Grand News Asia Close

ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 191
ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍សហការរួមគ្នាជំរុញបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើិតនិងការដាក់ឱ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នទាំងពីរ ប្រមាណ៤០០នាក់

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍន៍ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍន៍ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារតាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេសនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ឆ្នាំ២០២៤នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ទើបទទួលបានមេដាយមាស ពីកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ដោយយកឈ្នះលើថ្នាលឌីជីថលរបស់ប្រទេសថៃ និងប្រទេសសិង្ហបុរី។

នៅក្នុងកម្មវិធីដ៏សំខាន់នេះ ឯកឧត្ដម វង្សី វិស្សិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជានិមិត្តរូបបង្ហាញពីការប្តេជ្ញារួមសហការរវាងក្រសួង-ស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី និង ការរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ដែលជាទិសដៅយុទ្ធសាស្ត្រ និងជារបៀបវារៈគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បច្ចុប្បន្ននេះ សក្តានុពលនៃបច្ចេកវិទ្យាបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងត្រូវ បានចាត់ទុកជាឧបករណ៍ស្នូលសម្រាប់ ការដោះស្រាយបញ្ហានានា ជាពិសេសពាក់ព័ន្ធនឹងការជំរុញកំណើន សេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ភាពធន់ ចីរភាព និងបរិយាបន្នក្នុងសង្គម។ ដូចគ្នានេះដែរ សង្គម-សេដ្ឋកិច្ចកម្ពុជាអាចទាញយកប្រយោជន៍ជាច្រើនថែមទៀតពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាំងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្ដីការគណៈរដ្ឋមន្តី និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការ និងខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនេះ ដែលជាការរួបរួមគ្នាយ៉ាងមោះមុត រវាងក្រសួងស្ថាប័នទាំងពីរក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្តី និង រួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់នូវការវាយតម្លៃខ្ពស់ និងការកោតសរសើរអស់ពីដួងចិត្ត ចំពោះសមត្ថភាព ដឹកនាំ ភាពឈ្លាសវៃ ឆន្ទៈស្នេហាជាតិ និងស្មារតីសហប្រតិបត្តិការរបស់ ឯកឧត្តម ជា វ៉ាន់ ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល និងក្នុងការបម្រើប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី មិនរារែកក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ការចុះហត្ថលេខាលើ អនុស្សរណៈរវាងស្ថាប័នទាំងពីរនាថ្ងៃនេះ នឹងអនុញ្ញាតឱ្យ ក.ប.ទ. ជួយគាំទ្រលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនភាពឆាប់រហ័ស និងប្រសិទ្ធភាព នៃរំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារទូទៅ ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែទូលំទូលាយ និងផ្ដល់ភាពងាយស្រួល ដល់អ្នកស្រាវជ្រាវ និងសាធារណជនក្នុងការស្វែងរកឯកសារ ជាពិសេស គឺការចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនៃពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍. ក៏បានប្រគល់នូវកុំព្យូទ័រមួយចំនួនជូនដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីគាំទ្រដល់គម្រោងកម្មវិធីជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ

 

អត្ថបទទាក់ទង