Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 260
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ការអំពាវនាវនេះ គឺធ្វើឡើងក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មានទាំងអស់ ចូលរួមសហការក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ ជាមោទនភាពជាតិដ៏មានសារសំខាន់នេះឱ្យបានទូលំទូលាយ និងអធិកអធមជាទីបំផុត។

សូមជម្រាបថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕

អត្ថបទទាក់ទង