Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរភាគីពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលប្រឹងប្រែងរៀបចំ និងនាំផលិតផលកម្ពុជា​ មកតាំងបង្ហាញក្នុង«ពិព័រណ៍អាស៊ាន-ចិន លើកទី២០»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 330
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរភាគីពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលប្រឹងប្រែងរៀបចំ និងនាំផលិតផលកម្ពុជា​ មកតាំងបង្ហាញក្នុង«ពិព័រណ៍អាស៊ាន-ចិន លើកទី២០» សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរភាគីពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនដែលប្រឹងប្រែងរៀបចំ និងនាំផលិតផលកម្ពុជា​ មកតាំងបង្ហាញក្នុង«ពិព័រណ៍អាស៊ាន-ចិន លើកទី២០»

(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងពាណិជ្ជកម្ម និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនក្នុងវិស័យឯកជន ដែលបានប្រឹងប្រែងក្នុងការរៀបចំស្តង់ពិព័រណ៍​ និងពន្លាជាតិ ព្រមទាំងបាននាំយកផលិតផលរបស់កម្ពុជា​ មកតាំងបង្ហាញដល់សាធារណជន ក្នុងកម្មវិធី «ពិព័រណ៍អាស៊ាន-ចិន លើកទី២០» ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ​ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។

តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់បន្ថែមទៀតថា «កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩»។

សម្តេចក៏បានបង្ហាញផងដែរនូវ ក្រសួង-ស្ថាប័ពាក់ព័ន្ធដែលបានចូលរួម មានជាអាទិ៍ដូចជា ៖

-ក្រសួងពាណិជ្ជកម្ម
-ក្រសួងទេសចរណ៍
-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-សាលារាជធានីភ្នំពេញ
-ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន
-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ក្រសួងរ៉ែ និងថាមពល
-សភាពាណិជ្ជកម្ម
-វិស័យឯកជនកម្ពុជា មកចូលរួមតាំងពិព័រណ៍ (សហគ្រាសធុនតូច និងមធ្យម)៕

អត្ថបទទាក់ទង