Grand News Asia Close

វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 217
វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម ឬ? វិភាគអន្តរជាតិ៖ តើលោក គីម ជុងអ៊ុន កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម ឬ?

(​​វ៉ាស៊ីនតោន)៖ មេដឹកនាំកូរ៉េខាងជើង​ លោក គីម ជុងអ៊ុន បាន និងកំពុងដំឡើងសាច់ដុំយោធាសាជាថ្មីនៅលើតំបន់ឧបទ្វីបកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីល ជាបន្តបន្ទាប់ ខណៈឃ្លាំងអាវុធប្រល័យលោករបស់ទីក្រុងព្យុងយ៉ាង ស្ថិតនៅក្រោមការពង្រីកទាំងគុណភាព និងបរិមាណ។ ព្រមពេលជាមួយគ្នា លោក គីម ថែមទាំងបាន ចេញសារព្រមានបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងត្បូងទៀតផង។

ពិតណាស់ ការគំរាមរបស់លោក គីម មិនមែនជារឿងថ្មីថ្មោងនោះទេ។ ប៉ុន្តែ បច្ចុប្បន្ន អ្វីដែលលោកកំពុងធ្វើ ហាក់ដូចជាកាន់តែដើរទៅឆ្ងាយជាងមុន ដោយរូបលោកផ្ទាល់ បានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវទីមួយរបស់កូរ៉េខាងជើង ហើយថាសង្រ្គាមជាមួយសេអ៊ូលគឺជារឿងចៀសមិនរួច។ ដើម្បីជាការបញ្ជាក់ថារូបលោកមិនមែន និយាយតែមាត់ មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកកម្ទេចនិមិត្តជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំង២ ក្នុងនោះរួមមានការបញ្ឈប់ ការប្រើបណ្ដាញផ្លូវដែកឆ្លងព្រំដែន និងកម្ទេចចោលនូវអគារមានកម្ពស់៩ជាន់ជាតំណាងឱ្យគោលដៅបង្រួបបង្រួមកូរ៉េដែលឪពុករបស់លោកបានកសាងឡើង នៅក្នុង ទីក្រុងព្យុងយ៉ាង។ ម្លោះហើយ តើអ្វីដែលលោក គីម ជុងអ៊ុន កំពុងធ្វើគឺដើម្បីតែការពាររបបដឹកនាំរបស់លោក និងសម្លុតគំរាមកូរ៉េខាងត្បូង ឬក៏លោកពិតជាមានផែនការ ធ្វើសង្រ្គាមប្រឆាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង?

* នៅពីក្រោយការសម្លុតគំរាម
ក្រុមអ្នកវិភាគលោកខាងលិច បានបង្ហាញការព្រួយបារម្ភថាសង្រ្គាមនៅលើឧបទ្វីបកូរ៉េ អាចនឹងផ្ទុះឡើងដោយសារតែសកម្មភាពរបស់កូរ៉េខាងជើង រាប់ចាប់ពីការធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរ រហូតដល់ការប៉ះទង្គិចគ្នាដោយអាវុធធម្មតាជាមួយកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ វានៅតែមានការសង្ស័យជាច្រើនថាកូរ៉េខាងជើងនឹងប្រើ អាវុធនុយក្លេអ៊ែរ វាយប្រហារលើកូរ៉េខាងត្បូង។ ដ្បិតលោក គីម ដឹងយ៉ាងច្បាស់ថាការធ្វើបែបនេះអាចនឹងបង្កទៅជាសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដែល សង្រ្គាមបែបនេះ ក៏គំរាមកំហែងដល់អាយុជីវិតនៃរបបដឹកនាំរបស់លោកដែរ។ ដូច្នេះ ជំហានដែលលោក គីម កំពុងដើរ គឺគ្រប់គ្រងសកម្មភាពបង្ករឿងឱ្យបានល្អ ឬក៏ដាក់ អន្ទាក់ឱ្យកូរ៉េខាងត្បូង ធ្លាក់ចូលក្នុងភាពតានតឹង ឬក៏ជម្លោះប្រដាប់អាវុធតូចតាចរវាងកូរ៉េទាំង២។ ក្នុងន័យនេះលោក គីម នឹងបន្តបង្កើនភាពតានតឹងជាការដាក់សម្ពាធ លើកូរ៉េខាងត្បូង ដែលត្រូវរៀបចំការបោះឆ្នោតសភាជាតិនៅក្នុងឆ្នាំនេះ និងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់កិច្ចចរចា ប្រសិនបើលោក ដូណាល់ ត្រាំ អាចត្រឡប់មកកាន់ តំណែងជាប្រធានាធិបតីអាមេរិកឡើងវិញ ឬក៏ប្រមូលការគាំទ្រពីប្រជាជនកូរ៉េខាងជើងសម្រាប់របបដឹកនាំរបស់លោក។

ការប៉ះទង្គិចគ្នារវាងកូរ៉េខាងត្បូង​ និងកូរ៉េខាងជើង ក៏ធ្លាប់កើតឡើងរួចហើយដែរកាលពីអតីតកាល។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១០ កូរ៉េខាងជើងបានវាយប្រហារលើ នាវាចម្បាំងកូរ៉េខាងត្បូង ដោយសម្លាប់មនុស្ស៤៦នាក់។ ក្នុងពេលនោះ រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញការព្រួយបារម្ភជាខ្លាំងពី លទ្ធភាពផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ និងបានដាក់សម្ពាធកុំឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak បើកការវាយប្រហារសងសឹកលើកូរ៉េខាងជើង វិញ។ ក្រោយមកទៀត ក្នុងឆ្នាំដដែលនោះដែរ កូរ៉េខាងជើងបានបាញ់កំាភ្លើងធំជាច្រើនគ្រាប់លើកោះ Yeonpyeong របស់កូរ៉េខាងត្បូងដោយសម្លាប់មនុស្ស ៤នាក់។ លោក គីម ជុងអ៊ុនត្រូវបានគេជឿថាបានបញ្ជាឱ្យវាយប្រហារដោយបាញ់កាំភ្លើងធំនេះ ពីព្រោះលោកមើលឃើញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលរបស់លោក Lee ដែល បានបរាជ័យក្នុងការចាត់វិធានការសងសឹក ក្រោយការបាញ់ពន្លិចនាវាចម្បាំង Cheonan។ ជាការឆ្លើយតប លោក Lee បានដាច់ចិត្តបញ្ជាឱ្យយោធាកូរ៉េខាងត្បូងបាញ់ កាំភ្លើងជាច្រើនគ្រាប់ចូលដីកូរ៉េខាងជើង។

ភាពតានតឹងនៅតែបន្តលងបន្លាចឧបទ្វីបកូរ៉េ មកទល់នឹងសព្វថ្ងៃ។ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០គ្រាប់ ធ្លាក់ក្នុងដែនទឹក ស្ថិតនៅក្បែរកោះ Yeonpyeong ជាហេតុបង្ខំឱ្យកូរ៉េខាងត្បូង ជម្លៀសជនស៊ីវិល។ ប្រសិនបើមានគ្រាប់កាំភ្លើងធំមួយគ្រាប់ផ្ដាច់ជីវិតជនស៊ីវិល ឬយោធាកូរ៉េខាងត្បូង ណាម្នាក់ នៅលើកោះមួយនេះ ម្ល៉េះប្រធានាធិបតីកូរ៉េខាងត្បូងសព្វថ្ងៃ លោក Yoon Suk Yeol អាចនឹងបញ្ជាឱ្យយោធាកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ឬវាយប្រហារតាមផ្លូវ អាកាសសងសឹកកូរ៉េខាងជើងវិញ។ លោក Yoon ដែលជាអ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះព្យុងយ៉ាង បានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង ជុំវិញការចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ ហើយក៏បានសន្យាសងសឹកកូរ៉េខាងជើងផងដែរ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើសកម្មភាពយោធាបង្ករឿងមុន។

* គ្រោះថ្នាក់ជាយថាហេតុអាចកើតឡើងគ្រប់ពេល
ទោះបីជាមានការព្រួយបារម្ភជាច្រើនក៏ពិតមែន ក៏លោក គីម ជុងអ៊ុន នៅតែត្រូវបានគេមើលឃើញជាមនុស្សម្នាក់មានហេតុផល។ មានហេតុផល គឺនៅត្រង់ថាលោក ក៏ទទួលស្គាល់ដែរថាគ្មានប្រទេសណាមួយអាចនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរទេ ជាពិសេសសង្រ្គាមជាមួយសហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត បើទោះជាលោក ត្រាំ អាចត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកឡើងវិញក៏ដោយ ក៏ទីក្រុងព្យុងយ៉ាងនឹងមិនអាចរួចខ្លួនឡើយ ប្រសិនបើហ៊ានវាយប្រហារ ទ្រង់ទ្រាយធំលើកូរ៉េខាងត្បូង។

លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ បានគំរាមកម្ទេចរបបដឹកនាំកូរ៉េខាងជើងជាច្រើនដង បើទោះជាក្រោយមក លោកបានងាកមកសរសើរលោក គីម វិញក៏ដោយ។ ទាំងនេះអាចជាហេតុផលដែលមិនមានសញ្ញាណាមួយបង្ហាញថាលោក គីម ជុងអ៊ុន កំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម។ ពោលបើលោក គីម ពិតជាកំពុងត្រៀមលក្ខណៈ ធ្វើសង្រ្គាមមែន នោះលោកត្រូវការជាចំាបាច់ក្នុងការបង្កើនការដាក់ពង្រាយសព្វាវុធនៅក្បែរព្រំដែនជាមួយកូរ៉េខាងត្បូង និងបង្កើនអាវុធនៅក្នុងឃ្លាំង រួមទាំងគ្រាប់ យ៉ាងធំ សម្បើម។ ប៉ុន្តែ រឿងទាំងនេះមិនបានកើតឡើងទេ ហើយក៏មិនមានការបង្កើនចំនួនកងទ័ពឈរជើងនៅតំបន់ព្រំដែនដែរ រីឯការផ្គត់ផ្គង់បរិក្ខារយោធាវិញនៅតែបន្តហូរចូល ទៅដល់ដៃកងទ័ពរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។ លោក គីម ជុងអ៊ុន ប្រហែលជាមិនចង់ឱ្យសង្រ្គាមផ្ទុះឡើងទេ ប៉ុន្តែវានៅតែអាចទៅរួចថាលោកអាចនឹងគណនាខុស ឬក៏មានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។ ពីព្រោះថាចាប់តាំងពីកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ក្នុងទីក្រុងហាណូយ កាលពីឆ្នាំ២០១៩ ទទួលបរាជ័យមក ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានមធ្យោបាយទាក់ទងតិចតួចប៉ុណ្ណោះ ជាមួយកូរ៉េខាងជើង ដើម្បីបញ្ចៀសការយល់ច្រឡំ ឬក៏ទប់ស្កាត់កុំឱ្យភាពតានតឹង ធ្លាយចេញពីការគ្រប់គ្រង។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានព្យាយាមយ៉ាងហោច ២០ដង ដើម្បីបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាវិញ តែមិនទទួលបានជោគជ័យនោះទេ។ តាមក្រុមអ្នកជំនាញ សហរដ្ឋអាមេរិកត្រូវតែរក្សាបណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងជើង ក្នុងបុព្វហេតុកាត់បន្ថយហានិភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធ។ ប៉ុន្តែ លោក គីម ហាក់មិនមានឆន្ទៈក្នុងការចាប់ផ្ដើមកិច្ចចរចាជាមួយលោក បៃដិន នោះទេ ដោយសុខចិត្តរង់ចាំអ៊ុតមើលថាតើលោក ដូណាល់ ត្រាំ អាចត្រឡប់កាន់តំណែងជា ប្រធានាធិបតីអាមេរិកបានដែរ ឬក៏យ៉ាងណា នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង