សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីជាអត្ថប្រយោជន៍ដល់កម្មករ-កម្មការិនី ទូរទាំងប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា របាយការណ៍ដែលអានដោយរដ្ឋមន្ត្រីក្រសួងការងារ គឺសង្ខេបហើយ តែបើឱ្យលើកយករបាយការណ៍ក្បោះក្បាយលម្អិតពីអ្វីដែល រាជរដ្ឋាភិបាលដែលដឹកនាំរាប់អណត្តិមកនេះ ដោយផ្តល់អត្ថប្រយោជន៍ជាជំហានៗ បន្តបន្ទាប់ជូនដល់កម្មករ-កម្មការិនី បងប្អូនអង្គុយស្តាប់ពេញមួយថ្ងៃមិនអស់ ដោយសារច្រើនពេក។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ប្រមាណចំនួនជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាល បានគិតគូរមានគ្រប់ទាំងអស់ ទាំងជីវភាពរស់នៅ តាំងពីប្រាក់ខែ ៤០ដុល្លារ ឡើងដល់ជាង ២០៤ដុល្លារ ក្នុងនោះមានទាំងកូន ទាំងចៅ ប្រាក់សោធនិវត្តន៍ និងសុខភាព ឥឡូវការគិតគូរសុខភាពមិនត្រឹមតែកម្មការិនីទេ គិតទាំងរូបមន្តឱ្យប្តី-ប្រពន្ធទៅទៀត។ ដូចនេះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា អត់មានថយក្រោយបោះបង់នូវអ្វីដែលបានខិតខំធ្វើជូនដល់កម្មករ-កម្មការិនីទេ មានតែបន្តខិតខំឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជន នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