Grand News Asia Close

យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អ្នកដំណើរទាំងអស់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បំពាក់ក្រមាខ្មែរ និងផ្កាកុលាបមួយទង !

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 164
យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អ្នកដំណើរទាំងអស់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បំពាក់ក្រមាខ្មែរ និងផ្កាកុលាបមួយទង ! យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អ្នកដំណើរទាំងអស់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បំពាក់ក្រមាខ្មែរ និងផ្កាកុលាបមួយទង !

(សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways គឺជាជើងយន្តហោះពាណិជ្ជកម្មដំបូងគេ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការទទួលស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ខណៈនៅថ្ងៃដំបូងនៃការបើកទទួលជើងហោះហើរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងទទួលជើងហោះហើរចំនួន១៧ជើង ឬស្មើនឹង៣៤ចលនាជើងហោះហើរ (ចុះចត និងហោះឡើង)។

ថ្លែងក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways, PG903 បានចុះចតនៅវេលាម៉ោង ០៨៖៥០នាទីព្រឹកនេះ ដែលចាត់ទុកជាជើងយន្តហោះពាណិជ្ជកម្មដំបូងបំផុត ដែលបានចុះចតនៅអាកាសយានដ្ឋានដ៏ថ្មីស្រឡាងនេះ។

ជើងហោះហើរដំបូងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ ពីឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៊ី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សាលាខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសាងសង់ និងវិនិយោគិនអាកាសយានដ្ឋានមកពីខេត្តយូណាន់ ប្រទេសចិន ចូលរួមផងដែរ ដោយអ្នកដំណើរទាំងអស់ ទទួលបានការបំពាក់ក្រមាខ្មែរ១ រួមនឹងផ្កាកុលាបម្នាក់មួយទងផងដែរ។

តាមរយៈការទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ ពីសំណាក់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនេះ ភ្ញៀវដែលបានធ្វើមកដល់ បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង។

លោកមានប្រសាសន៍បន្តថា «នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងទូទាំងប្រទេស រួមទាំងវិស័យឯកជនពាក់ព័ន្ធ ដែលមានសេចក្តីរំភើបឥតឧបមា នៅពេលអាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីនេះ ចាប់ផ្តើមដំណើរការពីពេលនេះតទៅ តាមការគ្រោងទុក»។

លោកបានលើកឡើងទៀតថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្ដង់ដាអន្តរជាតិ លំដាប់ប្រភេទ៤អ៊ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ ដោយមានសមត្ថភាពទទួលអាកាសយានចំនួន ៣៨ ចំណត ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ។

តាមការព្យាករណ៍ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងគ្រោងទទួលជើងហោះហើរ បានចំនួន ៦៥,០០០ជើងក្នុងឆ្នាំ២០២៤ និង១១២,០០០ ជើងក្នុងឆ្នាំ២០៤០។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៊ី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គនាថ្ងៃនេះ គឺជាកាបើកទំព័រថ្មីមួយក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគនៅកម្ពុជា នៅលើទឹកដីសៀមរាប។

សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រោងនឹងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលចិន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង