Grand News Asia Close

(វីដេអូ) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ទំព័រវីដេអូ ព័ត៌មានជាតិ 207

នាព្រឹក ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ចាវ ឡឺជី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការកំណត់យកសាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទីមួយ សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី។ ឯកឧត្តម ចាវ ឡឺជី ក៏បានអបអរសាទរផងដែរ ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចំពោះជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នឹងបន្តរីកលូតលាស់ និងអភិវឌ្ឍទៅមុខទៀត ហើយចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ ឯកឧត្តម ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។
ជាការឆ្លើយតបចំពោះកិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ព្រមទាំងបានពាំនាំនូវក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្តេចធិបតី ក៏បានគូសរំលេចជូន ឯកឧត្តម ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សារទី១ នោះគឺ ជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស ចំពោះ សម្តេចតេជោ ប្រធានគណបក្ស និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។ ចំណែកឯសារទី២ គឺជាការផ្តល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេននៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាទៅក្នុងវដ្តថ្មីនៃការអភិវឌ្ឍ។
ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការជួយឧបត្តម្ភគាំទ្រដល់កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ជាដើម។ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមជូន ឯកឧត្តម ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ។
ជាកិច្ចបន្ទាប់, សម្តេចធិបតី និង ឯកឧត្តម ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។ ជាក់ស្តែង ក្នុងនាមជាសមាជិកសភាមួយរូប សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេស សម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។ ឯកឧត្តម ចាវ ឡឺជី ក៏បានយល់ស្របចំពោះការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយមេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ ។
ទន្ទឹមនឹងការឯកភាពបន្តសហការ ផ្លាស់ប្តូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោងដែលបានព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ សម្តេចធិបតី និងឯកឧត្តម ចាវ ឡឺជី បានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួម កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬជ្រៀតជ្រែកពីខាងក្រៅ។
មុននឹងបញ្ចប់ ឯកឧត្តម ចាវ ឡឺជី បានផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកជូនសមភាគីរបស់ ឯកឧត្តម គឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ។
នៅទីបញ្ចប់, ឯកឧត្តម ចាវ ឡឺជី បានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង