Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន បង្ហើបចង់ចរចាសន្តិភាព នៅពេលនេះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 418
វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន បង្ហើបចង់ចរចាសន្តិភាព នៅពេលនេះ? វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន បង្ហើបចង់ចរចាសន្តិភាព នៅពេលនេះ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានបង្ហាញពីការបើកចំហចំពោះកិច្ចចរចាស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន ចំពេលមានការជជែក វែកញែកយ៉ាងផុលផុសពីកិច្ចចរចានៅក្នុងខែឧសភានេះ ជាខែតែមួយដែលរុស្ស៉ីបានបើកសមរភូមិសាជាថ្មីនៅតំបន់ Kharkiv របស់អ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពចំនួន៤ដែលខ្លួនទទួលបាន បានរាយការណ៍ថាទីក្រុងមូស្គូនឹងពិចារណាលើកិច្ចចរចាសន្តិភាពដែលអាចនឹងនាំទៅរកការបញ្ឈប់សង្រ្គាម នៅត្រឹមព្រំដែននៃសមរភូមិ សព្វថ្ងៃ។

ជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះដែរ លោក ពូទីន បាននិយាយថារុស្ស៉ីមានឆន្ទៈចូលរួមកិច្ចចរចាស្វែងរកសន្តិភាព ដោយផ្អែកលើកិច្ចចរចាកាលពីដើមទីនៃសង្រ្គាម។ ពោលគឺ លោកចង់សំដៅលើកិច្ចចរចាគ្មានលទ្ធផលផ្លែផ្កាក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីឆ្នាំ២០២២។ សន្តិភាពដែលត្រូវបានលើកឡើងក្នុងសេចក្ដីរាយការណ៍របស់ Reuters នឹងបញ្ឈប់ គោលដៅរបស់រុស្ស៉ីដែលចង់ក្ដោបកាន់កាប់តំបន់ Donetsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែនទាំងស្រុង តែវាក៏ទាមទារឱ្យអ៊ុយក្រែនលះបង់ទឹកដីរបស់ខ្លួនផងដែរ នៅត្រឹមព្រំដែននៃសមរភូមិ បច្ចុប្បន្ន ដែលរឿងបែបនេះលោក ហ្សេលេនស្គីធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថានឹងមិនកើតឡើងដាច់ខាត។ ក៏ប៉ុន្តែហេតុអ្វីបានជាលោក ពូទីន លើកឡើងពីគំនិតចង់ចរចាសន្តិភាព ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិ ទៅវិញ?

សម្រាប់អ្នកវិភាគលោកខាងលិច ការទូតតែងតែជាឧបករណ៍យោធាមួយរបស់វិមានក្រឹមឡាំង។ តួយ៉ាង រុស្ស៉ីបាននិយាយពីសន្តិភាពនៅស៊ីរី ក្នុងឆ្នាំ២០១៥ ខណៈយន្ដហោះចម្បាំងរុស្ស៉ី បន្តទម្លាក់គ្រាប់បែកលើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមស៊ីរី។ រុស្ស៉ីនិយាយពីសន្តិភាពក្នុងឆ្នាំ២០១៥នោះដែរ ក្នុងពេលដែលកងទ័ពរុស្ស៉ី និងកងកម្លាំង proxies របស់ខ្លួន បើកការវាយលុក ទ្រង់ទ្រាយធំលើទីក្រុងយុទ្ធសាស្ត្រ Debaltseve របស់អ៊ុយក្រែន។ ក្នុងពេលនេះវិញ រុស្ស៉ីបាននិយាយពីសន្តិភាពសាជាថ្មី អាចមានហេតុផល២យ៉ាង។ ម្យ៉ាង អ៊ុយក្រែន និងសម្ព័ន្ធមិត្ត របស់ខ្លួនកំពុងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពដែលគ្រោងនឹងរៀបចំឡើងនៅខែមិថុនាក្រោយនេះ ក្នុងប្រទេសស្វីសជាទីដែលរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ហើយកិច្ចព្រមព្រៀងណាមួយអាចនឹងត្រូវបានទទួលយកក្នុងកិច្ចប្រជុំនេះ។ មិនតែប៉ុណ្ណោះ មូស្គូក៏ចង់ទុកផ្លូវក្រោយសម្រាប់កិច្ចចរចាបង្ការទុកជាមុនដែរ ក្នុងករណីដែលទាហានរុស្ស៉ី នឿយណាយ ឬក៏ស្ថិតក្នុងស្ថានការណ៍សង្រ្គាមជាប់គាំង។

លោក ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់សង្ឃឹមថាចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៉ី នឹងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ នៅត្រង់នេះ លោក ពូទីននិយាយពីសន្តិភាព ប្រហែលអាចមកពីលោកចង់បញ្ជូនសារទៅកាន់ចិនថាទីក្រុងប៉េកាំងមិនគួរចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពនៅអ៊ុយក្រែនណាមួយដែលមិនមានវត្តមានរបស់រុស្ស៉ីនោះទេ ខណៈមានលទ្ធភាព តិចតួចណាស់ដែលកិច្ចប្រជុំសន្តិភាពនៅស្វីសអាចនឹងនាំទៅរកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថាការលើកឡើងរបស់លោក ពូទីន ពីកិច្ចចរចាសន្តិភាព គឺបង្កប់ចេតនាចង់បំផ្លាញកិច្ចប្រជុំកំពូលក្នុងប្រទេសស្វីសតែប៉ុណ្ណោះ។ «បច្ចុប្បន្ន លោក ពូទីន មិនមានចេតនាបញ្ឈប់ ការឈ្លានពានរបស់លោកប្រឆាំងអ៊ុយក្រែននោះទេ។ នេះគឺជាមូលហេតុដែលលោកភ័យខ្លាចចំពោះកិច្ចប្រជុំកំពូលក្នុងប្រទេសស្វីស»។ នេះជាការគូសបញ្ជាក់របស់លោក Kuleba ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X។

ចំណែកហេតុផលទី២វិញ និងសំខាន់បំផុត៖ នោះគឺលោក ពូទីន ចង់បញ្ជូនសារទៅកាន់បណ្ដាប្រទេសលោកខាងលិច និងជាពិសេសគឺយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក សព្វថ្ងៃ។ លោក ពូទីន កំពុងព្យាយាមប្រាប់ទៅកាន់ក្រុមអ្នកនយោបាយស្ដាំនិយមនៅក្នុងតំបន់អឺរ៉ុប និងក្រុមយុទ្ធការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ថាកិច្ចព្រមព្រៀងដ៏សាមញ្ញមួយកំពុងស្ថិតនៅក្នុងដៃរួចជាស្រេច ដោយព្រំដែននៃសមរភូមិសង្រ្គាមសព្វថ្ងៃដែលអ៊ុយក្រែនបាត់បង់ទឹកដី អាចបញ្ចប់សង្រ្គាមបានភ្លាមៗ។

គួរបញ្ជាក់ថា សភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនកាលពីពេលថ្មីៗនេះ ដែលនេះជាការផ្ដល់ក្ដីសង្ឃឹមដល់អ៊ុយក្រែន និងអ្នកគាំទ្រអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី ការគាំទ្ររបស់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ចំពោះមុខការរីកសុសសាយនៃចលនា អ្នកនយោបាយស្ដាំនិយម ក្នុងតំបន់អឺរ៉ុបដែលប្រឆាំងការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន និងចង់ឱ្យមានកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមឱ្យបានឆាប់ រួមទាំងលទ្ធភាពនៃការវិលត្រឡប់ មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មីរបស់លោក ដូណាល់ ត្រាំ។ ដូច្នេះជាមួយការលើកឡើងពីកិច្ចចរចាសន្តិភាព លោក ពូទីន ចង់បញ្ជូនសារជាពិសេសទៅកាន់មេដឹកនាំ លោកខាងលិចមួយចំនួន តួយ៉ាងដូចជាលោក ដូណាល់ ត្រាំ។

លោក ត្រាំ ធ្លាប់បានលើកឡើងថាលោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើក្លាយជាប្រធានាធិបតីអាមេរិកម្ដងទៀត ក្រោយការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ។ តែលោកមិនបានបញ្ជាក់ថាតើលោកនឹងបញ្ចប់សង្រ្គាមដោយរបៀបណានោះទេ ស្របពេលមានការលើកឡើងថាការបញ្ចប់សង្រ្គាមតាមវិធីរបស់លោក ត្រាំ អាចនឹងធ្វើ ឱ្យអ៊ុយក្រែនបាត់បង់ទឹកដីជាថ្នូរនឹងការបញ្ចប់សង្រ្គាម។ ម្យ៉ាងទៀត អ្វីដែលលោក ពូទីនចង់បានបំផុតដែរនោះ គឺការបែកបាក់គ្នានៅក្នុងចំណោមបណ្ដាមេដឹកនាំលោកខាងលិច ដោយតាម រយៈការលើកឡើងពីសន្តិភាព លោក ពូទីន ចង់បញ្ជូនសារទៅកាន់ប្រទេសជាសមាជិក​​ NATO ដទៃទៀត ដែលចង់ឃើញសង្រ្គាមអ៊ុយក្រែនត្រូវបានបញ្ចប់ឆាប់ៗ ក្រៅពីបារាំង អង់គ្លេស និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិក ដែលកំពុងប្រកាន់ជំហរមិនជឿលើរុស្ស៉ីនៅឯតុចរចា៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង