Grand News Asia Close

វិភាគអន្តរជាតិ៖ តើពិភពលោក បាត់ជំនឿចិត្តលើ UN ដោយរបៀបណា?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1171
វិភាគអន្តរជាតិ៖ តើពិភពលោក បាត់ជំនឿចិត្តលើ UN ដោយរបៀបណា?​ វិភាគអន្តរជាតិ៖ តើពិភពលោក បាត់ជំនឿចិត្តលើ UN ដោយរបៀបណា?​

ចាប់តាំងពីឆ្នាំ១៩៤៧មក ជាពេលដែលអង្គការសហប្រជាជាតិ UN បានបោះឆ្នោតគាំទ្រការបែងចែងប៉ាឡេស្ទីនជារដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់ ស្ថានប័ន កំពូលរបស់អន្តរជាតិមួយនេះត្រូវប្រឹងប្រែងដោះស្រាយវិបត្តិជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កិច្ចពិភាក្សាពីជម្លោះរវាង អ៉ីស្រាអែល និងប៉ាឡេស្ទីន នៅឯ UN បានប្រព្រឹត្តទៅក្នុងស្ថានភាពច្រំដែលជាដដែលៗ៖ នោះគឺសហរដ្ឋអាមេរិកតែងតែប្រើអំណាចវេតូ ការពារអ៉ីស្រាអែលពី ការរិះគន់នៅឯក្រុមប្រឹក្សាសន្តិសុខ UN ខណៈបណ្ដាប្រទេសអារ៉ាប់បានរួមគ្នាជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដើម្បីការពារប៉ាឡេស្ទីន។

ការជជែកដេញដោលនៅឯ UN បន្ទាប់ពីការវាយប្រហារបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា នៅតែជួបស្ថានភាពច្រំដែល នេះដដែល ដោយសហរដ្ឋអាមេរិកបានប្រើអំណាចវេតូរារាំងខ្ទប់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន មិនអាចបញ្ឈប់ការអនុម័តដំណោះស្រាយមួយអនុម័តដោយសំឡេងភាគច្រើននៅឯមហាសន្និបាត UN កាលពីចុងខែតុលាកន្លងទៅដែល ស្នើឱ្យមាន «បទឈប់បាញ់មនុស្សធម៌» នោះទេ។ តែទោះជាមានសំឡេងគាំទ្រភាគច្រើនបែបនេះក្ដី ក៏សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសមិនបាន បញ្ឈប់ ឬក៏មានការថមថយនោះទេ ស្របពេលអ៉ីស្រាអែលប្ដេជ្ញាកម្ទេចក្រុមហាម៉ាស ហើយភាគីសង្រ្គាមបានដាក់លក្ខខណ្ឌរៀងៗខ្លួន មុននឹងឆ្ពោះទៅរក បទឈប់បាញ់។

តាមពិតទៅ «វិបត្តិទំនុកចិត្តទៅលើ UN» បានកើនឡើងខ្លាំងរួចទៅហើយ នៅក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ គ្រាន់តែថាសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស វាកាន់តែបង្កឱ្យមានការចោទសួរថាតើ UN អាចចូលរួមចំណែកដល់សន្តិភាព និងសន្តិសុខ ពិភពលោក ក្នុងបរិបទដែលពួកមហាអំណាចកំពុងប្រជែងឥទ្ធិពលគ្នាបានយ៉ាងដូចម្ដេច? សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បានបង្ហាញពីការកើនឡើងនៃ ខ្ចីដៃវេទិកា UN ដើម្បីទាញប្រយោជន៍ និងការបរិហារគ្នាទៅវិញទៅមករវាងពួកមហាអំណាច ចំពោះមុខការបែកបាក់គ្នាកាន់តែស្រួចស្រាល់។

ជាឧទាហរណ៍ នៅបន្ទាប់ពីសហរដ្ឋអាមេរិកប្រើអំណាចវេតូប្រឆាំងនឹងដំណោះស្រាយមួយ ដែលអំពាវនាវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា កាលពីពាក់កណ្ដាលខែតុលា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia បានបរិហារនូវអ្វីដែលលោកហៅថាជា «ពុតត្បុត និងស្ដង់ដារ២» របស់ សហរដ្ឋអាមេរិក ហើយថាវ៉ាស៊ីនតោនមានចេតនាដុតបញ្ឆេះសង្រ្គាមដើម្បីបង្កើនការលក់អាវុធ។ ការលើកឡើងបែបនេះរបស់លោក Nebenzia វាមិនខុសទេ គ្រាន់តែមិនត្រូវទាំងអស់។ ជាក់ស្ដែង ការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែលបាន និងកំពុងបង្កការខូចខាតដល់ការទូត រួចស្រេច ទៅហើយ។ ផលប៉ះពាល់ទាំងនេះបានបង្ហាញរឹតតែច្បាស់ទៅទៀត ក្នុងការបោះឆ្នោតនៅឯមហាសន្និបាត UN ​ជាទីដែលបណ្ដាប្រទេសភាគច្រើនដែល ធ្លាប់គាំទ្រអ៊ុយក្រែន បែរជាត្រូវប្រេះឆាគ្នាជុំវិញសំណុំរឿងហ្កាហ្សាទៅវិញ។

កាលពីថ្ងៃទី២៧ ខែតុលា មហាសន្និបាត UN បានអនុម័តដំណោះស្រាយមួយអំពាវនាវឱ្យមាន «បទឈប់បាញ់មនុស្សធម៌» ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ជាមួយសំឡេងគាំទ្រ ១២០សំឡេង ជំទាស់ ១៤សំឡេង និងអនុប្បវាទ៤៤សំឡេង។ សហរដ្ឋអាមេរិកបានបោះឆ្នោតជំទាស់នឹងដំណោះស្រាយនេះ ដោយ សំអាងថាមិនមានបញ្ចូលការថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល។ ចំណែក បណ្ដាប្រទេសអឺរ៉ុបវិញក៏មានការខ្វែងគំនិតគ្នាដែរ ដោយ សមាជិកខ្លះបោះឆ្នោតគាំទ្រ ខ្លះប្រឆាំង និងខ្លះទៀតអនុប្បវាទ ខណៈបណ្ដាប្រទេសកំពុងអភិវឌ្ឍបាននិយាយជាលក្ខណៈឯកជនថាពួកគេអាចនឹងបោះឆ្នោត ជំទាស់ដំណោះស្រាយ UN នៅពេលអនាគត ក្នុងការគាំទ្រអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាការខ្វះខាតសាមគ្គីភាពរបស់លោកខាងលិច ចំពោះប្រជាជនប៉ាឡេស្ទីន។

សង្រ្គាមនៅអ៊ុយក្រែនផង និងនៅតំបន់មជ្ឈិមបូព៌ាផង មិនត្រឹមតែធ្វើឱ្យមានការប្រេះឆាខាងការទូតកាន់តែខ្លាំងនៅក្នុងចំណោមរដ្ឋជាសមាជិក UN ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏នឹងក្លាយជាការដាក់សម្ពាធយ៉ាងធំលើប្រមុខ UN លោក António Guterres និងប្រព័ន្ធដោះស្រាយជម្លោះរបស់ UN ទាំងមូលផងដែរ។ ពោលគឺដោយ មិនមានការគាំទ្រជាឯកច្ឆនពីក្រុមប្រឹក្សាសន្តិសុខ លោក Guterres និងលេខាធិការដ្ឋាន UN ដែលមានតួនាទីត្រួតពិនិត្យបេសកកម្មរក្សាសន្តិភាព UN ជារៀងរាល់ថ្ងៃ នឹងត្រូវតស៊ូយ៉ាងលំបាកក្នុងការរក្សាប្រព័ន្ធដោះស្រាយជម្លោះរបស់ UN ឱ្យដំណើរការដោយរីកចម្រើនទៅមុខ។ ក្នុងន័យនេះសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា រួមទាំងភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកជាមួយរុស្ស៉ី នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពលំបាក តែយ៉ាងណា កិច្ចសហប្រតិបត្តិការនៅតែមានសារៈសំខាន់ដើម្បីដោះស្រាយជម្លោះ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកសងសឹក របស់អ៉ីស្រាអែល បានកើនដល់ជាង ១០,៨០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកសងសឹកលើតំបន់ហ្កាហ្សា បន្ទាប់ពី ក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែលដោយសម្លាប់ជនជាតិ អ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល៕

អត្ថបទទាក់ទង