Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ផ្សព្វផ្សាយពីសក្ដានុពលលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 194
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ផ្សព្វផ្សាយពីសក្ដានុពលលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ផ្សព្វផ្សាយពីសក្ដានុពលលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ផ្សព្វផ្សាយពីសក្តានុពលពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ការណែនាំនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក ខេលវិន ម៉ូ បានជម្រាបសម្ដេចធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ខេលវិន ម៉ូ និងគណៈប្រតិភូទាំងអស់ ហើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីតួនាទី និងភារកិច្ចរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ ដែលត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន ហើយបច្ចុប្បន្នកំពុងត្រូវបានបង្កើតបន្ថែមនៅប្រទេសបារាំង និងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញកិច្ចការជាអាទិភាពចំនួន២រួមមាន៖ 

(១) ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា និង 

(២) គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា ក៏ដូចជាការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា៕

អត្ថបទទាក់ទង