Grand News Asia Close

ឈ្វេងយល់អំពីសករាជដែលខ្មែរកំពុងប្រើ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 687
ឈ្វេងយល់អំពីសករាជដែលខ្មែរកំពុងប្រើ ឈ្វេងយល់អំពីសករាជដែលខ្មែរកំពុងប្រើ

តើ​សករាជ​មាន​ន័យ​ដូច​ម្ដេច​?

យោង​តាម​វចនានុក្រម​ខ្មែរ សម្ដេច​ជួន ណាត សករាជ ថ្នាក់​ពាក្យ​ជា​នាម (​សំស្ក្រឹត ឝក “កាល សម័យ យុគ…” រាជន៑ ឬ រាជ “ស្ដេច”) ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មុន​ត​រៀង​មក ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ​ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់ ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជា​ដើម បង្កើន​មួយ​លេខ​រៀងរាល់​ឆ្នាំ (​ម. ព. ពុទ្ធសករាជ​ផង​) ។

ពាក្យ​ថា សករាជ ( ឬ ស័ក ) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួក តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា​។ កាល​ពុទ្ធសករាជ ៦២១ ឆ្នាំ ជន​ពួក​នេះ​បាន​លុកលុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាងលិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ​( ឝក ) ឬ សាលិវាហនៈ ( ​ឝាលិវាហន​) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក ( ឝក ) ឬ សករាជ ( ឝក– ) ដែល​ចំណេរ​ត​មក​ហៅថា មហាសករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ​។ ក្នុង​ព្រះរាជពង្សាវតារ​ខ្មែរ​ថា ព្រះបាទ​សម្ដេច​ព្រះ​អរិដ្ឋពលពាហនោ (​ព្រះកេតុមាលា​) បាន​តាំង​មហាសករាជ ១ ក្នុង​កាល​ពុទ្ធសករាជ ៦២១​។ ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយវង្ស​បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល​ពុទ្ធសករាជ ១១៨៣ (​ម. ព. ស័ក ផង​) ។
តើ​ខ្មែរ​យើង​សព្វ​ថ្ងៃ​ប្រើ​សករាជ​អ្វី​ខ្លះ​?

បើ​តាម​សង្កេត​ជាក់​ស្ដែង ខ្មែរ​យើង​ប្រើ​ប្រព័ន្ធ​ប្រក្រតីទិន ២ គឺ ចន្ទគតិ​ខ្មែរ យក​ខែ​មិគសិរ​ជា​ខែទីមួយ និង​សុរិយគតិ​សកល (Gregorian Calendar) យក​ខែ​មករា​ជា​ខែ​ទី១ ដោយ​ឡែក​ក្នុង​កម្មពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គេ​ប្រើ​ចន្ទោសូរិយគតិ​សកៈ​តាម​ពួក​ឥណ្ឌា (សកសំវត្សរ៍, Shaka Samvat) យក​ខែ​ចេត្រ​ជា​ខែ​ទី​មួយ ត្រូវ​តាម​មេសរាសី ហើយ​ពិធី​កម្ម​បែប​ពុទ្ធសាសនា​គេ​ប្រើ​ចន្ទគតិ​ពុទ្ធសាសនា ដោយ​យក​ខែ​វិសាខ ឬ​ពិសាខ (Vaisakhs, Baisakh) ជា​ខែ​ទី១ ដូច​ពួក​នេប៉ាល់ ទីបេ ដែរ​។

ប៉ុន្តែ​សព្វ​ថ្ងៃ​គេ​ឃើញ​ប្រើ​ជា​ផ្លូវការ ដូច​ជា​ចុះ​បញ្ជី​កាល​បរិច្ឆេទ​ជា​ដើម តែ​២​ប្រព័ន្ធ​ប្រក្រតីទិន​នោះ​ទេ គឺ​ចន្ទគតិ​ខ្មែរ និង​សុរិយគតិ​សកល​។ ឧ. ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំ ថោះ ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ អង្គារ ទី៩ ខែ​មេសា ឆ្នាំ ២០២៤​។

ដូច្នេះ​សករាជ​ដែល​ប្រើ​ជា​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ពីរ គឺ​ពុទ្ធសករាជ និង​គ្រិស្តសករាជ (កុំ​អាន​ថា គ្រឹស ឬ​គ្រឹះ -សករាជ ត្រូវ​អាន​ថា គ្រិស ឲ្យ​ត្រូវ​តាម​សំនៀង​ដើម Christ Era​) យើង​យូរៗ​ម្ដង ឬ​ទាល់​តែ​មាន​កម្មវិធី​សាសនា ការ​បន់ស្រន់ ឬ​ពិធី​មង្គល​ធំៗ ទើប​គេ​រំលេច​នូវ​មហាសករាជ និង​ចុល្លសករាជ​។

តើ​ស័ក ឬ​សកៈ ឬ​សករាជ​មាន​សាវតារ​យ៉ាង​ណា​ខ្លះ​?

តាម​ពិត​ពាក្យ សកៈ ឬ​សករាជ ពុំ​មាន​ន័យ​ថា ឆ្នាំ​ទេ ពាក្យ​មាន​ន័យ​ថា​ឆ្នាំ​តាម​ភាសា​សំស្ក្រឹត គឺ​សំវត្សរ៍ ឬ វត្សរ៍។ រឿង​រ៉ាវ​មាន​សេចក្ដី​ដូច្នេះ​៖

បើ​តាម​ឯកសារ​ដែល​និយាយ​ទាក់ទង​នឹង​សករាជ ឬ (Saka Era) wisdomlib.org និង Britannica.com ជា​ដើម​បញ្ជាក់​ថា នៅ​ពុទ្ធសករាជ ៦២១ ត្រូវ​នឹង​គ្រិស្ត​សករាជ ៧៨ នា​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ស្ដេច​សាលីវាហានៈ នៃ​ឧត្តរនគរ មាន​ដើម​កំណើត​នៅ​អយោធ្យា​បាន​ច្បាំង​ឈ្នះ និង​ធ្វើ​គុត​ស្ដេច​វិក្រំទិត្យា នៃ​ឧជ្ជេននគរ និង​ពង្រីក​អំណាច​គ្រប់គ្រង​របស់​ទ្រង់​ស្ទើរតែ​ពេញ​ឥណ្ឌូស្ថាន (​ប្រទេស​ឥណ្ឌា​)​។ នៅ​ពេល​ដែល​ទ្រង់​បាន​សញ្ជ័យ​លើ​ស្ដេច​វិក្រំទិត្យា​ដែល​ជា​ស្ដេច​មហា​អំណាច​ហើយ​នោះ ព្រះបាទ​សាលិវាហនៈ បាន​តាំង​យុគសម័យ និង​រាជវង្ស​របស់​ទ្រង់​ថា សកៈ តាម​ព្រះនាម​ទ្រង់​ឡើង គឺ​នៅ​ពុទ្ធសករាជ ៦២១ ត្រូវ​នឹង​គ្រិស្ត​សករាជ ៧៨ នោះ​ឯង​។ ទ្រង់​ក៏​បាន​រៀបចំ​កែ​សម្រួល​ប្រក្រតីទិន វិក្រំសំវត្សរ៍ (Vikram Samvat) និង​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​រាជាណាចក្រ​របស់​ព្រះអង្គ គឺ​ស័ក ឬ​សកៈ​។

ចំណែក​ឯក​ខ្មែរ​យើង​ក៏​ទទួល​ឥទ្ធិពល​ឥណ្ឌា​តាម​រយៈ​ព្រាហ្មណ៍​បុរោហិត ដោយ​បាន​ប្រើប្រាស់​ប្រក្រតីទិន​សកៈ​នេះ​រហូត​ត​រៀង​មក​។ នៅ​ពេល​ខ្មែរ​យើង​បង្កើត​ឲ្យ​មាន​សករាជ​មួយ​ទៀត សករាជ​ដែល​ធ្លាប់​ប្រើ​មក​ហើយ ក៏​ហៅថា មហាសករាជ ឯ​សករាជ​កើត​ក្រោយ​ក៏​ហៅ​ថា ចុល្លសករាជ ដើម្បី​កុំ​ឲ្យ​ច្រឡំ​គ្នា​។

និយាយ​អំពី​ចុល្លសករាជ​វិញ ហាក់​បី​ដូច​ជា​ចម្រូងចម្រាស​គ្នា​ច្រើន ព្រោះ​ថា​ប្រវត្តិសាស្ត្រ​ខ្មែរ​ពឹង​ពាក់​ច្រើន​ទៅ​លើ​កំណត់ត្រា​ពង្សាវតារ​ផ្សេងៗ ច្រើន​តែ​ជា​រឿង​ដំណាល​និទាន ក្រៅ​ពី​នោះ​មាន​គំនូរ​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ និង​សិលាចារឹក​។

យោង​តាម​វចនានុក្រម​ខ្មែរ​សម្ដេច ជួន ណាត់ កាល​ដែល​តាំង​ចុល្លសករាជ​នៅ​ថ្ងៃ​ចន្ទ ១២ កើត​ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ពុទ្ធសករាជ ១១៨៣​។ សេចក្ដី​ម្យ៉ាង​ទៀត​ថា ព្រះបាទ​សម្ដេច​ព្រះ​បទុមសុរិយវង្ស​បាន​តាំង​ចុល្លសករាជ ១ ក្នុង​កាល​ពុទ្ធសករាជ ១១៨៣​។

ការ​លើក​ឡើង​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ខាង​លើ ទំនង​យោង​ទៅ​តាម​ពង្សាវតារ​វត្ត​ទឹក​វិល​។

យើង​មិន​ដឹង​ច្បាស់​ថា សម្ដេច​ព្រះ​បទុមសុរិយវង្ស ជា​ព្រះរាជា​អង្គ​ណា​ទេ​។ តែ​តាម​សៀវភៅ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ​រឿង​និទាន​លោក​បណ្ឌិត្យសភាចារ្យ រស់ ចន្ទ្រា​បុត្រ​លើក​ឡើង​ថា ព្រះបាទ​បទុមសុរិយវង្ស (សំស្ក្រឹត: បទ្មសូយ៌្យវំឝ) (គ.ស. ៦០៦-៧២៩) រជ្ជកាល (គ.ស. ៦២១-៧២៩) កាលនោះ ព្រះ​បទុមសុរិយវង្ស​ទើបតែ​បាន​ព្រះ​ជន្ម ​១៦​ វស្សា។​ ​ព្រះ​អង្គ​ត្រូវ​ឡើង​គ្រប់គ្រង​រាជសម្បត្តិ​បន្ត​ពី​ព្រះ​បិតា នៅ​ថ្ងៃ​ ១០​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំម្សាញ់​ ​ព.ស​ ១១៦៥ ត្រូវជា​គ.ស ​៦២១ ក្រោយ​ដែល​មាន​ពិធី​អភិសេក​យ៉ាង​អធិកអធម។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១១។​ ​ព្រះ​អង្គ​មាន​ឫទ្ធានុភាព​ ​តេជៈ​បារមី កម្លាំងកំហែង​ខ្លាំងពូកែ​អស្ចារ្យ។​ ​មិនតែប៉ុណ្ណោះ​ព្រះ​អង្គ​មាន​ព្រះ​នេត្រ​ទិព្វ​ទៀត​ផង។​ ​គឺ​អាច​មើល​ឃើញ​ដឹង​ឮ​យល់​អស់​គ្រប់​កិច្ចការ​ ​គ្រប់​ព្រឹត្តិការណ៍ ដែល​កើត​មាន​ឡើង​នៅ​គ្រប់​ជ្រុងជ្រោយ​គ្រប់​ទិស​ទី​ ​ក្នុង​នគរ​ ​ក៏​ដូច​ជា​ក្រៅ​នគរ។​ ព្រះ​អង្គ​សោយ​រាជសម្បត្ដិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ​១០៩ ​ឆ្នាំ។ ព្រះ​បទុមសុរិយវង្ស​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំម្សាញ់ ​ព.ស​ ១២៧៣ ត្រូវជា​គ.ស ​៧២៩ ក្នុង​ព្រះ​ជន្ម ១២៤ ​វស្សា។

បើ​គណនា​តាម​ឆ្នាំ​ពុទ្ធ​សករាជ ១១៨៣ វា​ត្រូវ​នឹង​ឆ្នាំ ៦៤០ នៃ​គ្រិស្ត​សករាជ។ នៅអំឡុងឆ្នាំ៦៤០ គឺ​ស្ថិត​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ភវវរ្ម័ន​ទី​២។ ឯកសារ​ប្រវត្តិ​សាស្ត្រ​ខ្មែរ​នានា​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ភាព​វឹកវរ​ចលាចល​ដែល​កើត​ឡើង​ក្នុង​ពេល​ដែល​ព្រះបាទ​ឥស្សណៈវរ្ម័ន​សោយ​ទិវង្គត ត្រូវ​បាន​វាយ​បង្ក្រាប​យ៉ាង​ឆាប់​រហ័ស ដោយ​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ព្រះបាទ​ភវវរ្ម័ន​ទី​២ ដែល​មាន​កងទ័ព និង​នាម៉ឺន​មន្ត្រី​មាន​ភក្តី​ភាព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ព្រះអង្គ។ សិលា​ចារិក​នៅ​ហាន់ជ័យ បាន​រំឭក​នូវ​ការ​ពង្រឹង​អំណាច​អធិរាជ​របស់​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​បាន​សាង​ទី​កន្លែង​សក្ការបូជា ឬ​ប្រាសាទ​ជាច្រើន។ តាម​គេ​ប៉ាន់ស្មាន សិលា​ចារិក​ភ្នំ​បាយ៉ង់ សិលា​ចារិក​ភ្នំ​ព្រះវិហារ កំពង់ឆ្នាំង ក៏​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែរ។ ព្រះបាទ​ភវវរ្ម័ន​ទី​២ ទ្រង់​គ្រង​រាជ្យ​ពី​ឆ្នាំ​៦៣៩ ដល់​ឆ្នាំ​៦៥៥ នៃ​គ្រិស្តសករាជ។

ត្រង់​ចំណុច​នេះ ហាក់​ដូច​ជា​សម​ហេតុផល​ដែរ ដែល​ថា បន្ទាប់​ពី​បង្ក្រាប​ចលនា​បះបោរ​ឲ្យ​រាបទាប មាន​សន្តិភាព និង​រៀបចំ​នគរ​ឡើងវិញ ព្រះបាទ​ភវវរ្ម័ន​ទី​២ ឡើង​គ្រង​រាជ​នៅ​ពុទ្ធសករាជ ១១៨៣ ដែល​ត្រូវ​នឹង​គ្រិស្តសករាជ ៦៣៩ ឬ ៦៤០ នេះឯង ដែល​ព្រះអង្គ​ទ្រង់​កំណត់​តាំង​ចុល្លសករាជ​ឡើង​។ ហើយ​ព្រះអង្គ​សោយរាជ្យ​ដល់​ឆ្នាំ ៦៥៥ គឺ​រយៈ​ពេល ១៥ ឆ្នាំ ព្រះ​រាជបុត្រ​ព្រះអង្គ ព្រះបាទ​ជ័យវរម៌្មទី១ ឡើង​សោយ​រាជ​បន្ត​។ គេ​មិន​បាន​ដឹង​ថា ព្រះបាទ​ភវវរ្ម័ន​ទី​២​សោយ​ទិវង្គត​នៅ​ពេល​ណា​នោះ​ទេ​។

ចំណែក​ឯ​ពុទ្ធសករាជ និង​គ្រិស្តសករាជ ខ្ញុំ​សូម​មិន​លើក​យក​មក​បរិយាយ​ទេ ព្រោះ​លោក​អ្នក​គង់​ឈ្វេង​យល់​បាន​ដោយ​ងាយ​ខ្លួន​ឯង​។

ឥឡូវ​យើង​ទៅ​មើល​ពី​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​សករាជ​វិញ​។

បើ​តាម​ឯកសារ​លោក​សាស្ត្រាចារ្យ ហ៊ុន ឈុនតេង សករាជ​ដែល​ប្រើ​ដំបូង​គេ​គឺ “​ឝក​” ត្រូវ​នឹង​បច្ចុប្បន្ន​ថា “​មហាសករាជ”។ កាល​បរិច្ឆេទ​ដែល​ចាស់​ជាង​គេ​មាន​នៅ​ក្នុង​សិលាចារឹក​ទួល​វត្ត​គំនូរ(K.600) ស្រុក​អង្គរបុរី ខេត្ត​តាកែវ​។ សិលាចារឹក ដែល​មាន​សេចក្ដី​ថា “​ឆ្នាំ៥៣៣សកៈ (មហាសករាជ) ១៣កើត” ។ បើ​តាម​ទិន្នន័យ​សិលា​ចារឹក​ខ្មែរ​នៅ​ក្នុង​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ខ្មែរ​ប្រើ​សករាជ​តែ​មួយ​គត់​គឺ “​ឝក​” ដែល​ត្រូវ​គ្នា​នឹង​ពាក្យ “​មហាសករាជ” ពេល​បច្ចុប្បន្ន​។ បើ​ទោះ​បី​ជា​ខ្មែរ​ធ្លាប់​កាន់​ពុទ្ធសាសនា​ថេរវាទ ដូច​នៅ​ក្នុង​រជ្ជកាល ព្រះបាទ​ស្រីន្ទ្រវរម៌្ម​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​ប្រើ​មហាសករាជ រហូត​ដល់​សម័យ​លង្វែក​។

បើ​យើង​មើល​ការ​ចាប់​ផ្ដើម​គិត​ឆ្នាំ​ជា​ពុទ្ធសករាជ​វិញ គឺ​យើង​ឃើញ​មាន​ប្រើ​ព្រម​គ្នា ជា​មួយ​កាលបរិច្ឆេទ​ចុល្លសករាជ ដែល​មាន​ក្នុង​សិលាចារឹក​វត្ត​រំលក(K.27) នៅ​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ​។ កាល​បរិច្ឆេទ​ជា​ឆ្មាំ​ពុទ្ធសករាជ​នោះ ចារ​ជា​ភាសា​បាលី​សុទ្ធ​ថា មាន​សេចក្ដី​សម្រួល​ថា “ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះសិរីសាក្យមុនី ព្រះ​សព្វញ្ញូពុទ្ធ​ដ៏​មាន​យស ទ្រង់​យាង​ចូល​បរិនិព្វាន បាន​អតិកន្តារ​កន្លង​ទៅ​ចំនួន​ពីរ​ពាន់​មួយ​រយ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ បួន​ខែ និង​បួន ថ្ងៃ […] ។ បើ​រាប់​តាម​ឆ្នាំ​ព.ស. ២១២៩ គឺ​ត្រូវ​នឹង​ឆ្នាំ​គ.ស. ១៥៨៦ ចុង​សម័យ​លង្វែក​។

ចំណែក​ឯ​ការ​ប្រើប្រាស់​ពុទ្ធសករាជ​ក្នុង​សិលាចារឹក​ភាសា​ខ្មែរ​វិញ យើង​ឃើញ ដំបូង​គេ​តាម​រយៈ​សិលាចារឹក​វត្ត​តាឡោក (K.746) ដូច​មាន​សេចក្ដី​ប្រែ​សម្រួល​ថា […] ព្រះ​ពុទ្ធសករាជ​បាន​ពីរ​(ពាន)​បួន​រយ​វស្សា […] ។ ឆ្នាំ ២៤០០ ព.ស. បើ​រាប់​ទៅ​ត្រូវ​នឹង​ឆ្នាំ ១៨៥៧ គ.ស. ចុង​រជ្ជកាល​ព្រះបាទ​ហរិរក្សរាមា​អង្គ​ដួង​។

ចំណែក​ឯ​ចុល្លសករាជ វិញ​ឃើញ​មាន​ចារ​ដំបូង​ក្នុង​សិលាចារឹក​វត្ត​រំលក នៅ​ក្នុង​ផ្នែក​ភាសា​ខ្មែរ​ដូច​មាន​សេចក្តី​ប្រែ​សម្រួល​ថា “​រីឯ​កាល​ពី​ពេល​សាងសង់​វត្ត​អារាម​នេះ​នៅ​ឆ្នាំ​កុរ (ចុល្ល) សករាជ ៩៤៩ នៅ​គ្រា​សឹក​សង្គ្រាម​របស់​ព្រះនរេស្ស …” ។ បើ​តាម​ឆ្នាំ​ចុល្លសករាជ ៩៥៩ គឺ​ត្រូវ​នឹង​ឆ្នាំ​គ្រិស្តសករាជ ១៥៨៩ ចុង​សម័យ​លង្វែក​។

ប្រភព៖ Troryorng

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទទាក់ទង