Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន កំពុង បន្តស្វែង រក នាឡិកា ដែលធ្លាប់ពាក់ តាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 636

(ភ្នំពេញ)៖ តាមរយៈបណ្តាញ Facebook និង Telegram នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអំពីការខិតខំស្វែងរកនាឡិកាដៃរបស់សម្តេច ដែលធ្លាប់ពាក់តាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ ហើយក្រោមនៅឆ្នាំ១៩៨២ សម្តេចបាន ដូរជាមួយ សម្តេច ជា ស៉ីម។

សម្តេចបានបញ្ជាក់ថា នាឡិកាដែល សម្តេច កំពុង ខិតខំ ស្វែងរកនេះ មានអនុស្សាវរីយ៍ច្រើនណាស់ ចាប់តាំងពីសម្តេចនៅជាក្មេងវត្ត រហូតដល់ សម្តេច ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត ពាក់ នាឡិកា ដែលកំពុងស្វែងរក ជាមួយខ្លឹមសារ យ៉ាងដូច្នេះថា «បានត្រឹមរូបថត! ខ្ញុំបានខិតខំ ស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ហើយមកដូរជាមួយបង ជា ស៉ីម ក្នុងឆ្នាំ១៩៨២។ ម្សិលមិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត ៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះ មាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយ ជានាឡិកាដែលខ្ញុំកំពុងស្វែងរក។

នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ ដោយសារព្រះសង្ឃ ស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។

ប្រហែលដើមខែមិនា ១៩៧០ ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជាងរហូតដល់ ៨៧០០រៀលលុយជំនាន់នោះ (មាសមួយតម្លឹងតម្លៃ ៣២០០រៀល)។ ដូចនេះនាឡិកានេះ មានតម្លៃស្មើនឹងជាង២តម្លឹងមាស នាពេលនោះ។

នាឡិកានេះបានជួយខ្ញុំច្រើន មិនឲ្យលោក ស្តីបន្ទោសរឿងយកចង្ហាន់យឺត ពិសេសបំរើការក្នុងកងទ័ព រហូតជារដ្ឋមន្ត្រីក្រសួងការបរទេស ១៩៧៩-១៩៨០ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ១៩៨១-១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយបង ជា ស៉ីម ក្នុងឆ្នាំ១៩៨២»៕

អត្ថបទទាក់ទង