Grand News Asia Close

វិភាគអន្តរជាតិ៖ តើការសងសឹករបស់សហរដ្ឋអាមេរិក អាចកំញើញអ៉ីរ៉ង់ បានឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 240
វិភាគអន្តរជាតិ៖ តើការសងសឹករបស់សហរដ្ឋអាមេរិក អាចកំញើញអ៉ីរ៉ង់ បានឬ? វិភាគអន្តរជាតិ៖ តើការសងសឹករបស់សហរដ្ឋអាមេរិក អាចកំញើញអ៉ីរ៉ង់ បានឬ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនបានវាយប្រហារលើគោលដៅចំនួន៨៥ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយ យន្ដហោះដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ ក្នុងប្រទេសហ្ស៊កដានី ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាស្នាដៃរបស់ចលនាប្រដាប់អាវុធ គាំទ្រដោយអ៉ីរ៉ង់នៅក្នុង ប្រទេសអ៉ីរ៉ាក់។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកនយោបាយអភិរក្សនិយមមួយចំនួនក្នុងសហរដ្ឋអាមេរិក នៅតែរិះគន់ថាចំណាត់ការសងសឹករបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មានភាពទន់ខ្សោយ ពោលគឺពួកគេចង់ឱ្យលោក បៃដិន បើកការវាយប្រហារលើទឹកដីអ៉ីរ៉ង់ដោយផ្ទាល់តែម្ដង។ ការគិតរបស់អ្នកនយោបាយទាំងនោះ គឺជារឿងត្រឹមត្រូវ សម្រាប់ការកំញើញសត្រូវ តែការវាយប្រហារដោយផ្ទាល់លើទឹកដីអ៉ីរ៉ង់ សឹងតែជារឿងមិនអាចទៅរួចទេក្នុងកាលៈទេសៈសព្វថ្ងៃ។

ក្រុមដែលចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា នោះគឺចលនា Islamic Resistance មានមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់។ ចលនានេះមានរួមបញ្ចូលទាំងចលនាប្រដាប់អាវុធ Khatai’b Hezbollah មានទំនាក់ទំនងជិតសិ្នទ្ធនឹងអ៉ីរ៉ង់ ហើយក្រុមអ្នកប្រយុទ្ធខ្លះ របស់ពួកគេថែមទាំងទទួលបានប្រាក់ខែពីរដ្ឋទៀតផង។ ចំណែក មេបញ្ជាការរបស់ពួកគេវិញក៏ជាសមាជិកនៅក្នុងចលនា Popular Mobilization Forces ឬ PMF ជាចលនាដ៏សំខាន់មួយគំាទ្រដោយអ៉ីរ៉ង់ និងដែលបានក្លាយជាផ្នែកមួយយោធាអ៉ីរ៉ាក់ផងដែរ។

ដូច្នេះ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែលប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់រាយការណ៍ថា PMF ស្ថិតនៅក្នុងចំណោមគោលដៅទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ PMF សព្វថ្ងៃសឹងតែអាចគ្រប់គ្រងកិច្ចការទាំងឡាយនៅក្នុងប្រទេសអ៉ីរ៉ាក់ ហើយក្នុងកាលៈទេសៈបែបនេះកងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ អាចនឹងងាយរងគ្រោះជា អចិន្ត្រៃយ៍។ អ៉ីរ៉ង់ និងតួអង្គតំណាងរបស់ខ្លួន ឬគេហៅថា proxies បាន និងកំពុងបង្កើនយុទ្ធនាការវាយប្រហារប្រឆាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្រោមស្លាក សង្រ្គាមនៅហ្កាហ្សា ដើម្បីប្រើជាលេសប្រាប់គេឯងថាការវាយប្រហាររបស់ពួកគេគឺជាការឆ្លើយតបទៅនឹងសង្រ្គាមមួយនេះតែប៉ុណ្ណោះ។

តាមក្រុមអ្នកវិភាគ ការវាយប្រហារនឹងបន្តកើតមាន នៅពេលដែលការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិកនៅស៊ីរី និងអ៉ីរ៉ាក់ បង្កការខូចខាត ឬផលវិបាកតិចតួច ហើយពេលខ្លះ វាអាចនឹងក្លាយជាប្រយោជន៍សម្រាប់នយោបាយការបរទេសអ៉ីរ៉ង់ទៅវិញ។ ក្នុងន័យនេះការវាយប្រហារលើទឹកដីអ៉ីរ៉ង់ដោយផ្ទាល់ មើលទៅទើបជាវិធី កំញើញយ៉ាងពិតប្រាកដ។ ជាឧទាហរណ៍ ក្នុងឆ្នាំ១៩៨៨ កងទ័ពជើងទឹកអាមេរិកបានបើកការវាយប្រហារលើនាវាចម្បាំងអ៉ីរ៉ង់ និងមូលដ្ឋានប្រេង ដើម្បីកំញើញកុំឱ្យ ទីក្រុងតេហេរ៉ង់ ដាក់ពង្រាយមីនសមុទ្រ ក្រោយនាវាចម្បាំងអាមេរិកមួយគ្រឿងរងការខូចខាតនៅពេលនោះ។ សម្រាប់អ្នកដែលចង់ឱ្យលោក បៃដិនវាយប្រហារ ដោយផ្ទាល់លើអ៉ីរ៉ង់ នេះគឺជាគំរូមួយដ៏អស្ចារ្យបង្ហាញថាគោលនយោបាយបង្ហាញសាច់ដុំដំណើរការយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ មិនមែនមានន័យថាវិធីសាស្ត្របែបនេះ អាចយកមកប្រើដោយមានប្រសិទ្ធភាពប្រឆាំងនឹងអ៉ីរ៉ង់ឥលូវដែលខ្លាំងជាងពីមុន និងនៅក្នុងស្ថានការណ៍ភូមិសាស្ត្រនយោបាយខុសគ្នាបាននោះទេ។

កាលពីឆ្នាំ១៩៩៨ អ៉ីរ៉ង់មានភាពទន់ខ្សោយដោយសារកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ាក់ និងឯកោនៅលើឆាកអន្តរជាតិ។ រីឯ សហរដ្ឋអាមេរិកពីមុនមានអំណាចផ្ដាច់មុខ នៅមជ្ឈិមបូព៌ា ហើយអ៉ីរ៉ង់ក៏មិនទាន់បង្កើតចលនាប្រដាប់អាវុធជាតួអង្គតំណាងរបស់ខ្លួន ឬ Axis of Resistance នៅទូទាំងតំបន់ដូចបច្ចុប្បន្ននេះនោះដែរ។ អាមេរិកវិញ លែងមានអំណាចផ្ដាច់មុខនៅមជ្ឈិមបូព៌ាដូចមុនទេ ស្របពេលអ៉ីរ៉ង់បានបង្កើនឃ្លាំងអាវុធរបស់ខ្លួនទាំងយន្ដហោះដ្រូន ជាពិសេសមីស៊ីលបាលិស្ទីគ ដែលអាចបាញ់បាន ចម្ងាយ ១៥០០គីឡូម៉ែត្រឡើងទៅ។ កាន់តែសំខាន់ទៅទៀត អ៉ីរ៉ង់មានបណ្ដាញចលនាប្រដាប់អាវុធ នៅទូទាំងតំបន់រាប់ចាប់ពីភាគខាងត្បូងប្រទេសយេម៉ែន រហូតដល់ តំបន់ហ្កាហ្សា លីបង់ ស៊ីរី និងអ៉ីរ៉ាក់ ដែលរង់ចាំជានិច្ចក្នុងការធ្វើសង្រ្គាម នៅពេលមានបញ្ជា ឬការអំពាវនាវពីអ៉ីរ៉ង់។ ម្យ៉ាងវិញទៀត អ៉ីរ៉ង់ឥលូវ ឯកោតែនៅក្នុងចំណោម បណ្ដាប្រទេសលោកខាងលិចប៉ុណ្ណោះ ខណៈចិនបានជំនួសសហភាពអឺរ៉ុបក្លាយជាអ្នកវិនិយោគធំបំផុតរបស់អ៉ីរ៉ង់ ហើយរុស្ស៉ីវិញក្លាយជាដៃគូសន្តិសុខដ៏សំខាន់ផ្គត់ផ្គង់ ឱ្យអ៉ីរ៉ង់នូវយន្ដហោះចម្បាំង និងបច្ចេកវិទ្យាអាវុធទំនើបៗផ្សេងទៀត។

ម្លោះហើយ ការវាយប្រហារដោយផ្ទាល់លើទឹកដីអ៉ីរ៉ង់ ក៏អាចនឹងធ្វើឱ្យកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់កាន់តែងាយរងគ្រោះដែរ។ ជាការពិតណាស់ សហរដ្ឋអាមេរិក នៅតែមានឧត្តមភាពយោធាយ៉ាងធំ ដើម្បីធ្វើសង្រ្គាមដែលនេះក៏ជាហេតុផលមួយជំរុញឱ្យអ៉ីរ៉ង់ចង់បញ្ចៀសសង្រ្គាមផងដែរ។ ណាមួយអ៉ីរ៉ង់ដឹងយ៉ាងច្បាស់ ពីការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងជម្លោះ ឬសង្រ្គាមទ្រង់ទ្រាយធំណាមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ពីព្រោះវាអាចនឹងស្រូបទាញ ធនធានមួយចំនួនរបស់អាមេរិកពីការតាមឃ្លាំមើលចិននៅក្នុងតំបន់អាស៊ី ជាពិសេសគឺការកំញើញចិនកុំឱ្យប្រើកម្លាំងយោធាលើតៃវ៉ាន់។ ដូច្នេះ ការវាយប្រហារកំញើញ អាចមានប្រសិទ្ធភាព ទាល់តែវាអាចធ្វើឱ្យអ៉ីរ៉ង់ជឿថាសហរដ្ឋអាមេរិកមានឆន្ទៈប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់៕

អត្ថបទទាក់ទង