Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​ធិបតី ហ៊ុន ម៉ាណែត, ពិធីចែកសញ្ញាបត្រ និងសម្ពោធសាលវាលស្បូវនៃមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល សាកលវិទ្យាល័យជាតិគ្រប់គ្រង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 754

CMF:

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ សវននិស្សិតជ័យលាភីគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និង
និស្សិតជ័យលាភីទាំងអស់ជាទីស្រលាញ់រាប់អាន។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមពិធីប្រគល់សញ្ញាបត្រដល់សវននិស្សិត ក៏ដូចជានិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបជាង ៥ ០០០ អង្គ/នាក់។ នៅក្នុងនោះ មានស្រ្តីរហូតទៅដល់ ៦១,៥% ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំ ២០២២-២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នាពេលនេះ។

[ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ពុះពារការប្រឈមពីការងារ ជីវភាពរស់នៅ រួមទាំងការសិក្សាផង ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ

នេះក៏ជាកម្មវិធីទី១ ក្រោយពីរាជរដ្ឋាភិបាលបានបង្កើត ដែលនៅក្នុងតួនាទីថ្មីនេះ ខ្ញុំបានមកជួបនិស្សិតនៅក្នុងកម្មវិធីចែកសញ្ញាបត្រ។ ពីមុន ក៏បានចែកច្រើនដែរ តែពេលនេះ ជាលើកទី១ … កន្លងទៅក៏មានការស្នើសុំ ហើយក៏សូមការយោគយល់ពីបណ្ដាសាកលវិទ្យាល័យមួយចំនួន ដែលរយៈពេលមុននេះជាប់(កម្មវិធី)ច្រើនក្នុងកិច្ចការផ្សេងៗ។ ប៉ុន្តែ ការចែកសញ្ញាបត្រនេះក៏នៅបន្តនៅពេលខាងមុខទៀត ជាអាទិភាពធំនៅក្នុងការលើកទឹកចិត្តទៅដល់និស្សិតទាំងអស់ ក៏ដូចជាសាស្រ្តាចារ្យ គណៈគ្រប់គ្រង ដែលបានរួមគ្នានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាសំខាន់ សម្រាប់ប្រទេសជាតិរបស់យើង។ ថ្ងៃនេះ ក៏សូមអបអរសាទរនូវសមិទ្ធផលរួម។

ថ្ងៃនេះ យើងមាន ៥ ២៣២ អង្គ/នាក់ ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សា ប៉ុន្តែអ្នកដែលត្រូវអបអរមិនមែនតែ ៥ ២៣២ នាក់នោះទេ។ សមិទ្ធផលនេះគឺជាសមិទ្ធផលរួម។ សមិទ្ធផលរួមគឺ ទី១ តួអង្គសំខាន់ជានិស្សិតខ្លួនឯងដែលខ្ញុំសូមអបអរសាទរចំពោះការជោគជ័យ។ ការរៀនសូត្រ ក៏ដូចជាកិច្ចការផ្សេងៗ មិនមែនប្រើតែមួយថ្ងៃនោះទេ។ មិនមែននិស្សិតទាំងអស់ទើបចុះឈ្មោះម្សិលមិញ ហើយថ្ងៃនេះមកពាក់អាវទទួលសញ្ញាបត្រទេ។ គឺប្រើពេលយូរ។ ប្រើពេលបរិញ្ញាបត្ររង ២ឆ្នាំ​, បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ថែមទៀត។ ក្នុងរយៈពេលនេះ ក៏មានការប្រឈមការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ ការងារ ក៏ដូចជាស្ថានភាពផ្សេងៗ រួមទាំងការសិក្សាផង។ ការដែលនិស្សិតទាំងអស់បានអង្គុយនៅទីនេះ ទទួលសញ្ញាបត្រ ហើយបញ្ចប់ការសិក្សាដោយជោគជ័យ បានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែងសំរេចសមិទ្ធផលនេះ … ខ្ញុំសូមអបអរសាទរសាជាថ្មី។

(២) សំរាប់ឪពុកម្តាយ ដែលកូនបានរៀនចប់ដោយជោគជ័យបន្តដំណើរជីវិតរបស់ខ្លួន ជាមោទនភាពធំ

ខ្ញុំតែងតែសួរសំណួរមួយពេលដែលចែកសញ្ញាបត្រចំពោះនិស្សិតទាំងអស់។ តើអាចលើកដៃបានទេ អ្នកដែលនៅក្នុងមួយគ្រួសាររបស់ខ្លួន ហើយខ្លួនជាមនុស្សទី១ ដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ មានច្រើន។ ជំនាន់ឪពុកម្ដាយយើង ជីតាយើង សង្រ្គាមផងអីផង មិនមានឱកាស(បានសិក្សាទេ)។ ខ្ញុំគិតថាភាពជោគជ័យរបស់បងប្អូន ក្មួយៗនៅថ្ងៃនេះ មិនត្រឹមតែសម្រាប់ខ្លួនឯងនោះទេ។ អ្នកដែលសប្បាយចិត្តជាងគេជាបន្ទាប់គឺមាតាបិ​តា អាណាព្យាបាល គ្រួសារ ប្ដីប្រពន្ធរបស់យើង … គ្មានអ្នកណាសប្បាយចិត្តជាងឪពុកម្ដាយទេ។ ពេលមានកូនខ្លួនឯងទើបបានដឹង។ កាលពីក្មេង មិនទាន់មានកូន ឪពុកម្ដាយតាម ជួនកាលគិតថាគាត់គិតយើងខ្លាំងពេកហើយ មិនចាំបាច់ព្រួយបារម្ភទេ។ សម្រាប់ឪពុកម្ដាយ ទោះយើងធំប៉ុណ្ណា អាយុប៉ុណ្ណា មានកូនមានចៅត យើងនៅតែជាកូនក្មេងសម្រាប់ពួកគាត់។ អញ្ចឹង មោទនភាពដែលកូននីមួយៗបាន(រៀន)ចប់ សម្រេចជោគជ័យមួយជំហានទៀតនៅក្នុងដំណើរការនៃជីវិតរបស់ខ្លួននោះ គឺជាមោទនភាពធំណាស់។ សូមអរគុណចំពោះមាតាបិតា អាណាព្យាបាល គ្រួសារទាំងអស់របស់និស្សិតជ័យលាភីរបស់យើង ដែលបានផ្ដល់ការគាំទ្រ ហើយនេះក៏សូមអបអរសាទរផងដែរ។ ជាពិសេស ចំពោះអ្នកដែលជាជនទី១ នៅក្នុងខ្សែស្រឡាយគ្រួសារច្រើនដំណរមកហើយ ដែលបានបញ្ចប់កម្រិតឧត្តមសិក្សា។ នេះជាមោទនភាពសម្រាប់គ្រួសារ និងខ្សែស្រឡាយ ឬយើងមួយត្រកូលតែម្ដង … និងបន្តសម្រាប់ជំនាន់ក្រោយៗទៀត។

(៣) សាស្ត្រាចារ្យនិងគណៈគ្រប់គ្រងសាលា ជួយក្នុងដំណើរការបណ្តុះបណ្តាល/កសាងគុណវុឌ្ឍិ

សមិទ្ធផលនេះ ក៏បានមកពីការចូលរួមយ៉ាងសំខាន់របស់សាស្រ្តាចារ្យ ដែលបានខិតខំចែករំលែក ជំរុញ លើកទឹកចិត្តបង្រៀនទៅដល់និស្សិតទាំងអស់ ឱ្យបានចប់ជាស្ថាពរ។ សាស្រ្តាចារ្យដើរតួនាទីសំខាន់ ក្រៅពីឪពុកម្ដាយដែលបង្កើត ដែលយើងហៅថាគ្រូជាឪពុកម្ដាយទី២ មិនខុសទេ។ សាស្រ្តាចារ្យក៏ដូចគ្នា​ជាគ្រួសារមួយដែលជួយបំពាក់បំប៉នចំណេះដឹង ជួយបំពេញមនុស្សម្នាក់ៗ ឱ្យមានសមត្ថភាព ដើម្បីអាចរស់ខ្លួនឯង (ជួយ)កសាងសង្គម និងកសាងសមត្ថភាពខ្លួនឯង។ តួអង្គទី៤ គឺគណៈគ្រប់គ្រង បុគ្គលិកសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានរួមគ្នាសម្រួល ដឹកនាំ ធ្វើឱ្យសាកលវិទ្យាល័យដំណើរការបានល្អ។ គ្រប់(ភាគី)ទាំងអស់ បុគ្គលិកសិក្សា គណៈគ្រប់​គ្រងគ្រប់ផ្នែក ត្រូវតែដើរដើម្បីអាចសាលាដំណើរការបានល្អ ហើយសាស្រ្តាចារ្យមានឱកាសផ្ដោតលើការបណ្ដុះបណ្ដាល​ និស្សិតអាចមានឱកាសនៅក្នុងការផ្ដោតទៅលើការរៀនសូត្រ។

(៤) ប្រទេសជាតិរឹងមាំ អាស្រ័យលើប្រជាពលរដ្ឋប្រកបដោយគុណវុឌ្ឍិរឹងមាំ

សរុបសេចក្ដីមក សមិទ្ធផលថ្ងៃនេះគឺជាសមិទ្ធផលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ជាតិយើងដែលមានធនធានមនុស្សជាង ៥ពាន់នាក់បញ្ចប់ និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។ មោទនភាពរឹងមាំរបស់ប្រទេសជាតិមួយ គឺអាស្រ័យទៅលើប្រជាពលរដ្ឋមានភាពរឹងមាំ។ ការអប់រំគឺដើម្បី​បច្ចុប្បន្ននិងអនា​គត។ ការកសាងសមត្ថភាពបច្ចុប្បន្ន គឺដើម្បីកសាងសមិទ្ធផលបន្ថែមសម្រាប់អនាគត។ អញ្ចឹងប្រទេសជាតិរបស់យើងមានសំណាង ដែលថ្ងៃនេះបានធ្វើពិធីអបអរសាទរចំពោះនិស្សិតជ័យលាភី ៥ ២៣២ អង្គ/នាក់ ដែលនឹងចូលនៅក្នុងយន្តការជួយកសាង និងជំរុញសេដ្ឋកិច្ចជាតិនិងប្រទេសជាតិកាន់តែអភិវឌ្ឍរឹងមាំ។ ថ្ងៃនេះ ជាការអបអរសាទរសមិទ្ធផលរួមដែលកើតចេញពីការរួមគ្នា ពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ថ្ងៃនេះគឺជាថ្ងៃដែលល្អ មួយថ្ងៃ ក្រោយថ្ងៃនៃសេចក្ដីស្រលាញ់។

[ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមកោតសរសើរចំពោះក្រសួងអប់រំ យុវជននិងកីឡា ដែលបានដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកែទម្រង់ ដើម្បីបង្កើនការចូលរៀន ការលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេស ការកែទម្រង់ឧត្តមសិក្សា។ និងសូមវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងដៃគូសហប្រតិបត្តិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយចំណេះដឹងទូលំទូលាយ ជំនាញច្បាស់លាស់ មនសិការ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ និងការចេះរួបរួមនិងធ្វើការជាមួយគ្នា ប្រកបដោយសុខដុមរមនា និងជាមូលធនសម្រាប់ប្រទេសជាតិរបស់យើង។ខ្ញុំសូមអបអរចំពោះសមិទ្ធផលថ្មី ដែលរួមមាន៖ អាគារសិក្សាថ្មីនៅទីនេះ ក៏ដូចជាទីតាំងសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលបានកសាងមកដល់ពេលនេះ តាំងពីដីទំនេរ ៦ហិកតា។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(៥) សាកលវិទ្យាល័យជាតិគ្រប់គ្រងមានផែនការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមសាកលវិទ្យាធិការបានបង្ហាញអំពីផែនការអនាគតរបស់សាកលវិទ្យាល័យ ដែលរៀបចំនៅទីនេះ ដើម្បីពង្រឹងទៅលើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលទៅអនាគត។ ការកសាងប្រទេស ការកសាងសាលាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំហានទៅមួយជំហាន មិនខុសពីយើងរៀនទេ។ ទម្រាំតែបានអង្គុយទទួលបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង យើងត្រូវចំណាយអស់រាប់ពាន់ថ្ងៃ តាំងពីថ្នាក់ទី១ មិនមានអ្នកណាអាចផ្លោះបានទេ។ មិនដឹងថាថ្ងៃមុខគេអាចផ្លោះបានដូចរឿងកុនមិនបាច់រៀនទេ ចាំ download ពី computer ចូលតែម្តង(ឬទេ)។ ចង់បើកយន្តហោះ មិនបាច់ទៅរៀនទេ ចូលទៅអង្គុយកៅអី ហើយដោតខ្សែ download ចូលមក ក៏ចេះបើកតែម្តង។ ខ្ញុំមិនដឹងថ្ងៃនោះជាពេលណាទេ។ ប៉ុន្តែសមិទ្ធផលនេះ ខ្ញុំដឹងថាមិនមែនកើតពីយប់មិញ កើត​ពីការ download ទេ ប៉ុន្តែការតស៊ូរាប់សិបឆ្នាំមកដល់ម៉ោងនេះ។ សមិទ្ធផលនៅទីនេះក៏ដូចគ្នា។ ការកសាងដែលចាប់ផ្តើមពីទីវាល កន្លែងទឹក ឥឡូវមានទីតាំង មានអគារ និងនៅក្នុងរយៈពេលទៅមុខទៀតនឹងជាក្លាយជាកន្លែងដែលបណ្តុះបណ្តាលធនធានមនុស្ស។

(៦) រយៈពេល ៤១ ឆ្នាំ តាំងពីឆ្នាំ ១៩៨៣ សាកលវិទ្យាល័យជាតិគ្រប់គ្រង ដើរតួសំខាន់បង្កើតមូលធនមនុស្ស

ក្នុងរយៈពេល ៤១ ឆ្នាំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលកើតពីឆ្នាំ ១៩៨៣ ដែលកាលនោះជាវិទ្យាស្ថានសេដ្ឋកិច្ចកាល មកដល់ម៉ោងនេះ (សាលាបាន)បណ្តុះបណ្តាលធន​ធាន​មនុស្សជាង ៦ម៉ឺននាក់ ជាមូលធនសម្រាប់ជាតិ ហើយកំពុងបន្តដើរតួនាទីកាន់តែសំខាន់ដោយការពង្រីកសាខាតទៅទៀត ជាពិសេសនៅទីនេះ សម្រាប់ធនធានមនុស្សអនាគត ដែលផ្តោតទៅលើបច្ចេកវិទ្យនិងឌីជីថល។ តាមរបាយការណ៍របស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក៏ដូចជារដ្ឋមន្ត្រីស្តីទីក្រសួងអប់រំយុវជន និងកីឡា ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលថ្ងៃនេះក៏មានការរៀបចំបង្កើតបន្ថែមនូវសមិទ្ធផលដែលស្របជាមួយគោលនយោបាយក្រសួងអប់រំ។ លោកជំទាវបានមានប្រសាសន៍ពីការរៀប​ចំជាច្រើន ការដាក់ចេញនូវគោលនយោបាយ ការកសាង និងអនុវត្តកន្លងទៅរបស់ក្រសួងអប់រំ ដែលមានចរិតបុរេសកម្ម ក្នុងការកសាងធនធានមនុស្ស ដែលអាចថាឲ្យប្រទេសយើងរឹងមាំ និងមានចីរភាព ព្រមទាំងភាពធន់នៅក្នុងការអភិវឌ្ឍប្រទេស …។

[ចប់សេចក្តីអធិប្បាយ២]

ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង ការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និង សង្គមឌីជីថល តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម, ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម ។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សា ក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍទេពកោសល្យ, ការច្នៃប្រតិដ្ឋ និង ប្រព័ន្ធ – អេកូឡូស៊ី ដើម្បីជំរុញកំណើន និង និរន្តរភាពនៃសេដ្ឋកិច្ចឌីជីថល ។

[ផ្តើមសេចក្តីអធិប្បាយ៣]

(៧) សញ្ញាបត្របញ្ជាក់ថានិស្សិតម្នាក់ៗ មានសមត្ថភាពអាចប្រកួតប្រជែង

ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ បំពាក់សមត្ថភាពសម្រាប់ប្រទេសមានសារៈសំខាន់។ ឧទាហរណ៍ជាក់ស្តែង និស្សិតយើងដែលបានចប់សញ្ញាបត្រនៅទីនេះ តើបានន័យយ៉ាងម៉េច? (ដែលពួកគាត់)ចំណាយពេលវេលារៀនបន្ត រហូតដល់បញ្ចប់កម្មវិធីសិក្សាដោយជោគជ័យ ឈានទៅយកសញ្ញាបត្រមួយ​ តើមានន័យយ៉ាងម៉េច? តើសំរាប់ប្រាប់គេឯងថាបាន(ក្រដាស)មួយសន្លឹកនេះតែប៉ុណ្ណោះឬ? អត់ទេ។ ក្រដាសមួយសន្លឹកនេះគឺជាសាក្ខីភាពបញ្ជាក់ពីអ្វដែល(ជាចំណេះដឹង)នៅក្នុងខ្លួនរបស់យើង។ សញ្ញាបត្រមួយសន្លឹកដែលកើតចេញពីការខិតខំប្រឹងប្រែងស្រូបយកនូវចំណេះដឹង ធ្វើឲ្យយើង ទី១ អាចលើកកម្ពស់កម្រិតប្រកួតប្រ​ជែងរបស់និស្សិតនីមួយៗ។ បានន័យថាម៉េច? កម្ពុជាប្រកាន់យករបបទីផ្សារសេរី និងប្រកួតប្រជែង។ យើងអត់អនុវត្តតាមសេដ្ឋកិច្ចផែនការតម្រង់ទិសនោះទេ? យើងបើកទីផ្សារប្រកួតប្រជែង ក្នុងនោះការងារក៏ត្រូវមានការប្រកួតប្រជែង។ ការងារមានកម្រិតច្រើនដែលត្រូវទាមទារនូវគុណវុឌ្ឍិរបស់ធនធានមនុស្សខុសគ្នា។​ អញ្ចឹងនិស្សិតដែលបានបញ្ចប់ថ្នាក់ឧត្តមសិក្សា បើប្រៀបធៀបជាមួយអ្នកផ្សេងដែលមិនទាន់បានរៀនចប់កម្រិតឧត្តមសិក្សា អាចបញ្ជាក់ថានៅក្នុងខ្លួនមានកម្រិតសមត្ថភាពមួយដែលអាចប្រកួតប្រជែងបាន …។

(៨) សញ្ញាបត្របញ្ជាក់ថានិស្សិតមានភាពម្ចាស់ការ

ទី២ (សញ្ញាប័ត្របញ្ជាក់ថានិស្សិតអាច)បង្កើនភាពម្ចាស់ការខ្លួនឯង។ យើងអាចគិត យើងអាចប្រែក្លាយគំនិតរបស់យើងទៅជាអ្វីដែលយើងធ្វើបានច្រើន។ ភាពម្ចាស់ការនេះសំខាន់ណាស់។ ខ្ញុំបានមើលរឿងកំប្លែងមួយ។ មានបុរសម្នាក់ស្រឡាញ់កូនគេ។ អត់ចេះសរសេរអក្សរ។​ អញ្ចឹងពឹងមិត្តភក្តិឲ្យសរសេរលិខិតស្នេហា។ សរសេរចុះសរសេរឡើង គេស្រឡាញ់មិត្តភក្តិនោះទៅ។ (ខ្លួន)មិនដឹងខ្លឹមសារគេសរសេរយ៉ាងម៉េច … អញ្ចឹងគ្រាន់តែរឿងស្រឡាញ់ប៉ុណ្ណឹង យើងអត់មានសមត្ថភាព យើងត្រូវពឹង។ អញ្ចឹងភាពម្ចាស់ការ ការកំណត់ជោគវាសនាខ្លួនឯង ភាពម្ចាស់ការលើការធ្វើអ្វី គិតគូរខ្លួនឯងគឺជាការចាំបាច់។ នេះហើយដែលថាចំណេះដឹងជាអំណាច។ យើងមានចំណេះដឹង យើងអាចមានលទ្ធភាពរៀបចំផែនការដើរដោយខ្លួនឯង ធ្វើខ្លួនឯងច្រើន និងបង្កើននូវទំនុកចិត្តលើខ្លួនឯង។

(៩) មានចំណេះដឹងខ្ពស់ អាចអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់និងមានជម្រើសកាន់តែច្រើន

មានសញ្ញាបត្រ មានចំណេះដឹង មានគុណវុឌ្ឍិកាន់តែខ្ពស់ ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍ បង្កើនសមត្ថភាពមួយកម្រិត កាន់តែខ្ពស់។ បានន័យថា យើងមិនអាចរៀនឧត្តមសិក្សាទេ បើយើងមិនបានឆ្លងមធ្យមសិក្សា។ យើងក៏មិនអាចមកចូលរៀននៅមធ្យមសិក្សាបានទេ បើយើងមិនបានឆ្លងកាត់បឋមសិក្សា។ អញ្ចឹងការរៀនមួយជំហានៗ ជាមូលដ្ឋានសម្រាប់ឲ្យយើងចាប់យកឱកាស និងឈានទៅដល់ការពង្រឹងសមត្ថភាពបន្ថែមទៀត។ បងប្អូនមិនអាចរៀននិងទទួលសញ្ញាបត្រខាងបច្ចេកវិទ្យា IT នោះទេ បើសិនជាយើងអត់ចេះ ក, ខ។ បានន័យថាអ្វីដែលយើងមាននៅថ្ងៃនេះ ជាមូលដ្ឋានសម្រាប់យើងបន្តទៅទៀត។ បើយើងចង់ទៅរៀនបរិញ្ញាបត្រជាន់ខ្ពស់ គេប្រាកដជាសួរថាអ្នកឯងមានបរិញ្ញាបត្រឬនៅ។ បើអត់ទេ ជម្រើសយើងប្រហែលជាពិបាកហើយ។ យើងត្រូវរកជម្រើសផ្សេង។ ប៉ុន្តែជម្រើសយើងចង់បានលំបាក។

ចុងក្រោយ (ការរៀបនបានសញ្ញាបត្រ មានចំណេះដឹងខ្ពស់)ផ្តល់ជម្រើសឲ្យកាន់តែច្រើនសម្រាប់យើង។ ភាពប្រកួតប្រជែងនិងជម្រើសផ្អែកទៅលើសមត្ថភាពរបស់យើង។ គុណវុឌ្ឍិរបស់យើងនេះហើយ ដែលថាតើការរៀនចប់មកដល់ម៉ោងនេះមានន័យអ្វី? ជួនកាល យើងរៀនចប់ជំនាញអ្វីមួយ មិនទាន់មានទីផ្សារ ឬទីផ្សារចង្អៀត យើងប្រកួតមិនទាន់បាន។ អាចពេលជាមួយគ្នា យើងព្យាយាមរកកន្លែងផ្សេង ឬមួយបង្កើតការងារខ្លួនឯង។ អ្នកខ្លះចេញទៅ (រកការងារ/របរ)ធ្វើខ្លួនឯង។ កន្លែងខ្លះគាត់អាចធ្វើ reskilling ប្តូរយកជំនាញមធ្យម។ អ្នកខ្លះរៀនបរិញ្ញាបត្រខាងគ្រប់គ្រង ដល់ពេលបរិញ្ញាបត្រជាន់ខ្ពស់ទៅយកអីផ្សេង។ ដែលយើងមានមូលដ្ឋានចំណេះដឹងខ្ពស់នេះ អាចឲ្យយើងបត់បែនផ្លាស់​ប្តូរ reskilling និង upskilling បាន។ បងប្អូនខ្លះរៀន Management ឥឡូវចាប់ផ្តើមមាន IT ឬឌីជីថល អញ្ចឹងអាចឈានទៅចាប់យកមុខវិជ្ជានោះ … មានជម្រើសច្រើន។

(១០) មនុស្សម្នាក់ៗ ក៏ដូចប្រទេសមួយ ចាំបាច់ត្រូវមានសមត្ថភាព គុណវុឌ្ឍិ ដើម្បីបត់បែននិងប្រកួតប្រជែង

នេះមិនមែនបានន័យថាបងប្អូនមិនដឹងពីអត្ថប្រយោជន៍នៃចំណដឹងនោះទេ។ ខ្ញុំគ្រាន់តែយកចំណាប់អារម្មណ៍នេះក្នុងនាមបុគ្គល ដើម្បីយើងភ្ជាប់វាមកជាមួយប្រទេសថាវាដូចគ្នាដែរ។ មនុស្សម្នាក់ៗ (ចាំបាច់ត្រូវ)មានសមត្ថភាព មានគុណភាព គុណវុឌ្ឍិ មានភាពបត់បែន ភាពប្រកួតប្រជែង។ ជាប្រទេសមួយក៏ដូចគ្នា។ បើសិនជាប្រទេសមួយ​មានធនធានមនុស្សច្រើន មានមូលធនមនុស្សកាន់តែច្រើន មានសុខភាព និងពេញសមត្ថភាពនោះ … វានឹងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។ មិនខុសពីបងប្អូនទេ។ កម្ពុជាប្រកាន់របបទីផ្សារសេរី ប្រកួតប្រជែង និងសមាហរណកម្មនៅក្នុងពិភពលោក។ យើងត្រូវប្រកួតប្រជែង។ គេអត់ឱ្យយើង Free ទេ។ យើងចូលនៅក្នុងការចរចាពាណិជ្ជកម្មសេរី គឺលុបចោលនូវវិធានការការពារឧស្សាហកម្មផ្ទៃក្នុងមួយចំនួន ដើម្បីយើងប្រកួតប្រជែងស្មើភាព។ យើងត្រូវការធនធានមនុស្សដែលអាចជំរុញសេដ្ឋកិច្ចនិងការប្រកួតប្រជែងបាន ទាំងលើ​​ទាំងក្រោម ទាំងថ្នាក់ដឹកនាំ ពីថ្នាក់ជាតិរហូតដល់ក្រោមជាតិ ទាំងប្រជាពលរដ្ឋនៅគ្រប់វិស័យ …។

(១១) គម្លាតខួរក្បាលងាយភ្ជិតជាងគម្លាតហេដ្ឋារចនាសម្ព័ន្ធ ឬបច្ចេកវិទ្យា

កាលពីទស្សវត្សរ៍ទី៦០ ទី៧០ យើងរត់លឿនជាងប្រទេសមួយចំនួននៅក្នុងតំបន់។ ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ សង្គ្រាមបានកើត យើងបានជំពប់ជើងដួល រលាត់ដៃរលាត់ជើង ក្នុងពេលប្រទេសជិតខាងរត់ទៅមុខ … យើងអស់ធនធាន បាក់ដៃ បាក់ជើង ហើយប្រជាពលរដ្ឋស្លាប់អស់រាប់លាននាក់។ បន្តមកឆ្នាំ ១៩៧៩ យើងនៅប្រឈមសង្គ្រាមផង ទណ្ឌ​កម្មសេដ្ឋកិច្ចផង។ ដល់បញ្ចប់សង្គ្រាម ទើបយើងចាប់ផ្តើមរត់ ហើយមកដល់ម៉ោងនេះយើងអាចប្រកួតប្រជែងបាន។ យើងនៅមិនទាន់ប្រទេសជិតខាងទេ ប៉ុន្តែគម្លាតកាន់តែឃ្លាតតិច។ ធំបំផុតគឺធនធានមនុស្សនេះឯង។ គម្លាតខួរក្បាលងាយបិទជាងគម្លាតហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា … ឧទាហរណ៍ និសិ្សត ឬមួយសិស្សនិទ្ទេស A ដែលខ្ញុំចែកថ្ងៃមុនមិនមែនសុទ្ធតែអ្នកភ្នំពេញទេ។ មានអ្នកខេត្តផងដែរ។ មិនប្រា​កដថាកើតមកក្នុងត្រកូលអ្នកមាន(លទ្ធភាពត្រូវតែ)រៀនពូកែជាងអ្នកដែលកើតក្នុងត្រកូលអ្នកមិនសូវមានលទ្ធភាពនោះទេ បើសិនជាផ្តល់ឱកាសដូចគ្នា។ មានជីវជាតិ មានអាហារបំប៉នគ្រាន់បើ ​មិនប្រាកដថារឿនពូកែជាងទេ។

(១២) មានសុខសន្តិភាព ស្ថិរភាព កម្ពុជាអាចដើរលឿន និងភ្ជិតគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់

អញ្ចឹង ដែលយើងរុញសាលាទៅ(មូលដ្ឋាន) យើងឃើញនិស្សិត/សាលាខ្លះ រៀនបានអាហារូបករណ៍ទៅរៀននៅបរទេស បានលេខមួយថែមទៀត។ គម្លាតខួរក្បាលងាយស្រួលនឹងបិទ ដោយមិនគិតពីប្រភពដើមនៃកម្រិតជីវ​ភាពរស់នៅ។ អ្នកនៅក្នុងក្រុងដែលមានជីវភាពធូរធា កូនមានឱកាសរៀនសូត្រ មានឱកាសច្រើន ប៉ុន្តែមិនធានាថា ១០០% ត្រូវតែអាចជោគជ័យ។ ហើយអ្នកដែលកើតនៅក្នុងត្រកូលអ្នកក្រ ក្មេងកំព្រា មិនប្រាកដថា រៀនមិនកើតនោះទេ បើផ្តល់ឱកាសដូចគ្នា។ ត្រឡប់មកប្រទេសវិញក៏ដូចគ្នា។ កម្ពុជាធ្លាប់មានសង្គ្រាម ខណៈក្នុងអាស៊ានទាំង ១០ ប្រទេសផ្សេងទៀត មិនឆ្លងកាត់សង្គ្រាមដូចយើងទេ ពីទស្សវត្សរ៍ទី ៨០។ (តែនៅពេលមាន)ឱកាសជាសុខសន្តិភាព ស្ថិរភាព កម្ពុជាក៏អាចដើរលឿនដែរ។ តាមពិត ២០ឆ្នាំមុនកូវីដ-១៩ ក្រោយបញ្ចប់សង្គ្រាម សេដ្ឋកិច្ចយើងស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលដើរលឿនជាងគេ ១០ប្រទេសនៅលើពិភពលោក។ កំណើនកម្រិតខ្ពស់ជាង ៧% ក្នុងមួយឆ្នាំ ជាឧទាហរណ៍ជាក់ស្តែង ថាយើងអាចភ្ជិតគម្លាត បើសិនជាយើងមានឱកាស ហើយឱកាសធំបំផុតសម្រាប់ប្រទេសគឺសុខសន្តិភាពនេះឯង …។

(១៣) ឈប់អោយមនុស្សស្លាប់ដោយច្បាំងគ្នា អោយរៀនសូត្របង្កើនសមត្ថភាព រំដោះដីពីមីនធ្វើផលិតកម្ម

ឈប់យកលុយទៅទិញអាវុធវាយគ្នា។ ធនធានមនុស្សពេញកម្លាំងលែងច្បាំងគ្នាស្លាប់លើសមរភូមិ តែចូលមករៀនសូត្របង្កើនសមត្ថភាពបំប៉នគ្រប់ជំនាញ គ្រប់វិស័យ … ដីធ្លី ដែលធ្លាប់តែដាក់មីនវាយគ្នា យើងរំដោះដើម្បីធ្វើកសិកម្ម ធ្វើកសិ-ឧស្សាហកម្ម។ ស្ពានដែលធ្លាប់តែដាក់ផ្តាច់ យើងកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងធនធានមនុស្សដែលអាចឱ្យយើងរីកចម្រើនបាន និងឈានទៅប្រកួតប្រជែងបាន។ ធនធានមនុស្សយើងក៏មិនអន់ដែរ នៅពេលដែលមានឱកាស។ យើងឃើញនិស្សិតរបស់យើង យើងឃើញសិស្សរបស់យើង ចេញប្រកួតប្រជែងនៅក្រៅប្រទេស។ ក្រុមហ៊ុនវិស័យឯកជនរបស់យើង អង្គការរបស់យើងចេញប្រកួតប្រជែងបានរង្វាន់ និងថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ សិស្សរបស់យើងចេញទៅប្រកួត Robot បង្កើតគំនិតនវានុវត្តន៍បានជោគជ័យ។ ថ្ងៃមុន ឯកឧត្តម ជា វ៉ាន់ដេត បានប្រាប់ខ្ញុំថា នៅក្នុងក្រសួង(ប្រៃសណីយ៍និងទូរគមនាគមន៍)មានអភិវឌ្ឍកម្មវិធី(Verify.gov.kh មួយ ដែលប្រកួតប្រជែងនៅអាស៊ានបានលេខមួយ។

(១៤) កសាងធនធានមនុស្សដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពម្ចាស់ការឯករាជរបស់ប្រទេស

(https://verify.gov.kh/) គឺ Software ដែលយើងបង្កើតសម្រាប់ Verify ឯកសារមួយចំនួន ដែលថ្ងៃក្រោយសញ្ញាបត្រអីស្រួល Verify អត់មានសញ្ញាបត្រសេះហោះអីទៀតទេ។ ដល់យកទៅប្រកួតក្នុង Platform ជាមួយអាស៊ាន យើងបានលេខមួយ … នេះគឺជាសាក្សីជាក់ស្តែង នេះជាឧទាហរណ៍ជាក់ស្តែង ស្តីពីលទ្ធភាពនិងសមត្ថភាពកូនខ្មែរ (ដែល)បើ(មានការ)ផ្តល់ឱកាស ហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ។ យើងនឹងសមត្ថភាពក្នុងការប្រកួតប្រជែងនេះ។ នេះជាមោទនភាពចំ​ពោះអ្វីដែលយើងបានសម្រេចជោគជ័យនៅក្នុងរយៈពេល ៤០ឆ្នាំ។ ពីប្រទេសដែលដួលបាក់ធ្មេញ ដួលបាក់ដៃ បាក់ជើង ងើបមករត់ជិតទាន់គេឯង។ បើយើងកសាងមូលដ្ឋាននេះកាន់តែរឹងមាំទៀត យើងមិនមានភាពស្រពិចស្រពិលទេថា កម្ពុជានឹងបន្តឈានទៅមុខអាចប្រកួតឈ្នះ។ អញ្ចឹងការកសាងធនធានមនុស្សនេះ ទី១ បង្កើនភាពប្រកួតប្រជែង ដើម្បីឱ្យយើងអាចបិទគម្លាត ទី២ បង្កើនភាពម្ចាស់ការឯករាជ្យរបស់កម្ពុជា។

(១៥) ដាក់ទិសដៅខ្ពស់ មានមហិច្ចតាធំ មានបុរេសកម្ម និងការព្យាករណ៍ទៅអនាគត

អម្បាញ់មិញ លោកគ្រូបានធ្វើបទបង្ហាញថានៅពេលខាងមុខ នឹងមានរៀបចំប្រព័ន្ធ Metaverse ដែលលោកគ្រូថាយើងដូចជាមានមហិច្ចតាធំបន្តិច។ ខ្ញុំថា គ្មានអ្នកណាហាមយើងមិនឱ្យមានមហិច្ចតាធំដើម្បីការអភិវឌ្ឍខ្លាំងនោះទេ។ កម្ពុជាដាក់ទិសដៅក្លាយទៅជាប្រទេសអ្នកមានឆ្នាំ ២០៥០ … ឯកឧត្តម Antonio Guterres (អគ្គលេខាធិការសហប្រជាជាតិ)ថា កម្ពុជាដាក់ទិសដៅខ្លាំងណាស់។ ខ្ញុំថាទាល់តែយើងដាក់ទិសដៅខ្ពស់បានយើងខំប្រឹងអស់លទ្ធភាព។ ដើម្បីធានានូវភាពម្ចាស់ការនិងឯករាជ្យភាព ខ្ញុំប្រាប់គាត់ថា មិនត្រឹមតែមានមហិច្ចតាធំទេ តែគិតមុនទៀត មានបុរេសកម្ម និងព្យាករណ៍ទៅអនាគត ដើម្បីយើងអាចឈានទៅកម្រិតម្ចាស់ការខ្លួនឯង … អំពីបច្ចេកវិទ្យា AIប្រទេសមួយចំនួនបានដើរមុនយើង។ គេផលិតរបស់របរដែលចេញទៅលក់នៅទីផ្សារ។ សួរថា អញ្ចឹងយើងមិនបាច់ពង្រឹងសមត្ថភាពដើម្បីកសាងភាពម្ចាស់ការរបស់ខ្លួន ដោយធ្វើខ្លួនឯងឬ? ថាទេ។ ​

(១៦) ប្រព័ន្ធទិន្នន័យ ជួយដល់ការគ្រប់គ្រងនិងភាពម្ចាស់ការ

យើងយកបទពិសោធន៍គេមកសិក្សា ហើយច្នៃរបស់យើង ដើម្បីយើងអាចធ្វើខ្លួនឯងបាន។ យើងអាចធ្វើខ្លួនឯង ដូចករណី https://verify.gov.kh។ កន្លងទៅ យើងមានប្រព័ន្ធទិន្នន័យ តែមិនមានឯកភាពគ្នា ពិបាកត្រួតពិនិត្យ ដូចជាថាតើសិស្សនេះជាប់ឬធ្លាក់បាក់ឌុប … តើវិញ្ញាបនបត្ររបស់ក្រុមហ៊ុនមួយពិតឬក្លែងក្លាយ យើងមិនទាន់មាន(លទ្ធភាពត្រួតពិនិត្យ)។ អញ្ចឹងវាទាមទារឱ្យមានការបញ្ជាក់ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដោយជម្រើសមួយ យើងទិញពីគេ។ រកលុយទៅទិញពីគេ។ ទិញ software គេ ១០-២០ ម៉ឺនដុល្លារមកឱ្យគេបង្រៀនទៅ។ យើងចេះប្រើ។ ជម្រើសមួយទៀត ខិតខំព្យាយាមអភិវឌ្ឍខ្លួនឯង។ រឿងបច្ចេកវិទ្យានេះ សំខាន់គឺការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពទិន្នន័យ។ ត្រូវមានភាពម្ចាស់ការ។ នេះហើយដែលធនធានមនុស្សធ្វើឱ្យយើងមានភាពម្ចាស់ការដោយឯករាជ្យ។

(១៧) អភិវឌ្ឍ software គ្រប់គ្រងទិន្នន័យចំបាច់គ្រាផ្ទុះកូវីដ១៩ បង្ហាញពីភាពម្ចាស់ការ

ជំនាន់កូវីដ១៩ ប្រទេស(លើពិភពលោក)បិទទាំងអស់។ អត់មានប្រទេសណាចែករំលែកទេ។ ប្រទេសមួយៗ គេអភិវឌ្ឍ software សម្រាប់ contact tracing ខ្លួនឯង។ ប្រទេសកម្ពុជាក៏អញ្ចឹង។ ពេទ្យមិនអាចធ្វើដំណើរឆ្លងកាត់(ពីប្រទេសមួយទៅប្រទេសមួយ) ឬពីប្រទេសថៃចូលមកជួយព្យាបាលកូវីដ១៩ នៅស្រុកខ្មែរទេ។ យើងជួយបានអ្នកជំងឺធ្ងន់ ដែលត្រូវការដាក់ម៉ាស៊ីនជួយ(ដកដង្ហើម)រាប់សែននាក់។ ដោយសារអ្វី? ដោយសារសមត្ថភាពពេទ្យដែលយើងបណ្ដុះបណ្ដាលខ្លួនឯង ដោយសារសមត្ថភាពរបស់យើង ធ្វើអោយយើងអាចរស់ខ្លួនឯងបាន នេះហើយគឺភាពម្ចាស់ការរបស់យើង។ យើងធ្វើ software គ្រប់គ្រង(ទិន្នន័យ)ខ្លួនឯង។ ពិតណាស់ សមត្ថភាពរបស់យើងមិនទាន់បានធ្វើគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែទៅថ្ងៃមុខ យើងត្រូវម្ចាស់ការធ្វើកិច្ចការសំខាន់ជាច្រើន ដោយខ្លួនឯង … នេះមិនខុសអំពីថា បើយើងចង់សរសេរកុងត្រាមួយជាមួយនឹងប្រទេសមួយ ចរចាកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសមួយ …បើសិនជាមន្រ្តីរបស់យើងមិនមានអ្នកចេះច្បាប់ មិនមានអ្នកចេះសេដ្ឋកិច្ចសម្រាប់(ការ)ចរចា តើអាចការពារនិងរកផលប្រយោជន៍បានទេ? … យើងទៅពឹងអ្នកណា បើមិនពឹងខ្លួនឯង។

(១៨) ការរៀបចំនិងអនុវត្តផែនការ ការគ្រប់គ្រង ធ្វើដោយមន្ត្រីកម្ពុជា ពីថ្នាក់ជាតិដល់ក្រោមជាតិ

ហ្នឹងហើយការពង្រឹងសមត្ថភាពធនធានមនុស្ស។ បានន័យថា យើងអាចមានសមត្ថភាពម្ចាស់ការ។ ខ្ញុំមានការសប្បាយរីករាយ ព្រោះឆ្នាំកៅសិបជាង ខ្ញុំចាំថាសឹងតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ពេលនោះសរសេរផែនការ គឺយើងពឹងអ្នកជំនាញពីខាង IMF, World Bank ច្រើន។ ឥឡូវ រាល់ផែនការគឺកូនខ្មែរ មន្រ្តីខ្មែរជាអ្នកធ្វើ តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ អ្នកណាថាកម្ពុជាពឹងលើប្រទេសនេះប្រទេសនោះ (ក៏សូម)ទៅមើលទៅ។ ការគ្រប់គ្រង រៀបចំផែនការដឹកនាំកសាង អនុវត្តផែនការគ្រប់វិស័យទាំងអស់ ទាំងឯកជនទាំងរដ្ឋ (គឺរៀបរៀងដោយ)សមត្ថភាពកូនខ្មែរ។ សមត្ថភាពទាំងនោះ ភាគច្រើនបានពីការបណ្ដុះបណ្ដាលក្នុងប្រទេស ៤០ឆ្នាំនេះឯង។ មានកូនខ្មែរយើងមួយចំនួនបានទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ … ប៉ុន្តែភាគច្រើនគឺបានបណ្ដុះបណ្ដាលក្នុងប្រទេស​។ នេះហើយគឺជាភាពម្ចាស់ការឯករាជ្យ ដែលយើងត្រូវពង្រឹង។ ពីឆ្នាំកៅសិបជាង យើងទាញវិនិយោគមកបានត្រឹមតែវិនិយោគដែលប្រើប្រាស់ជំនាញទាបទេ ដូចជាកាត់ដេរតូចតាច។ ឥឡូវយើងមានលទ្ធភាពទាញមកដល់ឧស្សាហកម្មកម្រិតធ្ងន់និងបច្ចេកវិទ្យាខ្ពស់។ ម្សិលមិញ យើងប្រជុំដាក់ផែនការមួយចំនួនពីការរៀបចំអនាគត ទាញយកវិស័យឧស្សាហកម្មឌីជីថល និងវិស័យផ្សេងៗ។ យើងនឹងទាញគេមកបានដោយផ្អែកលើអី្វ? ដោយសារយើងមានធនធានមនុស្សដែលយើងបណ្ដុះបណ្ដាលបាន។ នេះហើយជាការធានានូវភាពប្រកួតប្រជែងទាំងភាពម្ចាស់ការបស់យើងនៅក្នុងប្រទេស។

(១៩) ដើម្បីសេដ្ឋកិច្ចឌីជីថល ឬឧស្សាហកម្ម ៤.០ ត្រូវមានធនធានមនុស្ស សេដ្ឋកិច្ចនិងរចនាសម្ព័ន្ធជាមូលដ្ឋាន

ចំណុចទី៣ មូលដ្ឋាននៃធនធានមនុស្ស ក៏ដូចជាមនុស្សម្នាក់ៗអញ្ចឹង។ មនុស្សម្នាក់ៗ មានមូលដ្ឋានអាចនឹងឈោងចាប់(ការសិក្សាបាន)ខ្ពស់។ ចង់បានបរិញ្ញាបត្រក៏មាន ចង់បានឧត្តមសិក្សាត្រូវមានមធ្យមសិក្សា ចង់ឡើងថ្នាក់ទី៦ ត្រូវរៀនចប់ថ្នាក់ទី៥។ ប្រទេសយើងដូចគ្នា។ ចង់វិវឌ្ឍទៅ ឌីជីថលអេកូណូមី ឬមួយឧស្សាហកម្ម 4.0 ទាល់តែយើងមានធនធានមនុស្សនិងមានមូលដ្ឋានសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដែលអាចធានា(នាំជំហាននោះ)។ ឥឡូវយើងកំពុងសិក្សា 5G។ ប្រទេសជាច្រើនបានទៅ 5G ហើយ។ បើយើងគ្មានមូលដ្ឋាន 4G ទេ យើងពិបាក upgrade ទៅ 5G ហ្នឹងដែរ។ អញ្ចឹង មូលដ្ឋានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដែលយើងកសាងក្នុងវិស័យអប់រំនេះ នឹងជួយប្រទេសឈានទៅដល់ការ(ធ្វើ)ទំនើបកម្មមួយជំហានទៅមុខទៀត។ នេះជាការធានាភាពប្រ​កួតប្រជែងដោយចីរភាពរយៈពេលវែង។ នេះជាអ្វីដែលខ្ញុំបានលើកឡើងពាក់ព័ន្ធទៅនឹងសារសំខាន់នៃការកសាងសមត្ថភាព។

(២០) មនុស្ស ជាអាទិភាពទី១ នៃអាទិភាពគន្លឹះ ៥ នៃយុទ្ធសាស្ត្របញ្ចកោណ សំរាប់រយៈកាល ២៥ ឆ្នាំ

ព្រះតេជព្រះគុណ បងប្អូន ក្មួយៗដែលនៅទីនេះគិតពីរឿងរៀនសូត្រដើម្បីកសាងសមត្ថភាពខ្លួន។ ប្រ​ទេសជាតិក៏គិតដើម្បីអនាគតដូចគ្នាដែរ។ ធ្វើផែនការ ត្រូវគិតពីអ្វីដែលជាមូលធនសម្រាប់កសាងបច្ចុប្បន្ន និងទៅអនាគត។ ការវិនិយោគលើធនធានមនុស្សជាកិច្ចការសំខាន់ … ជាក់ស្ដែងនៅក្នុងអាណត្តិទី៧ នេះ, បន្តពីយុទ្ធសាស្រ្តចតុកោណ, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តកំណើនការងារសមធម៌ ប្រសិទ្ធភាពនិងចីរភាព ដែលអាទិភាពគន្លឹះ ៥ គឺមានមនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា។ ដូច្នេះ មនុស្សនៅតែជាអាទិភាពទី១។ យុទ្ធសាស្រ្តបញ្ចកោណនេះ គឺមាន ៥ដំណាក់កាល រយៈពេល ២៥ឆ្នាំ។ ក្នុងនោះ មនុស្សនៅតែជាអាទិភាពទី១ ព្រោះមានតែមនុស្សទេដែលអាចធានាការវិវត្តបាន។ វាមិនសំខាន់រឿងយើងមានលុយទៅទិញសំភារៈយកមកប្រើនោះទេ។ សំខាន់គឺមានសមត្ថភាពកសាងធនធានមនុស្សដែលអាចធ្វើខ្លួនឯងបាន។ អម្បាញ់​មិញនៅខាងក្រៅ លោកគ្រូបង្ហាញពី metaverse ថាដើម្បីដាក់ទិន្នន័យក្នុងវិស័យទេសចរណ៍។ គាត់បញ្ចូល data ហើយអាចយកកម្ពុជាទៅឱ្យគេមើលនៅខាងក្រៅ។ ខ្ញុំប្រាប់គាត់ថា ថ្ងៃមុនឃើញគេដាក់តាព្រហ្មនៅក្នុងដូងមួយនៅអ៊ីតាលី ដែលគេជិះមើល 3D។ យើងឃើញគេធ្វើ មិនមែនបានន័យថាយើងមិនត្រូវអភិវឌ្ឍទេ …។

ខ្ញុំសូមអរគុណណាស់ លោកគ្រូ ក៏ដូចជាសាស្រ្តាចារ្យ ក៏ដូចជាសាលាដែលដាក់ទិសដៅបែបនេះ។ គិតឱ្យធំ គិតឱ្យឆ្ងាយ គិតមុន គិតអនាគត ដើម្បីដើរទាន់គេ។ ខ្ញុំលើកទឹកចិត្តអោយគិតគូរពីការកសាងធនធានមនុស្ស ដែលមានភាពម្ចាស់ការ មិនមែនតែបច្ចុប្បន្នទេ តែក៏សំរាប់ទៅអនាគត។ កសាងធនធានមនុស្ស គឺមិនមែនប្រើមួយថ្ងៃទេ។ បើលោកគ្រូអាចរករូបមន្តណាដែលអាចកសាងមនុស្សក្នុងមួយថ្ងៃ (សូមជួយ)ប្រាប់ខ្ញុំ … យើងត្រូវកសាង pilot ដោយយកតែមួយថ្ងៃ download ឱ្យឆាប់ចេះ។ តែទៅមិនរួចទេ។ អញ្ចឹងទាមទារឱ្យយើងគិតគូរ ដើម្បីធនធានមនុស្សគ្រប់គ្រាន់ ក្នុងរយៈពេល ១០-១៥ឆ្នាំ សម្រាប់សេដ្ឋកិច្ចឌីជីថល ដោយការគិតគូរពីឥឡូវ និងដាក់ចេញគោលនយោបាយសំខាន់។ ត្រូវការពេលវេលា ព្រោះលទ្ធផលនៃចំណេះដឹង វាមានពេលកំណត់។ រៀនចប់ពីសាលាទៅ ត្រូវទៅសម ទៅសិក្សាដើម្បីសម្រួចបន្ថែមទៀត។

(២១) ត្រូវបង្កើតធនធានមនុស្ស ទាក់ទាញវិនិយោគនិងបច្ចេកវិទ្យា ព្រមគ្នា

ការបង្កើតនូវឱកាស ទាំងការងារទាំងទាក់ទាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនធានរឹងមកកម្ពុជា គឺដូចមាន់ និងពងមាន់ ដែលថាមួយណាកើតមុន។ តើយើងបង្កើតធនធានមនុស្សមុនបានបច្ចេកវិទ្យាមកយើងកសាងបង្កើតក្រុមហ៊ុនទាក់ទាញមក ឬមួយយើងទាញការវិនិយោគឬមួយក៏ឱកាសការងារមកបានរៀន? សំណួរនេះ តែងតែមានគេសួរ។ យើងត្រូវមានភាពបត់បែននិងធ្វើទាំង២ពេលជាមួយគ្នា។ អម្បាញ់មិញលោកជំទាវ រដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ហើយ ការរៀនសូត្រត្រូវភ្ជាប់ជាមួយការប្រតិបត្តិជាក់ស្ដែង សាលាត្រូវភ្ជាប់ជាមួយក្រុមហ៊ុន វិស័យឯកជន កន្លែង research center ផ្សេងៗដើម្បីយើងរៀនផងប្រតិបត្តិផង … ឧស្សាហកម្មខាងបច្ចេកវិទ្យានេះគឺត្រូវការស្រាវជ្រាវលឿនណាស់។ យើងមើលតែទូរស័ព្ទ មួយឆ្នាំដូរម៉ូតប៉ុន្មាន? ក្រុមហ៊ុនដែលធ្លាប់តែដើរលឿនដូច Motorola កាលពីឆ្នាំ៩០ជាង … បត់មិនទាន់ គេទៅចោល។ ក្រុមហ៊ុនរថយន្តដូចគ្នា។ មានក្រុមហ៊ុនប្រទេសខ្លះពីឆ្នាំ ៨០ជាងធំ ឥឡូវបាត់អស់ … ក្រុមហ៊ុនកុំព្យូទ័រ IBM ដែលធ្លាប់តែលើគេ ឥឡូវទៅបាត់ ដោយ​ការប្រកួតប្រជែងមិនទាន់។ ធនធានមនុស្សត្រូវធ្វើ research ជាប្រចាំ ដោយភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង។ មេរៀនធម្មតា ជួនកាល ៥ឆ្នាំមិនទាន់ Update ទេ, ប៉ុន្តែបើបច្ចេកវិទ្យា ITនេះ ត្រូវតែទំនើបកម្មជាប្រចាំ។

(២២) ធនធានមនុស្សនិងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសិក្សាវិស័យឌីជីថល ស្របទៅនឹងមុំទី១ និងទី៥ នៃគោលនយោបាយបញ្ចកោណ

ការកសាងធនធានមនុស្សជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមជម្រាបជូនដល់អង្គពិធីថា រាជរដ្ឋាភិបាលមិនគ្រាន់តែថាសំខាន់នោះទេ។ យើងបានដាក់ចេញជាគោលនយោបាយដើម្បីរៀបចំចាត់តាំងអនុវត្ត។ បើត្រឹមតែនិយាយ មិនរៀបចំផែនការដើម្បីអនុវត្ត យើងមិនអាចទៅមុខរួចទេ។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ក្នុងចំណោមមុំទាំង៥ មុំទី១ ផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ផ្តោតលើការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។ រីឯមុំ ៣ទៀត ខ្ញុំពាក់ព័ន្ធការប្រកួតប្រជែងសេដ្ឋកិច្ច មិនពាក់ព័ន្ធនឹងប្រធានបទថ្ងៃនេះមិននិយាយទេ។ ថ្ងៃនេះ យើងអបអរសាទរធនធានមនុស្សដែលយើងកសាងបានបន្ថែមសម្រាប់ជាតិ បូកជាមួយនឹងសម្ពោធសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសាលាដែលផ្ដោតទៅលើវិស័យឌីជីថល។ ទាំង២នេះគឺជាសមិទ្ធផលដែលស្របជាមួយមុំទី១ និងមុំទី៥ នៃគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។

[ចប់សេចក្ដីអធិប្បាយ៣]

ការអភិវឌ្ឍធនធានមនុស្សនេះ បញ្ចកោណទី១៖ មុំទី១គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលមានគោលដៅជាយុទ្ធសាស្ត្រគឺបង្កើនបរិយាកាសល្អ សម្រាប់ការអប់រំនិងការបណ្ដុះបណ្ដាលប្រកប-ដោយគុណភាព និង ជំនាញខ្ពស់ ផ្នែកវិទ្យាសាស្ដ្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និង គណិតវិទ្យា (STEAM), និង ការពង្រឹងការអប់រំកាយ និង កីឡា តាមរយៈ ការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា និង ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត;

ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស គឺការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង វិជ្ជាជីវៈ; ការបង្កើនការចុះឈ្មោះចូលរៀន; ការរៀបចំជំនាញឡើងវិញ និង ការបង្កើន- ជំនាញ (Reskilling and Upskilling); ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ; ការដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការបណ្តុះបណ្តាល និង តម្រូវការទីផ្សារជាក់ស្តែង, ទាំងប្រភេទ និង គុណភាពជំនាញ និងពង្រឹងការតាមដាន, ការត្រួតពិនិត្រ និង ការវាយតម្លៃ ការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ដ្រ ដែលត្រូវបានដាក់ចេញ;

ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន គឺការបន្ដកាត់បន្ថយ អត្រាឈឺ និង ស្លាប់ បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ, សុខភាព ទារក, កុមារ និង មាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និង អភិបាលកិច្ច ក្នុងវិស័យសុខាភិបាល;

ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង ដែលមានគោលដៅជាយុទ្ធសាស្ដ្រ គឺការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈ ប្រមូលផ្តុំ និង សង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម, និង ការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់ សន្តិសុខស្បៀង និង អាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់”; និង

ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និង បរិយាប័ន្ន ដែលមានគោលដៅជាយុទ្ធសាស្ដ្រ គឺការធ្វើពលូបនីយកម្មពលរដ្ឋ (People Revitalization) ឱ្យមាន សមត្ថភាព, គុណធម៌, វិន័យ, មនសិការស្នេហាជាតិ, ស្មារតីគោរព ច្បាប់ និង ស្រឡាញ់យុត្តិធម៌ សំដៅធានាបាននូវសិនិទ្ធភាពសង្គម (Social Cohesion) និង សុខដុមរមនាសង្គម ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(២៣) ចតុស្តម្ភ ៤ នៃការអប់រំអោយក្លាយជាពលរដ្ឋល្អ

ក្នុងបញ្ចកោណទី១ (យើង)ផ្ដោតលើការកសាងសុខភាព សុវត្ថិភាព និងឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលនេះគឺវាស្របទៅនឹងចតុស្តម្ភទាំង៤ ដែលខ្ញុំធ្លាប់បានលើកពីការអប់រំ គឺអប់រំដើម្បីចេះដឹង ដើម្បីចេះធ្វើ ដើម្បីក្លាយជាពលរដ្ឋល្អ និងដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរម្យនា។ ចតុស្តម្ភនៃការអប់រំនេះ មិនបានត្រឹមតែអនុវត្តនៅក្នុងថ្នាក់បឋមដល់ថ្នាក់មធ្បមនោះទេ ប៉ុន្តែវាដាក់នៅក្នុងគោលនយោបាយជាតិ ដើម្បីក្រសួងស្ថាប័នយកទៅដាក់ចេញនៅក្នុងផែនការគោលនយោបាយនិងអនុវត្តនៅក្នុងការកសាងធនធានមនុស្ស។ ឯកឧត្តម លោកជំទាវ លោក លោកស្រី នេះគឺជាកិច្ចការនៅក្នុងការកសាងនៃបញ្ចកោណទី១។

(២៤) ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ជាបច្ចុប្បន្ននិងអនាគត

បញ្ចកោណទី៥ គឺការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ហេតុអីចាំបាច់យើងមានមុំទី៥នេះ? ហេតុអីបានជាយើងជ្រើសរើសសង្គមឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល? សូម្បីតែមហាវិទ្យាល័យក៏ដាក់ឈ្មោះជាមហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល។ គឺដោយសារប្រធានបទហ្នឹងជាបច្ចុប្បន្ននិងទៅអនាគត។ យើងកសាងធនធានមនុស្ស មានជមើ្រសច្រើនណាស់។ ហេតុអីបានជាយើងចាប់យកធនធានមនុស្សជាការតម្រូវទីនេះ។ ត្រឡប់ទៅវិញនូវអ្វីដែលលោកគ្រូបានបង្ហាញមកខ្ញុំ សូម្បីតែនៅក្នុងផែនការមេ មកដល់ថ្ងៃនេះយើងឃើញអាគារតែមួយខ្នងក៏ដោយ ប៉ុន្តែនៅទីនេះបានរៀបចំចក្ខុវិស័យសម្រាប់រៀបចំអាគារនិងផែនការបណ្ដុះបណ្ដាលទៅថ្ងៃអនាគតរួចហើយ។ ការរៀបចំឱ្យរៀបរយមានផែនការមេចក្ខុវិស័យច្បាស់លាស់ គឺជាការសំខាន់​សម្រាប់កំណត់ទិសដៅយើង ១៥ទៅ២០ឆ្នាំទៅមុខ។ មិនមែនស្អែកធ្វើអី យប់ហ្នឹងដេកយល់សប្តិទេ។ ថ្ងៃនេះ ដាក់សាកលវិទ្យាល័យសេដ្ឋកិច្ចឌីជីថល ស្អែកឡើងថាអត់ទេ ដាក់ខាងវិស្វកម្មលំហ Space Engineer វិញ ឬខានស្អែកថា អត់ទេដាក់សាកលវិទ្យាល័យ ​Automotive វិញ … អត់ទេគិតគូរមុន ដើរតាមផែនការ។

មហិច្ចតាត្រូវមាន។ ដែលលោកគ្រូថារៀបចំ Metaverse គឺខ្ញុំគាំទ្រដើម្បីយើងដាក់ទិសដៅជំរុញឱ្យចំ … កន្លែងនេះត្រូវតែជាមហាវិទ្យាល័យបណ្តុះបណ្តាលផ្នែកឌីជីថល ក៏ដូចជាបច្ចេកវិទ្យាទៅថ្ងៃមុខ ព្រោះជាអនាគត ហើយដាក់ទិសដៅលំបាកយ៉ាងណាត្រូវធ្វើឱ្យបាន។ ជាផែនការដែលត្រូវតែធ្វើ។ ប្រទេសជាតិយើងដូចគ្នា។ ហេតុអីបានជាចាំបាច់មានបញ្ចកោណ ហើយ ៥ដំណាក់កាល ២៥ឆ្នាំ។ យើងរៀបចំពីឥឡូវដើម្បីក្លាយទៅជាប្រទេសអ្នកមាន ឆ្នាំ ២០៥០ ហើយបើប្រទេសអ្នកមានឆ្នាំ ២០៥០ តើប្រទេសអ្នកមានគេមានអី? គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានបរិស្ថានគ្រប់គ្រាន់ដើម្បីទទួលហេដ្ឋារចនាសម័្ពន្ធ ក៏ដូចជាបច្ចេកវិទ្យានៃប្រទេសដែលមានកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ក្នុងនោះគឺធនធាមនុស្ស និងហេដ្ឋារចនាសម័្ពន្ធផ្សេងៗ សម្រាប់អនាគតនេះឯង។

(២៥) មុំទាំង ៥ នៃបញ្ចកោណអភិវឌ្ឍអភិវឌ្ឍសង្គមឌីជីថល

យុទ្ធសាស្ត្របញ្ចកោណដាក់ចេញនូវ(បញ្ចកោណ)អភិវឌ្ឍសង្គមឌីជីថលនេះ ដោយមុំទី១ កសាងរដ្ឋបាលឌីជីថល និងពលរដ្ឋឌីជីថលជាកិច្ចការសំខាន់។ មុំទី២ អភិវវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មឌីជីថល តាមបែបអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល។ មុំទី៣ កសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ មុំទី៤ កសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។ មុំទី៥ អភិវឌ្ឍបច្ចេកទេសហិរញ្ញវត្ថុ។ ទាំងអស់នេះ យើងបានដាក់ចេញជាគោលនយោបាយនៅក្នុងអាណត្តិនេះ។ ឧទាហរណ៍ មុំទី១ ការកសាងរដ្ឋបាលឌីជីថល ហេតុអីបានយើងត្រូវរុញបែបនេះ? គឺដើម្បីធានាប្រសិទ្ធភាពធ្វើកិច្ចការនិងបម្រើសេវាជូនប្រជាពលរដ្ឋ។ រដ្ឋាភិបាល/ក្រសួងស្ថាប័ននី​មួយបានដាក់ចេញជាគោលនយោបាយជាច្រើន … ខ្ញុំបានទៅបិទសន្និបាតក្រសួងអធិការកិច្ច។ ម្សិលមិញ ទៅបិទសន្និបាតកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ស្ថាប័នទាំងពីរសុទ្ធតែមានការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះដើម្បីជួយសម្រួលនីតិវិធី និងជួយបង្កើនប្រសិទ្ធភាពការងារ។ សូម្បីតែក្រសួងអធិការកិច្ច ដែលជាក្រសួងទទួលពាក្យបណ្តឹង ក៏ត្រូវឥឡូវរៀបចំប្រព័ន្ធទទួលពាក្យបណ្តឹងរបស់ប្រជាជនតាមឌីជីថល​ដែរ ដើម្បីងាយស្រួលនៅក្នុងការទទួលព័ត៌មាន និងដោះស្រាយបានលឿន។

(២៦) បង្កើតអង្គភាពបរិវត្តកម្មឌីជីថលទូទាំងរដ្ឋាភិបាល

ក្រសួងស្ថាប័នរដ្ឋនៅក្នុងអាណត្តិនេះ ហើយក៏តពីអាណត្តិមុន ត្រូវបន្តជំរុញត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថលដើម្បីឱ្យមាន Digital transformation ទៅទូទាំងរដ្ឋាភិបាល។ យើងនិយាយរដ្ឋាភិបាលឌីជីថល បើសិនជាក្រសួងនីមួយៗ អត់មានសមត្ថភាពធ្វើទៅមិនរួចទេ។ អញ្ចឹងត្រូវរៀបចំយន្តការនិងរៀបចំធនធានមនុស្សដើម្បីធ្វើកិច្ចការនេះ។ ឥឡូវ សូម្បីតែព្រលានយន្តហោះនៅសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្សាយសាកល្បងហើយ។ កាលមុនទេសចរមកត្រូវចូលទៅកន្លែងឆែកអីអញ្ចឹងទៅ។ បន្តិចទៀត គាត់អាច Register តាមអនឡាញ។ ចុះមក គាត់ដើរកាត់កន្លែងអន្តោប្រវេសន៍ដោយមិនបាច់ឆ្លងកាត់ឆែកក្រដាសអីទៀតទេ។ នេះគឺបរិវត្តកម្មឌីជីថល។ សូម្បីតែពលករយើងទៅថៃ ថ្ងៃមុនដែលសុំថាឥឡូវមិនបាច់ឆ្លងមកទូតថៃនៅភ្នំពេញ ដើម្បីមកបិទ Sticker ចេញទៅ អាចបិទនៅព្រំដែនដោយសារការ Apply នៅតាមអនឡាញ។ អញ្ចឹងការធ្វើបរិវត្តកម្មឌីជីថលនេះសំខាន់ណាស់។

(២៧) បច្ចេកវិទ្យាឌីជីថល ជាផ្នែកមួយនៃជីវិត

ខ្ញុំជឿថាបងប្អូនដូចជាខ្ញុំដែរ។ ថ្ងៃណាចេញទៅណាភ្លេចទូរស័ព្ទគឺដូចបាត់អីមួយមែនទេ? ក្នុងមួយថ្ងៃ … យើងបើកមើលអេក្រង់ទូរស័ព្ទ បើបូកទៅប្រហែលមិនតិចជាង ២ម៉ោងទេ។ វាទៅជារបស់ដែលភ្ជាប់នឹងយើងទៅហើយ … បើទៅបុណ្យឬកម្មវិធីអីវិញ អង្គុយមួយតុ ១០នាក់ លែងនិយាយគ្នាហើយ។ ជួនកាលនិយាយគ្នានៅមុខហ្នឹងលែងនិយាយហើយ និយាយតាម Text ផង អាចមើលអីផ្សេងផង។ កន្លែងខ្លះ កំពុងប្រជុំៗលឺសំឡេងគឺប្លែក ហ្វេកប៊ុក វាលោត។ វាជាផ្នែកមួយនៃជីវិតរបស់យើង។ យើងមិនអាចបដិសេធឌីជីថលបានទេ។ យើងមិនអាចហាមឃាត់មិនឱ្យប្រទេសយើងអភិវឌ្ឍ Internet យកប្រព័ន្ធ 4G 5G នោះទេ។ ខ្ញុំចាំ ពីដំបូង 3G ចូលមក កាលនោះមានមតិមួយចំនួនថាកុំឱ្យ 3G ចូល មិនចង់ឱ្យមានការបង្ហោះវីដេអូ​អីទេ។ តែយើងមិនអាចទប់ស្កាត់បានទេ។ កាលនោះខ្លាចគេបង្ហោះវីដេអូទៅ ជារឿងវប្បធម៌រឿងអី។ តែយើងមិនអាចហាមឃាត់ឌីជីថលទេ យើងត្រូវអោបក្រសោបវា ហើយប្រើវាឱ្យជាផលប្រយោជន៍របស់យើង។

(២៨) រដ្ឋាភិបាលដើរតួជាគំរូក្នុងបរិវត្តកម្មឌីជីថល

រដ្ឋាភិបាលត្រូវដើរតួនាទីសំខាន់ជាគំរូ។ បើមន្ត្រីរបស់រដ្ឋាភិបាល ក្រសួង​​ ស្ថាប័នអត់ធ្វើបដិវត្តកម្មឌីជីថលទេ តើយើងទៅបម្រើប្រជាពលរដ្ឋយ៉ាងម៉េច? ឱ្យគាត់ប្រើឌីជីថលយ៉ាងម៉េច? បើក្រសួងអប់រំអត់មានផែនការបដិវត្តកម្មទេ តើឱ្យណែនាំសាលាធ្វើទំនើបកម្ម បំពាក់គ្រឿងឌីជីថលអប់រំខាងកម្មវិធីយ៉ាងម៉េច? អញ្ចឹងត្រូវការមានការដឹកនាំណែនាំ ហើយត្រូវប្រើដើម្បីបម្រើសេវា។ រដ្ឋាភិបាលឌីជីថលគឺបែបនេះ ដើម្បីបង្កើនប្រសិទ្ធភាពរបស់យើង។ ក្នុងមុំទី១ (ដដែលនេះ) ក្រៅពីរដ្ឋាភិបាលឌីជីថល គឺពលរដ្ឋឌីជីថល … ប្រជាពលរដ្ឋខ្មែររាប់លាននាក់ភ្ជាប់(អ៊ីនធើណិត) មានលទ្ធភាពយល់ដឹង ប្រើប្រាស់ប្រព័ន្ធឌីជីថលកម្រិតណាមួយ។ សូម្បីតែលោកយាយខ្លះគាត់មានហ្វេកប៊ុក មាន Instagram រួចទៅហើយ … ហ្នឹងជាមធ្យោបាយនៃការចែករំលែក និងការទំនាក់ទំនងមិត្តភក្តិរបស់យើង។ ជួនកាល ព្រះសង្ឃបិណ្ឌបាតតាមហ្វេកប៊ុក … ឆ្លើយតាមហ្វេកប៊ុក តែប្រគេនតាមផ្លូវ ព្រោះប្រ​គេនទំនិញតាមហ្នឹងអត់បានទេ។

(២៩) កសាងពលរដ្ឋឌីជីថល គឺពង្រឹងសមត្ថភាព កសាងមូលធនមនុស្ស ធ្វើអក្ខរកម្មឌីជីថល

រឿងហ្នឹងកាលខ្ញុំទៅអូស្ត្រាលីមានព្រះតេជគុណមួយអង្គនៅវត្ត។ លោកបង្ហាញហ្វេកប៊ុក។ អាត្មា Fan របស់ញោម។ ដល់បើកទៅ Fan របស់តេជគុណ ភាគច្រើនជានារីៗ … លោកថា អាត្មាជាអ្នកបួស ចិត្តត្រូវបើកទូលាយមិនរើសអើង។ ពេលអ្នកដែល Add friend មកអាត្មាត្រូវតែទទួល … បើមានញោមនារីៗ Add មកអាត្មាច្រើន អាត្មាត្រូវតែ Accept អញ្ចឹងហើយ។ អត់មានអីខុសទេ។ យើងអត់មានប្រតិបត្តិយកទៅប្រើប្រាស់អីខុសទេ … ប្រទាក់ក្រឡាគ្នា … ជួនកាលព្រះតេជគុណទេសនានៅអាមេរិក ព្រះតេជគុណទេសនានៅវត្តនៅស្រុកខ្មែរ ដាក់នៅលើហ្នឹង ពុទ្ធបរិស័ទនៅទូទាំងពិភពលោកបានស្តាប់ ចែកធម៌ នេះគឺជាផ្នែកនៃជីវិតរបស់យើង។ អញ្ចឹង ត្រូវបន្ថែម ការកសាងពលរដ្ឋឌីជីថល។ តើរដ្ឋាភិបាលយើងដាក់ទិសដៅធ្វើអី? គឺយើងត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីលើជំនាញឌីជីថល កសាងមូលធនមនុស្សដែលមានជំនាញឌីជីថល បន្តលើកកំពស់អក្ខរកម្មឌីជីថលក្នុងចំណោមប្រជាពលរដ្ឋទូទៅ រៀបចំកម្មវិធីសិក្សាដែលមានបញ្ចូលជំនាញឌីជីថលជាមូលដ្ឋាន ក៏ដូចជាកម្មវិធីសិក្សាបណ្ដុះបណ្ដាលជំនាញឌីជីថលផ្សេងៗ។ កិច្ចការដែលយើងត្រូវបន្ត ក្រសួងអប់រំក៏ដូចជាគ្រប់ក្រសួងស្ថាប័នទាំងអស់ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានលក្ខណៈសម្បត្តិសម្រាប់បច្ចុប្បន្ន និងទៅអនាគត …៕

[ចប់សេចក្ដីអធិប្បាយ៤]

ខ្ញុំព្រះករុណាខ្ញុំ សូមលើកទឹកចិត្ត និង ផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាបន្ថែមទៀត៖

ទី១. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្ដយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់លើការអភិវឌ្ធធនធានមនុស្ស ទាំងបរិមាណ និង គុណភាព ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និង ការកើនឡើង នៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍ការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ដ្រនយោបាយ, សេដ្ឋកិច្ច និង សង្គម ក៏ដូចជា ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ដើម្បីបង្កើនភាពធន់ និង កសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។

ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្ដលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែក កសាងពលរដ្ឋឌីជីថល និង បង្កើនសមត្ថភាពសិស្ស-និស្សិតលើវិស័យឌីជីថល សំដៅបង្កើន ប្រសិទ្ធភាព នៃការបង្រៀន និង ការរៀនតាមប្រព័ន្ធឌីជីថលព្រមទាំងលើកកម្ពស់ស្វ័យសិក្សា របស់សិស្ស-និស្សិត ។ ក្នុងន័យនេះ, ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាម សាលារៀន, ជាពិសេស សាលារៀន នៅទីជនបទ និង តំបន់ដាច់ស្រយាល ដើម្បីជំរុញការ បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ប្រកប- ដោយប្រសិទ្ធភាព និង ចីរភាព ព្រមទាំង លើកទឹក ចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

ទី៣. គ្រឹះស្ថានឧត្តមសិក្សាត្រូវបន្ដកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និង អន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ បន្ថែមលើពុទ្ធិ និង ជំនាញផ្នែកបច្ចេកវិទ្យា និង ឌីជីថល ស្របតាមនិន្នាការនៃ សេដ្ឋកិច្ច និង សង្គម, តម្រូវការនៃទីផ្សារការងារ និង បដិវត្តឧស្សាហកម្មទី៤ ។

ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង និង គ្រឹះស្ថានឧត្តមសិក្សា ដទៃទៀត ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះស្ថានស្រាវជ្រាវជាតិ អន្ដរជាតិ សម្រាប់ ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បី ទទួលបានចំណេះដឹងថ្មីៗ, ការពិសោធជាក់ស្តែង និង ឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការ អប់រំ, ការបណ្តុះបណ្តាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ជាមួយនឹងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូ ។

ទី៥. សាស្ត្រាចារ្យ ត្រូវបន្ដអភិវឌ្ឍសមត្ថភាពជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវបែប វិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការបង្រៀន និង ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងអនុវត្តជាក់ស្តែង ដើម្បីផ្ទេរចំណេះជាក់ស្តែង ទាំងទ្រឹស្តី ការអនុវត្តនិងឧត្តមានុវត្តជូនដល់សិស្សនិស្សិត ។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៣០) លើកទឹកចិត្តសាកលវិទ្យាល័យកសាងធនធានស្រាវជ្រាវនិងចែកចាយការបណ្តុះបណ្តាល

ការបង្កើតកន្លែងស្រាវជ្រាវ និងអភិវឌ្ឍជាកិច្ចការសំខាន់។ ការចែករំលែកនិងការប្រទាក់ក្រឡាគ្នាកន្លងទៅសា​លារបស់យើងធ្លាប់មានដៃគូជាមួយក្រៅប្រទេស។ ហ្នឹងក៏ខ្ញុំលើកទឹកចិត្តឱ្យធ្វើ ប៉ុន្តែកុំភ្លេចដៃគូក្នុងស្រុករបស់យើងចែករំលែក។ សាកលវិទ្យាល័យការពារជាតិក៏យើងមានដៃគូ ជាពិសេសនៅក្នុងនាយកដ្ឋានឬមួយស្ថាប័នដែលទទួលបន្ទុកការស្រាវជ្រាវរួម។ ខ្ញុំធ្លាប់បានលើក (ពី)ការលើកទឹកចិត្តនៅក្នុងការរៀបចំជា R&D center នេះពេលខ្លះរដ្ឋាភិបាលមិនចាំបាច់មានខ្លួនឯងទេ គឺប្រើប្រាស់សាកលវិទ្យាល័យ កន្លែងធនធានមនុស្សឱ្យធ្វើការងារ២តែម្ដង ព្រោះសាលាគង់តែធ្វើការស្រាវជ្រាវដដែលទេ។ រដ្ឋសហការជាមួយវិស័យឯកជនធ្វើកិច្ចការនេះ ជាជាងបង្កើតស្ថាប័ន R&D មួយរបស់ខ្លួន។ ក្រសួងមួយចំនួនដូចជាមាន laboratory តូច ប៉ុន្តែលើកទឹកចិត្តទៅដល់ស្ថាប័នដែលមានស្រាប់ ជាពិសេសសាលាតែម្ដង ព្រោះជាកន្លែងបណ្ដុះអ្នកស្រាវជ្រាវ។ គ្រូត្រូវធ្វើការស្រាវជ្រាវជាប្រចាំ។ យើងរុញនឹងលើកទឹកចិត្តសហការគ្នារដ្ឋអាចជួយជា funding កម្រិតណាមួយជួយ ដោយប្រើប្រាស់ធន​ធានដែលមានស្រាប់។ បានន័យថាឈ្នះឈ្នះ។ បាញ់ព្រួញមួយបានសត្វ២។ យើងកសាងធនធានស្រាវជ្រាវមកមិនមែនដើម្បីតែផលិតទេ គឺថែមទាំងចែកចាយការបណ្ដុះបណ្ដាលនេះដល់មនុស្ស … ប្រទេសមហាអំណាចធំៗក៏ដូចគ្នា។ ឧទាហរណ៍នៅប្រទេសអាមេរិក រដ្ឋាភិបាល/ក្រសួងការពារជាតិ មិនចាំបាច់មានប្រព័ន្ធស្រាវជ្រាវ R&D ទេ។​ គេធ្វើការជាមួយក្រុមហ៊ុនធ្វើយន្តហោះ Lockheed Martin ជាក្រុមហ៊ុនឯកជន។ គេធ្វើ Funding នៅទីនោះ …។

[ចប់សេចក្ដីអធិប្បាយ៥]

៧. មុននឹងបញ្ចប់, ខ្ញុំព្រះករុណាខ្ញុំសូមលើកទឹកចិត្តដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង ឱ្យបន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីធ្វើឱ្យនិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យ និងសមត្ថភាពកាន់តែខ្ពស់ក្នុងទីផ្សារការងារ, រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនកម្ពុជា សម្រាប់បន្ដវេន និង ជាសសរទ្រូងដ៏រឹងមាំ សម្រាប់ ប្រទេសជាតិ ។

៨. ទន្ទឹមនេះ, ខ្ញុំព្រះករុណាខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗនិស្សិតជ័យលាភី ត្រូវបន្ដអភិវឌ្ឍចំណេះដឹង ជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ, ការបន្ដសិក្សាបន្ថែម, ការសិក្សា ស្វែងយល់ ដើម្បី ទទួលបានចំណេះដឹងថ្មីៗពីថ្នាក់ដឹកនាំ និង សហការី នៅកន្លែងការងារ សំដៅ សម្រួចចំណេះដឹងរបស់ ក្មួយៗ ប្អូនៗ និស្សិតជ័យលាភី និង រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋឌីជីថល សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថលនិងការរីកចម្រើននៅគ្រប់វិស័យ ក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីរបស់កម្ពុជា ដែលផ្អែកលើ ជំនាញ, បច្ចេកវិទ្យា និង នវានុវត្ត ។

[ផ្ដើមសេចក្ដីអធិប្បាយ៦]

(៣១) រៀនបន្ត រៀនពីគ្រប់គ្នា រៀនពីគ្រប់ទីកន្លែង និងធំបំផុតរៀនពីខ្លួនឯង

សុំបន្តការសិក្សា នៅទីនេះមិនមែនមានតែជំនាញខាង IT នោះទេ។ (ជាង) ៥ពាន់នាក់នេះគឺមានគ្រប់ជំនាញទាំងអស់។ រៀនបានប៉ុននេះ អាចជួយឱ្យយើងបើកទ្វារចូលកន្លែងមួយ ប៉ុន្តែឡើងកាំជណ្ដើរបានខ្ពស់កម្រិតណាគឺទាមទារនូវការដាក់ចិត្តដើម្បីរៀនបន្ត រៀនគ្រប់កន្លែង រៀនគ្រប់ពេលវេលា រៀនពីគ្រប់គ្នា ហើយរៀនដោយខ្លួនឯងផង។ រៀនខ្លួនឯងសំខាន់ណាស់។ ហេតុអីបានខ្ញុំនិយាយអញ្ចឹង? មានអ្នកធ្វើការឱ្យខ្ញុំរាប់រយនាក់គ្រប់វិស័យ។ អ្នកដែលលូតលឿនជោគជ័យគឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង យល់ពីចំណុចខ្សោយខ្លួនឯង ហើយខិតខំស្រាវជ្រាវកែសម្រួល។ បើគ្មានឆន្ទៈ គ្មានការទទួលស្គាល់ចំណុចខ្សោយខ្លួនឯង គេបង្រៀនយ៉ាងណាក៏មិនចេះដែរ … យើងត្រូវទទួលស្គាល់ថា យើងនៅមានកម្រិតកន្លែងណា ហើយបង្រៀនខ្លួនយើងឱ្យទៅរួច។ លើកទឹកចិត្តខ្លួនឯងស្វែងយល់ខ្លួនឯងបន្ថែម។ អ្នកដទៃឱកាសរៀនសូត្រនៅជុំវិញខ្លួន តែស៊ីសងយើងចេះមើលអត់។ យើងចេះចាប់អត់។

