបាយបោកប្រាស់ថា បើបក្សខ្លួនឈ្នះឆ្នោត នឹងផ្តល់ប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ដល់មនុស្សចាស់អាយុ ៦៥ឆ្នាំឡើង ជាដើម។ តើបក្សខ្លួនបានលុយមកពីណា សម្រាប់ការចំណាយនេះ? តើបក្សខ្លួនក្លាហានបញ្ជាក់ពីប្រភពលុយ ដែលដំណើរការបក្សបច្ចុប្បន្ន និងពេលអនាគត ឱ្យមហាជនបានដឹងដែរឬទេ? ពិតណាស់ សារនយោបាយទាំងនោះ គ្រាន់តែជាប្រជាភិថុត ជួយឱ្យក្រុមខ្លួនដល់ត្រើយសម្រចមហិច្ឆតាផ្ទាល់ខ្លួន ហើយនាំគ្រោះដល់ជាតិ និងបោះបង់ចោលប្រជាជន តែប៉ុណ្ណោះ។
ក្រុមប្រឆាំងដែលជ្រកក្រោមស្លាកគណបក្សភ្លើងទៀន បានបង្ហាញយ៉ាងច្បាស់ នូវភាពអវិជ្ជា និងអសមត្ថភាពរបស់ខ្លួន ដែលសូម្បីតែបញ្ហាបច្ចេកទេសផ្លូវច្បាប់ដ៏តូចតាច ក្នុងការផ្តល់ឯកសារគាំទ្ររបស់ខ្លួន ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត ក៏ខ្លួនមិនអាចបំពេញបានផង ពោលគឺមហាអន់ បើប្រៀបធៀបជាមួយគណបក្សទាំង១៩ ផ្សេងទៀត ។ ត្រង់ចំណុចនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាបានសម្រេចដ៏ត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់ ក្នុងការបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ សេចក្តីសម្រេចនេះ ពិតជាសក្តិសមនឹងទទួលបានការស្វាគមន៍ និងគាំទ្រ យ៉ាងពេញទំហឹង ពីសាធារណជនទូទៅ !!
ការពិតពីមាតុភូមិ, ថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