Grand News Asia Close

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 280

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
……………….
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី ៧ តុលា ២០២៣ នេះបានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។

ដោយឡែក នៅក្នុងប្រទេសអ៉ីស្រាអែលបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅ និងសិក្សាចំនួនប្រមាណ ៤៥០នាក់។

អនុវត្តតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៉ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។

រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវសភាពការណ៍ប្រែប្រួលនៅក្នុងប្រទេសអ៉ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ក្នុងគោលបំណងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានកំពុងព្យាយាមទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅអ៉ីស្រាអែល ដើម្បីភ្ជាប់ទំនាក់ទំនងនិងតាមដានអំពីសុវត្ថិភាព ក៏ដូចជាផ្ដល់ការសម្របសម្រួលជាមួយអជ្ញាធរអ៊ីស្រាអែល ដើម្បីជួយដល់ពួកគាត់ ឱ្យបានទាន់ពេលវេលានៅក្នុងដំណាក់កាលលំបាកនេះ។

សូមប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរសព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានអំពីសុវត្ថិភាពរបស់បងប្អូនក៏ដូចជាការជួយផ្ដល់ការសម្របសម្រួលជួយឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។

រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ដល់បងប្អូនជនរួមជាតិបានជ្រាបអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នេះ៕

អត្ថបទទាក់ទង