Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 264
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា

 

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ 

ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ 

ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។ 

តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។ 

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។ 

ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០១៤ ខ្ញុំបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។ 

ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។ 

ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។ 

ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។ ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ។ 

យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន។

អត្ថបទទាក់ទង