Grand News Asia Close

អ្នកវិភាគ ថា ការវាយប្រហារលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយភ្ជាប់ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ធ្វើឡើងព្រោះឈឺចិត្តនិងបរាជ័យ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 435
អ្នកវិភាគ ថា ការវាយប្រហារលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយភ្ជាប់ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ធ្វើឡើងព្រោះឈឺចិត្តនិងបរាជ័យ អ្នកវិភាគ ថា ការវាយប្រហារលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដោយភ្ជាប់ដំណើរយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ធ្វើឡើងព្រោះឈឺចិត្តនិងបរាជ័យ

ភ្នំពេញ ៖ កម្ពុជាទើបតែបញ្ចប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី០៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយលទ្ធផលបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ទទួលបាន ៥៥អាសនៈ ក្នុងចំណោម ៥៨អាសនៈ ដែលកើតចេញពីការបោះឆ្នោតអសកល។ តួលេខនេះត្រូវបានអះអាងថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈលើសពីអង្គបោះឆ្នោតដែលខ្លួនមាន ដែលបានន័យថា អង្គបោះឆ្នោតរបស់គណបក្សផ្សេងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
តាមរយៈលទ្ធផលនេះគឺជាការបង្ហាញពីបរាជ័យយ៉ាងអាម៉ាស់បំផុតសម្រាប់ក្រុមប្រឆាំងជ្រុលនិយម ដែលបានអះអាងថា នឹងទាក់ទាញអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឲ្យទៅគាំទ្រពួកគេ។ ទំនងដោយសារមិនអាចទ្រាំទ្រនិងការឈឺចាប់ចំពោះបរាជ័យនេះ ទើបក្រុមជ្រុលនិយមទាំងនោះ បានទាញការយាងទៅពិនិត្យសុខភាពរបស់ព្រះមហាក្សត្រ នៅប្រទេសចិនមកភ្ជាប់ជាមួយការបោះឆ្នោតអសកលនេះ។
លោក ជុំ កុសល អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ មានប្រសាសន៍ថា ការវាយប្រហារប្រតិដ្ឋរឿង មូលបង្កាច់ ចោទប្រកាន់ គឺជាទម្លាប់របស់ក្រុមប្រឆាំងជ្រុលនិយមទៅហើយ ពួកគេពូកែខាងធ្វើជាមិនយល់ហើយនិយាយដើម្បីតែការកេញចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
លោក ជុំ កុសល មានប្រសាសន៍ថា ៖«សម្រាប់ខ្ញុំចាត់ទុកថា ក្រុមនេះវាអត់មានអីថ្មី សម្រាប់លើកយកមកនិយាយអំពីបញ្ហាប្រទេសកម្ពុជាទេ គឺវាមានតែរឿងដដែលៗ នេះគេហៅថា ពួកបង្កើតបញ្ហាដើម្បីទម្លាក់បញ្ហាមកដល់រាជរដ្ឋាភិបាល។ តើហេតុអីបានជាទៅទាញភ្ជាប់ជាមួយនិងការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គពីព្រោះការពិនិត្យព្រះរាជសុខភាពនេះគឺជាការពិនិត្យទៀងទាត់តាមវិជ្ជបញ្ជារបស់គ្រូពេទ្យ ហើយដល់ពេលដល់វេលាព្រះអង្គយាងទៅជារឿងធម្មតា គ្រាន់តែថា ការយាងទៅលើកនេះកៀក និងថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥នេះ។ អ៊ីចឹងបានខ្ញុំមិនយល់ នេះសម្រាប់យើង យើងមិនយល់ តែក្រុមគេនិងគឺធ្វើជាមិនយល់ហើយបង្កើតរឿងមិនចេះចប់មកទៅហើយ»។
យ៉ាងណាទន្ទឹមនិងការមើលឃើញថា ការបំភ្លៃនេះជាទម្លាប់របស់ក្រុមជ្រុលនិយម លោក ជុំ កុសល យល់ថា ជាការវាយប្រហារដើម្បីបិទបាំងភាពអាម៉ាស់ និងការឈឺចាប់ ចំពោះបរាជ័យដ៏ធំធេងនាពេលនេះ។ ការចាត់ទុកថា ជាបរាជ័យដ៏ធំធេង ក៏តែក្រុមជ្រុលនិយមទាំងនោះមិនអាចអូសទាញអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានហើយ ថែមទាំងបាត់អង្គបោះឆ្នោតរបស់ពួកគេថែមទៀត។
