Grand News Asia Close

វិភាគអន្តរជាតិ៖ អស់ពីរដ្ឋមន្ត្រីការបរទេស! ឥលូវដល់វេនរដ្ឋមន្ត្រីការពារជាតិចិនវិញម្តង ដែលបាត់មុខមិនដឹងទៅណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 488
វិភាគអន្តរជាតិ៖ អស់ពីរដ្ឋមន្ត្រីការបរទេស! ឥលូវដល់វេនរដ្ឋមន្ត្រីការពារជាតិចិនវិញម្តង ដែលបាត់មុខមិនដឹងទៅណា? វិភាគអន្តរជាតិ៖ អស់ពីរដ្ឋមន្ត្រីការបរទេស! ឥលូវដល់វេនរដ្ឋមន្ត្រីការពារជាតិចិនវិញម្តង ដែលបាត់មុខមិនដឹងទៅណា?

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថារដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយ និងក៏ប្រហែលជាត្រូវបានដកតំណែងហើយដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ ដោយសំអាងលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក។ ការចេញផ្សាយរបស់ Financial Times កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emmanuel បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាលោក លី សាងហ្វូ បានបាត់មុខ ជាសាធារណៈ និងគ្មានដំណឹងសូន្យឈឹងជាង៣សប្ដាហ៍មកនេះ ហើយក៏ប្រហែលជាត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោមការស៊ើបអង្កេតពី អាជ្ញាធរចិន។

Financial Times ដោយផ្អែកលើក្រុមមន្ត្រីអាមេរិក ក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានសន្មត់ថាលោក លី ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការពារជាតិចិន ទៅហើយ។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើមានហេតុផលអ្វីដែលធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ធ្វើការសន្មត់បែបនេះ ខណៈចិន មិនបាននិយាយអ្វីឡើយ រីឯសេតវិមានក៏មិនដែលធ្វើអត្ថាធិប្បាយពីបញ្ហាបែបនេះជាសាធារណៈនោះដែរ។ ដោយឡែក នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ ដែលសង្ស័យថាលោក លី ត្រូវបានដកតំណែង មន្ទីរបញ្ចកោណបានបង្វែរសំណួរនេះឱ្យទៅសួរចិនផ្ទាល់។ ប៉ុន្តែបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្ដារឡើងវិញនូវ ការប្រាស្រ័យទាក់ទងគ្នារវាងយោធាចិន និងយោធាអាមេរិក ដែលត្រូវបានកាត់ផ្ដាច់ក្រោយអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើលោក លី ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការទិញអាវុធពីក្រុមហ៊ុន រុស្ស៉ី Rosoboronexport។ ចិនធ្លាប់បានបដិសេធជំនួបរវាងលោក លី និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin រហូតទាល់តែទណ្ឌកម្មត្រូវដកទៅវិញ។

លោក វិន តៃ ស៊ុង (Wen-Ti Sung) ជាអ្នកវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បាននិយាយថា ទោះបីជាលោក លី គឺជា «រនាំងពាំងផ្លូវមួយ» នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនក៏ពិតមែន ប៉ុន្តែការបាត់ខ្លួនរបស់លោក លី ដោយមិនមានការពន្យល់នឹង បង្កជាបញ្ហាដល់ចិន នៅក្នុងទំនាក់ទំនងអន្តរជាតិ។ ដ្បិតប្រទេសដទៃ នឹងចាប់ផ្ដើមងឿងឆ្ងល់ថាតើពួកគេត្រូវហៅទូរស័ព្ទទៅលេខទូរស័ព្ទរបស់នរណា នៅពេលដែល ពួកគេចង់បង្កើតទំនាក់ទំនង ឬកិច្ចសន្ទនាយោធាជាមួយចិន។

* តើលោក លី សាងហ្វូ ជានរណា?

លោក លី សាងហ្វូ កើតនៅខែកុម្ភៈ ឆ្នាំ១៩៥៨ និងជាកូនរបស់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលបានរួចរស់មានជីវិតពី សង្រ្គាមស៊ីវិល (Long March) និងក្រោយមកបានចូលរួមក្នុងសង្រ្គាមកូរ៉េ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក លី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ជាតិបច្ចេកវិទ្យាការពារជាតិ (National University of Defense Technology) ឬហៅកាត់ថា NUDT នៃកងទ័ព PLA ក្នុងឆ្នាំ១៩៨២ និងក្រោយមក ទទួលបាន អនុបណ្ឌិតផ្នែកវិស្វកម្ម។ លោក លី បានបម្រើការឱ្យមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang Satellite Launch Centre អស់រយៈពេលជាង ៣០ឆ្នាំ។ នៅឆ្នាំ២០១៦ លោក លី ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងកម្លាំងគាំទ្រយុទ្ធសាស្ត្រ ដែលជាអង្គភាពមួយទទួលបន្ទុកអភិវឌ្ឍសមត្ថភាពអវកាស និងសង្រ្គាម cyber (cyber warfare)។ ប៉ុន្មានឆ្នាំក្រោយមកទៀត លោកត្រូវបានតែងតាំងជាប្រមុខអង្គភាពលទ្ធកម្មផ្នែកយោធា ហើយដោយមើលឃើញថាមានភាពស្មោះត្រង់ ចំពោះប្រធានាធិបតីចិន ស៊ី ជិនពីង លោក លី បានក្លាយជារដ្ឋមន្ត្រីការពារជាតិចិនកាលពីខែមីនា ឆ្នាំ២០២៣។ លោក លី ក៏ជាទីប្រឹក្សារដ្ឋម្នាក់ក្នុងចំណោមទីប្រឹក្សារដ្ឋ ទាំង៥របស់ចិនផងដែរ ខណៈតំណែងជាទីប្រឹក្សារដ្ឋគឺមានឋានៈខ្ពស់ជាងរដ្ឋមន្ត្រីធម្មតា។

* តើគេឃើញលោក លី លើកចុងក្រោយនៅពេលណា?

លោក លី បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី កាលពីខែសីហាកន្លងទៅ ដើម្បីចូលរួមសន្និសីទសន្តិសុខមួយក្បែរទីក្រុងមូស្គូ កាលពីថ្ងៃទី១៥ ខែសីហា ហើយ ២ថ្ងៃក្រោយមក រដ្ឋាភិបាលនៃប្រទេសបេឡារុស បានចេញផ្សាយរូបថតនៃជំនួបរវាងលោក លី និងប្រធានាធិបតីបេឡារុស លោក លូកាសិនកូ ក្នុងទីក្រុងមីនស្កិ៍។ នៅថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ លោក លី បានថ្លែងសុន្ទរកថាគន្លឹះមួយនៅឯវេទិកា Africa Peace and Security Forum ក្នុងទីក្រុងប៉េកាំង។ ក្រោយ ព្រឹត្តិការណ៍នេះ តែគេមិនបានឃើញមុខលោក លី ទៀតនោះទេ មកទល់នឹងបច្ចុប្បន្ន។

* តើមានព័ត៌មានអ្វីខ្លះពីជោគវាសនារបស់លោក លី?

ពាក្យចចាមអារ៉ាមពីជោគវាសនារបស់លោក លី សាងហ្វូ កើតមានឡើងកាន់តែខ្លាំង បន្ទាប់ពីកិច្ចប្រជុំប្រចាំរបស់ចិនស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយវៀតណាម កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះត្រូវបានលើកពេល។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីវៀតណាម ២រូប ដែលបដិសេធ បញ្ចេញឈ្មោះបាននិយាយថាទីក្រុងប៉េកាំងផ្ទាល់បានប្រាប់ទីក្រុងហាណូយ ប៉ុន្មានថ្ងៃមុននឹងកិច្ចប្រជុំនេះចាប់ផ្តើមថាលោក លី មាន «បញ្ហាសុខភាព»។

ប៉ុន្តែ ក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មាន Financial Times​ ថាលោក លី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយ និងប្រហែលជាត្រូវបានដកតំណែងទៅហើយ។ អវត្តមានរបស់លោក លី ក៏ត្រូវបានរួមរឹតផងដែរដោយការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលកើតឡើងអំឡុងតួនាទីពីមុនរបស់លោកក្នុងនាមជាប្រមុខ អង្គភាពលទ្ធកម្មយោធា និងការដកតំណែងថ្នាក់ដឹកនាំនៃកងកម្លាំងរ៉ុក្កែតចិនកាលពីពេលថ្មីៗនេះ។ ចិនមិនទាន់បានពន្យល់ជាសាធារណៈពីមូលហេតុនៃអវត្តមានរបស់ លោក លីនោះទេ រីឯគេហទំព័រយោធាចិននៅតែមានចុះបញ្ជីឈ្មោះរបស់លោកជារដ្ឋមន្ត្រីការពារជាតិដដែល។ ប៉ុន្តែ ប្រសិនការដកតំណែងលោក លី គឺជាការពិតមែន នោះលោកនឹងក្លាយជាទីប្រឹក្សារដ្ឋទី២ របស់ចិនដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រី ក្នុងរយៈពេល៣ខែ មកនេះបន្ទាប់ពីការបញ្ចប់តួនាទី អតីតរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង។

គួរបញ្ជាក់ថា នៅពេលដែលអតីតរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) បាត់មុខជាសាធារណៈកាលពីខែមិថុនា ក្រសួងការបរទេសចិនមិនបានធ្វើ អត្ថាធិប្បាយ ឬធ្វើការពន្យល់អ្វីឡើយ ហើយក្រោយមកស្រាប់តែលុបឈ្មោះរបស់លោក ឈិន ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនចេញពីគេហទំព័រជាភាសាចិនរបស់ខ្លួន កាលពីខែកក្កដា និងប្រកាសពីការតែងតាំងលោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន។ ដូចគ្នានេះដែរ ក្នុងខែកក្កដាដដែលនោះដែរ ចិនបានតែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងរ៉ុក្កែតរបស់ខ្លួន ក្រោយអតីតមេបញ្ជាការកងកម្លាំងនេះ គឺលោក លី យូចាវ (Li Yuchao) បាត់មុខជាសាធារណៈជាច្រើនសប្ដាហ៍។ ទីក្រុងប៉េកាំង មិនបានបញ្ជាក់នោះទេពីហេតុផលនៃការដកតំណែងមន្ត្រីជាន់ខ្ពស់ទាំងនេះ៕

 

 

 

 

 

 

 

អត្ថបទទាក់ទង