កន្លងទៅ ជួនកាលជំនួយការសួរខ្ញុំថាមេចេះពិធីការមកពីណា? មិនចេះយ៉ាងម៉េច បើទៅកម្មវិធីតាំងពីក្មេងជាមួយពុក។ ជួនកាលមើលគេរៀបចំរៀនពីហ្នឹងទៅចេះតិចៗខ្លួនឯង។ យើងមិនមែនជំនាញ តែក្រោយមកស្រាវជ្រាវបន្ថែម អត់មានអីចេះដែលមិនរៀននោះទេ។ កាន់តែឆ្ងល់ច្រើន ដាក់ខ្លួនថាយើងកាន់តែល្ងង់ច្រើន … ជួនកាលជំនួយការខ្ញុំ ៣ ទៅ ៤ នាក់។ ខ្ញុំឲ្យវាយតម្លៃខ្លួនឯង។ អ្នកដែលចេះវាយតម្លៃខ្លួនឯង ថាខ្លួនឯងនៅមានកម្រិត ហើយដឹងថាកម្រិតនៅត្រង់ណា នោះហើយជាអ្នកជោគជ័យ។ អ្នកខ្លះឆ្លើយយករួចខ្លួន តែអត់ដឹងកម្រិតខ្សោយកន្លែងណាទេ ព្រោះអត់បានវាយតម្លៃខ្លួនឯង។បើអ្នកខ្លះទៀត ចូលមកគឺគាត់និយាយមកខ្ញុំច្បាស់អស់ហើយ។ ខ្ញុំព្រលែងឲ្យធ្វើ។ ទីបំផុតអ្នកដែលប្រាកដប្រជា អ្នកដែលចេះវាយតម្លៃខ្លួនឯង អ្នកដែលដាក់ទិសដៅពង្រឹងខ្លួនឯងនូវចំណុចខ្សោយដែលយើងចង់បាន។ អ្នកនោះហើយជោគជ័យ។ អញ្ចឹងបានថាកុំភ្លេចបង្រៀនខ្លួនឯង។

រៀនបន្ត រៀនពីគ្រប់គ្នា រៀនពីគ្រប់ទីកន្លែង តែធំបំផុតគឺត្រូវរៀនពីខ្លួនឯង។ សិក្សាពីចំណុចខ្លាំងចំណុចខ្សោយរៀនពីអ្វីដែលយើងចង់ទៅមុខ។ ត្រូវមានទិសដៅខ្លួនឯងថាយើងចង់ទៅណា ហើយដាក់ចិត្តរៀន … ខ្ញុំផ្តាំតែប៉ុណ្ណឹងចំណុចទេ។ បើមិនរៀនពីខ្លួនឯង អត់មានអ្នកណាបង្រៀនយើងទេ។ បើមិនស្វែងយល់ពីចំណុចខ្លាំងចំណុចខ្សោយ មិនមានអ្នកណាបង្រៀនយើងទេ។ បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គ្មានអ្នកណាមក ចង់ទៅរកលោកគ្រូជោគជ័យបង្រៀនយើងប៉ុន្មានក៏ទៅមិនរួចដែរ … ពេលដែលស្តាប់គ្រូ មានទឹកចិត្តណាស់ ធ្វើបាន ២ ថ្ងៃ ក៏បាត់ទៅ ព្រោះការកសាងសមត្ថភាព ទាមទារនូវឆន្ទៈ ទាមទារនូវការព្យាយាម … ត្រូវតស៊ូតាំងពីថ្នាក់ទី១ រាប់សិបឆ្នាំ។ បើយើងបោះបង់ចោល គ្មានចក្ខុវិស័យ គ្មានការតស៊ូទៅមុខ យើងមិនបានមកប៉ុណ្ណេះទេ។ ដោយដឹងថាខ្លួនយើងនៅមានកំរិត បានអាចតស៊ូបាន …។

ប្រទេសជាតិយើងត្រូវការពលរដ្ឋសកម្ម។ គេថាប្រទេសកម្ពុជាមានប្រជាពលរដ្ឋក្មេងច្រើន។ ខ្ញុំថាប្រជាពលរដ្ឋក្មេង ចាស់ អត់សំខាន់ប៉ុន្មានទេ។ វាជាសក្តានុពលមួយ ប៉ុន្តែបើសិនជាក្មេងមែន ប៉ុន្តែសមត្ថភាព សក្តានុពលមិនអាចឲ្យប្រទេសជាតិចាប់យកការវិវត្តកម្រិតខ្ពស់បាន នៅមានកម្រិតទាប យើងក៏មិនអាចដើរទាន់គេបានដែរ។ ប្រ​ទេសច្រើនដែលតូច តែអភិវឌ្ឍខ្ពស់ជាងប្រទេសច្រើនដែលធំ ដោយសារធនធានមនុស្ស។ មានកម្លាំងពលកម្ម ១០ នាក់ ជួនកាលល្អជាងអ្នកមាន ៥០ នាក់ដែលមិនច្បាស់លាស់ … អញ្ចឹងការកសាងធនធានមនុស្ស គឺធ្វើយ៉ាងណាឲ្យធនធានមនុស្សនៅក្នុងប្រទេសកាន់តែរឹងមាំ ក្លាយទៅជាកម្លាំងចលករយ៉ាងសកម្ម។ ការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស នឹងនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ និងអាណត្តិក្រោយៗ ដើម្បីឲ្យជំនាន់កូនរបស់បងប្អូននៅទីនេះ កាន់តែខ្លាំងជាងយើង។ ឪពុកម្តាយយើងធ្លាប់តែថាជំនាន់កូនទំនើបជាងគាត់។ ឥឡូវ(កូនៗ)ទំនើបជាងយើង។ តែមិនទាន់ចប់ទេ។ ជំនាន់កូនយើងនិងចៅយើង កាន់តែទំនើបជាងយើងឲ្យខ្លាំងទៀត។ (ដើម្បីសំរេច)មហិច្ឆិតាក្លាយជាប្រទេសអ្នកមានឆ្នាំ ២០៥០ គឺទាល់តែធនធានឆ្នាំ ២០៥០ មានសក្តានុពលជាងបច្ចុប្បន្ន ២០ ដង …។

ប៉ុណ្ណឹងចុះថ្ងៃនេះ។ ខានចែកសញ្ញាបត្រយូរ … ថ្ងៃនេះអត់បាន selfie ដូចមុន។ តែខ្ញុំជឿថា អ្នកទាំងអស់គ្នាប្រ​ហែលជាមានកម្មវិធីហើយ។ នៅក្រៅឃើញឪពុកម្តាយមក ដូចអត់ឃើញលក់អាប៉ោងៗ បេះដូង ចំហាយសល់ពីម្សិល​មិញ។ អបអរសាទរថ្ងៃបន្ថែមទៀត។ ប៉ុន្តែព្រះតេជព្រះគុណ ប្រហែលជានិមន្តត្រឡប់ទៅវត្ត។ ឧបាសកទេ គាត់ទៅត្រើយម្ខាងទៅអីបាន ។ ម៉ោង ១០អត់អីទេ ទាន់ចង្ហាន់។ ខ្ញុំសូមអបអរសាជាថ្មីជូនដល់ ព្រះតេជគុណ សាមណៈនិស្សិត បងប្អូន ក្មួយៗនិស្សិតជ័យលាភីទាំងអស់ សាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលាដែលបានរួមធ្វើឱ្យមានថ្ងៃនេះ គឺជោគជ័យរបស់យើងសូមអបអរជាថ្មី។ សូមថ្លៃងប្រគេនពរជូនពរព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ទទួលបាននូវពុទ្ធពរនិងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។

អំណោយ

នៅក្នុងថ្ងៃនេះផងដែរ គឺសម្រាប់និស្សិតជ័យលាភី ៥ ២៣២ នាក់ ម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀល។ អាចផ្គុំគ្នារួមមួយល្ងាច។ ខ្ញុំក៏ធ្លាប់ជានិស្សិតដែរ ហើយខ្ញុំក៏ធ្លាប់អាយុ២០ឆ្នាំជាងដែរ។ បន្ថែមជូននិស្សិតពិការ ថ្ងៃនេះមាននិស្សិតពិការអបអរសាទរដែលបានតស៊ូ កាយសម្បទាមិនជាឧបសគ្គសម្រាប់អនាគតរបស់យើង ថវិកាមួយលានរៀលផងដែរសម្រាប់និស្សិតទាំង ៥នាក់។ ជូនសាស្ត្រាចារ្យ បុគ្គលិកសរុប៥៦២នាក់ ថវិកា១០ម៉ឺនរៀល ជូនមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថវិកា​ ៥លានរៀល, ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា៣លានរៀលផងដែរ។

បើកផ្លូវចូលសាកលវិទ្យាល័យ និងដាក់អោយដំណើរការសេវារថយន្តក្រុង

អម្បាញ់មិញមានសំណូមពរសុំបុរីសហការបើកផ្លូវចេញចូលសាកលវិទ្យាល័យមានប្រវែង ១១០ម៉ែត្រ ទទឹង ១៨ម៉ែត្រ នៅក្នុងនោះយើងបើកផ្លូវធំ។ ខ្ញុំចូលមកមិញចេញកន្លៀតនេះ ហើយមើលផែនការកសាងទៅថ្ងៃក្រោយថែមអាគារមេមួយទៀត គឺទាល់តែចេញផ្លូវធំហើយ។ ម្សិលមិញក្ដាប់បានព័ត៌មាន លួចខ្សឹបធ្វើការជំនួសឯកឧត្តម ឃួង ស្រេង និងឯកឧត្តម សាយ សំអាល់ បន្តិច។ ធ្វើអ្នកចរចាដីធ្លីម្សិលមិញ។ ក៏បានឈានទៅដល់ការឯកភាពគ្នាឈ្នះឈ្នះនៅក្នុងការបើកនេះ។ សូមអរគុណណាស់ដល់គណៈគ្រប់គ្រងសាលាក៏ដូចជាភាគីក្រុមហ៊ុនបុរី ប៉េងហួត ដែលសហការ។ សាកលវិទ្យាល័យធំ ហើយកន្លែងនេះបើកទៅក៏ល្អសម្រាប់បុរីដែរ ព្រោះសាកលវិទ្យាល័យមួយទាំងមូលជាបណ្ដុំនៃមហាជនហើយ … កន្លែងនេះ កាលពីក្មេងសុទ្ធតែកន្លែងបឹង។ ខ្ញុំជិះកង់មីគីទៅកៀនស្វាយ … សង់អាគារមកមហាវិទ្យាល័យយើងមកកន្លែងនេះទៀត សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ថែមអាគារមកទៀត សិស្សមករាប់ពាន់នាក់ថែមទៀត កាន់តែល្អ កាន់តែអ៊ូអរ។ មានទីក្រុងអឺរ៉ុបនៅទីនេះ គេមកថតនៅទីនេះ។ កន្លែងនេះកាន់តែរីក។ សូមឱ្យសាលារាជធានីដើម្បីធ្វើនីតិវិធីបន្តក្នុងការរៀបចំបើកផ្លូវហ្នឹង …។

សំណើរសេវារថយន្តក្រុងចេញចូលមកដល់ទីតាំង។ ផ្លូវតូចនេះ ពិបាករថយន្តក្រុង។ សុំផ្លូវធំថែមរថយន្តក្រុងឱ្យទៀត។ សម្រាប់សេវារថយន្តក្រុងចេញចូលដល់សាកលវិទ្យាល័យ តាមមហាវិថី អេកូខូលិកហ្សិនរបស់បុរី ប៉េងហួត ផ្លូវធំហ្នឹង។ មិនមែនសេវាសម្រាប់តែលោកគ្រូ អ្នកគ្រូ ឬមួយនិស្សិតនៅទីនេះទេ ទាំងប្រជាពលរដ្ឋនៅទីនេះតែម្ដង។ បានសួរសាលារាជធានីហើយ។ អាចធ្វើបាន ហើយរត់ចាប់ពីស្អែកតែម្ដង កុំឱ្យយូរ។ សម្រាប់និស្សិតចាស់ជរា ជនពិការ សិល្បៈករ/ការនី អាជីព កម្មករ/ការនី គឺជាជិះអត់បង់លុយទេ។ បងប្អូនផ្សេងៗគឺម្នាក់ ១ ៥០០រៀល តែប៉ុណ្ណោះ សម្រាប់បម្រើសេវានៅក្នុងបុរីនេះ ទាំង១២ ០០០ខ្នងផ្ទះ។ តាមផ្លូវនេះអ្នកណាចង់ប្រើយើងមានតាមហ្នឹង សូមអបអរ។ សូមកុំចាំយូរស្អែកតែម្ដង​អនុវត្ត។

[ចប់សេចក្ដីអធិប្បាយ៦]

អរគុណ សូមជូនពរសាជាថ្មី។


 

អត្ថបទទាក់ទង