Grand News Asia Close

មេដឹកនាំកម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និងឡាវ បង្ហាញវត្តមានក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 257
មេដឹកនាំកម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និងឡាវ បង្ហាញវត្តមានក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅចិន មេដឹកនាំកម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និងឡាវ បង្ហាញវត្តមានក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅចិន

(ប៉េកាំង, ចិន)៖ នៅក្នុងសប្តាហ៍នេះមេដឹកនាំពិភពលោកជាច្រើនរូប បានជួបជុំគ្នានៅ​រដ្ឋ​ធានី​ប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។ ក្នុងវេទិកា​នេះ ក៏មានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន​មួយចំនួនផងដែរ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានឱ្យដឹងថា មេដឹកនាំចូល​រួម​ក្នុងវេទិកានេះ រួមមាន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថៈវីស៊ីន, ប្រធានាធិបតីឥណ្ឌនេស៊ី លោក ចូកូ វីដូដូ, ប្រមុខរដ្ឋវៀតណាម វ៉ វ៉ាន់ធឿង និងប្រមុខរដ្ឋឡាវ ថងលូន ស៊ីសូលីត។

វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ ដោយផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin, ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe, ប្រធានាធិបកេនយ៉ា លោក William Ruto, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez​ ជាដើម។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា គោលដៅគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺពង្រឹងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញកំណើន​សេដ្ឋកិច្ច​សកល។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍​ដោយ​សន្តិ​ភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេស​តាម​បណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាង​នយោ​បាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។
យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួល​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រម​ទាំង​ការងារដទៃទៀត។

គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវ​សូត្រ​​ពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវ​គោក​បុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុង​ស៊ីអាន​ប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីប​អ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រ​ពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរ​ពីទីក្រុង​កំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវ​ជា​ដើម​ទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថា​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ច្រើនជាង២០០ ជាមួយប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន៣០ នៅទូទាំងទ្វីប​ទាំង​៥៕

អត្ថបទទាក់ទង