Grand News Asia Close

វិភាគអន្តរជាតិ៖ មហិច្ឆតានៃការបង្កើតបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 194
វិភាគអន្តរជាតិ៖ មហិច្ឆតានៃការបង្កើតបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា វិភាគអន្តរជាតិ៖ មហិច្ឆតានៃការបង្កើតបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា

(វ៉ាស៊ីនតោន)៖ ក្នុងរយៈពេលជាង ៤ទសវត្សរ៍មកនេះ ពោលគឺចាប់តាំងពីមានបដិវត្តន៍អ៉ីស្លាមមក អ៉ីរ៉ង់បានបង្កើត និងផ្ដល់ការគាំទ្រដល់ការពង្រីកចលនាប្រដាប់អាវុធ ជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ចំណែកឯ កងកម្លាំង Quds ដែលជាសាខាមួយរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) គឺជាអ្នកទទួលបន្ទុក ក្នុងការទំនាក់ទំនងជាមួយចលនាប្រដាប់អាវុធទាំងនោះ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាល បំពាក់អាវុធ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់មហិច្ឆតារបស់អ៉ីរ៉ង់នៅក្នុងតំបន់។

ក្រុមអ្នកប្រយុទ្ធមកពីបណ្ដាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមនិកាយស៊ីអ៉ីតភាគច្រើនដូចជាអ៉ីរ៉ាក់ និងលីបង់ គឺជាស្នូលសំខាន់នៃបណ្ដាញចលនាប្រដាប់អាវុធរបស់អីរ៉ង់ ខណៈចលនាប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមនិកាយស៊ុននីតភាគច្រើនតួយ៉ាងដូចជានៅអាហ្វហ្កានីស្ថាន ដែនដីប៉ាឡេស្ទីន និងស៊ីរី ក៏មាន សម្ព័ន្ធភាពជាមួយអ៉ីរ៉ង់ដែរ។ ប៉ុន្តែ នៅក្នុងចំណោមចលនាប្រដាប់អាវុធទាំងអស់ ក្រុម Hezbollah មានមូលដ្ឋាននៅក្នុងប្រទេសលីបង់ត្រូវបានគេចាត់ទុកថាជា «បេះដូង» នៃបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

* ដូច្នេះតើអ្វីទៅជាមហិច្ឆតារបស់អ៉ីរ៉ង់?
ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាតែងតែបើកការវាយប្រហារជាញឹកញាប់លើកងទ័ពអាមេរិក ហើយក្រុមអ្នកជំនាញវិញបាននិយាយថាអ៉ីរ៉ង់រំពឹងថា អាចនឹងពង្រីកបណ្ដាញចលនាប្រដាប់អាវុធឱ្យកាន់តែធំ ដើម្បីដាក់ពង្រាយសព្វាវុធ និងកងកម្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងជំរុញអនុត្តរភាពរបស់អ៉ីរ៉ង់ នៅក្នុងតំបន់ និងបន្សាបឥទ្ធិពលរបស់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងតំបន់។ ដោយដើរតាមមហិច្ឆតានេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ៉ីរ៉ង់បានព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមចលនាប្រដាប់អាវុធ ឱ្យកាន់តែមានការរួមរួបគ្នា តាមរយៈការបង្កើតបក្សសម្ព័ន្ធមួយមានឈ្មោះថា «Axis of Resistance» ដើម្បីប្រឆាំងនឹងសត្រូវរួមរបស់ពួកគេ គឺអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។

តាមរយៈចលនាប្រដាប់អាវុធទាំងនេះដែរ អ៉ីរ៉ង់ត្រូវបានគេមើលឃើញថាបាន និងកំពុងប្រើប្រាស់យុទ្ធសាស្ត្រ «សង្រ្គាម proxies ឬសង្គ្រាមដោយតួអង្គតំណាង» ប្រឆាំងនឹង សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ ជាក់ស្ដែង ក្រុមមន្ត្រីអាមេរិកបានអះអាងថាការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល ត្រូវបានធ្វើឡើង ដោយមានកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់។ លើសពីនេះទៅទៀត ក្នុងបរិបទនៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ក្រុមមន្ត្រីអាមេរិកក៏តែងតែ ចោទប្រកាន់ជារឿយៗដែរថាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារលើកងទ័ពអាមេរិកឈរជើងនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ហើយថ្មី ចុងក្រោយបំផុត គឺការវាយប្រហារដោយយន្ដហោះដ្រូន នៅហ្ស៊កដានីដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ និងជាង៤០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា។

ទីក្រុងវ៉ាស៊ីនតោនក៏បានអះអាងដែរថាក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីលជាច្រើនឆ្ពោះទៅកាន់អ៉ីស្រាអែល និងបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុង តំបន់សមុទ្រក្រហម។ ក៏ប៉ុន្តែ អ៉ីរ៉ង់កន្លងមក បានគេចផុតពីការទទួលខុសត្រូវដោយផ្ទាល់ តាមរយៈយុទ្ធសាស្ត្រសង្រ្គាម proxies។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ ទី២៩ ខែមករា បានចោទប្រកាន់ថាចលនាប្រដាប់អាវុធ Kataib Hezbollah គាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋានក្នុងប្រទេសអ៉ីរ៉ាក់ ជាអ្នកវាយប្រហារលើកងទ័ពអាមរិក ឈរជើងនៅក្នុងប្រទេសហ្ស៊កដានី។ ទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមន្ទីរបញ្ចកោណសុទ្ធតែបានប្ដេជ្ញាថានឹងសងសឹក អ្នកនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក បៃដិន ត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងជំហរមួយដ៏លំបាក ដោយដៃម្ខាងលោកត្រូវតែ សងសឹក និងម្ខាងទៀត ត្រូវប្រឹងទប់ស្កាត់កុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងតំបន់មជ្ឈិមបូព៌ាទាំងមូល៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង