Grand News Asia Close

ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 195
ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

 

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ បានបន្ថែមថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្ដេចធិបតី លោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់ ហើយលោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។ ចំពោះគម្រោងអាកាសធាតុបៃតង សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែយកចិត្តទុកដាក់ និងបោះជំហានទៅមុខលើការអភិវឌ្ឍបច្ចេកវិទ្យាបៃតងដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពលើការផលិតថាមពលអគ្គិសនីស្អាត តាមរយៈការប្រើប្រាស់ថាមពលវារីអគ្គសនី ថាមពលពន្លឺព្រះអាទិត្យ និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង