Grand News Asia Close

(វីដេអូ) សុន្ទរកថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 515


CMF:

អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា
ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) និងជាអភិបាលរដ្ឋ សហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី
ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនសាសនិកអ៊ិស្លាម និងអង្គពិធីទាំងមូល ជាទីមេត្រី!
Salamalekum!
[ផ្ដើមសេចក្ដីអធិប្បាយ]

First, I would like to begin by a warm welcome to our friends from 20 countries, to join the 20th Assembly of RISEAP in Cambodia. Cambodia, this year, is proud to host this special event. I hope that for those who visit Cambodia for the first time, have an opportunity to explore Cambodia more besides this hotel and the meeting room. For those who have been here before, welcome back. May I address this event in Khmer, the translation is also available to you.

[ចប់សេចក្ដីអធិប្បាយ]

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សជាអនេក ដែលបានមកជួបបងប្អូនសាសនិកអ៊ិស្លាមសាជាថ្មី នៅក្នុងពិធីបើកសន្និបាតលើកទី ២០ របស់អង្គការក្រុម​ប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក(RISEAP) ដែលមានវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រធានអង្គការ RISEAP​ និងជាអភិបាលរដ្ឋសហព័ន្ធ Sarawak ប្រទេសម៉ាឡេស៊ី និងប្រតិភូរបស់អង្គការ RISEAP ដែលអញ្ជើញមកពីប្រទេសចំនួន ២១។ នេះគឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំ​យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយ​ហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំ​មិនអាចខ្វះបាន​នៃ​សន្តិភាព និងស្ថិរភាព​យូរអង្វែងរបស់កម្ពុជា​។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការកោតសរសើរចំពោះអង្គការ RISEAP ដែលបានរួមចំណែកជាមួយបណ្តាប្រទេសជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព​ និងសិទ្ធិសេរីភាពរបស់បងប្អូនអ៊ិស្លាម។ មិត្តភក្តិបរទេស ប្រាកដជាដឹងច្បាស់ណាស់ថា សន្តិភាពពេញលេញរបស់កម្ពុជា​ ទើបតែ​មានអាយុកាល​ជិត ២៦ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ នេះគឺ​ជាសន្តិភាព​ ដែល​មាន​រយៈពេល​វែងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាល​យ៉ាងហោចណាស់ ៥០០ ឆ្នាំ ចុងក្រោយនេះ។ ថ្ងៃទី២៩ ខែធ្នូ ខាងមុខ​នេះ គឺ​បង្គោលចរប្រវត្តិសាស្ត្រ​ដ៏សំខាន់បំផុត ដែល​ប្រជាជន​ខ្មែរ​គ្រប់​ជាតិសាសន៍ និង សាសនា តែងតែចងចាំ​ នោះគឺ​ការសម្រច​បាន​ដោយ​ជោគជ័យ​នៃ​ នយោបាយឈ្នះ–ឈ្នះ ដែល​ផ្តួចផ្តើម​ និងដឹកនាំ​អនុវត្ត​ដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកាលពីចុងខែវិច្ឆិកាកន្លងទៅ​ កម្ពុជាបាន​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​កម្រិត​អន្តរជាតិជាច្រើន ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ​អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP)។ ប្រទេសជាច្រើន​មកពីបណ្តាទ្វីបនានាលើពិភពលោក តែងតែបាន​ថ្លែងការកោតសរសើរ​ ចំពោះ​ការ​ផ្លាស់ប្តូរមុខមាត់​ស្ទើរតែមិនគួរឱ្យ​ជឿ​របស់កម្ពុជា ដែលបាន​ជួប​សោកនាដកម្មប្រវត្តិសាស្ត្រ​ ដែល​ពិបាក​នឹងស្រមើស្រមៃ។ បណ្តាមិត្តរបស់កម្ពុជាក៏បាន​ផ្តល់តម្លៃខ្ពស់​ចំពោះ​មេរៀន​នៃ​ការ​កសាងសន្តិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ហើយ​នៅក្នុងនោះ មិត្ត​របស់យើង​ក៏បាន​កត់​សម្គាល់​ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាព​សុខដុមនីយ​កម្ម​សាសនា ទោះបីជា​កម្ពុជាកំណត់​យក​ពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ។

បច្ចុប្បន្ននេះ ក្រោម​ម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើង​ស្ទើរតែមិនដែលឮទាល់តែ​សោះ​អំពីជម្លោះសាសនា​នៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៍ខ្មែរអ៊ិស្លាម […] តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀង​មក។ […] ជាក់ស្តែង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ​បានមានព្រះរាជតម្រិះសព្វព្រះរាជហឫទ័យ ប្រទាននាមដល់បងប្អូនជនជាតិភាគតិចចាម ថាជា “ខ្មែរអ៊ិស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំង នាឆ្នាំ ១៩៥៣ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចចាម បានក្លាយជាពលរដ្ឋខ្មែរ កាន់សាសនាអ៊ិស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។ យ៉ាងណាមិញ បងប្អូនខ្មែរអ៊ិស្លាមបានរងទុក្ខលំបាកដោយសារសង្គ្រាម ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និង​ការ​លុបបំបាត់ទាំងស្រុង​នូវសេរីភាពសាសនា និងអំពើ​ប្រល័យពូជសាសន៍​ ក្រោម​ការដឹកនាំរបស់​របបកម្ពុជាប្រជាធិបតេយ្យ។ ទាល់​តែដល់​ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទើប​សេរីភាពនៃជំនឿសាសនា​នៅកម្ពុជា​ ត្រូវបាន​ស្តារ និងសង្គ្រោះឡើងវិញ។ ជាតថភាព​ប្រវត្តិសាស្ត្រ ខ្ញុំ​អាច​និយាយបាន​ថា ការជំរុញ​សុខដុមនីយ​កម្ម​សាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជន​កម្ពុជានៅគ្រប់អាណត្តិ ហើយ​គ្រប់​អាណត្តិ​នៃរដ្ឋាភិបាលលរបស់​គណបក្សប្រជាជន​កម្ពុជា យើង​តែងតែប្រកាន់ខ្ជាប់នូវ​​គោលការណ៍នេះជានិច្ច។

រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័នកំពូលអ៊ិស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍​ខ្មែរអ៊ិស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ បច្ចុប្បន្ននេះ យើងមានបងប្អូនអ៊ិស្លាម ចំនួន ៥ រូប ជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ មានស្ត្រីមួយរូប​ និង ៦ រូប ជាអ្នកតំណាងរាស្ត្រ ដែលក្នុងនោះក៏មានស្ត្រីមួយរូបផងដែរ។ ក្រៅពីនេះ ក៏​មានសមា​ជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសេនី​​យ៍ គ្រូពេទ្យ និងគ្រូបង្រៀនខ្មែរអ៊ិស្លាមជាច្រើនរូប។

រាជរដ្ឋាភិបាលក៏​បានផ្តល់ជូនសហគមន៍ខ្មែរអ៊ិស្លាម ដូចជា ការ​រៀបចំអាហារស្រាយបួសរ៉ាម៉ា​ឌន តាំងពីឆ្នាំ២០១៤ មក ដែលមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាមធ្យមប្រមាណ ៥០០០ នាក់/ឆ្នាំ។ សេរីភាពនៃការគោរពប្រណិប័តន៍សាសនាអ៊ិស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ជាក់ស្តែង សិស្ស-និស្សិតខ្មែរអ៊ិស្លាម អាចស្លៀកសំលៀកបំពាក់ប្រពៃណីអ៊ិស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្ត្រីអាចទទូរក្បាល ហើយ​បុរសក៏​អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ ។ល។ យើងក៏មានកន្លែងថ្វាយបង្គំ នៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេស នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

ជាមួយនឹង​សន្តិភាព ការជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនង​អន្តរជាតិ​ដ៏រស់រវើករបស់​កម្ពុជា បងប្អូន​អ៊ិស្លាមជាច្រើន​ក៏​មាន​ឱកាស​ទៅសិក្សារៀនសូត្រនូវចំណេះ​ដឹងផ្នែកសាសនាអ៊ិស្លាម ក៏ដូចជា ជំនាញបច្ចេកទេស​​ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូ​ជា​ច្រើ​ន​នៅលើពិភពលោក​។ បងប្អូនអ៊ិស្លាម​កាន់តែច្រើន​ ក៏​មានលទ្ធភាព និងឱកាស​​​ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ហើយបងប្អូនអ៊ិស្លាមខ្លះទៀត ក៏មាន​ឱកាស​ចាប់ដៃគូ​ជាមួយ​វិនិយោគិន​បរទេស ដើម្បី​បង្កើត​អាជីវកម្ម​នៅកម្ពុជា។

នៅឆ្នាំក្រោយនេះ អង្គការសម្ព័ន្ធពិភពអ៊ិស្លាម (រ៉ាពីតាស់) គ្រោងនឹងរៀបចំ សន្និសីទអន្តរជាតិអ៊ិស្លាម នៅរាជធានីភ្នំពេញ ដើម្បីឱ្យបណ្តាប្រទេសដទៃ អាចរៀនសូត្រពីបទពិសោធ ជាគំរូរបស់កម្ពុជា លើ​ទិដ្ឋភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយខ្ញុំក៏​នឹងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ទាំងនេះគឺជា​ការទទួលស្គាល់​របស់​សង្គម​ជាតិកម្ពុជា​ ចំពោះ​ស្នាដៃ និងសមត្ថភាពចូលរួមចំណែក​កសាងសង្គមជាតិ ពីបណ្តាបងប្អូនអ៊ិស្លាមគ្រប់រូប​។ យើងទទួលស្គាល់ថា បងប្អូន​អ៊ិស្លាម​ គឺជា​សមាសធាតុ និងសមាជិក​ប្រកបដោយ​ការទទួល​ខុសត្រូវនៅក្នុង​សង្គម​ជាតិខ្មែរ ដែលស្មោះស្ម័គ្រនៅក្នុងបេសកកម្ម​រួមរបស់យើង​ នៅក្នុងការ​ថែរក្សាសន្តិភាព និងស្ថិរភាពសង្គម។ បងប្អូនខ្មែរអ៊ិស្លាម​ យល់ច្បាស់ថា ប្រសិនបើគ្មាន​សន្តិភាព ស្ថិរភាព និងទំនាក់ទំនង​អន្តរសាសនា ប្រកបដោយ​ភាពសុខដុម យើង​មិន​អាច​និយាយបាន​ឡើយ​ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនា។​ បងប្អូនអ៊ិស្លាម​ក៏បាន​យល់យ៉ាង​ច្បាស់ និងមាន​ការប្តេជ្ញាចិត្តខ្ពស់ ចំពោះ​ការប្រយុទ្ធប្រឆាំង​នឹង​លទ្ធិជ្រុលនិយម ទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែល​តែងតែជំរុញ​ឱ្យ​មាន​ការ​បែងចែក និងបំបែកបំបាក់សង្គម កំហឹង និងការរើសអើង និងការប្រើប្រាស់​ហិង្សា។​

ឯកឧត្តម លោកជំទាវ, លោក លោកស្រី!

ក្រៅពីទិដ្ឋភាពនយោបាយ និងសង្គម ខ្ញុំ​ក៏ចង់គូសរំលេចផងដែរនូវទិដ្ឋភាពសេដ្ឋកិច្ច។ យើងមិន​ត្រូវភ្លេចទេថា សហគមន៍អ៊ិស្លាមរបស់កម្ពុជា​ គឺជាកោសិកាមួយ​នៃ​សហគមន៍អ៊ិស្លាម​អន្តរជាតិ។ ដូច្នេះ​ ភាតរភាពនៃសាសនា ក៏បាន​បង្កើត​នូវទំនុកចិត្ត​ជាពិសេស សម្រាប់ធុរកិច្ច-អ៊ិស្លាម​ទូទាំងពិភពលោក ឱ្យ​ចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ​បងប្អូនខ្មែរ​អ៊ិស្លាម​ គឺជាកូន​​សោគន្លឹះ​សម្រាប់​កម្ពុជា ក្នុង​ការ​បើក​ទ្វារនៃកាលានុវត្ត​ភាពសេដ្ឋកិច្ចអ៊ិស្លាម​ កម្រិតពិភពលោក​ មិនថា ហិរញ្ញវត្ថុ​អ៊ិស្លាម (Islamic finance) ឬសេដ្ឋកិច្ចហាឡាល (Halal economy)។ ខ្លួនខ្ញុំ​ផ្ទាល់​ក៏បាន​យកចិត្តទុកដាក់​ខ្ពស់ នៅក្នុង​ការជំរុញឧស្សាហកម្ម ផលិតកម្ម និងការនាំចេញ​ផលិតផលហាឡាល ដើម្បីឱ្យកម្ពុជាអាច​ចាប់​យក​កាលានុវត្តភាពដ៏ទូលំទូលាយ​ នៃ​ទីផ្សារហាឡាល ដោយ​មាន​ការបញ្ជាក់​ពីស្តង់ដា និងការទទួលស្គាល់​អនុលោម​ភាព​ច្បាស់លាស់ លើ​គោលការណ៍​ហាឡាល កម្រិតអន្តរជាតិ។ ក្នុងន័យនេះ ខ្ញុំ​បន្តលើកទឹកចិត្តឱ្យ​បងប្អូនខ្មែរអ៊ិស្លាម ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល នៅក្នុង​ការដើរតួជាទូតសុឆន្ទៈ ជា​ដៃគូពាណិជ្ជកម្ម និងដៃគូវិនិយោគ និងជាអន្តរការី​ ដែល​អាច​ទុកចិត្តបាន និងមាន​ភាព​ស្មោះត្រង់​ សម្រាប់​ដៃគូអ៊ិស្លាមបរទេស នៅក្នុង​​ការជំរុញ​ការ​ផ្សារភ្ជាប់ និងពង្រឹងវត្តមាន​​កម្ពុជា ទៅក្នុង​សហគមន៍សេដ្ឋកិច្ច​ប្រកបដោយ​វិបុលភាពនៃអ៊ិស្លាមអន្តរជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរ​គុណ ដល់បងប្អូនខ្មែរអ៊ិស្លាមនៅទូទាំងប្រទេស​ ដែលតែងតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំ​របស់គណបក្សប្រជាជន និងសូមថ្លែងអំណរ​គុណដល់មិត្តភក្តិបរទេសមូស្លីម ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជារហូតមក។

ខ្ញុំសូមព្រះអល់ឡោះ ប្រទាននូវពរជ័យ សិរីសួស្តីជូនអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ។ ព្រះអល់ឡោះ នឹងផ្តល់នូវការ​រីកចម្រើន រុងរឿង សុភមង្គល និងសេចក្តីសុខសប្បាយសម្រាប់គ្រប់​ៗគ្នា តរៀងទៅ។

ខ្ញុំសូមប្រកាសបើក “សន្និបាតលើកទី២០ របស់អង្គការក្រុម​ប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)” ចាប់ពីពេលនេះតទៅ!

សូមអរគុណ!

 

អត្ថបទទាក់ទង