Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានកោះនរានិងស្ពាននាគភ្លោះកោះនរា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 243

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និង
សមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត
តំណាងអង្គការជាតិ និង អន្តរជាតិ

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី ក្នុង “ពិធីសម្ពោធដាក់ឱ្យបើ ប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ និង ស្ពានកោះនរា ស្ថិតក្នុង ភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើក ការដ្ឋានសាងសង់កាលពី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ ប្រកបដោយមនោសញ្ចេតនា និងក្តីនឹករលឹកជាទីបំផុត ។

ដំបូង, ខ្ញុំសូមចូលរួមត្រេកអរជាមួយលោកយាយ, លោកតា, អ៊ំពូមីង, ក្មួយៗសិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ ចំពោះការ ទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាង ខណៈនេះ ដែលអាចចាត់ទុកជាចំណងដៃរបស់រាជរដ្ឋាភិបាល

ជូនចំពោះប្រជាជនកម្ពុជាទាំងអស់ ដើម្បីអបអរសាទរនូវពិធីបុណ្យអុំទូក, បណ្ដែតប្រទីប, អកអំបុក និង សំពះព្រះខែ ដែលនឹងមកដល់នាពេលខាងមុខនេះ ជាពិសេសសម្រួលដល់ការរស់នៅធ្វើដំណើររបស់ ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១, កាត់បន្ថយការកកស្ទះចរាចរណ៍, និងលើក កម្ពស់ការប្រកបអាជីវកម្មនានា ។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ យុវជន- យុវនារី, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ទាំងអស់ ដែលបានចូលរួមអនុវត្តសិទ្ធិ និង ករណីយកិច្ចជាពលរដ្ឋខ្មែរ ! អញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រាដ៏ខ្ពស់ ៨៥,៧៥% នៅរាជធានីភ្នំពេញ ក្នុងឋានៈជាម្ចាស់ឆ្នោត និងជាម្ចាស់នៃជោគវាសនាអនាគតរបស់ប្រទេសជាតិ តាមរយៈ ការបោះឆ្នោតដោយសេរី, ត្រឹមត្រូវ, យុត្តិធម៌, មានសុវត្ថិភាព និង អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា “ប្រព័ន្ធបោះ- ឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ន លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស” ស្របតាមរដ្ឋធម្មនុញ្ញ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ជាមួយគ្នានេះ, ខ្ញុំសូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសាងសង់ស្ថាបនាស្ពានទាំងពីរនេះ ប្រកបដោយ គុណភាព, ប្រណីតភាព និងភាពច្នៃប្រឌិត ជាពិសេសការរំលេចនូវទង់ជាតិដ៏ស្រស់ស្អាត ដែលជាអត្ត- សញ្ញាណដ៏ផូរផង់របស់កម្ពុជា ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈ- អភិបាលរាជធានីភ្នំពេញ, មន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រសួង- ស្ថាប័ន ពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអនុវត្តទិសដៅ និងភារកិច្ច ស្របតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សណ្ដាប់ធ្នាប់, ការកែទម្រង់ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ជាពិសេស, ខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អប្រសើររវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន OCIC ដែលបានញ៉ាំងឱ្យគម្រោងស្ថាបនាស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរាទាំងនេះ ប្រព្រឹត្តទៅដោយ រលូន និងជោគជ័យ តាមផែនការដែលបានគ្រោងទុក ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ- អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC រួចមក, សមិទ្ធផល ស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍ និងចក្ខុវិស័យប្រកបដោយភាពច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នោះ គឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត” ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ត្រង់ចំណុចនេះ ខ្ញុំសូមជម្រាបឯកឧត្តម លោកជំទាវ លោក លោកស្រី អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋយើង (១) ហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។ វាជាសរសៃឈាម ហើយរាជរដ្ឋាភិបាលតែងតែឱ្យអាទិភាពខ្លាំងណាស់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ហ្នឹងដូចខ្លួនរបស់យើងអញ្ចឹង។ បើសិនជាគ្មានសរសៃឈាមតភ្ជាប់ដើម្បីឈាមរុញទៅគ្រប់អវៈយវៈទេ ប្រហែលជាកន្លែងខ្លះអាចស្លាប់ កន្លែងខ្លះវាទន់ កន្លែងខ្លះវាអត់ស្មើគ្នា។ អញ្ចឹងខ្លួនយើងទាំងមូលក៏ពិបាក។ អញ្ចឹងហើយ ផ្លូវជាអាទិភាពគន្លឹះមួយក្នុងគោលនយោបាយរាជរដ្ឋាភិបាលកន្លងទៅ ដែលយើងមានអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងដែលឥឡូវយើងថែមមួយទៀតឌីជីថល … កន្លងទៅយើងយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ ឥឡូវយើងថែមផ្លូវឌីជីថលមួយទៀតតាមប្រព័ន្ធទូរស័ព្ទរបស់យើងគឺភ្ជាប់គ្នា។ យើងភ្ជាប់គ្នា។ យើងមិនបាច់ជិះទៅរកគ្នាទេ។ យើងលើកតែទូរស័ព្ទ។ ឥឡូវមិនបាច់លើកទូរស័ព្ទផងចុចដាក់តែសំឡេងទៅ ក៏ទៅដល់បាត់ហើយ។ (ពីមុន)ចង់ទៅជួបអ្នកនៅអាមេរិក (ត្រូវ)ធ្វើដំណើរ(ទៅ)។ ផ្លូវជំនាន់ដើម ជិះកប៉ាល់ ៣ខែ ៦ខែ ជិះយន្តហោះ ២៤ម៉ោង។ (ឥឡូវ)លើកតែមួយភ្លែតតាមទូរស័ព្ទដល់ភ្លាម។ ឥឡូវម៉ោងថ្មើនេះ ខ្ញុំកំពុងនិយាយនេះ អ្នកអាមេរិក ឬមួយអ្នកស្រុកបារាំងកំពុងតែមើល បានន័យថាការតភ្ជាប់នេះសំខាន់ណាស់ ដើម្បីឱ្យដង្ហើមជាតិក្នុងការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស

ពិតណាស់ការកសាងនៅកោះនរាមានលក្ខណៈពិសេសមួយចំនួន៖

(២) ការកសាងនៅទីនេះជាការស្រោចស្រង់ ជាការស្តារឡើងវិញនូវអ្វីដែលបានបាត់។ បើមើលតាមប្រវត្តិ​ ខ្ញុំមើលផែនទីព័ត៌មានឆ្នាំ ១៩២៩ កាលនោះពីបារាំងនិគម កោះនរាគឺនៅទំហំធំ ហើយវានៅចំមុខទឹកនៃកន្លែងទន្លេចតុមុខយើងតែម្តង។ ប៉ុន្តែរាប់សិបឆ្នាំមកនេះបានរួញបន្តិចម្តងៗ ដោយសារចរន្តទឹក។ ក្រោយឆ្នាំ១៩៧៩ យើងក៏មានប្រជាពលរដ្ឋមួយចំនួនរស់នៅទីនេះ ប្រកបរបរធ្វើចម្ការ និងនេសាទ។ ដោយសារចរន្តទឹកពីមួយឆ្នាំទៅមួយឆ្នាំ (បានធ្វើអោយ)បាក់(ដី)រហូត បាក់ច្រាំង។ ខែវស្សាក៏បាក់ច្រើន ខែប្រាំងក៏បាក់តិច ដោយសារវាចំប្រព័ន្ធទឹក។ រហូតដល់ឆ្នាំ ២០០៥ គឺអស់តែម្តង។ កន្លែងដែលយើងកំពុងតែអង្គុយនេះគឺជាការស្តារឡើងវិញទេ។ នេះឆ្នាំ ២០២៣, កាលពី ១៨ឆ្នាំមុន កន្លែងនេះជាទឹក។ អញ្ចឹងការរៀបចំគឺចាក់បំពេញនិងស្តារ​ឡើងវិញ។ កន្លែងផ្សេងទៀតមានដីហើយ យើងគ្រាន់តែធ្វើការអភិវឌ្ឍ។ ដូចនៅកោះពេជ្រ ធ្លាប់មានដីហើយយើងកែប្រែវាពីកន្លែងចម្ការទៅជា(តំបន់អភិវឌ្ឍ)នេះ។ តែកន្លែងនេះ គឺយើងស្តារឡើងទាំងមូលតែម្តង … អម្បាញ់មិញ ឯកឧត្តម លោកជំទាវ អ៊ំ ពូមីង បងប្អូន ប្រហែលជាអត់ចាប់អារម្មណ៍ថា (ទីកន្លែងដែលមាន)ស្ពានផ្លូវបេតុងហ្នឹង កាលប៉ុន្មានឆ្នាំមុនជាទឹកទេ។ អញ្ចឹងការស្រោចស្រង់ឡើងវិញនេះ គឺជាកិច្ចការសំខាន់ ហើយផ្តល់នូវដង្ហើមជីវភាពសម្រាប់ប្រជាជនខ្លះ។ ប្រជាពលរដ្ឋយើងដូចជា ១០០គ្រួសារ ២០០គ្រួសារ ក្រោយឆ្នាំ ១៩៧៩ ដែលនៅនេះ (ប្រកប)អាជីវកម្មតិចតួច តែ(ដី)បាក់អស់។ ឥឡូវ(យើងបាន)ស្តារឡើងវិញជាតំបន់មួយដែលរស់រវើក។ អ្នកខ្លះថាចាក់ដីលុបទន្លេ។

នេះគឺស្រង់(កំពស់ដី)ឡើងវិញនូវអ្វីដែលបាក់ពីមុន។ (៣) មិនត្រឹមតែស្រង់ដីដែលបាក់ពីមុននោះទេ ប៉ុន្តែវាធ្វើឱ្យរស់រវើកជាងមុន។ រស់រវើកយ៉ាងម៉េច? កន្លែងនេះ ដែលថាទំហំប៉ុណ្ណេះជាង ១០០ហិកតា។ កាលមុនគឺប្រ​ហែលចិញ្ចឹមប្រជាជនមិនច្រើនទេ ប្រកបរបរកសិកម្ម នេសាទមិនទាន់រីកចម្រើន បានចំណូលល្មម។ ឥឡូវនឹងប្រែក្លាយទៅជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច … បានន័យថាដូច(ជាបាន)ជប់ដីដែលលិចទៅហើយ ឱ្យងើបឡើងវិញ ឱ្យរីកឡើងកាន់តែខ្ពស់ (ហុច)ផលជាច្រើន ប្រែក្លាយទៅជាទីក្រុងមួយដែលមិនចាញ់កោះពេជ្រប៉ុន្មាន។ យើងធ្លាប់ដឹងពីបទពិសោធន៍អភិវឌ្ឍន៍នៅកោះពេជ្រ។ កន្លែងនេះក៏ស្រដៀងគ្នាដែរ។ ការប្រែក្លាយទីនេះទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម រួមមានសកម្មភាពសេដ្ឋកិច្ចដែលគ្រោងធ្វើដូចជាទីផ្សារ កន្លែងធ្វើការ សួនកំសាន្តសម្រាប់ប្រជាពលរដ្ឋ … អ្វីដែលលិចទៅក្នុងទឹក (ត្រូវបាន)ស្ដារឱ្យឡើងមកនៅលើទឹក ឱ្យរីកចម្រើនបន្តទៀត។

ការអភិវឌ្ឍដែលមានន័យបំផុត គឺអភិវឌ្ឍន៍ដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ OCIC ទេ។ ដែល OCIC សង់មកនេះ មិនមែនធ្វើកន្លែងមួយសម្រាប់តែអ្នកឧកញ៉ា ពុង ឃាវសែ ធ្វើផ្ទះហើយមិនឱ្យគេចូលទេ។ មិនមែនសម្រាប់តែបុគ្គលិក OCIC ធ្វើនៅទីនេះមិនឱ្យប្រជាពលរដ្ឋ(ចេញចូល)នោះទេ។ វាផ្ដល់ផលដល់ប្រជាពលរដ្ឋទូទៅ។ (៤) ការអភិវឌ្ឍពិតប្រាកដគឺចែកផលលាភទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងដំណាក់កាលនៃការសាងសង់នេះ យើងឃើញថាមកដល់ម៉ោងនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធគឺមានការឆ្លើយតប។ អម្បាញ់មិញនៅក្នុងរបាយការណ៍របស់អ្នកឧកញ៉ា ពុង ឃាវសែ (មានអ្នកបានទទួលការងារ)ជិត ២ពាន់នាក់ទៅហើយ។ ខ្ញុំគិតថាជិត ២ពាន់នាក់ជាអ្នកធ្វើការផ្ទាល់នៅទៅនេះ ប៉ុន្តែសម្ភារសំណង់ គ្រឿងសំណង់និងសម្ភារផ្សេងៗដែលទិញ រួមទាំងអ្នកលក់បណ្ដុះដើមឈើ គឺបានផលពីកន្លែងនេះច្រើន។ បងប្អូននៅក្នុងវិស័យសំណង់ … អ្នកធ្វើការផ្នែកសន្តិសុខ តិចទៀតពេលដែលសាងសង់រួចអ្នកធ្វើការនៅក្នុងសេវានេះរាប់ពាន់រាប់ម៉ឺននាក់នឹងបានទទួលផល។

ប្រជាពលរដ្ឋយើងមានលទ្ធភាពអាចរស់នៅទីនេះមួយចំនួន។ ទីកន្លែងនេះក៏មានទីសាធារណៈសម្រាប់បងប្អូនអ្នកច្បារអំពៅ អ្នកចំការមនមក (រកទី)ផាសុខភាព ដូចនៅកោះពេជ្រអញ្ចឹង។ យុវជនទៅលេងលំហែកំសាន្ត មានពិធីរៀបចំ កន្លែងការកន្លែងអី។ ខ្ញុំមិនដឹងថានៅកន្លែងនេះមានកន្លែង(រៀប)ការអត់ទេ? … បងប្អូនប្រជាពលរដ្ឋនឹងអាចបង្កអាជីវកម្មនៅទីនេះ។ ក្រៅពីអ្នកធ្វើការទទួលបានបៀវត្សរ៍ ក៏អាចបើកជាអាជីវកម្មនៅទីនេះរកចំណូល។ អាចមានលទ្ធភាពបង្កើតសាលានៅកន្លែងនេះទៅថ្ងៃក្រោយ … (៥) (ស្ពានកោះនរានឹង) សម្រួលចរាចរណ៍(បានកាន់តែប្រសើរ)។ ផ្លូវនេះ មិនមែនធ្វើសម្រាប់តែអ្នកណា(ម្នាក់)ឱ្យប្រើប្រាស់ឡើយ គឺផ្លូវសាធារណៈដែលជួយសម្រួល(ចរាចរណ៍)។ ឯកឧត្តម ឃួង ស្រេង បានស្នើខ្ញុំឱ្យដាក់ប្រើប្រាស់បណ្ដោះអាសន្នកាលពីភ្ជុំបិណ្ឌ។ ថ្ងៃ ២០​វិច្ឆិកា កន្លងទៅនេះ បានសម្រួលចរាចរណ៍ច្រើន ជាពិសេសអ្នកដែលត្រូវធ្វើការនៅម្ដុំប៉ែកខាងមុខវាំង​ ឬមួយក៏ទៅខាងវត្តភ្នំអី មិនបាច់ទៅស្ទះនៅកដបកន្លែងច្បារអំពៅ កន្លែងគល់ស្ពានព្រះមុន្នីវង្ស ព្រោះឥឡូវយើងកំពុងតែធ្វើផ្លូវអាកាសនៅទីនោះ។ ឥឡូវកំពុងតែស្ទះខ្លាំងមែនទែន។ កន្លែងខ្លះបងប្អូនដាក់ក្នុងហ្វេសប៊ុកថា កន្លែងខ្លះចូល ១ម៉ោងទៅ ២ម៉ោង …។

បន្ថែមលើនេះ នឹងផ្ដល់នូវការរីកចម្រើនបន្ថែមទៀតទៅដល់តំបន់នេះ មិនត្រឹមតែចរាចរណ៍ ការដឹកទំនិញក៏ងាយស្រួលទេ … ក្រៅពីសេដ្ឋកិច្ចនៅលើកោះនរានេះ ស្ពាននឹងជួយនៅក្នុងការពង្រីកសេដ្ឋកិច្ចតំបន់នេះតែម្ដង រួមទាំងខាងច្បារអំពៅ ចំការមន បន្ថែមទៀត។ សេដ្ឋកិច្ចនៅទីនេះគឺផ្ដល់ផលដល់មូលដ្ឋាន … (៦) ការអភិវឌ្ឍដែលផ្ដល់ផលជូនទៅដល់ប្រជាពលរដ្ឋទូទៅគ្រប់រូបភាពទាំងអស់។ ពិតណាស់ ប្រជាពលរដ្ឋដែលទទួលផលមានលក្ខណៈខុសគ្នា។ ក្រុមហ៊ុនគាត់បានផលតាមការវិនិយោគមួយទៅ។ ប្រជាពលរដ្ឋដែលធ្វើការងារបានផលតាមរយៈប្រាក់ខែមួយទៅ។ ប្រជាពលរដ្ឋដែលមានលទ្ធភាព ថ្ងៃក្រោយទិញទីលំនៅនៅទីនេះបានផលពីការរស់នៅនិងផាសុខភាពពីទីកន្លែងថ្មីនេះទៅ។ ប្រជាពលរដ្ឋដែលមានលទ្ធភាពធ្វើអាជីវកម្មនៅទីនេះ ក៏បានផលពីកន្លែងនេះ។ សួនសាធារណៈបើសិនជាមានរៀបទៅថ្ងៃក្រោយ ប្រជាពលរដ្ឋនឹងបានផលតាមហ្នឹងទៀតទៅ។ អ្វីដែលសំខាន់គឺផលសម្រាប់ប្រជាជន … អ្នកទីក្រុងភ្នំពេញ អ្នកច្បារអំពៅ អ្នកចំការមន។ នេះគឺជាការអភិវឌ្ឍដែលមានលក្ខណបរិយាបន្ននិងសមធម៌ …។

នេះគឺជាចក្ខុវិស័យរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ លោកតែងតែជំរុញការអភិវឌ្ឍ។ កន្លែងខ្លះគេស្រែកថាអភិវឌ្ឍលុបតែទន្លេ ធ្វើឱ្យប្រជាជនវេទនា។ ខ្ញុំគិតថាបងប្អូនដែលអង្គុយនៅកន្លែងនេះ ធ្វើដំណើរមកជិះ តាមស្ពាននាគ … ប្រហែលបងប្អូនខ្លះអត់ចាប់អារម្មណ៍។ អ៊ំៗ មីងៗ ប្រហែលជាស្គាល់ បើក្មេងកើតក្រោយ ២០០៥ ប្រហែលអត់ចាប់អារម្មណ៍ថា កន្លែងហ្នឹងពីមុនបាក់ដីអស់។ ឥឡូវដីផុសឡើងវិញ។ តាមខ្ញុំដឹង (៧) នៅទីនេះគ្រោងធ្វើអាគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ ដូចជា(មានកំពស់) ៥៥៥ម៉ែត្រ … សង្ឃឹមថានឹងបានចេញជារូបរាងនៅទីនេះ។ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា ខ្ពស់នៅក្នុងតំបន់ថែមទៀត។ បានន័យថា(ដីដែល)លិចបាត់ទៅហើយ ឥឡូវជប់ឡើងវិញ។ បន្តិចទៀតក្លាយជានិមិត្តរូបនៃកម្ពុជានិងសេដ្ឋកិច្ចរបស់យើងផង … រួមចំណែកបន្ថែមទៀតជំរុញការអភិវឌ្ឍឆ្ពោះទៅទិសខាងកើត

ឯកឧត្តម លោកជំទាវ លោកអ៊ំ ពូ មីង ប្អូននៅទីនេះប្រហែលចាំហើយ។ កាលពីទសវត្សទី ៨០-៩០ មួយចំនៀរខាងកើត ខាងព្រែកឯង ខាងអី មិនទាន់មានសកម្មភាពរីកចម្រើនប៉ុន្មានទេ។ នៅពេលដែលស្ពានជ្រោយចង្វារចាប់ផ្ដើមតភ្ជាប់ជំហានដំបូង បានរុញសេដ្ឋកិច្ចមួយនៅទីនោះ (ធ្វើអោយមាន)កំណើនសេដ្ឋកិច្ចមួយចំនួន។ ក្រោយមកបានស្ពានព្រែកព្នៅថែមមួយទៀត។ ឥឡូវថែមស្ពានជ្រោយចង្វារខ្សែទី២ទៀត។ (៨) សេដ្ឋកិច្ចខាងកើតទន្លេតាមបណ្ដោយ(ផ្លូវ)ជាតិលេខ៦A បានរីកចម្រើនខ្លាំង។ (មកដល់ពេលនេះ មាន)ការតភ្ជាប់ស្ពានកោះនរានៅទីនេះ រួមផ្សំជា​មួយនឹងការគ្រោងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត។ ឥឡូវយើងមានស្ពាន ៨ ដែលបានកសាងរួចហើយ។ ពីមុនយើងមានតែស្ពានជ្រោយចង្វារនិងស្ពានព្រះមុន្នីវង្ស។ មានតែ ២ខ្សែទេ … តែស្ពានជ្រោយចង្វារដាច់។

ឥឡូវយើងមាន ៨ខ្សែ រាប់តាំងពីព្រែកព្នៅរហូតដល់ស្ពានព្រែកសំរោង។ (៩) គ្រោងថែម ៣ខ្សែទៀត ខ្សែធំគឺស្ពានអរិក្សត្រទៅផ្សាររាត្រីយើងនៅផ្សារចាស់(ហៅថា)ស្ពានមិត្តភាពកម្ពុជាកូរ៉េកំពុងត្រៀមសាងសង់ ស្ពានព្រែកប្រាដែលចចាររួចហើយនិងប្រហែលអាចបុកគ្រឹះក្នុងឆ្នាំនេះ​ និងស្ពានមេគង្គក្រោមចាក់អង្រែលើមួយទៀត។ យើងសង្ឃឹមថាស្ពានទាំងអស់នេះនឹងជំរុញសេដ្ឋកិច្ចទៅទិសខាងកើត បន្ថែមទៅលើផ្លូវជាតិ៦A។ នៅបណ្ដោយផ្លូវជាតិលេខ១នេះ នឹងបន្ត(អភិវឌ្ឍ)ថែមទៀត ដោយមានទាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សរសៃឈាមនៃការតភ្ជាប់ផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើង ទាំងស្ពាននឹងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ១ អ្នកច្បារអំពៅរហូតទៅដល់ស្ពានអ្នកលឿងនឹងឃើញផ្លែផ្កានៃសេដ្ឋកិច្ចនិងការរីកចម្រើនក្នុងតំបន់របស់ខ្លួន …។

ខេត្តកណ្ដាលចង់ភ័យ។ ឱ្យតែរាជធានីភ្នំពេញរីកចម្រើនចេះតែកាត់(ដីពីខេត្តកណ្តាល)ចូល(មក)។ ឥឡូវយកល្វាឯមមួយ? អត់ទាន់ទេ … អ្នកខេត្តកណ្ដាលកាន់តែរួម។ អត់អីទេ។ ថ្ងៃក្រោយ (១០) ធ្វើយ៉ាងណាគម្លាតអ្នកភ្នំ​ពេញនិងអ្នកខេត្តកណ្ដាល និងអ្នកខេត្តផ្សេង កុំឱ្យដាច់គ្នា។ ឱ្យកាន់តែកៀក។ សូម្បីតែនៅខេត្តកណ្ដាលនៅតាខ្មៅ នៅអី កាលពីមុនគ្រាន់តែចេញត្រឹមរង្វង់មូលទីរួមខេត្តទៅដល់នោះគឺស្ងាត់ឈឹង។ ឥឡូវទៅដល់ព្រំដែនគឺជិះមិនស្រួលវង្វេង។ បន្តិចទៀតព្រលានយន្តហោះនៅទីនោះ ព្រែកជីកហ្វូណនដាក់នៅនោះទៀត … ភ្នំពេញរីកជាបណ្ដើរៗ … យើងរីកទៅទិសខាងត្បូង យើងរីកទៅទិសខាងជើង ហើយរីកទៅទិសខាងកើត ហើយជំរុញបន្ថែមការអភិវឌ្ឍឆ្ពោះទៅទិសខាងកើតឲ្យកាន់តែច្រើ​ន។ នេះគឺជាគោលដៅនិងផែនការក្នុងការអភិ​វឌ្ឍប្រទេសយើង ដើម្បីឲ្យប្រទេសជាតិរីកចម្រើន  ប្រជាពលរដ្ឋទាំងអស់គ្នានឹងទទួលបានផលលាភ …។

នៅក្នុងដំណាក់កាលនេះ (១១) ជាមួយនឹងការអបអរសាទរសមិទ្ធផលបន្ថែមជាជំហានបែបនេះ យើងក៏ត្រូវអបអរសា​ទរ និងព្យាយាមដើម្បីធានានូវអ្វីដែលជាសក្តានុពល និងជាលក្ខខណ្ឌសម្រាប់ធ្វើការអភិវឌ្ឍ នោះគឺការថែរក្សាសុខសន្តិភាព និងស្ថេរភាពឲ្យបានគង់វង្ស។ នៅក្នុងរបាយការណ៍របស់ឯកឧត្តមអភិបាល គណអភិបាលរាជធានី (បានបញ្ជាក់ថា)ផ្លែផ្កានេះសំខាន់ណាស់។ ​បើយើងរវល់តែជាប់ដៃវាយគ្នា គ្មានពេលណាទៅណាទៅស្តារសាងសង់ទេ … មានតែកំទេច។ ដូចសង្រ្គាមនៅរុស្ស៊ីនិងអ៊ុយក្រែន ស្ពានដែលសង់វែងជាងគេភ្ជាប់រវាងប្រទេសទាំងពីរ ត្រូវបាញ់កំទេចដោយ missile … (នឹក)ស្តាយ។ បើលើកបានមកដាក់នៅស្រុកខ្មែរមិនដឹងសប្បាយយ៉ាងណា។ តែលើកមិនបាន … អញ្ចឹងថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់នេះ។

បងប្អូនប្រជាពលរដ្ឋអ្នកចំការមន អ្នកច្បារអំពៅ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នឹងបានទទួលផល … ពីការខិតខំប្រឹងប្រែងក្នុងរយៈពេលរួមគ្នានេះ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងបន្តខិតខំជំរុញការអភិវឌ្ឍទីនេះ ហើយផ្តល់ផលទៅតាមផែនការ ដែលអាចបង្កើនសេដ្ឋកិច្ចនិងចំណូល ផ្តល់ឱកាសសម្រាប់ប្រជាជនរាប់ពាន់ រាប់ម៉ឺននាក់ ទាំងអ្នករស់នៅទីនេះទាំងអ្នកធ្វើការនៅទីនេះ ទាំងអ្នកអាជីវកម្មនៅទីនេះ  ទាំងអ្នកប្រើប្រាស់នៅកោះនរា … នេះគឺជានិមិត្តរូបដែលខ្ញុំថាជប់ដីដែលបាត់ទៅក្នុងទឹក អោយងើបមកវិញ ហើយមានផលប្រយោជន៍ចែកឲ្យប្រ​ជាពលរដ្ឋតទៅទៀត។ (១២) សង្ឃឹមថាការកសាងនិងអភិវឌ្ឍរបស់យើងនឹងបន្តទៅមុខទៀតនៅពេលដែលស្ពានអាកាសព្រះមុន្នីវង្សបានសាងសង់រួច។ ខ្ញុំសង្ឃឹមថាកន្លែងនេះ ជាពិសេសនៅកន្លែងស្ពានច្បារអំពៅយើងលែងស្ទះ ហើយសម្រួលចរាចរណ៍ឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋយើង

ឆ្លៀតឱកាសនេះផងដែរ សូមរំលេចជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាវិស័យឯកជន អំពីវិធានការមួយចំនួនដែលខ្ញុំបានដាក់ចេញកាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ២០២៣ នេះ នៅវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ ពាក់ព័ន្ធគ្រប់វិស័យ។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងវិស័យសំណង់ដែលជាស្នូលមួយនៃសេដ្ឋកិច្ច។ ប្រ​ហែលជាឯកឧត្តម លោកជំទាវ បងប្អូនមួយចំនួនបានតាមដានហើយ។ ថ្ងៃមុនបួនម៉ោងជួបជាមួយវិស័យឯកជនដោះស្រាយនូវបញ្ហា។ ខ្ញុំធ្លាប់បានបញ្ជាក់ម្តង។ កាលពីដើមឡើយ ពេលមួយនោះ ខ្ទង់ខែសីហាខែកញ្ញា មានប្រតិកម្មមួយទៅនឹងឯកឧត្តម អគ្គនាយកដ្ឋានពន្ធដារ រឿងនិយាយអំពីគោលការណ៍ប្រមូលពន្ធមូលធន។ កាលនោះមានប្រតិកម្មខ្លាំង ហើយគេសួរថាបាត់នាយករដ្ឋមន្រ្តីទៅណា? ម៉េចក៏មិនចេញមកបកស្រាយ? ខ្ញុំថា រឿងអ្វីដែលឯកឧត្តម គង់ វិបុល មានប្រសាសន៍ជាសារ និងជាអ្វីដែលប្រជាពលរដ្ឋយកទៅជជែកគ្នានៅក្នុងហ្វេសប៊ុក ជារឿងមួយដែលស្ថាប័នគយនឹងចេញបកស្រាយ។ ប៉ុន្តែ (១៣) សំរាប់កង្វល់របស់ប្រជាពលរដ្ឋ គឺយើងបានគិតគូរតាំងពីដើមអាណត្តិ ជាពិសេសទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាជន រឿងពន្ធ រឿងអាកអីផ្សេងៗ រឿងទេសចរណ៍ សំណង់  កសិកម្ម យើងបានគិតតាំងពីដំបូង តាំងពីថ្ងៃទី១ នៃប្រជុំគណរដ្ឋមន្រ្តី។ ខ្ញុំដាក់គោលការណ៍ឲ្យគិតគូរ ហើយយើងនឹងចេញជាវិធានការរួមតែម្តង ជាជាងខ្ញុំត្រូវចេញបកស្រាយតាមហ្វេសប៊ុក រាល់ពេលដែលមានសារ

ថ្ងៃមុន មានអ្នកប្រាប់ខ្ញុំថា រឿងសាកលវិទ្យាល័យមួយឈ្លោះគ្នារឿងកញ្ចក់ បាត់នាយករដ្ឋមន្ដ្រីទៅណា? ខ្ញុំថា មាន​យន្ដការសម្របសម្រួលនិងដោះស្រាយទៅ។ អោយតែរឿងអីល្បីតាមហ្វេសប៊ុកឲ្យខ្ញុំចេញ(ទៅដោះស្រាយ)យ៉ាងម៉េច។ ឥឡូវឲ្យដោះ​បញ្ចប់ រកវិធីដំណោះស្រាយខ្លួនឯង។ អ្វីដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទោះពេលខ្លះ​ខ្ញុំមិន​ចេញក៏ដោយ ឧទាហរណ៍មានរឿងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋយើងបានរុញឲ្យ​អាជ្ញាធរខេត្តដោះស្រាយ។ រឿងបាញ់បោះផ្សេងៗ ឥឡូវចាត់វិធានការ។ រឿងគ្រឿង​ញៀន រឿងក្មេងទំនើង ឥឡូវ​ចាប់ជាបន្ដបន្ទាប់។ ការងារមិនមែនធ្វើតែមួយថ្ងៃអស់ទេ។ (១៤) យើងធ្វើជាសកម្មភាពជាក់ស្ដែង។ ទំនាស់​ដីធ្លី​កន្លែងណា រុញទៅអភិបាល គណៈអភិបាលរាជធានីខេត្តដោះ(ស្រាយ)។ រឿងប្រជាពលរដ្ឋមានបញ្ហាសេវា​អីផ្សេងៗ យើងឲ្យដោះ។ ពេលខ្លះយើងត្រូវបូករួម។ អញ្ចឹងនៅថ្ងៃទី ១៣ (វិច្ឆិកា) យើងបានដាក់​កញ្ចប់​រួមនៅក្នុងគោលការណ៍

ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ពីវិស័យអចលនទ្រព្យ។ កន្លងទៅ … មានការយកទៅបកស្រាយបន្លប់ទៀត។ ដែលយើងដាក់ចេញគោលការណ៍ជួលរយៈពេលវែង គេថាយើងនឹងលក់ដី​ឲ្យបរទេស។ ចេះតែប្លែក(រហូត)។ ខ្ញុំសសើរតែម្ដង យើងធ្វើហត់ចង់ងាប់ ហើយអ្នកអង្គុយនៅក្រៅប្រទេសចាំតែចាប់កន្ទុយ។ ប៉ុន្ដែកន្លែងខ្លះ យើងត្រូវពន្យល់ប្រជាពលរដ្ឋ។ ខ្ញុំសូម​គូសបញ្ជាក់ នៅក្នុងវិស័យសំណង់ អចលនទ្រព្យ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ​ ជាពិសេសគោលនយោបាយលើកទឹកចិត្តស្ដារសារពើពន្ធ ដូចជាពន្ធប្រថាប់ត្រា ទណ្ឌ​កម្មរបស់រាជរដ្ឋាភិបាល​លើពន្ធអចលនទ្រព្យ ពន្ធដីធ្លី ពន្ធប្រើប្រាស់ និងពន្ធលើចំណេញមូលធនសំរាប់វិស័យអចលនទ្រព្យជាដើម ដើម្បីបន្ធូរសម្រាលបន្ទុកឲ្យក្រុមហ៊ុនអភិវឌ្ឍន៍។

ជាបន្ដ (១៥) សូមក្រុមហ៊ុនជួយសម្រាលបន្ទុកដល់អតិថិជន ដែលមានបញ្ហាតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការសម្រួលកន្លងទៅ សម្ដេចតេជោធ្លាប់បានអំពាវនាវឲ្យមានការយោគយល់ជាច្រើន។ សូមបន្ដធ្វើការយោគយល់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ យើង​ពិបាករៀងៗខ្លួន។ ក្រុមហ៊ុនក៏លំបាក អតិថិជនក៏លំបាក។ រាជរដ្ឋាភិបាលបានជួយដោយប្រយោលហើយ។ សូម្បីតែក្នុងវិស័យ​ធនាគារ យើងក៏អនុញ្ញាតិឲ្យបានរៀបចំឥណទានឡើងវិញ បន្ថយប្រាក់តម្រូវការពី ៩% មក ៧ % ដើម្បីឲ្យ​មានសំពាធធូរបន្ដិចសំរាប់វិស័យធនាគារ វិស័យអចលនទ្រព្យ និងក្រុមហ៊ុនមួយចំនួន។ បន្ដពីនេះ ក្រុមហ៊ុនជួយម្រាលដល់អតិថិជនផង។ ក្នុងវិស័យ​ទេសចរណ៍ ឬ business កាលពីមុន ធនាគារ​អនុញ្ញាតឲ្យអតិថិជនខ្ចីប្រាក់ បន្ទាប់មកឲ្យរៀបចំឥណទានឡើងវិញដោយមិនចាំបាច់បង់ទាំងដើមទាំង​ការ​ទេ។ ជំនាន់កូវីដ១៩ ធនាគារជាតិបានបន្ធូរ ហើយក្រោយមកក៏បានរៀបចំឡើង​វិញ ដំឡើងកម្រិតនៃការប្រុងប្រយ័ត្នបន្ដិច។ ប្រការនេះ(restructuring) អាចធ្វើឲ្យអតិថិជនមួយចំនួនត្រូវបង់ទាំងដើមទាំងការ(ដែល)ជាបន្ទុកធ្ងន់។

ឥឡូវរាជរដ្ឋាភិបាល ធនាគារជាតិ បានអនុញ្ញាតបន្ធូរលក្ខខណ្ឌមួយចំនួនជូនវិស័យធនាគារ ក៏ដូចជាក្រុមហ៊ុនមួយចំនួន។ សូមប្រតិបត្ដិករនៅក្នុងវិស័យនេះ ដែលបានទទួលការសម្រាលហើយ ជួយសម្រាលដល់អតិថិជន តាមលទ្ធភាពធ្វើទៅបាន ក្នុងលក្ខណៈប្រុងប្រយ័ត្ន។ ធ្វើយ៉ាងនេះយើង​ជួយគ្នា។ ចុងក្រោយគឺអតិថិជន។ បើអតិថិជនមានបញ្ហា ធនាគារឬក្រុមហ៊ុនដែលផ្ដល់កម្ចីក៏មានបញ្ហា។ រដ្ឋាភិបាលក៏មានបញ្ហា។ អញ្ចឹងអ្វីដែលយើងបានផ្ដល់ឲ្យនូវគោលការណ៍កាលពីថ្ងៃ ១៣(វិច្ឆិកា)នោះ សង្ឃឹមថាប្រតិបត្ដិករទាំងក្នុងវិស័យធនាគារ​ អចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗ ដែលអាចបានផលនេះ គិតគូរវិធានការជួយសម្រាលបន្តទៅដល់បងប្អូនប្រជាពលរដ្ឋ ទៅដល់អាជីវករដែលជាអ្នកខ្ចីទុន ទៅដល់ប្រជាពលរដ្ឋដែលទិញផ្ទះ ទៅដល់ប្រជាពលរដ្ឋដែលត្រូវការកម្ចីផ្សេងៗ។ យើងជួយគ្នានៅក្នុងការលំបាក។ ពិតណាស់ យើងត្រូវការប្រុងប្រយ័ត្នព្រោះមិនចង់ឲ្យរលំទាំងភ្នែន ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្ននិងជួយសម្រួល។ តឹងពេកក៏ដាច់ខ្សែ ធូរពេកក៏មានបញ្ហា។

រាជរដ្ឋាភិបាល​សម្រួលមិនមែនតែវិស័យអចលនទ្រព្យ និងធនាគារទេ ក្នុងវិស័យ​ផ្សេងៗទៀតទាំងកសិកម្មអីៗទៀត ដែលអាចផ្ដល់ការជួយសម្រួលបាន គឺសុំជួយសម្រួលបន្តទៅដល់ប្រជាពលរដ្ឋយើង។ អញ្ចឹង (១៦) ការកែសម្រួល ការដាក់ចេញវិធានការ និងការផ្ដល់នូវគោលការណ៍យោគយល់ មិនសំដៅតែវិស័យឯកជនប៉ុណ្ណោះទេ តែសំដៅលើប្រជាពលរដ្ឋ។ វិស័យឯកជនគឺជាស្ពាន ជាអ្នកបង្កើតអាជីវកម្មផ្សេងៗ បង្កើតការងារ ទម្លាក់បៀវត្ស … ស្អែកខ្ញុំនឹងត្រូវទៅសម្ពោធនៅព្រលានយន្តហោះនៅសៀមរាប ដែលយើងដាក់អាទិភាពសំខាន់នៅខេត្តសៀមរាប ហើយស្អែកខ្ញុំនឹងបញ្ជាក់បន្ថែមជូនវិស័យទេសចរណ៍នៅទីនោះ … រៀបចំឲ្យកម្លាំងជាតិរបស់យើងទាំងប្រជាពលរដ្ឋដែលជាអតិថិជន ទាំងវិស័យឯកជនដែលជាស្ពាន ទាំងរាជរដ្ឋាភិបាលយើងរួមគ្នាដោះស្រាយបញ្ហានេះ។

នៅក្នុងវិស័យអចលនទ្រព្យ ខ្ញុំសូមបញ្ជាក់ចំណុចមួយ។ កន្លងទៅមានការលើកយកបញ្ហាដែលថារដ្ឋាភិបាលចង់កែច្បាប់ដើម្បីផ្ដល់សិទ្ធិលក់ដីជូនជនបរទេស។ គោលគំនិតមានការស្នើសុំមែនដើម្បីសម្រួល (តែ)មិនមែនថាគោលគំនិតនេះដើម្បីក្បត់ជាតិ លក់ដីឲ្យបរទេសនោះទេ។ គឺដើម្បីជួយសម្រួលក្នុងវិស័យដើម្បីសេដ្ឋកិច្ចបានដើរ។ រាជរដ្ឋាភិបាលមិនបានអនុវត្ត ហើយក៏មិនគិតថាមានការចាំបាច់សម្រាប់ជួយស្រោចស្រង់វិស័យអចលនទ្រព្យដែរ ព្រោះវិស័យអចលនទ្រព្យរបស់យើងក្នុងរយៈពេល២០ឆ្នាំនេះ បានរីកចម្រើនមកដល់ប៉ុណ្ណេះ ក៏រដ្ឋធម្មនុញ្ញយើងមានលក្ខខណ្ឌហាមឃាត់ដែរ។ យើងមានលក្ខខណ្ឌអនុគ្រោះ ផ្ដល់ឱកាសជាច្រើន។ ចុងក្រោយនេះ ឲ្យមានការជួលរយៈពេលវែងសម្រាប់ក្របខណ្ឌបុរីអីៗ ដើម្បីឲ្យជនបរទេសគាត់អាចជួលនៅក្នុងការវិនិយោគ។ កន្លងទៅ យោងទៅលើការវិនិយោគកម្រិតណាមួយ គាត់បានសញ្ជាតិផ្អែកទៅលើច្បាប់វិនិយោគរបស់យើង។ កន្លែងខ្លះ គាត់អត់យកទេ គាត់យកតំណាងជាខ្មែរជួលធ្វើឲ្យបាន។ មួយទៀត គាត់បង្កើតក្រុមហ៊ុនធ្វើតំណាងឲ្យគាត់ចុះឈ្មោះក្នុងស្រុក។

ពេលខ្លះ គាត់ចង់បាននូវភាពកក់ក្ដៅមួយ … អញ្ចឹងយើងផ្ដល់នូវរយៈពេលវែងពី ១៥ ទៅ ៥០ឆ្នាំ។ មិនមែនថារាជរដ្ឋាភិបាលធ្វើយ៉ាងនេះ ដើម្បីលក់ដីឲ្យបរទេសនោះទេ … គឺលក្ខណៈជួលរយៈពេលវែង។ សិទ្ធិនៅតែជាកម្ពុជាដដែល។ (១៧) យើងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យជនបរទេសទាំងរូបវន្តបុគ្គលទាំងជានីតិបុគ្គលក្លាយជាកម្មសិទ្ធិលើដីធ្លីក្នុងប្រទេសកម្ពុជានោះទេ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គលមានសញ្ជាតិជាខ្មែរទេ​ដែលមានសិទ្ធិកាន់កាប់កម្មសិទ្ធិដីធ្លី។ មានការបកស្រាយឆ្លៀតកេងចំណេញនយោបាយ។ ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់។ ការដែលដាក់ចេញគោលនយោបាយនេះគឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ យើងនឹងមានលក្ខខណ្ឌលម្អិតមួយទៀតថា តើការគ្រប់​គ្រងលក្ខខណ្ឌដែលអាចជួលនោះនៅកន្លែងណា? តើចម្ងាយប៉ុន្មានពីព្រំដែន ដែលយើងអនុញ្ញាត? ពីកន្លែងណា? សម្រាប់បងប្អូនដែលព្រួយបារម្ភពីរឿងថា ខ្លាចបរទេសមកចូលយកព្រំដែនទៅបាត់ ឬមួយធ្វើលក្ខខណ្ឌមួយចំនួនដើម្បីជួយវិស័យសេដ្ឋកិច្ចរបស់យើង ប៉ុន្តែក៏ជួយធានានូវកង្វល់របស់ប្រជាជនយើងមួយចំនួនដែរ។

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកិច្ចការទាំងអស់នេះ។ យើងយក(វិធីសាស្ត្រ)ឈ្នះឈ្នះ។ កុំឲ្យទន្សាយក៏រួចត្រីរ៉ស់ក៏រួច។ ផលទាំងអស់ តើបានទៅណា? កន្លែងដែលបង្កើត ដែលធ្វើចរន្តសេដ្ឋកិច្ចដើរ គឺផលសម្រាប់ប្រជាពលរដ្ឋយើងដែលត្រូវកើនឡើង។ ឥឡូវ ១៧លាននាក់ មិនយូរមិនឆាប់ទៅជា ២០លាន។ ខ្ញុំទៅជួបនៅកម្មវិធីសំណេះសំណាលប្អូនៗ ក្មួយៗ កម្មករ/ការិនី ម្ដងៗសុទ្ធតែ ៦០០ ទៅ ៨០០នាក់ បើបូកទាំងភ្លោះទៀតជិត១ពាន់នាក់ គ្រាន់តែចាំសម្រាល។ ៥លាននាក់ ឆ្នាំ១៩៧៩ ឥឡូវ ១៧លាននាក់ អញ្ចឹងខ្ញុំគិតថា យើងនឹងកើនបន្ថែមទៀត ត្រូវពង្រីកនូវសក្ដានុពលតំបន់ ការរីកចម្រើន ត្រៀមលក្ខណៈជូនប្រជាពលរដ្ឋយើង។ ចេះតែកែទម្រង់ និងត្រៀមលក្ខណៈនូវការឆ្លើយ។

(១៨) លើកទឹកចិត្តចំពោះការទាមទារនិងការស្នើសុំពន្លឿនការដោះស្រាយវិបត្តិដីធ្លីដែលកំពុងកើតឡើង។ កិច្ចការនេះយើងធ្វើតាមយន្តការ ២។ ទី១ យន្តការធ្វើយ៉ាងណាជំរុញការពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីទូទាំងប្រទេស។ ដូចជាមាន ៧លានបណ្ណ(កម្មសិទ្ធក្បាលដី) កន្លងទៅយើងចែកបាន ២លានបណ្ណ។ នៅសល់៥លានបណ្ណ​ទៀត។ ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដី នគរូបនីយកម្ម សាយ សំអាល់​ ចាត់វិធានការជំរុញការបញ្ជូនបណ្ណ បញ្ជាក់ ចងក្រង រៀបចំក្រុមការងារ។ ឯកឧត្ដម សាយ សំអាល់ និងក្រុមការងាររបស់គាត់បានរៀបចំហើយជំរុញ។ ខ្ញុំឃើញបាញ់ព័ត៌មានមក។ កន្លែងខ្លះចុះចែកទាំងយប់។ ខេត្តកំពង់ស្ពឺ ថ្ងៃមុនចែកទាំងយប់តែម្ដង។ ជួនកាលកម្មករ/ការិនីធ្វើការពេលថ្ងៃ ហើយបើចាំតែសេវាយើងពេលថ្ងៃ យប់គាត់ពិបាក … សូមពន្លឿនការចែកបណ្ណនេះ។ កន្លែងដែលមិនទាន់មានការគ្រប់គ្រងច្បាស់លាស់ ពន្លឿននៅក្នុងការរៀបចំផែនទីគ្រប់គ្រងឲ្យបានច្បាស់លាស់ដើម្បីបែងចែកតំបន់ ដើម្បីកាត់បន្ថយនូវភាពមិនច្បាស់លាស់ដែលជាកត្តានៃការបង្កើតបញ្ហា។

ទី២ យើងក៏បានបង្កើតនូវយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្នុងនោះក៏មានដោះស្រាយបញ្ហាវិវាទដីធ្លីមួយចំនួនដែរ។ អ្នករិះគន់មួយចំនួនថា ការបង្កើតយន្តការហ្នឹងគឺដើម្បីបង្វែងដាន។ បង្វែងដានយ៉ាងម៉េច? ឯកឧត្ដម កើត រិទ្ធ នៅត្រង់នេះ។ ខ្ញុំប្រគល់ភារកិច្ច ធ្វើម៉េចឲ្យយន្តការនេះដើរ។ នេះជាយន្តការមួយដែលធ្វើឡើង មិនមែនសម្រាប់បង្កើនសម្ពាធបន្ថែមទៀតទេ តែជាយន្តការដើម្បីដោះស្រាយបញ្ហា បន្ថយសម្ពាធ ជាពិសេសបញ្ហាអយុត្តិធម៌សង្គម គឺចូលរួមក្នុងការដោះស្រាយជាមួយប្រព័ន្ធតុលាការដែលមានស្រាប់​ … នេះហើយគឺជាការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិវាទ ដោះស្រាយទាំងបញ្ហាដីធ្លី ទាំងបញ្ហាអីផ្សេងៗ របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យវិស័យ​អចលនទ្រព្យ ឲ្យកម្មសិទ្ធិដីធ្លីរបស់ប្រជាជន ឲ្យជីវភាពរស់នៅរបស់ប្រជាជនបានច្បាស់លាស់ និងការរីកចម្រើនធំធាត់។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ជាមួយនឹងការអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរាក្នុងថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងវិស័យរដ្ឋ និងវិស័យឯកជន ជាពិសេស ត្រូវខិតខំទាក់ទាញការវិនិយោគ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមអនុសាសន៍គន្លឹះទាំង ៥ ចំណុច ដែលខ្ញុំបានដាក់ចេញសម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ។

ឈរលើមូលដ្ឋាននេះ និងស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក, បណ្ដែតប្រទីប, សំពះព្រះខែ និងអកអំបុក កាន់តែខិតជិតចូលមកដល់ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍បន្ថែម ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេល ប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម ជាពិសេស ក្នុងអំឡុងពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលរ៉ាប់រងស្វាគមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត អញ្ជើញមកចូលរួមអបអរសាទរប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ-អកអំបុក និងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យមានភាពសប្បាយរីករាយ អធិកអធម។

ទី២-ក្រោយពេលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសិក្សាបន្ថែមអំពីការរៀបចំរំហូចរាចរណ៍ក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីចៀសវាងការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ នៅតំបន់កណ្ដាលរាជធានីភ្នំពេញ ព្រមទាំងត្រូវបន្តរិះរកមធ្យោបាយ និងវិធានការសមស្រប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែល្អប្រសើរ ។

ទី៣- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹង និងបង្កើនសមត្ថភាពផ្តល់សេវាដឹកជញ្ជូនតាម ផ្លូវគោករបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងនោះ ត្រូវសិក្សាពង្រាយទីតាំងខ្សែរត់បន្ថែម ឆ្លងកាត់តំបន់អភិវឌ្ឍន៍កោះនរា និងទីក្រុងរណបកោះពេជ្រ ព្រមទាំងតំបន់អភិវឌ្ឍថ្មី ដើម្បីបង្កើនការទាក់ទាញនិយមប្រើប្រាស់មធ្យោបាយរួម និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជន ។

[ចាប់ផ្ដើមសេចក្តីអធិប្បាយ២]

ឥឡូវសាលារាជធានីទើបបាន bus មកថែមប៉ុន្មានរយគ្រឿងទៀត។ កំពុងតែភ័យខ្លាចអត់ផ្លូវរត់។ ឥឡូវសូមធ្វើម៉េចសម្រួលទៅតាមនេះ។ ថ្ងៃក្រោយ ដោយសារផ្លូវយើងមានតូច អញ្ចឹងកន្លែងទីក្រុងថ្មីនេះ គួរតែរៀបកន្លែងណាមួយដែលមាន bus lane ហ្នឹងតែម្តង។ bus lane ហ្នឹងគឺគន្លងសម្រាប់ bus គឺក្រៅពី bus អត់ឲ្យមានអ្នកជិះ … នៅក្នុងក្រុងយើងពិបាករៀបអាហ្នឹងបន្តិចម្តងៗ។ នៅអង់គ្លេសអីហ្នឹង គឺមានផ្លូវ bus មួយដែលឡានធម្មតាចូលនឹងត្រូវផាកពិន័យ … ព្រោះប្រជាពលរដ្ឋអត់បើកឡាន ទៅជិះ bus រួម។ បើ bus ស្ទះដែរពិបាក។ យើង (១៩) កំពុងសិក្សាបន្ថែមរៀបចំការដឹកជញ្ជូនសាធារណៈប្រព័ន្ធផ្លូវក្រោមដី ប្រព័ន្ធផ្លូវអាកាសបន្ថែម ជាពិសេស ការពង្រីកទីក្រុង។ ខ្ញុំបានឲ្យឯកឧត្តម សាយ សំអាល់ ពិនិត្យមើល ហើយខាងក្រសួងដែនដីក៏រៀបចំ master plan សម្រាប់ទីក្រុងប្រភេទថ្មី។ ទីក្រុងនេះត្រូវគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធសាធារណៈ … បើផ្លូវក្នុងផែនទី ៥០ម៉ែត្រ ពេលដែលសង់មកកុំឲ្យសល់តែ ១៥ម៉ែត្រ …។

នៅកូរ៉េនៅអី គេមានក្រុមហ៊ុនរដ្ឋមួយ ក្រុមហ៊ុនវិនិយោគធំទិញដីឧទាហរណ៍ថា ១ពាន់ហិកតា ឬ ២០០ ៣០០ ៤០០ ៥០០ ហិកតា អញ្ចឹងគឺធ្វើ master plan និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ធ្វើហើយបានកាត់កងថ្លៃហ្នឹងយកទៅក្នុងតម្លៃដីនៅសល់។ អញ្ចឹងគឺរដ្ឋគ្រប់គ្រងបាន ហើយតម្លៃដែលហេដ្ឋារចនាសម្ព័ន្ធ អត់មានពិបាកទេ ត្បិតផ្លូវមេហើយទាំងអស់។ អញ្ចឹងសល់ប៉ុន្មាន សល់ដីដែលលក់ហ្នឹង គិតតម្លៃតាមហ្នឹង។ ហ្នឹងលទ្ធភាពយើងទៅថ្ងៃក្រោយ … អាចថា ក្រុងឬមួយរដ្ឋាភិបាលយើងអាចគ្រប់គ្រងការវិវត្តន៍ហ្នឹង មានក្រុមហ៊ុនអភិវឌ្ឍន៍របស់រដ្ឋមួយ ធ្វើអញ្ចឹង។ អាហ្នឹងគ្រាន់តែគិតមើលទេ។ ឥឡូវចំពោះវិស័យឯកជន ខ្ញុំឃើញការអភិវឌ្ឍគម្រោងថ្មីៗច្រើន … គេថាផ្លូវនិងទីសាធារណៈនៅក្នុងកន្លែងរស់នៅ … ការរស់នៅអនាគត បានន័យថា នេះគឺ (២០)ការវិនិយោគទៅលើអនាគត។ ទៅអនាគត ប្រជាពលរដ្ឋរបស់យើងប្រាកដជាមានជីវភាពរស់នៅកាន់តែខ្ពស់ទៅៗ បានន័យថាធូរស្រាលជាងមុន អ្វីដែលចង់បានគឺផាសុខភាព។ ជួនកាលផ្ទះហ្នឹងថ្លៃមែននៅកន្លែងហ្នឹង ប៉ុន្តែគាត់សុខចិត្តបង់ ដោយសារតែកន្លែងហ្នឹងមានផ្លូវធំ មានសួន មានកន្លែងហាត់ប្រាណរួម។ ការគិតគូរនេះ ទុកឲ្យវិស័យឯកជនចុះ ប៉ុន្តែខ្ញុំឃើញការប្រកួតប្រជែងនៃទីផ្សារយើងបានតម្រង់ទិសបែបនេះ។

យើងគិតគូរពីតំបន់បៃតង … ខ្ញុំបានឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី (២១) ពិនិត្យមើល(ការកំណត់)តំបន់ zoning ផង។ zoning បានន័យថាម៉េច? បានន័យថាតំបន់ណាដែលអភិវឌ្ឍន៍ថ្មីជាពិសេស បើកន្លែងហ្នឹងទុកជាកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ (residential) សូមកុំឲ្យមានការបើកអាជីវកម្មដែលប៉ះពាល់រំខាន … ទុកតំបន់ដែលសំរាប់ពាណិជ្ជកម្មហ្នឹងទៅ zone ណាផ្សេងទៅ … មិនបាច់ចាំក្នុងបុរីទេ តំបន់ភូមិឃុំសង្កាត់ណាក៏ដោយ កន្លែងផ្លូវណាសម្រាប់ធ្វើអាជីវកម្ម ផ្លូវហ្នឹងអាជីវកម្មបូក ១ បូក ២ ទៅ។ ក្រៅពីហ្នឹងជម្រៅប៉ុន្មានយើងទុកឲ្យស្នាក់នៅ ឬមួយក៏អាជីវកម្មបែបណាដែលមិនរំខាន ដូចជា mart អីហ្នឹង ឬមួយក៏ធ្វើសក់ហ្នឹងអត់រំខាន។ តែបើទៅកន្លែងសប្បាយ ទៅមួយដុំទៅ។ ការរៀបចំក្រុងរបស់យើងគឺកិច្ចការសំខាន់។ កន្លងទៅគណៈអភិបាលរាជធានីច្រើនអាណត្តិបានរៀបចំ កែសម្រួល និងបានពង្រឹងជាច្រើន។

ស្របជាមួយការរីកចម្រើន កន្លែងខ្លះទីផ្សារដើរមុន។ យើងកែសម្រួលតាមហ្នឹង។ អាជីវកម្មដែលមានស្រាប់ យើងមិនប៉ះពាល់ ប៉ុន្តែ zoning សម្រាប់ទៅអនាគត ជាពិសេសតំបន់ថ្មី តំបន់បៃតង, … កន្លែងបៃតងប៉ុន្មានភាគរយ … ក្រុងភ្នំពេញយើងធំ ប៉ុន្តែមិនទាន់ធំអស់សក្តានុពលទេ … បានន័យថាឥឡូវកំពុងតែស្រូបបន្ថែមទៀត ស្រូបទាំងចំនួនមនុស្ស ស្រូបទាំងដី។ ខេត្តកណ្តាលកំពុងតែភ័យ។ ថ្ងៃមុនមានអ្នកណាលើកយោបល់ថាគួរយកកាត់ត្រឹមទីរួមខេត្តកណ្តាលមកក្រុងរាជធានីភ្នំពេញ។ អស់ខេត្តកណ្តាលបាត់។ តែរីកសក្តានុពល។ វាអត់ចាំបាច់ថាទាល់តែក្នុងដែនដីរាជធានីភ្នំពេញទេ។ (២២) ការអភិវឌ្ឍន៍ ការរៀបចំផែនទី ឬគោលនយោបាយនគរូបនីយកម្ម គឺគ្រប់រាជធានីខេត្តទាំងអស់ដូចគ្នា ដើម្បីយើងធានានូវការវិវត្តន៍មួយប្រកបដោយចីរភាព។ យើងឃើញនៅក្នុងបុរី មានការរៀបចំលំដាបើលំដោយល្អ។ កន្លែងណាដែលគាត់អភិវឌ្ឍន៍មានលំដាប់លំដោយហើយ ប្រជាពលរដ្ឋចង់រស់នៅ។ យើងយករូបមន្តបែបហ្នឹង ពេលដែលយើងពង្រីកក្រុងទាំងមូល និងតំបន់រដ្ឋបាលរបស់យើង។ ឃើញមានការរៀបចំច្រើន។ កន្លងទៅរាជធានីភ្នំពេញ ខេត្តយើងមួយចំនួន បានទទួលមេដាយពានរង្វាន់ថ្នាក់អន្តរជាតិនៅក្នុងការរៀបចំ។ ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំបរទេសច្រើនណាស់ ដែលធ្លាប់មកទីនេះ គឺមានការកោតសរសើរខ្លាំងនៅភ្នំពេញរបស់យើង ការរៀបចំ និងការអភិវឌ្ឍន៍របស់យើង …។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទី៤- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីពង្រឹងការងារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់, ចោរលួច ចោរប្លន់ និងក្មេងទំនើង…) ធានាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិ ព្រមទាំងត្រូវបន្តចូលរួមសហការឱ្យបានល្អជាមួយក្រសួង-ស្ថាប័នជំនាញ ជាពិសេស ក្រសួង- ទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង លើកកម្ពស់វិស័យទេសចរណ៍ ដោយគិតចាប់តាំងពី ការផ្តល់សេវាធ្វើដំណើរ, ស្នាក់នៅ, ម្ហូបអាហារ និង ការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរណ៍ ឱ្យបាន ល្អប្រសើរ ស្របតាមពាក្យស្លោក “ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ និង បដិសណ្ឋារកិច្ចល្អ”។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ក្នុងន័យនេះ ខ្ញុំសូមយកឱកាសថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចរបស់យើង ស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលតាមបណ្ដាខេត្ត​ អគ្គស្នងការនគរបាលជាតិ កងកម្លាំងរាជអាវុធហត្ថនៅតាមបណ្ដារាជធានីខេត្តទាំងអស់ ដែលចូលសហការគ្នា។ (២៣) ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សង្កាត់សុវត្ថិភាពរបស់យើងប៉ុន្មានទសវត្សមកនេះ បានធ្វើឱ្យប្រទេសយើង(មានសុវត្ថិភាព)។ យើងទទួលស្គាល់ថា មានបញ្ហាអសន្ដិសុខ(ខ្លះ) ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រង់បានភាគច្រើន។ ខ្ញុំចាំ នៅឆ្នាំ ១៩៩០ជាង មានចោរប្លន់ជាបណ្ដាញតែម្ដង។ (ប្លន់)ញឹកណាស់។ ក្រុម រ៉ាស្មាច់ ក្រុមអី ចេញមកមានទាំង AK ទាំងឡានៗ។ ខ្ញុំមិនបង្អាប់ប្រទេសណាទេ ប្រទេសដែលខ្ញុំធ្លាប់នៅ ធ្លាប់(ទៅ)រៀននៅអឺរ៉ុបមួយចំនួនបញ្ហាអសន្ដិសុខប្រៀបធៀបជាមួយនឹងភ្នំពេញ ប្រហែលជាភ្នំពេញល្អ តែខ្ញុំមិននិយាយពីប្រទេសណាទេ។ រឿងរបស់គេ។ ប៉ុន្តែសួរថាល្អគ្រប់ឬនៅ? នៅទេ ព្រោះយើងនៅមានបញ្ហា។ អញ្ចឹងយើងត្រូវបន្តធ្វើទៅទៀត។

សូមសរសើរកម្លាំងសមត្ថកិច្ចទាំងអស់។ ថ្មីៗនេះឃើញការបង្រ្កាប ហើយមានការអនុវត្តវិន័យតឹង។ ម្សិលម្ង៉ៃមានការបាញ់នៅគិរីរម្យ។ សួរចុះសួរឡើង ស្រាវជ្រាវឃើញ។ ជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ច។ ត្រូវកាត់បន្ថយ ហើយចាត់វិធានការតឹងរឹង បណ្ដេញចេញពីក្របខណ្ឌ ដូចជា ៤នាក់ … ដែលឯកឧត្តម ឆៃ ស៊ីណារិទ្ធ រាយការណ៍មកខ្ញុំ។ ជាគម្រូត្រូវអនុវត្តន៍។ ឃើញការចាប់នៅផ្ទះសំណាក់ ផ្ទះអីមួយចំនួន ដែលបន្លំប្រើប្រាស់គ្រឿងញៀន។ បានអនុវត្តបានច្រើន។ សូមឱ្យយន្តការនេះបន្តដូចភ្លៀងរលឹម ធ្វើយ៉ាងណាយើងបោសសំអាតបន្ដិចម្ដងៗ ឈានទៅដល់ការថែរក្សា គ្រប់គ្រង់ម្ចាស់ការ ប្រឆាំងនូវអំពើទាំងអស់នេះ។ យើងមិនធ្វើដោយភ្លៀងមួយប្រាវទេ យើងធ្វើដូចភ្លៀងរលឹម … សូមកោតសរសើរ ជូនទៅដល់សមត្ថកិច្ចយើងទាំងអស់ដែលបានចូលរួម(បង្រ្កាបល្បែងស៊ីសង) ហើយអាជ្ញាធររដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តធ្វើទៅលើកិច្ចការងារនេះ។ មានច្រើន ហើយឥឡូវទំនើបទៀត ការជល់មាន់លើអាកាស។ ជល់មាន់លើដី ស្រួលប៉ូលីសចាប់។ ដល់ជល់មាន់លើអាកាសពិបាកចាប់។ ជួនកាល ជល់នៅហ្វីលីពីនឯណោះ អ្នកមើលៗ នៅក្នុងទូរស័ព្ទ …។

សូម្បីតែចាក់ទឹកភ្លៀង គេចាក់តាមអនឡាញ(បាន)។ ខ្ញុំមើលថ្ងៃមុន ដូច stock exchange អញ្ចឹង។ មានអ្នកចាក់ទឹកភ្លៀងទេ? … ខ្ញុំធ្លាប់តែឃើញគេលេងផ្សារហ៊ុន។ ឃើញឡើងប៉ុន្មានចុះប៉ុន្មាននៃភាគហ៊ុនមួយហ្នឹង។ ឥឡូវគេមានទាំងកាមេរ៉ាថតទៅលើកន្លែងចាក់ហ្នឹងទៀត។ មិនមែនតែនៅកម្ពុជាទេ។ បណ្ដាញឧក្រឹដ្ឋកម្មទូទាំងពិភពលោកឥឡូវទំនើបណាស់។ មកតាមសាយប័រ តាមប្រព័ន្ធអ៊ិនធើណែតហ្នឹង គឺពិបាក។ សូម្បីតែប៉ូលីសអាមេរិក ប៉ូលីសប្រទេសមហាអំណាចបច្ចេកវិទ្យាខ្លាំងម៉េច ក៏វិលក្បុងនៅក្នុងការតាមរកដែរ។ មិនខ្វះទេ  ប្រ​ជាពលរដ្ឋអាមេរិកមួយឆ្នាំៗ ត្រូវចាញ់បោកតាមប្រព័ន្ធអនឡាញ ឬមួយតាមប្រព័ន្ធស្អីៗ។ អញ្ចឹងគឺជាកិច្ចសហប្រតិបត្តិការ ហើយកម្ពុជាក៏ចូលរួមជាមួយនឹងស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីធ្វើការងារនេះរួម។

ប៉ុន្តែនៅក្នុងក្របខណ្ឌកម្ពុជា យើងត្រូវខិតខំយ៉ាងណា ប៉ុន្តែកិច្ចការងារនេះ ដូចខ្ញុំនិយាយអញ្ចឹង គឺវាទាមទារការចូលរួមពីប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋដែលជាឪពុកម្ដាយ ជាក្រុមគ្រួសារ ណែនាំកូនចៅ ទប់ស្កាត់កុំឱ្យទៅលេងអាស្អីហ្នឹងក្រៅម៉ោងរៀន កុំឱ្យប្រើប្រាស់គ្រឿងញៀន កុំឱ្យធ្វើអ្វីដែលខុស រួមគ្នា ព្រោះបើចាំតែរដ្ឋាភិបាលដើរ ប៉ូលីស ប៉េអឹមដើរទៅរក ពិបាកណាស់។ បាត់កូនពេលយប់ (ឪពុកម្ដាយ)ឱ្យទៅរកមក ឱ្យចូលផ្ទះ កុំឱ្យទៅសង្ងំនៅឯណា។ ក្មួយៗនិស្សិត ក្មួយៗយុវជននៅទីនេះ កុំទៅចង់សាកអាអីហ្នឹង អាបងធំបងតូចហ្នឹង មិនក្លាហានអីទេ។ បើក្លាហាន ចូលទាហានទៅ ហ្វឹកហ្វឺនវិន័យ សណ្ដាប់ធ្នាប់ការពារជាតិ ជាជាងដាវ samurai កាប់គ្នាកណ្ដាលក្រុង … ខ្ញុំថា កាប់ដូច ហុងកុង គេកាប់បានលុយ។ កាប់ដូចយើង កាប់អស់លុយ កាប់ដល់ផ្ទះមិនស្រួល កាប់ជ្រុល ជាអកុសល អាចមានភ្លាត់ពិការ ម្ដាយចិញ្ចឹមមួយជីវិត មិនល្អទេ។

សូមប្រជាពលរដ្ឋយើងចូលរួមអប់រំនិងណែនាំ។ ប្រព័ន្ធអប់រំបានរួមកាត់បន្ថយអ្នកដែលដើរហួសគន្លង។ អញ្ចឹងអាជ្ញាធរមានសមត្ថកិច្ច ក៏លែងសូវលំបាក។ សមត្ថកិច្ចរបស់យើងមានចំនួនកំណត់។ មុខព្រួញមានការលំបាក។ អញ្ចឹងបើមានការចូលរួមបែបនេះគឺជាការល្អ។ នេះជាការឈានចូលទៅថែរក្សាភូមិឃុំសង្កាត់សុវត្ថិភាព គឺអាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋ ជាអ្នកម្ចាស់ការ ជាអ្នកចូលរួមផ្ទាល់នៅក្នុងការថែរក្សាភូមិឃុំសង្កាត់របស់ខ្លួនមានសុវត្ថិភាព តាមរយៈការអប់រំបែបនេះ។ សង្ឃឹមថា (ឪពុកម្ដាយទាំងអស់នឹងចូលរួម)។

ជួបជាមួយនឹងវិស័យឯកជន ខ្ញុំក៏និយាយថាបើសិនជាវិស័យឯកជនអាចបង្កើតជាយន្តការមួយដើម្បីជួយគ្នានៅក្នុងការអនុវត្តអនុលោមភាព និងជួយសម្រួលគ្នា អនុវត្តត្រឹមត្រូវ រដ្ឋក៏មិនលំបាកដែរ។ គយពន្ធដារមិនបាច់ទៅពិនិត្យអីច្រើនដែរ។ ឥឡូវ ដូចក្រុមហ៊ុនខ្លះ ដែលថាមានស្ដង់ដារជាក្រុមហ៊ុនល្អបំផុត អញ្ចឹងគាត់បំពេញគយ បែបបទគយ គយមិនសូវចាំបាច់មើល ព្រោះគាត់តាមវាហើយ។

ប្រជាពលរដ្ឋក៏ដូចគ្នា បើសិនជានៅក្នុងឃុំហ្នឹង ប្រជាការពារយើងដើរតួនាទីសំខាន់។ បងប្អូនយើងចូលរួម ព្រះសង្ឃ ជាមួយនឹងចាស់ទុំនៅក្នុងសហគមន៍ ជួយអប់រំណែនាំ នេះគឺជាកិច្ចការសំខាន់។ នៅប្រទេសរបស់យើង ខ្ញុំគិតថាទោះជាយ៉ាងណា ប្រពៃណីវប្បធម៌យើងនៅខ្លាំង។ បានន័យថាយ៉ាងម៉េច? កូននៅស្ដាប់ឪពុកម្ដាយ។ យើង(នៅ)អាស៊ី ចំណុចខ្លាំងមួយ គឺការស្ដាប់ការអប់រំណែនាំរបស់ឪពុកម្ដាយមានទំងន់ណាស់។ ក្រុមគ្រួសារស្ដាប់យាយស្ដាប់តា។ អញ្ចឹងគឺជាឥទ្ធិពលមួយ … ពិតណាស់។ ឪពុកម្ដាយរវល់ច្រើនឥឡូវនេះ។ ប៉ុន្តែអ្វីដែលសំខាន់គឺចូលរួម។ យុវជនខ្លួនឯង ក្មួយៗ ប្អូនៗទាំងអស់(ចូលរួម) នេះហើយជាកត្តានៃការថែរក្សានូវស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គមរបស់យើង។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមចូលរួមអបអរសាទរយ៉ាង ក្លៀវក្លាចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៃក្នុងរាជធានីភ្នំពេញ ដែល ទទួលបាននូវសមិទ្ធផលដ៏មានតម្លៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក, បណ្ដែតប្រទីប និង សំពះព្រះខែ, អកអំបុក និង សូមយកឱកាសនេះ ផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេស ក្នុងអំឡុងពេលនៃព្រះរាជពិធី- បុណ្យ ដែលនឹងមានប្រជាពលរដ្ឋច្រើនត្រូវធ្វើដំណើរកម្សាន្តទូទាំងប្រទេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចការគោរព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើដំណើរលើដងផ្លូវ ហើយយើងទាំងអស់គ្នាត្រូវចងចាំថា “ការគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រឡាញ់អាយុជីវិតខ្លួន និង អាយុជីវិតអ្នកដទៃ” ស្របតាមពាក្យស្លោក “ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, ក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរ ទាំង៥ប្រការ គឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាត៕

អត្ថបទទាក់ទង