លោក ជុំ កុសល មានប្រសាសន៍ថា ៖«ជាការពិតហើយនៅក្នុងអាណត្តិនេះគណបក្សប្រជាជនកម្ពុជា កើនចំនួន ៦អាសនៈ នៅក្នុងព្រឹទ្ធសភា ហើយយើងយល់ហើយអាសនៈព្រឹទ្ធសភាកើតចេញពីអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងដំណែង ហើយនិងសមាជិករដ្ឋសភា ហើយខាងគាត់នោះគាត់មានអង្គបោះឆ្នោតរបស់គាត់ ប៉ុន្ដែយើងដាក់ជាសញ្ញាសួរមើលថា តើហេតុអីបានជាអង្គបោះឆ្នោតរបស់គាត់មិនបោះគាំទ្រឲ្យបក្សគាត់ បើទោះបីបក្សគាត់មិនបានចូលរួមតែបក្សសម្ព័ន្ធមិត្ត ដែលជាមនុស្សរបស់គាត់នៅក្នុងបក្សតែមួយដែរ។ ហេតុអីអង្គបក្សបោះឆ្នោតរបស់គាត់មកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនដល់ ៦អាសនៈ នេះគឺជាសញ្ញាសួរមួយដែលយើងត្រូវពិចារណា ពីព្រោះការបោះឆ្នោតគាំទ្រវាកើតចេញពីការពេញចិត្ត ដល់តែគេពេញចិត្តគេបោះឆ្នោតគាំទ្រហើយ អ៊ីចឹងវាល្មមខ្លួនឯងពិចារណាទៅ សូម្បីតែអង្គបោះឆ្នោតខ្លួនឯងមិនគាំទ្រផង ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា អ៊ីចឹង វាល្មមនិងឈឺចិត្តដែរ មេដឹកនាំ នៃគណបក្សមួយនោះ»។
ជុំវិញរឿងនេះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា មានប្រសាសន៍ថា ការកើនចំនួនអាសនៈព្រឹទ្ធសភានៅ អាណត្តិទី៥នេះ ដោយសារតែអង្គបោះឆ្នោតបក្សប្រឆាំង មើលឃើញសច្ចៈភាពពិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយគេឆ្អែតនិងរួមរស់ជាមួយបក្សប្រឆាំងដែលជាក្រុមបង្កើតតែជម្លោះផ្ទៃក្នុង និងការលាបពណ៌លើសមាជិកបក្សរបស់ខ្លួន។
លោក សួន សេរីរដ្ឋា មានប្រសាសន៍ថា ៖«ការបោះឆ្នោតព្រឹទ្ធសភាលើកនេះមែនទែន បើមើលទៅអង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា គឺទទួលបានប្រហែលជា ៥០កៅអីទេ ប៉ុន្ដែយើងទទួលបានលើស តាមរបាយការណ៍បណ្ដោះអាសន្ន ៥៥កៅអី នៅក្នុងព្រឹទ្ធសភា អ៊ីចឹង លើស ៦កៅអី។ អ៊ីចឹង មានន័យថា សមាជិកក្រុមប្រឹក្សា អង្គបោះឆ្នោត នៅក្នុងគណបក្សផ្សេងគេមើលឃើញអំពីភាពត្រឹមត្រូវ ពីភាពយុត្តិធម៌ ពីការដឹកនាំដែលមានសុច្ចរិតភាព ហើយបម្រើផលប្រយោជន៍ជាតិពិតប្រាកដ អ៊ីចឹង គេបោះឆ្នោតគាំទ្របេក្ខជនបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ហើយគេជិនឆ្អន់គេឆ្អែតជាមួយនិងគណបក្ស ក្រុមអ្នកនយោបាយដែលចេះតែឈ្លោះ បែកបាក់ ហែកហួរ ចោទប្រកាន់លាបពណ៌គ្នា អ៊ីចឹង អង្គបោះឆ្នោតរបស់ខ្លួនឯង លែងបោះឆ្នោឲ្យ ហើយមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យើងឃើញទេ អានេះគឺជាលទ្ធផល ដែលទទួលបានពីនយោបាយសុច្ចរិតភាព បម្រើជាតិពិតប្រាកដ ស្មោះជាមួយនិងប្រទេសជាតិ និងទឹកដី។ អ៊ីចឹងវាខុសពីនយោបាយរបស់ពួករត់ចោលស្រុក ដែលហែកហួរ លាបពណ៌ ហើយតាំងពីមុនការបោះឆ្នោត គឺថា សម្ដែងការមិនទុកចិត្តទៅលើអង្គបោះឆ្នោតខ្លួនឯង ចោទប្រកាន់ទៅលើអង្គបោះឆ្នោតខ្លួនឯង ថា មិនស្មោះត្រង់ ថាមិនដើរតាមបន្ទាត់នយោបាយ ថា លក់ក្បាល លក់ឧត្ដមគតិអីអ៊ីចឹងទៅ។ អ៊ីចឹងគេមានការឈឺចាប់ មនុស្សគេមានបេះដូង មានមនោសញ្ចេតនា ហើយគេមានសុភវិនិច្ឆ័យមើលឃើញការពិតថា អ្នកណាបម្រើជាតិ ហើយនិងប្រកាន់គោលការណ៍ដើម្បីសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ប្រទេស»។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។ តាមរយៈការគាំទ្រដ៏ច្រើនលើសលប់នេះគឺបង្ហាញថា ចំណងទាក់ទងរវាងប្រជាពលរដ្ឋខ្មែរជាមួយគណបក្សប្រជាជនកម្ពុជាបានក្លាយជាកិច្ចសន្យាយ៉ាងរឹងមាំមិនអាចកាត់ផ្តាច់បានដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ រុងរឿង និងមានចំណូលខ្ពស់ស្របតាមគោលដៅដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ៕ ប្រភព៖ BAYON Radio

អត្ថបទទាក់ទង