សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អ្នកនយោបាយចាស់វស្សានៅបារាំង លែងហ៊ានរិះគន់ថា «សម្តេចជាក្មេងមិនទន់ជ្រុះពន្លៃពីក្បាល» ទៀតហើយ ព្រោះប្រធានាធិបតីបារាំង អាយុប្អូនសម្តេច ២ខែ
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនយោបាយចាស់វស្សាមួយរូបដែលរស់នៅប្រទេសបារាំង លែងហ៊ានចេញមករិះគន់ថា សម្តេចនៅវ័យក្មេងទៀតហើយ ព្រោះប្រធានាធិបតីបារាំង អាយុប្អូនសម្តេច ២ខែ ដោយឡែកនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសបារាំង អាយុតិចជាងសម្តេចរហូតដល់ទៅ១២ឆ្នាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វាជារឿងគួរឱ្យអស់សំណើចដែលក្នុងនាមជាអ្នកនយោបាយចាស់វស្សាមួយរូប បែរជាចេញមកនិយាយញុះញង់ ដើម្បីកុំឱ្យមេដឹកនាំប្រទេសទាំងពីរចចារគ្នាដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់វស្សារូបនោះ មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង គាត់គួរតែអបអរសាទរនៅពេលដែលមេដឹកនាំប្រទេសខ្មែរ និងប្រទេសបារាំង ជួបគ្នា ដើម្បីពង្រឹងនូវទំនាក់ទំនង ដើម្បីបានផលប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ៕