រដ្ឋមន្ត្រីក្រសួងសាធារណៈការ ​និងអភិបាលខេត្តត្បូងឃ្មុំ-កំពង់ចាម​ បើកឲ្យដំណើរការឆ្លងកាត់បណ្ដោះអាសន្ន ​ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ​

ថ្ងៃអង្គារ ទី ២៣ មីនា ២០២១​
213

ត្បូងឃ្មុំ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានស្ថាបនារួចរាល់ហើយ និងបានបើកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានអមដំណើរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ក្នុងឱកាសដាក់ឲ្យដំណើរការចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្នលើ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ខេត្តកំពង់ចាម -ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា។

បន្ទាប់ពីដាក់ឲ្យឆ្លងកាត់បណ្តោះអាសន្នស្ពាននេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ
ឆ្លងកាត់ទៅមក និងបានទៅលេងយ៉ាងច្រើនកុះករ ព្រមទាំងបង្ហាញការសប្បាយរីករាយដោយសារតែសមិទ្ធផលដ៏ល្អឯក ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីមុខមាត់រីកចម្រើននៅតាមមូលដ្ឋាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យបើកដំណើការជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះ គឺមិនចង់ឱ្យប្រជាពលរដ្ឋគាត់ប្រើសាឡាងទៀតទេ។

គួរជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារ៕

ចែករំលែក

បញ្ចេញយោបល់